ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សណ្ឋាគារ​ធំ​ៗ​មួយ​ចំនួន​បាន​បិទទ្វារ ខណៈ​​ក្រសួង​ថា​មិន​ពាក់ព័ន្ធ​វិស័យ​ទេស​ចរណ៍

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មួយ​រយៈពេល​នេះ​សណ្ឋាគារ​ធំ​ៗ​មួយ​ចំនួន​នៅ​កម្ពុជា បាន​ប្រកាស​ផ្អាក​អាជីវ​កម្ម និង​បិទទ្វារ​ដោយសារ​តែ​បញ្ហា​រៀងខ្លួន ជាក់ស្ដែង​កាលពី​ចុងខែ​មុន​នេះ​អតីត​សណ្ឋាគារ​អាំង​ទែ​រ​កុង​ទី​ណ​ង់​តា​ល់ បច្ចុប្បន្ន​មានឈ្មោះ​សណ្ឋាគារ Great Duke បាន​ប្រកាស​បិទទ្វារ​ចាប់ពី​ថ្ងៃ​ទី…

រាជធានី​ភ្នំពេញ ៖ មួយ​រយៈពេល​នេះ​សណ្ឋាគារ​ធំ​ៗ​មួយ​ចំនួន​នៅ​កម្ពុជា បាន​ប្រកាស​ផ្អាក​អាជីវ​កម្ម និង​បិទទ្វារ​ដោយសារ​តែ​បញ្ហា​រៀងខ្លួន ជាក់ស្ដែង​កាលពី​ចុងខែ​មុន​នេះ​អតីត​សណ្ឋាគារ​អាំង​ទែ​រ​កុង​ទី​ណ​ង់​តា​ល់ បច្ចុប្បន្ន​មានឈ្មោះ​សណ្ឋាគារ Great Duke បាន​ប្រកាស​បិទទ្វារ​ចាប់ពី​ថ្ងៃ​ទី ៣១​ខែធ្នូ ឆ្នាំ ២០១៩ ។

ថ្មី​ៗ​នេះ​ដែរ​សណ្ឋាគារ​អប្សរា​អង្គរ​រី​សត នៅ​ខេត្តសៀមរាប ក៏​បាន​ប្រកាស​ផ្អាក​អាជីវកម្ម​របស់​ខ្លួន​បណ្ដោះអាសន្ន​ផង​ដែរ ។ ការ​បិទ និង​ផ្អាក​ទាំងនេះ​ក្រសួងទេសចរណ៍​ឱ្យ​ដឹង​ថា មិន​ពាក់ព័ន្ធ​នឹង​វិស័យ​ទេសចរណ៍​នោះ​ទេ គឺ​មក​ពី​ហេតុផល​ផ្ទាល់ខ្លួន​របស់​ម្ចាស់​សណ្ឋាគារ ។

យោង​តាម​លោក តុ​ប សុ​ភ័ក អ្នកនាំពាក្យ​ក្រសួងទេសចរណ៍​បានឱ្យ​ដឹង​តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម​ថា ការ​បិទ​សណ្ឋាគារ Great Duke នៅ​ភ្នំពេញ គឺ​មាន​ហេតុផល​របស់​គេ ។ ម្ចាស់​សណ្ឋាគារ Great Duke ភ្នំពេញ បាន​បញ្ជាក់​ថា ដោយសារ​តែ​កត្តាសេដ្ឋកិច្ច​ផ្ទាល់ខ្លួន ទើប​សណ្ឋាគារ​ត្រូវ​បិទទ្វារ ។ ដោយឡែក​សណ្ឋាគារ​អប្សរា ក្នុង​ខេត្តសៀមរាប​វិញ គ្រាន់តែ​ផ្អាក​អាជីវកម្ម​បណ្ដោះ​អាសន្ន​ប៉ុណ្ណោះ ពោល​គឺ​មិន​បាន​បិទ​នោះ​ទេ ។ ការ​ផ្អាក​អាជីវកម្ម​បណ្ដោះអាសន្ន​របស់​សណ្ឋា​គារ​អប្សរា​អង្គរ​រី​សត នេះ​ដោយសារ​តែ​សណ្ឋាគារ​នេះ​ចាស់​ទ្រុឌទ្រោម ដូច្នេះ​ហើយ​ដើម្បី​ទាក់​ទាញ​ភ្ញៀវ​មក​សម្រាក​ក្នុង​សណ្ឋាគារ​នេះ​បន្ត​ទៀត​នោះ ម្ចាស់​សណ្ឋាគារ​ត្រូវការ​ផ្អាក​បណ្ដោះ​អាសន្ន​ដើម្បី​ធ្វើការ​ជួសជុល ។

បើ​តាម​មតិ​ប្រជាពលរដ្ឋ​មួយ​ចំនួន​ក្នុង​ខេត្តសៀមរាប បានឱ្យ​ដឹង​ថា​តាម​ពិត​ទៅ មាន​សណ្ឋាគារ​ផ្ទះសំណាក់​ជា​ច្រើន​បាន​បិទទ្វារ និង​ផ្អាក​ដំណើរការ ដោយសារ​តែ​មិន​មាន​ភ្ញៀវ​គ្រប់គ្រាន់ ដែល​ធ្វើ​ឱ្យ​អាជីវកម្ម​នោះ​មិន​អាច​ទប់ទល់​នឹង​ការ​ចំណាយ​ប្រចាំខែ​របស់​ខ្លួន ។

នៅ​ក្នុង​ខេត្តសៀមរាប ជាទី​តាំង​ដែល​ធ្លាប់​ទទួល​បាន​ភ្ញៀវ​ទេសចរ​បរទេស​ច្រើន​ជាងគេ ក្នុង​ចំណោម​តំបន់​គោលដៅ​ទេសចរណ៍​នានា​ក្នុង​ប្រទេស​កម្ពុជា ក៏​ប៉ុន្តែ​ក្នុង​រយៈពេល​ពេញ​មួយ​ឆ្នាំ ២០១៩ នេះ តំបន់​ទេសចរណ៍​ខេត្តសៀមរាប មានការ​ធ្លាក់​ចុះ​ភ្ញៀវ​បរទេស​គួរ​ឱ្យ​កត់សម្គាល់ ដែល​ធ្វើ​ឱ្យ​សណ្ឋាគារ​ធំ​តូច​ដែល​ធ្លាប់តែ​ទទួល​បាន​ភ្ញៀវ​ស្នាក់​នៅ​ពេញ​ៗ បែរជា​ស្ងាត់​ភ្ញៀវ និង​ខ្លះ​ត្រូវ​ប្រកាស​បិទ និង​ខ្លះ​ទៀត​ជួសជុល ។ មតិ​ខ្លះ​ទៀត​បាន​និយាយ​ថា​ភ្ញៀវ​បរទេស​ធ្លាក់​ចុះ​ក្នុង​ខេត្តសៀមរាប ជា​ពិសេស​ភ្ញៀវ​ដែល​ទិញ​សំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​តំបន់​អង្គរ ដោយសារ​តែ​មានការ​ឡើងថ្លៃ​សំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​តំបន់​អង្គរ​មានការ​ឡើងថ្លៃ ទើប​ធ្វើ​ឱ្យ​ភ្ញៀវ​អាក់អន់ចិត្ត និង​លែង​មក​ទស្សនា​នៅ​សៀមរាប​ទៀត ។

បើ​តាម​លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បានឱ្យ​ដឹង​ថា ភ្ញៀវ​បរទេស​ធ្លាក់​ចុះ​ក្នុង​ខេត្ត​សៀមរាប​នេះ មិន​ពាក់ព័ន្ធ​នឹង​ការ​ឡើងថ្លៃ​សំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​តំបន់​អង្គរ​នោះ​ទេ តែ​ដោយសារ​តែ​មាន​បញ្ហា​ពាក់ព័ន្ធ​នឹង​កញ្ចប់​សេវា​ទេសចរណ៍​ពី​សំណាក់​ភ្នាក់ងារទេសចរណ៍​មួយ​ចំនួន​ទាំង​ក្នុង និង​ក្រៅ​ស្រុក ។ ទោះបីជា​យ៉ាងណា​ក៏​ដោយ​ក្នុង​រយៈពេល​ជិត ១ ឆ្នាំ ២០១៩​នេះ បើ​តាម​តួលេខ​របស់​ក្រសួងទេសចរណ៍ ឃើញ​ថា​កំណើន​ភ្ញៀវ​ទេសចរ​បរទេស​ចូល​មក​ទស្សនា​តំបន់​នានា​ក្នុង​ប្រទេស​កម្ពុជា មានការ​កើនឡើង ដោយសារ​តែ​កម្ពុជា មាន​តំបន់​ទេស​ចរណ៍​ថ្មី​ៗ ទើប​បង្កើត​ឡើង​ដូច​ជា​នៅ​តំបន់​ភូមិភាគ​ឦ​សាន្ត​ជាដើម ។

បើ​តាម​លោកស្រី ក្លេ​ខៃ ចិន្តា ប្រធាន​សមាគម​សណ្ឋាគារ​កម្ពុជា បានឱ្យ​ដឹង​ថា ក្នុង​ពេល​ភ្ញៀវ​បង្វែរ​​ការ​ទស្សនា​ទៅ​កាន់​តំបន់​ផ្សេង​ៗ​ដូច​ជា ភូមិភាគ​ឦ​សាន្ត​ខេត្តមណ្ឌលគិរី រតនគិរី​ជាដើម ដែល​តំបន់​ទាំងនេះ​មិន​ទាន់​មាន​សណ្ឋាគារ​គ្រប់គ្រាន់​នៅឡើយ ដូច​ច្នេះ​គួរតែ​បង្វែរ​ការ​វិនិយោគ​វិស័យ​សណ្ឋាគារ​ទៅ​តំបន់​ទាំងនេះ​វិញ ។ លោកស្រី​បន្ត​ថា ចំពោះ​តួលេខ​នៃ​ការ​បិទ​សណ្ឋាគារ​នៅ​មិន​ទាន់​ទទួល​បានជា​ផ្លូវការ​នៅឡើយ ក៏​ប៉ុន្តែ​បានដឹង​ថា សណ្ឋាគារ​តូច​ៗ​នៅ​សៀមរាប​បាន​បិទ និង​ផ្អាក​ដំណើរការ​ខ្លះ​ៗ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ