ក្រុងហុងកុង ៖ ការប៉ះទង្គិចគ្នាបានផ្ទុះជាថ្មីទៀតកាលពីថ្ងៃទី៥មករានៅហុងកុង រវាងពួកបាតុករនិងប៉ូលិស ដែលចាប់ខ្លួនមនុស្សច្រើនសិបនាក់ ក្រោយការដើរហែក្បួនមួយ ដើម្បីបរិហារសកម្មភាពរបស់ពួកពាណិជ្ជករចិន។
ពួកបាតុករបានបរិហារពួកពាណិជ្ជករចិនថា ទិញទំនិញនានាដោយមិនមានការបង់ពន្ធ នៅហុងកុង ហើយយកទៅលក់វិញនៅចិនដីគោករកចំណេញបានច្រើន។ ពួកគេបន្តថាពាណិជ្ជកម្មបែបនេះ បានរួមចំណែកធ្វើឲ្យធ្វើឲ្យតម្លៃទំនិញទាំងឡាយនៅហុងកុងឡើងថ្លៃ ហើយនាំឲ្យសង្កាត់មួយចំនួនមានមនុស្សកាន់តែកើនច្រើន។ ពួកបាតុករនិយាយថា ពួកចិនដីគោកបន្តលើកគ្នាមកកាន់ទីនេះ នាំឲ្យមានការស្ទះនៅតាមដងវិថីនានាព្រោះតែបាវទំនិញពួកគេ។ បណ្ដាផ្ទះជួលឡើងថ្លែដែលបែបបនេះនាំឲ្យជីវភាពរបស់ពួកយើងកាន់តែលំបាក។
ពួកបាតុករនាំគ្នាស្រែកពាក្យដូចជា រំដោះហុងកុង បដិវត្តន៍នៃសម័យកាលយើងនេះ!។
យោងតាមពួកអ្នករៀបចំថាបាតុកម្មនេះមានមនុស្សចូលរួមប្រមាណជា១០.០០០នាក់តែប៉ូលិសថាមានប្រមាណជា២៥០០នាក់។ ក្រោយចប់បាតុកម្ម ពួកបាតុករដែលស្លៀកពាក់ខ្មៅនិងពាក់ម៉ាស់មុខ មិនព្រមរំសាយទោះបីមានការអំពាវនាវរបស់ពួកអ្នករៀបចំ។ បន្ទាប់មកប៉ូលិសបានធ្វើអន្តរាគមន៍ដើម្បីបំបែកពួកគេ។ មនុស្សច្រើនសិបនាក់បានត្រូវចាប់ខ្លួន៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ