ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហគ្រាស​ក្នុងស្រុក​ជួប​បញ្ហា​ប្រឈម​ធំ​ក្នុង​ការ​ប្រកួតប្រជែង​ជាមួយ​ផលិតផល​នាំ​ចូល​ពី​ក្រៅប្រទេស

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រហូត​មក​ដល់​ពេល​នេះ សហគ្រាស​ក្នុងស្រុក​ដែល​ផលិត​នូវ​ទំនិញប្រើប្រាស់​និង​ចំណីអាហារ​សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​កម្ពុជា នៅ​តែ​ជួប​បញ្ហា​ប្រឈម​ជាមួយនឹង​ផលិតផល​ដែល​នាំ​ចូល​ពី​ប្រទេស​ជិតខាង ដែល​ធ្វើ​អោយ​មានការ​រារាំង​ដល់​ដំណើរការ​ពង្រីក​អាជីវកម្ម​របស់​សហគ្រិន ដើម្បី​ប្រកួតប្រជែង​ជាមួយ​ទំនិញ​បរទេស​ដែល​កំពុង​ចរាចរ​យ៉ាង​សន្ធឹក​ក្នុង​ទីផ្សារ​កម្ពុជា ។ ​ បើ​យោង​តាម​លោកស្រី…

រាជធានី​ភ្នំពេញ ៖ រហូត​មក​ដល់​ពេល​នេះ សហគ្រាស​ក្នុងស្រុក​ដែល​ផលិត​នូវ​ទំនិញប្រើប្រាស់​និង​ចំណីអាហារ​សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​កម្ពុជា នៅ​តែ​ជួប​បញ្ហា​ប្រឈម​ជាមួយនឹង​ផលិតផល​ដែល​នាំ​ចូល​ពី​ប្រទេស​ជិតខាង ដែល​ធ្វើ​អោយ​មានការ​រារាំង​ដល់​ដំណើរការ​ពង្រីក​អាជីវកម្ម​របស់​សហគ្រិន ដើម្បី​ប្រកួតប្រជែង​ជាមួយ​ទំនិញ​បរទេស​ដែល​កំពុង​ចរាចរ​យ៉ាង​សន្ធឹក​ក្នុង​ទីផ្សារ​កម្ពុជា ។

បើ​យោង​តាម​លោកស្រី សុខ ឃី​ម ម្ចាស់​សហគ្រាស​ផលិត​ចំណីអាហារ​មួយ​ក្នុង​ប្រទេស​កម្ពុជា និង​សម្រាប់​ផ្គត់ផ្គង់​តែ​ក្នុងស្រុក​នោះ​បានអោយ​ដឹង​ថា បញ្ហា​ប្រឈម​របស់​សហគ្រាស​លោកស្រី​នា​ពេល​បច្ចុប្បន្ន​នេះ គឺ​ការ​ប្រកួតប្រជែង​ទីផ្សារ​ជាមួយ​ទំនិញ​នាំ​ចូល​ពី​បរទេស ព្រោះ​អី​ទំនិញ​គេ​លើ​ទីផ្សារ​មាន​តម្លៃ​ទាប​ជាង​ទំនិញ​របស់​អ្នក​ផលិត​ក្នុងស្រុក អ​ញ្ចឹ​ង​ហើយ​អ្នក​ប្រើប្រាស់​ចង់បាន​ទំនិញ​ណា​ដែល​មាន​តម្លៃ​ទាប​ចំពោះ​អាទិភាព​មុនគេ ព្រោះ​ពលរដ្ឋ​ខ្មែរ​ភាគច្រើន​គាត់​មើលទៅ​លើ​តម្លៃ បើសិនជា​តម្លៃ​ទាប គាត់​ត្រូវ​ជ្រើសរើស​យក​ទំនិញ​ណា​ដែល​មាន​តម្លៃ​ទាប​ជា​មុន​សិន ។ តែ​ចំពោះ​អ្នក​ដែល​គិតគូរ​ពី​គុណភាព សុខភាព​ខ្លួនឯង​ទើប​គេ​ត្រូវ​ពិនិត្យ​ទៅ​មើល​គុណភាព ។

លោកស្រី​បាន​និយាយ​ថា « ទំនិញ​ដែល​នាំ​ចូល​គឺ​មាន​តម្លៃ​ទាប​ជាង​ទំនិញ​ក្នុងស្រុក ព្រោះ​ការ​ផលិត​របស់​គេ​ចំណាយ​ថ្លៃដើម​តិច​ជាង​ផលិតផល​ក្នុងស្រុក ដូច្នេះ​គេ​អាច​លក់​លើ​ទីផ្សារ​ក្នុង​តម្លៃ​ទាប​ជាង​ផលិតផល​យើង​បាន តែ​បើសិនជា​យើង​លក់​ទាប​ដូច​គេ​ដែរ​នោះ​អាជីវកម្ម​យើង​នឹង​ដួល​រលំ »​។ លោកស្រី បាន​ស្នើរ​អោយ​អាជ្ញាធរ ក៏​ដូច​ជា​រាជរដ្ឋាភិបាល​កម្ពុជា ជួយ​ពិនិត្យ​មើល​និង​ជួយ​ទប់ស្កាត់​នូវ​ទំនិញ​ណា​ដែល​សហគ្រិន​ក្នុងស្រុក​អាច​ផលិត​បាន ដើម្បី​ជួយ​លើក​ស្ទួយ​ដល់​អ្នក​ផលិត​អោយ​ពង្រីក​ការ​ផលិត​ដើម្បី​ផ្គត់ផ្គង់​ក្នុងស្រុក​បន្ថែម​ទៀត ។

លោកស្រី​ឡឹ​ង ម៉ា​នុ​ត ម្ចាស់​សិប្បកម្ម​គ្រាប់ស្វាយចន្ទី ចំការលើ​បានអោយ​ដឹង​ថា​ទីផ្សារ​ជា​រឿង​សំខាន់​ហើយ ក្នុង​ការ​ប្រកួតប្រជែង​ជាមួយ​ផលិតផល​នាំ​ចូល​ពី​បរទេស ព្រោះ​ការ​នាំ​ចូល​ពី​បរទេស​មាន​តម្លៃ​ទាប​ជាង​ផលិតផល​ដែល​ផលិត​ក្នុងស្រុក ។ ការ​នាំ​ចូល​ពី​បរទេស​មាន​តម្លៃ​ទាប​ដោយសារ​តែ​ការ​ផលិត​របស់​គេ​មានការ​ចំណាយ​ទាប​ជាង​ការ​ផលិត​ក្នុងស្រុក ។ ការ​ផលិត​របស់​គេ​គឺ​ប្រើប្រាស់​ប្រព័ន្ធ​ស្វ័យប្រវត្តិ​ច្រើន​ជាង​ការ​ប្រើ​កំលាំង​មនុស្ស​ដូច្នេះ​ការ​ចំណាយ​ប្រចាំ​ថ្ងៃ មាន​តិចតួច​ជាង​ក្នុង​ប្រទេស​កម្ពុជា ។ ​លោកស្រី​ឡឹ​ង ម៉ា​នុ​ត បាន​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា « សិប្បកម្ម​យើង​មានការ​ប្រើប្រាស់​កំលាំង​មនុស្ស​ច្រើន ក្នុង​ខ្សែ​ចង្វាក់​ផលិតកម្ម ពោល​គឺ​ត្រូវធ្វើ​ដោយ​ដៃ អ​ញ្ចឹ​ង​ហើយ​ត្រូវការ​ចំណាយ​ប្រាក់ខែ​ទៅ​គេ​ជា​ប្រចាំ​ថ្ងៃ មិន​ដូច​ខាង​ផលិតផល​នាំ​ចូល គឺ​ប្រើ​ម៉ាស៊ីន ដូច្នេះ​គេ​មិន​ចាំបាច់​ចំណាយ​ប្រាក់ខែ​បុគ្គលិក​ច្រើន » ។

លោក​បាន​ស្រី​បាន​បន្ត​ថា ចំពោះ​គុណភាព​ផលិតផល​នៃ​ចូល​ពី​បរទេស និង​ផលិត​ក្នុងស្រុក កម្ពុជា បើ​ប្រៀបធៀប​គ្នា​ក៏​មិន​ឈ្នះ​ក្នុងស្រុក​ដែរ ក៏​ប៉ុន្តែ​ពលរដ្ឋ​នៅ​តែ​គាំទ្រ​លើ​ការ​នាំ​ចូល​ដដែល ។ យ៉ាងណា​ក៏​ដោយ ក៏​មាន​ពលរដ្ឋ​មួយ​ចំនួន​ដែល​គាត់​មានការ​យល់​ដឹង​ជ្រៅជ្រះ ងាក​មក​ប្រើប្រាស់​ផលិតផល​ក្នុងស្រុក​ច្រើន​ជាង ព្រោះ​របស់​ក្នុងស្រុក​មានគុណ​ភាព និង​សុវត្ថិភាព​ជាង​ការ​នាំ​ចូល ។ លោកស្រី ចង់អោយ​ពលរដ្ឋ​ងាក​មក​ប្រើ​របស់​ក្នុងស្រុក​វិញ ដើម្បី​ជួយ​ជំរុញ​ចលនា​ផលិត​ទំនិញ​ក្នុងស្រុក និង​ជួយ​បង្កើត​ការងារ​ដល់​ពលរដ្ឋ​ក្នុងស្រុក​ធ្វើ​កាន់តែ​ច្រើន ។ ​លោកស្រី ក៏​ចង់អោយ​រដ្ឋាភិបាល​ជួយ​ជា​បច្ចេកទេស ដើម្បី​បង្កើន​ការ​ផលិត និង​កាត់​បន្ថយ​ការ​ចំណាយ​ថ្លៃដើម ដើម្បី​ធ្វើការ​ប្រកួតប្រជែង​ជាមួយ​ផលិតផល​ដែល​នាំ​ចូល​ពី​ខាងក្រៅ​ប្រទេស ។

​លោកស្រី​ឡឹ​ង ម៉ា​នុ​ត បាន​និយាយ​ថា «​សព្វ​ថ្ងៃនេះ មាន​មន្ត្រី​មក​ពី​ស្ថាប័ន​ពាណិជ្ជកម្ម​មួយ​ចំនួន បាន​ចុះ​មក​ដល់​សិប្បកម្ម តែ​មិនមែន​ដើម្បី​ជួយ​យើង​ទេ បើ​ទោះបីជា​យើង បាន​ចុះបញ្ជី​ត្រឹមត្រូវ ក្នុង​ក្រសួង​ហើយ​ក្ដី តែ​ពួក​គាត់​មក​សួរ​យើង​វិញ ថា​ត្រូវធ្វើ​ដូច​ម្ដេច ធ្វើ​យ៉ាងណា​ខ្លះទៅ​វិញ ។​អ្វី​ដែល​យើង​ចង់បាន​នោះ គឺ​ចង់​មានការ​បណ្ដុះបណ្ដាល​បច្ចេកទេស ដើម្បី​ពង្រីក​ខ្សែ​ចង្វាក់​ផលិតកម្ម​ទំនិញ​ក្នុងស្រុក »​។

​បើ​តាម​លោក​ចម ប្រសិទ្ធ ទេស​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម​បាន​មាន​ប្រសាសន៍​ថា​ក្រសួង​នឹង​ជួយ​ដល់​សិប្បកម្ម​សហគ្រាស ទូ​ទាំង​ប្រទេស​ដែល​មានការ​ចុះបញ្ជី​ត្រឹមត្រូវ​ក្នុង​ក្រសួង​ដើម្បី​កាត់​បន្ថយ​ការ​ចំណាយ​ថ្លៃដើម និង​កាត់​បន្ថយ​ការ​បំពុលបរិស្ថាន​ផង​ដែរ ។ ​លោក​រដ្ឋមន្ត្រី​បាន​បន្ត​ថា បច្ចុប្បន្ន​នេះ សហគ្រាស​ទាំងអស់​ក្នុង​ប្រទេស​កម្ពុជា មាន​ជាង​៥០​ម៉ឺន​សហគ្រាស ក្នុង​នោះ​មាន​តែ​ប្រមាណ​៥​ភាគរយ​ប៉ុណ្ណោះ​ដែល​ចុះបញ្ជី​ត្រឹមត្រូវ ក្នុង​ក្រសួង​ឧ​ស្សហកម្ម និង​សិប្បកម្ម ។ ក្រសួង​នឹង​ជំរុញ​អប់រំ ណែនាំ​អោយ​ម្ចាស់​សហគ្រាស​ទាំងនោះ មក​ចុះបញ្ជី​ត្រឹមត្រូវ អោយ​ក្លាយជា​សហគ្រាស​ស្របច្បាប់ ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ