ខេត្តសៀមរាប ៖ សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា ផ្លូវបុរាណមួយខ្សែដែលតភ្ជាប់រាជធានីពីរនៅសម័យអង្គរ គឺរាជធានីសោធរ (អង្គរ) និងរាជធានីហរិហរាល័យ (រលួស) ស្ថិតនៅភូមិស្ពានក្អែក ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានអាជ្ញាធរជាតិអប្សរាធ្វើកំណាយស្រាវជ្រាវចាប់ពីថ្ងៃទី២០ ខែវិច្ឆិកា ដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ ។
លោកបណ្ឌិត ឈាន រដ្ឋា ប្រធានស្តីទីនាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរបានឱ្យដឹងថា ការធ្វើកំណាយស្រាវជ្រាវរចនាសម្ពន្ធផ្លូវបុរាណពីតំបន់អង្គរទៅតំបន់រលួស គឺក្នុងគោលបំណងប្រៀបធៀបទៅនឹងរចនាសម្ពន្ធនៃផ្លូវបុរាណដទៃទៀត ដែលស្ថិតនៅទីតាំងផ្សេង និងពិចារណាក្នុងការលើកគម្រោងអភិរក្ស និងអភិវឌ្ឍន៍ប្រកបដោយចីរភាព ដើម្បីលើកតម្លៃកំណាត់ផ្លូវបុរាណនេះឡើងវិញឱ្យក្លាយជាបេតិកភណ្ឌរស់ ។
លោក រដ្ឋា បន្តថា ក្នុងការស្រាវជ្រាវឱ្យបានច្បាស់អំពីរចនាសម្ពន្ធផ្លូវបុរាណក្រុមការងារបានចុះសិក្សាសម្រង់ប្លង់វាស់វែង និងបើករណ្តៅកំណាយចំនួន៥ ដើម្បីដឹងពីបច្ចេកទេសនៃការសាងសង់ផ្លូវរបស់បុព្វបុរសខ្មែរ ។ ជាលទ្ធផលស្រាវជ្រាវបង្ហាញថា ផ្លូវបុរាណនេះកសាងឡើងដោយការចាក់បង្ហាប់ដីមានបីស្រទាប់ គឺស្រទាប់ក្រោមប្រើល្បាយដីខ្សាច់ជាមួយដីឥដ្ឋស្រទាប់កណ្តាលប្រើល្បាយកម្ទេចថ្មបាយក្រៀម ដីខ្សាច់ និងដីឥដ្ឋ និងស្រទាប់ខាងលើបង្អស់ជាល្បាយដីឥដ្ឋលាយជាមួយដី ខ្សាច់ភាគច្រើន ។
ផ្លូវនេះមានទំហំសរុបចន្លោះពី៥៦ ទៅ៦៦ម៉ែត្រ ដោយចែកជាទ្រូងផ្លូវទំហំពី៣០ ទៅ៤០ម៉ែត្រ ជើងទេរ៣ម៉ែត្រសងខាងប្រឡាយទឹកប្រវែងពី៧ទៅ ១០ម៉ែត្រសងខាង និងកម្ពស់ផ្លូវពី១,២០ទៅ១,៥០ម៉ែត្រ ។ ក្រៅពីលទ្ធផលបានពីកំណាយខាងលើតាមរយៈការវាស់វែងលើទីតាំងផ្សេងៗគ្នានៅលើកំណាត់ផ្លូវបុរាណនេះឃើញថា ជាទូទៅផ្លូវមានទំហំសរុបចន្លោះពី៧០ ទៅ ១០០ម៉ែត្រ គិតទាំងប្រឡាយអមផ្លូវផង ដោយឡែកនៅជិតនឹងគល់ស្ពានតួផ្លួវមានទំហំរួមតូចចន្លោះពី៥៦ទៅ៦៦ម៉ែត្រ ។
ក្រៅពីគំហើញនៃការធ្វើផ្លូវនៅតាមបណ្តោយផ្លូវបុរាណនេះក៏មានស្ពានបុរាណចំនួនមួយ បើតាមឯកសារបញ្ជីសារពើភណ្ឌរបស់ក្រសួងវប្បធម៌ និងវិចត្រសិល្បៈ (CISARK)ហៅថា «ស្ពានថ្ម» ។ ស្ពាននេះមិនធ្លាប់ធ្វើកំណាយស្រាវជ្រាវ ឬជួសជុលនោះឡើយ មានតែការចុះបញ្ជីដោយលោក ETIENNE AYMONIER ឆ្នាំ១៩០០ លោក LUNE de la JONG ERE ឆ្នាំ១៩១១ លោក CHRI STOPH POTTER ឆ្នាំ១៩៩៩ និងចុងក្រោយចុះបញ្ជីដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈសហការជាមួយសាលាបារាំងចុងបូព៌ានៅឆ្នាំ១៩៩៥-២០០៧ ។
លោក សួម សុភា បុគ្គលិកបច្ចេក ទេសនៃនាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរក៏បានបញ្ជាក់ថា ចំពោះសម័យកាលនៃការសាងសង់ស្ពាន គឺមិនដឹងច្បាស់ទេ តែបើយោងតាមព្រឹត្ដិ ការណ៍ប្រវត្តិសាស្ត្រ ផ្លូវបុរាណមួយខ្សែនេះអាចធ្វើក្នុងសម័យកាល២ ។ ទី១ សម័យព្រះបាទយសោវរ្ម័នទី១ ដែលព្រះអង្គបានគ្រោងរាជ្យនៅឆ្នាំ៨៨៩ ដល់៩១០នៃគ.ស. ព្រះអង្គបានប្តូររាជធានីពីរលួសទៅកសាងរាជធានីថ្មីនៅតំបន់អង្គរហៅថា «យសោធរ» ដែលមានភ្នំបាខែងជាចំណុចកណ្តាល ។
ក្រោយពីកំណាយស្រាវជ្រាវឃើញរចនាសម្ពន្ធផ្លូវបុរាណ អាជ្ញាធរជាតិអប្សរានឹងពិចារណាក្នុងការលើកគម្រោងអភិរក្សនិងអភិវឌ្ឍន៍ប្រកបដោយដោយចីរភាព ដើម្បីលើកតម្លៃកំណាត់ផ្លូវបុរាណនេះឡើងវិញឱ្យក្លាយជាបេតិកភណ្ឌរស់ ៕
ចែករំលែកព័តមាននេះ