ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រមុខ​រាជរដ្ឋាភិបាល​មាន​ប្រសាសន៍​ពី​បញ្ហា​អ្វីខ្លះ?ជុំវិញ​ការ​រលំ​បាក់​អគារ​7​ជាន់​

4 ឆ្នាំ មុន
  • កែប

ខេត្ត​កែប ៖ ក្រោយ​ពី​បញ្ចប់​យុទ្ធនាការ​សង្គ្រោះ​ក្នុង​ឧបទ្ទវហេតុ​រលំ​អគារ​កម្ពស់​៧​ជាន់ (​រាប់​ចាប់ពី​ជាន់​ផ្ទាល់​ដី​) ក្នុង​រយៈពេល​ជាង​៤៣​ម៉ោង សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​បាន​មាន​ប្រសាសន៍​ក្នុង​សន្និសីទ​សារព័ត៌មាន ពន្យល់​ដល់​ប្រជាពលរដ្ឋ​ទូ​ទាំង​ប្រទេស​ឲ្យ​បាន​ជ្រាប ដើម្បី​កុំ​ឲ្យ​មាន​មតិ​មួយ​ចំនួន​ដែល​លើក​ឡើង​ថា​…

ខេត្ត​កែប ៖ ក្រោយ​ពី​បញ្ចប់​យុទ្ធនាការ​សង្គ្រោះ​ក្នុង​ឧបទ្ទវហេតុ​រលំ​អគារ​កម្ពស់​៧​ជាន់ (​រាប់​ចាប់ពី​ជាន់​ផ្ទាល់​ដី​) ក្នុង​រយៈពេល​ជាង​៤៣​ម៉ោង សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​បាន​មាន​ប្រសាសន៍​ក្នុង​សន្និសីទ​សារព័ត៌មាន ពន្យល់​ដល់​ប្រជាពលរដ្ឋ​ទូ​ទាំង​ប្រទេស​ឲ្យ​បាន​ជ្រាប ដើម្បី​កុំ​ឲ្យ​មាន​មតិ​មួយ​ចំនួន​ដែល​លើក​ឡើង​ថា​ ប្រតិបត្តិការ​នេះ​ប្រើ​ពេល​យូរ ។

ពាក់ព័ន្ធ​នឹង​ករណី​នេះ សម្ដេច​តេ​ជោ​មាន​ប្រសាសន៍​បញ្ជាក់​ថា ការ​ដាក់​ចេញ​នូវ​បទបញ្ជា​សម្រាប់​សង្គ្រោះ​នៅ​ទី​នេះ​គឺ ៖ ទី​១-​ត្រូវ​ឱ្យ​អាទិភាព​ខ្ពស់​ទៅ​លើ​ការ​សង្គ្រោះ​ជីវិត​មនុស្ស គឺ​មិន​អាច​ធ្វើ​ដោយ​ទទឹងទិស ឬ​ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​នោះ​ទេ ។ ដូច្នេះ​ ហើយបាន ជា​នៅ​ពេល​ដែល​យើង​រុករក​ឃើញ​មាន​សញ្ញា​ណា​មួយ​ដែល​មិន​ប្រក្រតី ហើយ​ដែល​អាចសង្ស័យ​ថា​មាន​មនុស្ស​គឺ​ត្រូវ​តែ​បញ្ឈប់​នូវ​គ្រឿងចក្រ​ទាំងឡាយ ហើយ​ប្រើ​ដោយ​មធ្យោបាយ​ផ្សេង​ៗ​តាម​លទ្ធភាព​ដែល​អាច​ធ្វើ​ទៅ​បាន ។ ទី​២-​គោរព​ទៅ​ដល់​សាកសព បើ​ទោះបីជា​ពួក​គាត់​បាន​ស្លាប់​ទៅ​ហើយ​តែ​យើង​ត្រូវ​តែ​ធានា​ថា សាកសព​ទាំងនោះ​មិន​ត្រូវ​បាន​ប៉ះពាល់​ដោយ​គ្រឿងចក្រ​របស់​យើង​ទេ ។

ដូច្នេះ ចំណុច​នេះ​ហើយ​ជា​ចំណុច​ត្រូវ​ប្រ​តិប​ត្តិ​ការ​យឺត ហើយ​សង្ឃឹមថា​ប្រជាពលរដ្ឋ​របស់យើង​អាច​យល់​បាន ។ ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​យកចិត្តទុកដាក់​សង្កេត​មើល នៅ​ពេល​ដែល​យើង​បានទទួល​ដំណឹង គឺ​ភាព​ស្រុះគ្នា​នៃ​កម្លាំង​របស់​យើងបាន​ចុះ​មក​ដល់ទី​នេះ ដែល​មិន​ត្រឹមតែ​ខេត្តកែប​ម្នាក់ឯង​ទេ គឺ​នៅ​មាន​ខេត្ត​ជិតខាង​ទៀត។
និយាយ​រួម ខេត្ត​ព្រះ​សីហ​នុ ខេត្តកំពត ខេត្តតាកែវ និង​ស្ថាប័ន​អន្តរជាតិ កម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ ទាំង​កងទ័ព ទាំង​នគរបាល ក៏​ដូចជា​ស្ថាប័ន​ស៊ី​វិល​ដទៃ​ទៀត ដែល​ខ្ញុំ​មិន​អាច​រៀបរាប់​អស់ ក្នុង​នោះ​សំដៅ​ទៅ​លើ​ស្ថាប័ន​ដែល​មានការ​ទាក់ទង​ដូច​ជា​ក្រុម​គ្រូពេទ្យ ក្រុម​យុវជន ក្រុម​យុវនារី​ក៏​បាន​ចូលរួម​នៅ​ទី​នេះ។

អ្វី​ដែល​ជា​ការ​គួរ​ឲ្យ​កត់សម្គាល់ គឺ​ក្រុម​ជំនា​ញ​របស់​យើង​បាន​ធ្វើការ​យ៉ាង​សកម្ម ដើម្បី​រុករក​នូវ​ឧប្បត្តិហេតុ​ដែល​បាន​កើត​នៅ​ក្នុង​ខេត្តកែប​របស់​យើង ហើយ​ឱ្យ​យើង​បាន​ដោះស្រាយ​សង្គ្រោះ​អាយុជីវិត ដែល​មក​ដល់​ពេល​នេះ ​តួលេខជា​ផ្លូវការ​មនុស្ស​ទាំងអស់​៥៩​នាក់ គឺ​រង​របួស​២៣​នាក់ ក្នុង​នោះ​មាន​ស្ត្រី​៨​នាក់ ។ ចំនួន​ស្លាប់​គឺ​មាន​៣៦​នាក់ ​(​ស្ត្រី​ចំនួន​១៤​នាក់​) ។ សរុប​ទាំង​អ្នក​ស្លាប់​ទាំង​អ្នក​របួស​៥៩​នាក់​(​ស្ត្រី​២២​នាក់​) ដែល ក្នុង​នោះ​ក៏​មាន​កុមា​រា​កុមារី​ផង​ដែរ ។

សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី មាន​ប្រសាសន៍ថា នេះ​ជា​ព្រឹត្តិការណ៍​ដ៏​សោកសង្រេង​មួយ​សម្រាប់​ប្រទេស​ជាតិ​របស់​យើង ដែល​ជួប​ប្រទះនូវ​រឿង​អកុសល​ទាំងនេះ ។ សម្ដេច​តេ​ជោ​បាន​ថ្លែងអំណរគុណ និង​សម្ដែង​ករុណា​ទិ​គុណ​ចំពោះ​ព្រះមហាក្សត្រ​ជាទី​សក្ការៈ ក៏​ដូច​ជាស​ម្ដេចម៉ែ​ជាទី​សក្ការៈ ដែល​ព្រះ​អង្គ​តែងតែ​យក​ចិត្ត​ទុកដាក់​ចំពោះ​សុខទុក្ខ​របស់់​ប្រជារាស្ត្រ​របស់​ព្រះ​អង្គ ដោយ​រាប់​ទាំង​ការ​ចូលរួម​វិភាគទាន​ជា​ថវិកា​តាម​រយៈ​សម្ដេចចៅហ្វា​វាំង គង់ សំ​អុល មក​ជូន​រាជរដ្ឋាភិបាល ដើម្បី​បន្ត​ផ្ដល់​ជូន​ទៅ​ដល់​ជន​រង​គ្រោះ ។ សម្តេច​តេ​ជោ ក៏​បាន​អរគុណ​ស្ថាប័ន​ព្រឹទ្ធសភា រដ្ឋសភា និង​អរគុណ​សប្បុរសជន​នានា​ដែល​បាន​ចូលរួម​វិភាគទាន។

ខ្ញុំ​មិន​បាន​ធ្វើការ​អំពាវនាវ​ទេ ក៏​ប៉ុន្តែ​អ្នក​ដែលបាន​ស្ម័គ្រចិត្ត​ចូលរួម​វិភាគទាន​រហូត​មក​ដល់​ពេល​នេះ​គឺ​មាន​ប្រមាណ​ជា​១​លាន​៧​សែន​ដុល្លារ​សហរដ្ឋអាមេរិក ។ នៅ​ទី​នេះ កម្លាំង​ប្រតិបត្តិការ​ផ្ទាល់​តែ​ម្ដង​ដែល​ខ្ញុំ​ចាត់​ទុក​ថា ជា​បង្អែក​នៃ​កម្លាំង​របស់​ជាតិយើង ដែល​ខ្ញុំ​មាន​មោទនភាព​ខ្លាំង​ណាស់ ។ ទាំងទូរទស្សន៍ ទាំង​សោត​ទស្សន៍ បាន​ផ្តិត​យក​រូបភាព​អំពី​សកម្មភាព​ទាំងឡាយ​នៃ​កម្លាំង​របស់​យើង ដែល​ជា​កម្លាំង​ជួយ​ជាតិ​របស់​យើង​។​ប៉ុន្តែយើង​ត្រូវ​មានការ​ហ្វឹកហាត់​បន្ថែម រៀបចំ​ផែនការហ្វឹកហាត់​បន្ថែម ។ ខ្ញុំ​ក៏​អរគុណ​ផង​ដែរ ចំពោះ​វិស័យ​ឯកជន​ក្នុងស្រុក ដែល​បាន​ចូលរួម​ដោយ​ផ្ដល់​នូវ​គ្រឿងចក្រ​ហើយ​ក៏​អរគុណ​អ្នកជំនាញ​ចិន​នានា ដែលកំពុងធ្វើការ​នៅ​ខេត្ត​ព្រះ​សីហ​នុ ដែល​មាន​បទពិសោធន៍​ទាក់ទង​នឹង​ការ​ជួយ​សង្គ្រោះ បាន​ប្រមូលផ្ដុំ​គ្នា​មក​ជួយ​សង្គ្រោះ​នៅ​កន្លែង​នេះ រាប់​ទាំង​វិធីសាស្ត្រ​ស្វែង​រុករក​ទីកន្លែង​ដែល​មនុស្ស​អាច​នៅ​រស់ ឬ​ក៏​កន្លែង​ដែល​មានការ​សង្ស័យ​ទៀត ។

ខ្ញុំ​ក៏​បាន​ស្នើ​សុំ​ហើយ​គាត់​ជួយ​បង្ហាត់​ដល់​កម្លាំង​របស់​កម្ពុជា​បន្ថែម​ទៀត ។នេះ​ជា​ជា​ឧប្បត្តិហេតុ​ដែល​កើតឡើង ហើយ​រឿង​នេះ​ខ្ញុំ​ចង់​សំដៅ​បញ្ជាក់​ដល់​អស់លោក​បន្តិច​។នៅ​ពេល​ដែល​កើតរឿង​ភ្លាម មាន​អ្នក​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក ហើយ​ក៏​មាន​អ្នក​វាយ​សារ​ចូល​មក​ក្នុង​តេ​ឡេ​ក្រាម​របស់ខ្ញុំ​ធ្វើការ​ស្ដីបន្ទោស​អ្នក​នេះ ធ្វើការ​ស្ដីបន្ទោស​អ្នក​នោះ ត្រូវការ​ដក​អ្នក​នេះ ត្រូវការ​ដក​អ្នក​នោះ ក្នុង​ពេល​ដែល​យើង​ជាប់ជំពាក់​អំពី​អ្វី​ដែល​ជា​ការ​គិត​ដំបូង​បំផុត គឺ​ការ​សង្គ្រោះ​អាយុជីវិត​របស់​ពលរដ្ឋ​យើង ។ មិនមែន​ជា​បញ្ហា​ស្វែងរក​អ្នក​ណា​ខុស​អ្នក​ណា​ត្រូវ​នៅ​ពេល​នោះ​ទេ ។ក៏​ប៉ុន្តែ​ខ្ញុំ​អាច​បញ្ជាក់ ដើម្បី​ចៀសវាង​នូវ​ការ​សង្ស័យ​ណាមួយ អភិ​បាលខេត្ត​និង​មន្ត្រី​មិន​ត្រូវ​បាន​ដក​ចេញពី​តំណែង​ទេ ។ ខ្ញុំ​សូម​បញ្ជាក់ ព្រោះ​នៅ​មាន​ប្រធាន​គណបក្ស​នយោបាយ​មួយបង្ហោះ​ចេញ​ភ្លាម​ថា ខេត្ត​ព្រះ​សីហ​នុ​អភិបាលខេត្តលាលែង តើ​ខេត្ត​កែប​ទៅ​ជា​អ្វី ?

បន្ទាប់​ទៅ ចេញ​សារ​មួយ​បន្ថែម​ទៀត​រហូត​ដល់​ខ្ញុំ​ទៅ​ខ​មិ​ុ​ន​នៅ​ក្នុង​ហ្វេ​ស​ប៊ុ​ក​នោះ​ថា សូម​ឯកឧត្តម​កុំ​ប្រើ​ពេលវេលា​នេះ​រុញ​ឲ្យ​ខ្លោច​រោច​ឱ្យ​ឆៅ​…​។ ខ្ញុំ​ចង់​បញ្ជាក់​ថា រឿងរ៉ាវ​ទាក់ទង​នឹង​ការរលំ​បាក់​អគារ​នេះ វា​មិនមែន​មាន​កើត​តែ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទេ ។ សូម​អស់លោក​មើល​តាម​ការ​ផ្សាយ​នានា​ដែល​បាន​ផ្សព្វ​ផ្សាយ​ឡើង​វិញ​ពី​ម្សិល តើ​មាន​ព្រឹត្តិការណ៍​ប៉ុន្មាន​នៅ​លើ​ពិភពលោក​នេះ ដែល​នាំ​ឲ្យ​បាក់​អគារ​នៅ​ក្នុង​ឆ្នាំ​២០១៩​រាប់​ទាំង​សហរដ្ឋអាមេរិក ។

ឥឡូវ​បើសិនជា​រឿង​ទាំងនេះ​ទាមទារ​ឲ្យ​ដកមន្ត្រី​នេះ រហូត​ដល់​ខ្ញុំ​នឹង​ពិនិត្យ​ទៅ​លើ​មន្ត្រី​របស់ខ្ញុំ​មួយ​ចំនួន ដែល​កំពុង​នៅ​ក្នុង​ជួរ​រាជរដ្ឋាភិបាល​បង្ហោះ​ហ្វេ​ស​ប៊ុ​ក​ចេញ សំដៅ​ប្រមូលផ្តុំ​ទៅ​លើ​អគារ សំដៅ​រុញច្រាន​ឲ្យ​ខ្ញុំ​ដក​តំណែង​តែ​ម្ដង​។​ ដូច្នេះ​ ខ្ញុំ​គិត​ថា កំពុង​ធ្វើ​អ្វី​ពិតប្រាកដ​គឺ​ត្រូវការ​សង្គ្រោះ នេះ​ជា​កិច្ចការ​បន្ទាន់ ឯ​រឿង​ដទៃ​​ទៀត​ចាំ​និយាយ​គ្នា​លើក​ក្រោយ ។ ប៉ុន្តែ​ដោយសារ​អស់លោក​ផ្ដោត​ការ​យកចិត្តទុកដាក់​ថា តើ​រាជ​រដ្ឋា​ភិ​បាល​និង​ខ្លួន​ខ្ញុំ​ឬ​ក៏​សម្ដេច​ក្រឡាហោម ស​ខេ​ង ដែល​ជា​រដ្ឋមន្ត្រី​មហាផ្ទៃ គឺ​ត្រូវ​ដោះស្រាយ​យ៉ាងម៉េច ?

សម្ដេច​តេ​ជោ​មាន​ប្រសាសន៍​ថា ខ្ញុំ​មិន​អាច​ដក​តំណែង​អភិបាលខេត្ត​នោះ​ទេ ព្រោះ​វា​មិន​ជាប់​ពាក់ព័ន្ធ​ជាមួយនឹង​បញ្ហា ។ ពិតមែនតែ​កើត​នៅ​ក្នុង​ដែនដី​របស់​ខ្លួន ក៏​ប៉ុន្តែ​ខ្ញុំ​ចង់​សួរ​អស់លោក​ថា អាច​យល់​ទេ​នៅ​ប្រទេស​នានា​ដែល​បាន​កើត​ដូច​ជា​រដ្ឋ​មួយ​នៅ​សហរដ្ឋអាមេរិក​ដួល អូ​តែ​ល​(​សណ្ឋាគារ​)​តែ​ម្ដង តើ​អភិបាល​រដ្ឋ​នោះ​គាត់​លាលែង​ពី​តំណែង​ទេ ? ត្រូវ​បាន​ដក​ចេញពី​តំណែង​ទេ ? ហើយ​បែរជា​រុញច្រាន​មក​កម្ពុជា ។
រឿង​អភិបាលខេត្ត​ព្រះ​សីហ​នុ​គឺជា​រឿង​មួយ​ដែល​ខ្ញុំ​យល់​ថា គប្បី​គាត់​អាច​ត្រូវ​ប្ដូរ​តួនាទី​ទៅ​កាន់​កន្លែង​ផ្សេង​ដើម្បី​ដាក់​អ្នក​ជំនួស ។

ឥឡូវនេះ ឆេះ​សារមន្ទីរ​ដ៏​ធំ​មួយ​នៅ​ទីក្រុងប៉ា​រី​ស តើ​ទាំងអស់​គ្នា​បាន​ឲ្យ​អភិបាល​ក្រុងប៉ារីសលាលែង​ពី​តំណែង​ទេ? តើ​ត្រូវ​ឲ្យ​រដ្ឋមន្ត្រី​ប៉ុន្មាន​លាលែង​ពី​តំណែង ?ហេតុ​អ្វី​បានជា​អ្នក​ទាំងឡាយ​ចូល​ចិត្ត​ណាស់​រឿង​ក្តិចត្រួយ​ផ្តួល​គ្នា​…​ហើយ​ខ្ញុំ​នឹង​ពិនិត្យ​មើល​មន្ត្រី​របស់ខ្ញុំ​ដែល​វ៉ៃ​ចូល​ក្នុង​វ៉ា​ត់​អាប់​របស់ខ្ញុំ និងការ​បង្ហោះ​តាម​ហ្វេ​សបុ​៊​កមួយ​ចំនួន ដើម្បី​ខ្ញុំ​ចាត់ការ​វិញ ដើម្បី​ខ្ញុំ​ព្រមាន ។ ខ្ញុំ​យល់ ខ្ញុំ​ទទួលយក​នូវ​ការ​ផ្ដល់​មតិ ក៏​ប៉ុន្តែ​ពេល​វេលា​នេះ​ក៏​មិនមែន​ជាពេលវេលា​ដែល​អ្នកឯង​ត្រូវ​និយាយ​រឿង​ហ្នឹង​ទេ​។ សម្ដេច​តេ​ជោ​មាន​ប្រសាសន៍​ថា ឥឡូវ​គណៈកម្ម​ការ​ធ្វើការ​កោសល្យវិច័យ​ទៅ​លើ​អគារ ត្រូវរៀបចំ​ឡើង​នៅ​ពេល​ក្រោយ ដែល​ត្រូវធ្វើ​នៅ​ពេល​ខាង​មុខ ។ ប៉ុន្តែ​មិនមែន​ជា​ពេលវេលា​នេះ​ទេ ដូច្នេះ​ខ្ញុំ​គ្រាន់តែ​ចង់​បញ្ជាក់ រឿង​របស់​កម្ពុជា​វា​បាន​កើត​ព្រឹត្តិការណ៍​នេះ​ប្រហែលជា​នេះ​គឺជា​កំហុស​របស់ខ្ញុំ​។

ហេតុ​អី្វ​បានជា​ខ្ញុំ​និយាយ​ថា ជា​កំហុស​របស់ខ្ញុំ ។ បើ​ខ្ញុំ​មិន​ពន្លត់ភ្លើង​សង្គ្រាម​នេះ​ទេ តើ​អ្នក​ទាំងអស់​គ្នា​បាន​មក​ធ្វើ​ផ្ទះ​ដូច្នេះ​ទេ ? បើសិនជា​ខ្ញុំ​មិន​ដឹកនាំ​ប្រទេស​នេះ តើ​មានការ​អភិវឌ្ឍ​ឱ្យ​មាន​អគារ​រាប់​ជាន់​និង​រលំ​ទេ ?យើង​មាន​ត្រឹមតែ​កូនខ្ទម​ជ្រក ប៉ុន្តែ​ឥឡូវនេះ​យើង​មាន​អគារ​ច្រើន យើង​ទទួលស្គាល់​អំពី​ចំណុ​ច​ខ្វះខាត ។ នៅ​ទី​នេះ គ្រាន់តែ​យើង​សិក្សា​ជាបឋម​មាន​ចំណុច​ខ្វះខាត​២​រួច​ស្រេច​ទៅ​ហើយតែ​ខ្ញុំ​មិន​សន្និដ្ឋាន​ជំនួស​អ្នកបច្ចេកទេស​ទេ ។

ទី​១-​គឺ​ផ្នែក​ខាង​គូស​ប្លង់ ដោយ​តម្រូវ​ដែកទំហំ​ប៉ុណ្ណេះ ប៉ុណ្ណោះ​…​គឺ​ដាក់​ដែក​ខុស បាន​សេចក្តី​ថា​ដែក​មាន​កម្រិត​តូច​ជាង​ខាង​បច្ចេកទេស​ដែល​គេ​ផ្ដល់​ឲ្យ ។ទី​២-​កំហុស​ទាក់ទិន​ជាមួយនឹង​បញ្ហា​ប្លង់​សេដែល​គេ​ត្រូវការ​២៧​ឬ​២៨​ថ្ងៃ​ទើប​អាច​ដោះ​ក្តារពុម្ព​បាន ។ ប៉ុន្តែ​យើង​បាន​ទទួល​ព័ត៌មាន គឺ​ការ​ដោះ​ពុម្ព​ក្តារ​នោះ មិន​បាន​ដប់​១០​ថ្ងៃ​ទេ​គាត់​ដោះ ក្តារពុម្ព​ចេញ​តែ​ម្ដង ដើម្បី​ឈាន​ឡើង​ទៅ​ចាក់​ខាងលើ​ទៀត ។ ឯ​មេការ​រូប​នេះ​គាត់​បាន​ទទួលមរណភាព​ទាំង​កូន​ទៅ​ទៀត ។

ដូច្នេះ ​យើង​មិនដឹង​ទៅ​ចាប់​គាត់​ឲ្យ​សង​ម្ដេច​កើត ក្រៅពី​យើង​ផ្ដល់​ថវិកា​ដល់​ក្រុម​គ្រួសារ​គាត់បន្ថែម ព្រោះ​នេះ​ជា​សោកនាដកម្ម​ដែល​បាន​កើតឡើង ។ ប៉ុន្តែ​ខ្ញុំ​ក៏​អាច​បញ្ជាក់​បាន​ដែរ​ថា​ម្ចាស់​សំណង់​ក៏​ស្ថិត​នៅ​ក្នុង​ទី​នេះ ឥឡូវនេះ​បន្ទាប់​ពី​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កែប នឹង​បញ្ជូន​ទៅ​កាន់​តុលាការ​ខេត្តកំពត ។ ពេល​នោះ​នីតិវិធី​របស់​តុលាការ​យ៉ាងម៉េច គឺ​អាស្រ័យ​ទៅ​លើ​តុលាការ ។ សំណង​រដ្ឋប្បវេណី​គឺ​ត្រូវ​តែ​ប្ដឹង​ធ្វើ​ទៅ​តាម​ច្បាប់ ។សម្ដេច​តេ​ជោ​មាន​ប្រសាសន៍​ថា ចំណុច​ទាំង​អស់នេះ​ជា​ចំណុច​ដែល​ខ្ញុំ​ចង់​បញ្ជាក់​ជូន ។ ខ្ញុំ​សូម​អរគុណ​បងប្អូន​ជនរួមជាតិ ដែល​បាន​ជួយ​ឈឺឆ្អាល​រឿង​នេះ ហើយ​ខ្ញុំ​គិត​ថា​នេះ​ជា​ច​លនា​ស្មារតី​ជាតិនិយម​មួយ​ស្រឡាញ់​គ្នា ។ លើកលែងតែ​មនុស្ស​មួយ​ចំនួន​ដែល​អគតិ រាប់​ទាំង​មន្ត្រី​ក្នុង​ជួរ​រាជរដ្ឋាភិបាល​ដែល​ខ្ញុំ​ត្រូវ​តែ​ពិនិត្យ ដែល​ប្រើ​ពាក្យ​វ៉ៃ​ចូល​ក្នុង​វ៉ា​ត់​អាប់ ហើយ​ខ្ញុំ​រុញ​ទៅ​ឱ្យ​មើល​ប្រទេស​ជា​ច្រើន​នៅ​លើ​ពិភព​លោក រលំ​អគារ​នៅ​ច្រើន​ប្រទេស ។ ខ្ញុំ​អត់​ឆ្លើយ​អ្វី​ទេ ខ្ញុំ​រុញអគារ​ដែលរ​លំហើយ​មើល​ខ្លួនឯង​ទៅ នៅ​ប្រទេសគេ​ជឿនលឿន ។

ខ្ញុំ​និយាយ​យ៉ាង​ដូច្នេះ មិនមែន​ចង់​សម្រាល​ការ​ទទួលខុសត្រូវ និង​បិទ​បាំង​ភាព​ខ្សោយ​របស់យើង​ទេ តែ​ខ្ញុំ​សុំ​ឲ្យ​អ្នក​ទាំងឡាយ​កុំ​ជ្រុលនិយម​ទៅ​លើ​បញ្ហា​អ្វី​ដែល​កើតឡើង គឺ​ដាក់​ការ​ស្ដីបន្ទោស​ជា​មុន​ដោយ​ខ្វះ​ការ​ស្រាវជ្រាវ​… នេះ​ជា​ចំណុច​ដែល​ខ្ញុំ​ចង់​ដាស់តឿន​មនុស្ស​ទាំងឡាយ ។ពិតមែន​ហើយ ខ្ញុំ​គ្មាន​សិទ្ធិ​នឹង​បិទ​មាត់​ចំពោះ​សេរីភាព​របស់​អ្នក​ណា​ទេ ក៏​ប៉ុន្តែ​យើង​មាន​សិទ្ធិ​នឹង​ពន្យល់​ប្រាប់​ទៅ​វិញ​ថា យើង​គួរ​ធ្វើ​អ្វី​នៅ​ពេល​ណា ដូច​ជា​ករណី​នៅ​កន្លែង​នេះ​មិនមែន​ជា​ពេលវេលា​ឲ្យ​ដក​នេះ​ដក​អ្នក​នោះ ហើយ​និយាយ​ពី​អំពើ​ពុក​រលួយ​​អុ​ី​ចេះ​អុ​ី​ចុះ​ទេ ។ ខ្ញុំ​ក៏​សូម​បញ្ជាក់​ថា ខ្ញុំ​បាន​សម្រេច​ពី​ម្សិលមិ​ញ សម្រាប់​អ្នក​របួស​ម្នាក់​គឺ​ទទួល​បាន​ថវិកា​១​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ។ ដោយឡែក ករណី​ពិសេសដែល​អ្នករក​ឃើញ​នៅ​ក្នុង​គំនរ​បាក់បែក​ចំនួន​៧
នាក់ បាន​ទទួល​ម្នាក់​២​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​។​សម្រាប់​សព គឺ​ក្នុង​ម្នាក់​ចំនួន​៥​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក និង​ប្រាក់​សម្រាប់​ធ្វើបុណ្យ​ចំនួន​១០​លាន​រៀល ។

យើង​នឹង​ពិនិត្យ​តទៅ​ទៀត បើសិនជា​ថវិកា​នេះ​នៅ​សល់ យើង​នឹង​ពង្រីក​បន្ថែម​ទៅ​ឲ្យ​អ្នក​ដែល​ស្លាប់​ដើម្បី​ឱ្យ​កូនចៅ​ឬ​ឪពុក​ម្ដាយ​របស់​គេ​មាន​លទ្ធភាព​បន្ត ។ខ្ញុំ​ពិតជា​មាន​មោទនភាព​ជាមួយ​ប្រតិកម្ម​រហ័ស​របស់​យើង ហើយ​សូម​សរសើរ​ដោយ​ស្មោះ​ចំពោះ​លោកនាយ​ឧត្តមសេនីយ៍ គន់ គី​ម ដែល​ទើបនឹង​ត្រូវ​បាន​តែងតាំង​ជា​អនុប្រធាន​ទី​១​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ពេល​ដែល​ទទួល​បាន​ព័ត៌មាន​ភ្លាម គឺ​ធ្វើ​ដំណើរ​មក​កាន់​ទី​នេះ​បន្ទាន់ ហើយ​ដឹកនាំ​កម្លាំង​អនុវត្ត​មុន​ពេល​ដែល​ខ្ញុំ​បាន​មក​ដល់ ។

សង្ឃឹមថា នៅ​ពេល​ខាង​មុខ​បន្ទាប់​ពី​ច្បាប់​សំណ​ង់​ត្រូវ​បាន​អនុវត្ត​ពេញលេញ ខ្ញុំ​គិត​ថា​ឧប្បត្តិហេតុ​បែប​នេះ​នឹង​ត្រូវ​បាន​កាត់​បន្ថយ​ឬ​ឈាន​ទៅ លុប​បំបាត់ ។ ដោយសារ​ពី​មុន​នេះ​យើង​មិន​ទាន់មានច្បាប់​សំណង់​ទេ ច្បាប់​សំណង់​ទើបនឹង​អនុ ម័ត​ប្រមាណ​១​ខែ​ឬ​២​ខែ ដូច្នេះ​ច្បាប់​ស្តី​ពី​សំណង់​របស់​យើង​មិន​ទាន់​បាន​អនុវត្ត​ពេញលេញ​ទេ ។ ដូច​ជា​សំណង់​បែប​នេះ គឺ​តម្រូវ​ឱ្យ​ជួល​ក្រុមហ៊ុន​មួយ​ផ្សេង​ទៀត​ដើម្បី​មក​ត្រួតពិនិត្យ​គុណភាព​សំណង់ តើ​អ្នកឯង​សាងសង់​នោះ​ស្រប​ទៅ​តាម​ប្លង់​ឬ​បច្ចេកទេស​ដែរ​ឬទេ? ដូច្នេះ​ចំណុច​របស់​វា​នៅ​កន្លែង​ហ្នឹង ។

សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី មាន​ប្រសាសន៍បញ្ជាក់​ថា អ្នក​ណា​ក៏​ដោយ​ឲ្យ​តែ​មានចិត្ត​ចង់​ជួយយើង​ស្វា គមន៍​ទាំងអស់​…​ខ្ញុំ​អរគុណ​គាត់​(​លោក កឹ​ម សុខា​) ប៉ុន្តែ​ខ្ញុំ​មិន​ទាន់​បាន​ទទួល​ព័ត៌មាន​ពី​ថវិកា​ដែល​គាត់​ត្រូវ​ផ្ដល់​ទេ ។ ប៉ុន្តែ​បើ​ទោះបីជា​នៅ​ក្នុង​និន្នាការ​ណា​ក៏​ដោយ ពេលវេលា​នេះ​មិនមែន​ជា​ពេលវេលា​ត្រូវ​ទាស់​គ្នា​ទេ ជា​ពេលវេលា​ដែល​ខ្មែរ​ត្រូវ​ជួយ​ខ្មែរ ។ គ្រប់​និន្នាការ​ទាំងអស់​ប្រមូលផ្ដុំ​ជួយ​ខ្មែរ ។ ដូច្នេះ​ខ្ញុំ​ស្វាគមន៍​ឥរិយាបថ​របស់​លោក កឹ​ម សុខា បើ​ទោះបីជា​គាត់​នៅ​មានបញ្ហា​នេះ​បញ្ហា​នោះ ក៏​ប៉ុន្តែ​រឿង​ជួយ​ប្រជា ពលរដ្ឋ​គឺជា​រឿង​ដែល​យើង​ត្រូវ​ស្វាគមន៍​គាត់ ។ ខ្ញុំ​គិត​ថា គ្រប់​និន្នាការ​ទាំងអស់​ប្រមូលផ្ដុំ​ការ​ខិតខំ​ជួយ​ប្រជាពលរដ្ឋ​ជា​ជាង​វ៉ៃ​ប្រហារ​មក​លើ​រាជរដ្ឋាភិបាល ឬ​ក៏​វ៉ៃ​ប្រហារ​ទៅ​លើ​អ្នក​នេះ​ទៅ​លើ​អ្នក​នោះ ដែល​ជា​រឿង​មិន​ចាំបាច់ ។

ខ្ញុំ​គិត​ថា សូ​ម្បី​តែ​លោក កឹ​ម សុខា ក៏​គាត់​គិត​ត្រូវ​ជាង​មនុស្ស​មួយ​ចំនួន​នៅ​ក្នុង​ជួរ​រាជរដ្ឋាភិបាល​ដែរ ។ គាត់​មិន​បាន​យក​ការ​ថ្កោលទោស​រាជរដ្ឋាភិបាល​ទេ បើសិនជា​តាម​អ្វី​ដែលលោក​បាន​និយាយ​អម្បាញ់មិញ គឺ​គាត់​សម្តែងការ​សោកស្តាយ​និង​ចូលរួម​មរណទុក្ខ ។ បើ​អុ​ី​ចឹ​ង លោក កឹ​ម សុខា ប្រសើរ​ជាង​មន្ត្រី​ក្នុង​រាជរដ្ឋាភិបាល​មួយ​ចំនួន​ថែម​ទៀត​ផង ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ