បុរស​ម្នាក់​ចាក់​សាំង​ដុត​គ្លីនិក​ទាំង​កណ្តាល​ថ្ងៃ


ខេត្តបន្ទាយ​មាន​ជ័យ​ ៖ តាមសេចក្តីរាយការណ៍បឋមបាន​ឱ្យ​ដឹង​ថា មាន​​បុរស​ម្នាក់​កាន់​ដប​សាំង​ដើរ​ចូល​គ្លីនិក​មួយ​កន្លែង ​រួច​ចាក់​សាំង​ដុត​ផ្អើល​ទាំង​កណ្តាល​ថ្ងៃ ហើយ​​ពាក់ព័ន្ធនឹងករណីនេះ​គេ​​​​មិន​ទាន់​ដឹងថា ផ្តើម​ចេញពី​​មូលហេតុ​​អ្វី​នៅឡើយទេ ។​

​ហេតុការណ៍​ខាងលើនេះ​បង្កការ​ភ្ញាក់​ផ្អើល​កាលពី​រសៀល​ថ្ងៃទី​៦ ​មក​រា ឆ្នាំ​២០១៩​ នៅ​ចំណុចគ្លីនិកឯកជន​មួយកន្លែង ស្ថិត​​ក្នុង​ភូមិ​ប្រជា​ធម្ម​លិច ​សង្កាត់​ផ្សារ​កណ្តាល ​ក្រុង​ប៉ោយ​ប៉ែ​ត​ ។

គ្លីនិកកើតហេតុ​ខាងលើ​​មាន​ម្ចាស់​ឈ្មោះ​មូល​ សារី​ និង​ប្រពន្ធ​ឈ្មោះ​ជ្រឹង ​ច​ន្ធូ​ រស់នៅភូមិឃុំកើតហេតុ​ខាងលើ​ ។ ចំណែក​បុរស​ជា​ជនបង្ក​​​ខាងលើមិនស្គាល់អត្ត​សញ្ញាណនោះទេ ។

​តាម​​ប្រភពពី​ស្ត្រី​ជា​ម្ចាស់​ទីតាំងគ្លីនិកកើតហេតុ​ខាងលើ​​​បាន​ប្រាប់​តាម​ទូរស័ព្ទ​​ឱ្យ​ដឹង​ថា​ មុនពេល​​កើតហេតុ​ មាន​បុរស​ម្នាក់​ជា​អ្នក​ភូមិ​ជាមួយ​គ្នា​បាន​ដើរ​ចូល​ទៅ​ក្នុង​គ្លីនិក​របស់​គាត់​ ព្រមទាំង​មាន​​កាន់​ដប​សាំង​១​ដប​ ចំណុះ​១​លី​ត្រ​កន្លះ​ចាក់​ស្រោច​ក្នុង​បន្ទប់​ខាង​មុខ​ រួច​ដុត​ឆេះ​ផ្អើល​តែ​ម្តង​។​

តាម​ប្រភពដដែលបានបន្ត​ថា​ ករណី​ខាងលើ​នេះ គាត់​​ពុំ​មាន​គ្រោះថ្នាក់​​នោះ​ទេ​ ព្រោះ​រត់គេច​ទាន់​ ប៉ុន្តែ​ឆេះ​ខូចខាត​ទ្រព្យសម្បត្តិ​មួយ​ចំនួន​ ។

​ស្ត្រី​​ជា​ម្ចាស់​ទីតាំងគ្លីនិកកើតហេតុ​ខាងលើ​បាន​​អះអាង​ថា គាត់​​មិន​ដែល​មាន​ទំនាស់​អ្វី​ជាមួយ​ជន​បង្ក​ឡើយ​ ។ ​កន្លង​មក​ជនបង្ក​​ធ្លាប់​ទៅ​​ឱ្យ​​គ្រួសា​រ​របស់​គាត់​មើ​ល​ជំងឺ​​តែ​ប៉ុណ្ណោះ​។

​ទោះបី​ជា​​យ៉ាងណា​ ជន​បង្ក​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ស្នាក់​ការ​សន្តិសុខ៥៦៨ ​ក្រុង​ប៉ោយ​ប៉ែ​ត​ ឃាត់ខ្លួន​បាន​ហើយ​។​

លោក ​ស សុ​ភ័​ក្ត្រា​ ប្រធាន​ស្នាក់​ការ​សន្តិសុខ​៥៦៨ ​អាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត បាន​​ប្រាប់​តាម​ទូរស័ព្ទ​​ឱ្យ​ដឹងថា​ ជន​បង្ក​ត្រូវ​ខាង​លោក​ចាប់ខ្លួន​បាន​ហើយ​ ប៉ុន្តែ​លោក​មិន​ទាន់​ដឹង​ពី​មូលហេតុ​នៅឡើយ​ទេ​ ព្រោះ​​កំពុងធ្វើការ​​សាកសួរ​នៅឡើយ​។​

ពាក់ព័ន្ធនឹងករណី​ខាងលើនេះ អ្នកស្រុក​បាន​ឱ្យ​ដឹង​​ថា​ ជនបង្ក​​ខាងលើនេះ​​មាន​សតិ​មិនសូវ​គ្រប់​ឡើយ​ ។ ព័ត៌​មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕ (កែសម្រួលដោយ ៖ ធីតា​)

ព្រឹត្តិការណ៍សង្គម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

០២:១៨ | ក្នុងស្រុក

ធនាគារ អេ​ស៊ី​លី​ដា បរិច្ចាគ​ថវិកា ៣០០០ លាន​រៀល ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​សកម្ម​ភាព​មនុស្សធម៌ និង​ការ​ទប់ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​កូ​វី​ដ​១៩

០២:០២ | ក្នុងស្រុក

JICA ចុះ​កិច្ចព្រមព្រៀង​លើ​ប្រាក់​កម្ចី ៥០​លាន​ដុល្លារ​អា​មេ​រិ​ក​ជាមួយ​ហត្ថា​កសិករ លីមីត​ធី​ត ដើម្បី​គាំទ្រ​សហ​គ្រាស​​​ខ្នាត​តូច​បំផុត ខ្នាត​តូច និង​មធ្យម​​​នៅ​កម្ពុជា

០៩:៤៥ | ក្នុងស្រុក

Metfone គាំទ្រ​ការ​សិក្សា​តាម​បណ្តាញ​​អន​ឡាញ​ដោយ​ផ្តល់​សេវា​អ៊ី​ន​ធើ​រ​​ណេ​ត​ដោយ​ឥត​គិតថ្លៃ និង​ការ​សិក្សា​​តាម​អ៊ី​ន​ធើ​រ​ណេ​ត​ផត​ថ​ល​ក្នុង​កំឡុង​​វីរុស Covid-19 កំពុង​រាតត្បាត​ខ្លាំង

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ