ខេត្តព្រៃវែង ៖ តាមរយៈអគ្គនាយកដ្ឋានផលិតកម្ម និងសុខភាពសត្វ នៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ មន្ទីរកសិកម្មខេត្តព្រៃវែង កំពុងបន្តអនុវត្តកម្មវិធីផ្តល់ឡជីវឧស្ម័នដែលជាជំនួយរបស់ប្រទេសចិន ចំនួន២០០គ្រឿងថ្មីទៀត ខណៈខេត្តនេះធ្លាប់ទទួលបានចំនួនជាង២៥០០ឡរួចមកហើយ ។
លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្មខេត្តព្រៃវែងបានប្រាប់ឱ្យដឹងថា កម្មវិធីផ្តល់ឡជីវឧស្ម័នថ្នាក់ជាតិនេះបានចាប់ផ្តើមឡើងតាំងពីឆ្នាំ២០០៦មកម្ល៉េះ ក្នុងនោះខេត្តព្រៃវែងទទួលបាននៅក្នុងឆ្នាំ២០០៨ ដោយដំណើរការអនុវត្តផ្តល់ជូនកសិករ តាម រយៈអង្គការក្រៅរដ្ឋាភិបាលដែលដេញថ្លៃបន្តពីថ្នាក់ជាតិ ហើយគិតមកដល់ឆ្នាំ២០១៩នេះខេត្តទទួលបានចំនួន ២៥២១ឡដែលជាប្រភេទឡបេតុង ។
ដោយឡែកការអនុវត្តផ្តល់ឡជីវឧស្ម័នដោយមន្ទីរកសិកម្មខេត្ត ទើបនឹងទទួលបាននៅក្នុងចុងឆ្នាំ២០១៩នេះទេ គឺក្រោយពីរាជរដ្ឋាភិបាល បានទទួលជំនួយឡស្មាច់ពីប្រទេសចិន ដោយឡទាំងអស់មានចំនួន ២០០គ្រឿង ហើយបច្ចុប្បន្នបានដំណើរការអនុវត្តសាកល្បងនិងទទួលបានជោគជ័យចំនួន៥រួចហើយ ដោយដាក់នៅក្នុងស្រុកពាមរក៍៣ និងស្រុកបាភ្នំ២ ។
លោក ជួន ផារី ជាកសិករម្នាក់ក្នុងចំណោមកសិករ៥នាក់ ដែលទទួលបានឡជីវឩស្ម័នក្នុងគម្រោងសាកល្បងនេះ បានអោយដឹងថា ការប្រើប្រាស់ឡជីវឧស្ម័ន អាចជួយគ្រួសារគាត់ចំណេញច្រើន ទាំងថវិកា និងពេលវាលា ហើយក៏ធ្វើអោយបរិស្ថានជុំវិញផ្ទះរបស់គាត់ស្អាតផងដែរ ជាពិសេសគាត់អាចយកកាកសំណល់លាមកសត្វពីឡនេះដែលជាជីធម្មជាតិ សម្រាប់ដាក់ដំណាំនិងស្រែស្រូវរបស់គាត់ផងដែរ ។
ជាមួយគ្នានេះលោក ចិន វិសាល ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត ដែលជាអ្នកអនុត្តកម្មវិធីនេះផ្ទាល់ បានប្រាប់ឲ្យដឹងដែរថា ឡជីវឧស្ម័នជំនួយពីប្រទេសចិនថ្មីនេះ ជាប្រភេទឡបែបទំនើប និងស្រួលដំឡើងជាងមុន តែត្រូវប្រើលាមកសត្វដំបូង ច្រើនដូចគ្នា ព្រោះវាមានទំហំធំចំណុះរហូតដល់៨ម៉ែត្រគូប ស្មើនឹងប្រមាណជា២តោន ប៉ុន្តែបន្ទាន់មកត្រូវប្រើប្រមាណតែ១ធុងស្ពេត្រូប៉ុណ្ណោះ ក្នុង១ថ្ងៃ។
ចំពោះលក្ខខណ្ឌ ដែលកសិកត្រូវទទួលបានឡជីវឧស្ម័ននេះ មិនទាន់មានផែនការច្បាស់នៅឡើយទេ ដោយសារតែពេលនេះកំពុងស្ថិតនៅក្នុងដំណាក់កាលសាកល្បង ប៉ុន្តែជាគោលការណ៍កន្លងមក គឹចង់ផ្តល់អោយប្រជាកសិករដោយឥតគិតថ្លៃ តែនៅមានបញ្ហាដែលត្រូវដោះស្រាយខ្លះៗទៀត គឺប្រាក់ថ្លៃជួលជាងជីកដី លើដាក់ និងថ្លៃដឹកជញ្ជូន។ ចំណែកលក្ខខណ្ឌមួយទៀតសម្រាប់កសិករ គឺត្រូវតែមានចិញ្ចឹមសត្វច្រើន បើគោក្របីគឺចាប់ពី១០ក្បាលឡើងទៅ ៕
កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ