ព្រះសម្មាសម្ពុទ្ធត្រាស់សម្ដែងថា ដើម្បីក្លាយខ្លួនជាមេដឹកនាំល្អ និងមានសមត្ថភាពខ្ពស់ អ្នកត្រូវបំពេញនូវលក្ខណៈ១០យ៉ាងនេះឱ្យបានប្រាកដ ។
១- ជាមនុស្សបួសរៀនបានយូរ ដឹងកិច្ចការចាំរឿងរ៉ាវបានច្រើន។ ជាងនេះទៅទៀត ជាមនុស្សមានការពិ សោធក្នុងកិច្ចការយូរ ចេះចាំរឿងរ៉ាវផ្សេងៗច្រើន ដឹងការរាក់ជ្រៅ ធ្លាប់ឆ្លងកាត់បទពិសោធន៍នៃជីវិត និងការងារជាយូរមកហើយ ចេះអត់ធ្មត់មិនឈាមរាវដូចក្មេង។
២- ជាមនុស្សមានការទទួលខុសត្រូវខ្ពស់ មានការគោរពច្បាប់ តាមវិន័យ បទប្បញ្ញត្តិផ្សេងៗ មានច្បាប់រដ្ឋធម្មនុញ្ញជាដើម មិនប្រព្រឹត្តល្មើសច្បាប់ និងមានកាយវាចាល្អប្រពៃ មិនមានស្លាកស្នាមខាងអំពើទុច្ចរិត ។
៣- ជាអ្នកចេះច្រើន មានចំណេះវិជ្ជាខ្ពស់ និងទូលំទូលាយ ស្គាល់បញ្ហា ស្គាល់សេចក្តីត្រូវការរបស់សង្គម និងឆ្លៀវឆ្លាតក្នុងការដោះស្រាយបញ្ហាសព្វសារពើ ។
៤- ជាអ្នកដែលដឹងពីគោលច្បាប់ គោលវិន័យ ទាំងច្បាប់គ្រប់គ្រងប្រទេស គឺច្បាប់រដ្ឋធម្មនុញ្ញ និងច្បាប់ជាតិ អន្តរជាតិទាំងឡាយ រួមទាំងពួកសន្ធិសញ្ញា កតិកាផ្សេងៗ ដែលទាក់ទងនឹងរឿង នយោបាយ សង្គ្រាម សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ ។
៥- ជាអ្នកវៃឆ្លាតពូកែក្នុងការរម្ងាប់អធិករណ៍ ជម្លោះ ការទាស់ទែងគ្នាក្នុងសង្គម ដូចជាទំនាស់រវាងនាយទុន និងកម្មករ រដ្ឋ និងរាស្ត្រ ទំនាស់បក្សផ្សេងៗ ទំនាស់ផ្នែកសេដ្ឋកិច្ច ខាងសង្គ្រាម ជាដើម ដែលកើតឡើង ឲ្យរសាត់បាត់ទៅវិញបាន និងបានសេចក្តីសប្បាយរីករាយ ទាំងសងខាង ទាំងប្រកបដោយគតិយុត្តិធម៌ ។
៦- ជាអ្នកស្រឡាញ់ការចេះដឹង ស្រឡាញ់ការពិត ចេះស្តាប់ ចេះនិយាយ ចេះពិភាក្សា ធ្វើខ្លួនឲ្យគេសរសើរ ចង់ចូលជិតដើម្បីប្រឹក្សា សន្ទនា និងចូលចិត្តសិក្សា រៀនសូត្រនូវគោលការណ៍ច្បាប់ទម្លាប់ដែលជ្រៅៗ ថែមទៀត ។
៧- ជាអ្នកដែលមិនលោភលន់ មិនខ្ជះខ្ជាយ មិនចង់បានឲ្យហួសឋានៈខ្លួន រស់នៅតាមបែបធម្មតាៗ មិនហ៊ឺហា ស៊ីវីល័យហួសពីអ្វីដែលខ្លួន ដែលប្រទេសខ្លួនកំពុងមាន ។
៨- ជាអ្នកដែលមានសុខភាពបរិបូរណ៌ មិនងាយខឹង ងាយក្រោធ សប្បាយចិត្ត សុខចិត្តជានិច្ច មិនមួហ្មង តក់ស្លុត ទោះបីជាមានហេតុការណ៍អ្វីៗកើតឡើងក៏ដោយ ចិត្តរឹងប៉ឹង ក្លាហាន នឹងធឹង ប្រកបដោយសតិសម្បជញ្ញៈ ។
៩- មានកិរិយាមារយាទគួរឲ្យជ្រះថ្លា ដឹងពិធីការ ដឹងសុជីវធម៌ក្នុងសង្គម មិនឆ្គង មិនឈ្លើយច្រឡើសបើស ។
១០- ជាអ្នកដែលមានបញ្ញា ឃើញនូវសភាពពិតរបស់ធម្មជាតិ និងមានការគ្រប់គ្រងខ្លួន មិនជាប់ជំពាក់ដោយលោកធម៌៨គឺមិនញាប់ញ័រពេលគេសរសើរ និទ្ទា បានលាភ បាត់លាភ មានយស អត់យស តែងដាក់ចិត្តជាកណ្តាល ។ ដោយសាន សារិន
ចែករំលែកព័តមាននេះ