ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទះ​ជួល​15ល្វែង​មាន​160​បន្ទប់​ក្លាយ​ជា​ចំណី​​ភ្លើង​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សំណង់ផ្ទះ​ជួល​ធ្វើ​ពី​ឈើ​ប្រក់​ស័ង្កសី ស្ថិត​នៅ​ជាប់​ៗ​គ្នា​ក្នុង​តំបន់​សំណង់​មិន​រៀបរយ នៅ​តាម​បណ្តោយ​ផ្លូវ​រថភ្លើង ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​យ៉ាង​សន្ធៅ​សន្ធៅ​អស់​រយៈពេល​ប្រមាណ​ជាង​២​ម៉ោង បណ្តាល​ឱ្យ​ផ្ទះ​ចំនួន​១៥​ល្វែង ស្មើ​១៦០​បន្ទប់រង​ការ​ខូចខាត​ទាំងស្រុង ។ ទោះបីជា​យ៉ាងណា…

រាជធានី​ភ្នំពេញ ៖ សំណង់ផ្ទះ​ជួល​ធ្វើ​ពី​ឈើ​ប្រក់​ស័ង្កសី ស្ថិត​នៅ​ជាប់​ៗ​គ្នា​ក្នុង​តំបន់​សំណង់​មិន​រៀបរយ នៅ​តាម​បណ្តោយ​ផ្លូវ​រថភ្លើង ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​យ៉ាង​សន្ធៅ​សន្ធៅ​អស់​រយៈពេល​ប្រមាណ​ជាង​២​ម៉ោង បណ្តាល​ឱ្យ​ផ្ទះ​ចំនួន​១៥​ល្វែង ស្មើ​១៦០​បន្ទប់រង​ការ​ខូចខាត​ទាំងស្រុង ។ ទោះបីជា​យ៉ាងណា ពុំ​បណ្តាល​ឱ្យ​មនុស្ស​រង​របួស​ឬ​គ្រោះថ្នាក់​ដល់​អាយុ​ជី​វីត​ឡើយ ។

ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​១​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៦ ខែមករា ឆ្នាំ​២០២០ នៅ​ចំណុច​សំណង់​ពោ​ពេញ​ដោយ​ស្ថានភាព​ស្មុគស្មាញ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​រថភ្លើង និង​មាត់​ប្រឡាយ​បាក់​ទូក ក្នុង​ក្រុម​ទី​១ ភូមិ​បាក់​ទូក សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌឫស្សីកែវ ។

ទាក់ទិន​ការ​កើត​មាន​អគ្គិភ័យ​នេះ​គេ​ពុំ​ដឹង​ថា បណ្តាល​មក​ពី​មូលហេតុ​អ្វី​ឡើយ ។ តាម​នគរបាល​មូលដ្ឋាន​បានឱ្យ​ដឹង​ថា អគ្គិភ័យ​នេះ​បាន​ឆាបឆេះ​ចេញពី​បន្ទប់​ជួល​ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី ស្ថិត​នៅ​ជាន់​ទី​១​ផ្នែក​ខាងក្រោយ​ផ្ទះថ្ម​លេខ​០៣៧I ដែល​មាន​ម្ចាស់​ឈ្មោះ ហេង ស្រូ​យ ភេទ​ប្រុស អាយុប្រមាណ​៦០​ឆ្នាំ ជា​មន្ត្រី​នគរបាល​ចូល​និវត្តន៍ ។ តាម​ព័ត៌មាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ខណៈ​ពេល ដែល​គ្រប់​គ្នា​កំពុង​តែ​ដេក​លង់លក់ ស្រាប់តែ​ភ្លើង​បាន​ឆាបឆេះ ចេញពីផ្ទះ​របស់​មន្ត្រី​នគរបាល ដែល​បាន​ធ្វើ​ជា​បន្ទប់​ជួល​ឱ្យ​ក្រុម​យុវជន​ស្ទាវ​ស្នាក់​នៅ ។

ដោយសារ​តែ​តំបន់​នោះ​ផ្ទះ​ធ្វើ​ពី​ឈើ​ប្រក់​ស័ង្កសី និង​ខ្លះ​ទៀត​បាន​សង់​ជាប់​នឹង​មាត់​ប្រឡាយ ភ្លើង​បាន​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​រាលដាល​យ៉ាង​ឆាប់រហ័ស ។ ខណៈនោះ​គេ​បានឮ​ស្នូរ​តែ​សម្រែក​ស្រែក​ប្រ​កូក​ប្រកាស់ ហៅ​បងប្អូន​កូនចៅ​ឱ្យ​ក្រោក និង​នាំ​គ្នា​រត់​ខ្លះ​ជញ្ជូន​អីវ៉ាន់​ចេញ តែ​ដោយសារ​តែ​តំបន់​នោះ មាន​ផ្លូវ​តូច​ចង្អៀត​ម្នាក់​ៗ​មិន​អាច​យក​របស់របរ​ចេញ​បាន​ស្រួល​ឡើយ ។ ហើយ​ខ្លះ​ទៀត​បាន​យក​ចេញ​មក​ក្រៅ ត្រូវ​បាន​ជន​ឱកាសនិយម​លួច​យក​បន្ត​ទៀត​ក៏​អស់​ច្រើន​ដែរ ។

តាម​ព័ត៌មាន​អោយ​ដឹង​ទៀត​ថា ភ្លាម​ៗ នគរបាល​និង​អាជ្ញាធរ ក៏​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ទាក់ទង​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​ជា​ច្រើន​គ្រឿង​ទៅ​អន្តរាគមន៍ ។ នៅ​ក្នុង​ហេតុការណ៍​នេះ​ដែរ​គេ​ឃើញ​វត្តមាន​លោក ជា ពិសី អភិបាល​ខណ្ឌឫស្សីកែវ ក៏​បាន​ចាត់ចែង​ក្នុង​ការ​ជួយ​អន្តរាគមន៍​បាញ់​ពន្លត់​ផង​ដែរ ។

នគរបាល​ការិយាល័យ​បង្ការ ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បានឱ្យ​ដឹង​ថា នៅ​ក្នុង​ហេតុការណ៍​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ កងរាជអាវុធហត្ថ​រាជធានី ទីក្រុង​កោះ​ពេជ្រ ក្រុមហ៊ុន​OCIC ទីក្រុង​ជ្រោយចង្វា ក្រុមហ៊ុនស្រា​បៀរ​កម្ពុជា ក្រសួងមហាផ្ទៃ និង​រថយន្ត​របស់​សាលា​ខណ្ឌឫស្សីកែវ សរុប​ទាំងអស់​ចំនួន​៤១​គ្រឿង បាន​ទៅ​អន្តរាគមន៍​បាញ់​ពន្លត់​រហូត​ដល់​ម៉ោង​ប្រមាណ​៣​ទៀប​ភ្លឺ ភ្លើង បាន​រលត់​ជា​ស្ថាពរ ។ មន្ត្រី​នគរបាល​បានឱ្យ​ដឹង​ទៀត​ថា លំនៅ​ឋាន​ដែល​ជា​ផ្ទះ​ជួល​ចំនួន​១៥​ល្វែង ស្មើនឹង​ចំនួន​១៦០​បន្ទប់​ត្រូវ​ភ្លើង​ឆេះ​ទាំងស្រុង​ហើយ​ប្រជាពលរដ្ឋ​ចំនួន ១៦០​គ្រួរ​សារ​គ្មាន​ទីជម្រក អ្នកខ្លះ​នៅ​សល់​តែ​មួយ​ចង្កេះ ។

ការ​កើត​មាន​អគ្គិភ័យ​នេះ​នគរបាល​ពុំ​បានឱ្យ​ដឹង​ពី​មូលហេតុ​អ្វី​ច្បាស់​ទេ រង់ចាំ​ការ​ស្រាវជ្រាវ​សិន ។ ទាក់ទិន​មូលហេតុ គេ​មានការ​សង្ស័យ ថា បណ្តាល​មក​ពី​ក្រុម​យុវជន​ប្រើប្រាស់​គ្រឿងញៀន​ព្រោះ​បន្ទប់​ដើម​ភ្លើង​កន្លង​មក នៅ​ពេល​យប់​គេ​ពុំដែល​ឃើញ​ដេក​ពួន​នោះ​ទេ ។ ទោះបីជា​យ៉ាងណា នគរបាល​កំពុង​តែ​ស្រាវ ជ្រាវ ។ បន្ទាប់​ពី​កើត​មាន​អគ្គិភ័យ នៅ​ព្រឹក​ថ្ងៃ​ទី​៦ មក​រា នគរបាល​ក៏​បាន​ចុះ​ទៅ​ស្រាវជ្រាវ​រក​ពី​មូលហេតុ​ហើយ នគរបាល​និង​អាជ្ញាធរ​មូលដ្ឋាន​ក៏​បាន​ចុះ​ទៅ​ស្រង់​ស្ថិតិ​ប្រជាពលរដ្ឋ​រង​គ្រោះ​ដើម្បី​នាំ​អំណោយ​កាកបាទក្រហមកម្ពុជា យក​ទៅ​ចែក​ជួន​ដើម្បី​ជួយ​សម្រួល​ដល់​ការ​លំបាក​របស់​បងប្អូន​ដែល​កំពុង​តែ​រង​គ្រោះ ៕

អត្ថបទសរសេរ ដោយ