ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញ​ដើរ​និយាយ​ទូរស័ព្ទ ក៏​ធ្វើ​សកម្ម​ភាព​​ដាក់​នាង ថែម​ទាំង​អូស​២០០​ម៉ែត្រ​​ទៀត

4 ឆ្នាំ មុន
  • កំពង់ចាម

ខេត្ត​ត្បូងឃ្មុំ ៖ ពិតជា​គួរ​ឱ្យ​អាណិត​ក្មេង​ស្រី​អាយុ​១១​ឆ្នាំ​ម្នាក់​រង​របួសធ្ងន់ ដោយសារ​អូស​តាម​ម៉ូតូ​ចម្ងាយ​ប្រមាណ​២០០​ម៉ែត្រ ព្រោះតែ​ចោរឆក់​ទូរស័ព្ទ​ពេល​កំពុងនិយាយ ប៉ុន្តែ​សំណាង​មក​ដល់​កន្លែង​រោង​បុណ្យ​មាន​មនុស្ស​អ៊ូអរ​ច្រើន ហើយ​ត្រូវ​ប្រជា​ការពារ និង​ប្រជាពលរដ្ឋ​ស្ទាក់​ចាប់​ជាប់ និង​ដកហូត​វត្ថុ​តាង​មក​វិញ​។ ហេតុការណ៍​នេះ…

ខេត្ត​ត្បូងឃ្មុំ ៖ ពិតជា​គួរ​ឱ្យ​អាណិត​ក្មេង​ស្រី​អាយុ​១១​ឆ្នាំ​ម្នាក់​រង​របួសធ្ងន់ ដោយសារ​អូស​តាម​ម៉ូតូ​ចម្ងាយ​ប្រមាណ​២០០​ម៉ែត្រ ព្រោះតែ​ចោរឆក់​ទូរស័ព្ទ​ពេល​កំពុងនិយាយ ប៉ុន្តែ​សំណាង​មក​ដល់​កន្លែង​រោង​បុណ្យ​មាន​មនុស្ស​អ៊ូអរ​ច្រើន ហើយ​ត្រូវ​ប្រជា​ការពារ និង​ប្រជាពលរដ្ឋ​ស្ទាក់​ចាប់​ជាប់ និង​ដកហូត​វត្ថុ​តាង​មក​វិញ​។ ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​ម៉ោង​៨​និង​២២​នាទី​យប់ ថ្ងែ​ទី​៦ ខែមករា ឆ្នាំ​២០២០ នៅ​លើ​ផ្លូវ​ក្រាល​កៅស៊ូ ក្នុងភូមិ​តា​ប៉ាវ​បំពេញ​ទេស ឃុំ​រកា​ព​ប្រាំ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ។

បើ​តាម​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ខាងលើ​ឈ្មោះ នឿ​ន ណា​ល់ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ប្រផាត់ ឃុំ​រកា​ព​ប្រាំ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ បាន​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ឆ្លាម ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ ចំណែក​ក្មេង​ស្រី​រង​គ្រោះ​ឈ្មោះ ស្រ៊ុ​ន សុភា​នី អាយុ​១១​ឆ្នាំ​។

សមត្ថកិច្ច​មូលដ្ឋាន​បន្ត​ថា មុន​ពេល​កើតហេតុ ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ឆ្លាម មក​ពី​ទិស​​ខាងត្បូង​មក​ជើង លុះ​មក​ដល់​ចំណុច​ខាងលើ​ក៏​ជួបនឹង​ក្មេង​ស្រី​រង​គ្រោះ​ដែល​កំពុង​ដើរ​បណ្តើរ និយាយ​ទូរស័ព្ទ​តាម​ផ្លូវ​ហៅ​ឪពុក​ឱ្យមក​ឌុ​ប​ទៅ​ផ្ទះ​វិញ​បណ្តើរ ស្រាប់តែ​ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ពី​ក្មេង​ស្រី​រង​គ្រោះ រួច​បំរុង​ជិះ​ម៉ូតូ​រត់គេច​ខ្លួន តែ​ពេល​នោះ​សំពត់​រ៉ូ​ប​ក្មេង​ស្រី​រង​គ្រោះ​បាន​ប៉ើង​ចូល​ទៅ​ក្នុង​ច្រ​វ៉ា​ក់​កង់​ម៉ូតូ​ខាងក្រោយ​ជាប់ ក៏​អូស​ក្មេង​ស្រី​រង​គ្រោះ​ទៅ​ជាមួយ​តែ​ម្តង ស្រប​ពេល​នោះ​ក្មេង​ស្រី​រង​គ្រោះ​ក៏​បាន​ស្រែកហៅ​ឱ្យ​គេឯង​ជួយ​ផង​ដែរ​។

សមត្ថកិច្ច​មូលដ្ឋាន​ប្រាប់​បន្ត​ថា ពេល​ដែល​ម៉ូតូ​បាន​អូស​យក​ក្មេង​ស្រី​រង​គ្រោះ​ទៅ​ជាមួយ​ចម្ងាយ​ប្រមាណ​២០០​ម៉ែត្រ ហើយដោយ​សារ​តែ​ក្មេង​ស្រី​រង​គ្រោះ​បាន​ស្រែក​ផង​នោះ លុះ​មក​ដល់​មុខ​រោង​បុណ្យ​កំពុង​មាន​មនុស្ស​ច្រើន ព្រមទាំង​ប្រជា​ការពារ​នៅ​ការពារ​ទីនោះ​ផង ក៏​ជួយ​អន្តរាគមន៍​តាម​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​បាន រួច​បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ស្រុក​ត្បូងឃ្មុំ ដើម្បី​សួរនាំ។

លោក​វីរ​សេនីយ៍​ទោ សេង មិ អធិការរង​នគរបាល​ស្រុក​ត្បូងឃ្មុំ​ទទួល​ផែន​ព្រហ្មទណ្ឌ​បាន​ប្រាប់​ឲ្យ​ដឹង​ថា រហូត​មក​ដល់​រសៀល​ថ្ងៃ​ទី​៧ ខែមករា​នេះ ជនសង្ស័យ​ឆក់​ទូរស័ព្ទ​ដៃ​ត្រូវ​បាន​ជំនាញ​កំពុង​តែ​សួរនាំ និង​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់វិធានការ​តាម​ច្បាប់​ហើយ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ