ខេត្តស្វាយរៀង ៖ មហាជនបានរិះគន់ក្រុមអ្នកធ្វើអាជីវកម្មលក់អាចម៍ដីកំពុងធ្វើសកម្មភាពជីករណ្តៅយកអាចម៍ដីលក់ដែលកាន់តែធំទៅៗនិងជ្រៅទៅៗ កំពុងបង្កឲ្យមានផលប៉ះពាល់ដល់សុវត្ថិភាពដីស្រែរបស់ប្រជាពលរដ្ឋដែលនៅជិតខាងរណ្តៅដី ធ្វើឱ្យភ័យខ្លាចបាក់ដីចូលរណ្តៅនិងខ្លាចបង្កឲ្យធ្លាក់គោ-ក្របីលង់ងាប់នៅរដូវវស្សានិងអាចបង្កគ្រោះថ្នាក់ដល់កូនចៅអ្នកភូមិដែលមានការធ្វេសប្រហែស ។
ក្រុមឈ្មួញមួយនេះបានជីករណ្តៅយកអាចម៍ដីមានជម្រៅជ្រៅជិត១០ម៉ែត្រទៅហើយ ដែលអ្នកស្រុកនិយាយថា បានជីករណ្តៅជ្រៅដល់ក្បាលប្រែតដើម្បីយកអាចម៍ដីលក់ មិនខ្វល់ពីផលប៉ះពាល់ដីស្រែជិតខាងនិងគ្រោះថ្នាក់ដល់ពលរដ្ឋដែលរស់នៅក្បែរណ្តៅដីនោះទេ ។
ទាក់ទិនការរិះគន់ ពីមហាជននេះដែរឈ្មួញម្នាក់ជាម្ចាស់រណ្តៅដីលោក ពៅ រាក់ បានប្រាប់អ្នកសារព័ត៌មានយើងតាមទូរស័ព្ទនៅរសៀលថ្ងៃទី៤ មករា ២០២០ថា លោកមានអាជ្ញាប័ណ្ណអាជីវកម្មជីករណ្តៅដីនេះ ដែលមានទំហំ១ហិកតា ហើយច្បាប់អនុញ្ញាតឲ្យជីកជម្រៅ៥ម៉ែត្រ ហើយបច្ចុប្បន្ននេះទើបតែជីកបានទទឹង៤០ម៉ែត្របណ្តោយ៩០ម៉ែត្រប៉ុណ្ណោះ ។
ចំពោះការរិះគន់ថា ជីកជ្រៅលើសច្បាប់អនុញ្ញាតនោះលោកទទួលស្គាល់ថា បើតាមការចុះវាស់វែងពីមន្ត្រីជំនាញនៃមន្ទីររ៉ែ និងថាមពលខេត្តស្វាយរៀង (លោក បាត់ សាក់ )បានពិនិត្យវាស់វែងឃើញថា ជម្រៅ៦ម៉ែត្រ គឺលើសតែ១ម៉ែត្រទេ ។ ចំណែកអ្នកស្រុកនៅទីនោះប្រាប់អ្នកកាសែតថា រណ្តៅដីរបស់ឈ្មោះ ពៅ រឹត និងពៅ រាក់ គឺជីកដល់ក្បាលប្រេតឯណោះ (ជម្រៅចាប់ពី៨ម៉ែត្រទៅ១០ម៉ែត្រច្បាស់ក្រឡែត សូមឲ្យលោកប្រធានមន្ទីរជំនាញមេត្តាចុះទៅពិនិត្យផង) ។
លោក ប៉ុក តក ប្រធានមន្ទីររ៉ែនិងថាមពលខេត្តស្វាយរៀងមានប្រសាសន៍ថា លោកមិនបានដឹងអស់ទេ ព្រោះមានអាជីវកម្មជីករណ្តៅដីច្រើន ហើយចំពោះអាជីវករពៅ រឹត និងពៅរាក់នេះលោកមិនបានចុះទៅពិនិត្យទេ ដោយជាប់រវល់ប្រជុំច្រើន ហើយប្រសិនបើការជីកយកអាចម៍ដីជ្រៅ លើសពីច្បាប់សុំធ្វើអាជីវកម្មលោកនិងចាត់មន្ត្រីឲ្យចុះទៅពិនិត្យវាស់វែងនៅសប្តាហ៍ក្រោយ ។
និយាយតាមត្រង់ទៅមេនៃមន្ទីរជំនាញតាមខេត្តខ្លះ គិតប្រយោជន៍ផ្ទាល់ខ្លួន ច្រើនជាងប្រយោជន៍ប្រជាជន ។ ជាក់ស្តែងគេជីករណ្តៅដីជ្រៅម្លុឹងៗ នៅអត់ដឹងទៀត នៅថាចាំសប្តាហ៍ក្រោយទើបពិនិត្យ ។ ទម្រាំទៅពិនិត្យ ជ្រៅហួសក្បាលប្រេតទៅហើយ តើឱ្យលុបវិញឬអត់ ? ពិតជាគ្មានវាចានឹងថ្លែងមែន ។
មហាជនបានអំពាវនាវសុំឲ្យក្រសួងរ៉ែ និងថាមពលមេត្តាចុះមកពិនិត្យរណ្តៅដីក្នុងក្រុងបាវិតផង បច្ចុប្បន្នមានអាជីវកម្មជីករណ្តៅដីច្រើនណាស់ ហើយរណ្តៅមួយៗ គឺជីកមានជម្រៅជ្រៅណាស់គឺមើលទៅជ្រៅលិចដៃអេស្កាវ៉ាទ័រចាប់ពី៨ម៉ែត្រទៅ១០ម៉ែត្រឯណោះ ។ សង្ឃឹមមន្ត្រីជំនាញតាមខេត្តដូចសង្ឃឹមផ្កាយលើមេឃ…ឬដូចទៅសុំភ្លើងយក្ស ៕
ចែករំលែកព័តមាននេះ