ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លក់​ផ្លែ​ពុទ្រា​តាម​ផ្លូវជាតិ​លេខ​៧ ជួយ​ដោះស្រាយ​ជីវភាព​គ្រួ​សារបាន​មួយ​កម្រិត (មានវីដេអូ​)

4 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ នៅ​តំបន់​ជាយក្រុង​កំពង់ចាម ជាប់​នឹង​រង្វង់​មូល​នាគព័ន្ធ តាម​ដងផ្លូវ​ជាតិ​លេខ​៧ គេ​សង្កេត​ឃើញ​មាន​ប្រជាពលរដ្ឋ​បាន​ប្រកប​មុខរបរ​លក់​ផ្លែ​ពុទ្រា ផ្លែស្វាយ ផ្លែក្រូច និង​ផ្លែ​ឈើ​ហូប​ផ្លែ​មួយ​ចំនួន​ទៀត ដើម្បី​ដោះស្រាយ​ជីវភាព​គ្រួសារ​។…

ខេត្តកំពង់ចាម ៖ នៅ​តំបន់​ជាយក្រុង​កំពង់ចាម ជាប់​នឹង​រង្វង់​មូល​នាគព័ន្ធ តាម​ដងផ្លូវ​ជាតិ​លេខ​៧ គេ​សង្កេត​ឃើញ​មាន​ប្រជាពលរដ្ឋ​បាន​ប្រកប​មុខរបរ​លក់​ផ្លែ​ពុទ្រា ផ្លែស្វាយ ផ្លែក្រូច និង​ផ្លែ​ឈើ​ហូប​ផ្លែ​មួយ​ចំនួន​ទៀត ដើម្បី​ដោះស្រាយ​ជីវភាព​គ្រួសារ​។ ជាមួយ​នោះ​មាន​អ្នក​ធ្វើ​ដំណើរ​តាម​មធ្យោបាយ​ម៉ូតូ​និង​រថយន្ត មក​ឈប់​ចូល​ទិញ យក​ទៅ​ពិសារ​ហូរហែរ​ផង​ដែរ​។ នៅ​ត្រង់​ចំណុច​ស្ពានបេតុង ក្នុង​ឃុំ​រអាង ស្រុក​កំពង់សៀម ក៏​មាន​ប្រជាពលរដ្ឋ​ប្រកប​មុខរបរ​លក់​ផ្លែ​ពុទ្រា​បែប​នេះ​ដែរ តែ​មិន​មាន​ច្រើន​កន្លែង​ដូច​នៅ​ម្ដុំ​នាគព័ន្ធ​នោះ​ទេ ។

អ្នកស្រី​រៀម ដា​នី អាយុ​៣៨​ឆ្នាំ បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​៥ មក​រា ឆ្នាំ​២០២០នេះ​​ថា គាត់​បាន​ប្រកប​មុខរបរ​លក់​ផ្លែ​ពុទ្រា​ចំនួន​៣​ឆ្នាំ​មក​ហើយ ក្នុង​មួយ​ថ្ងៃ​អាច​លក់​បាន​ពី​២០​ទៅ ៣០​គីឡូក្រាម និង​ទទួល​បាន​ប្រាក់​ចំណេញ​ពី​៣​ទៅ​៤​ម៉ឺន​រៀល សម្រាប់​ដោះស្រាយ​ជីវភាព​គ្រួសារ ។ នៅ​ទី​នេះ​ដំបូង​ឡើយ​មាន​លក់​តែ​២​ទៅ​៣​គ្រែ​ប៉ុណ្ណោះ តែ​មក​ដល់​សព្វ​ថ្ងៃនេះ អ្នកលក់​បាន​កើន​រហូត​ដល់​ជិ​២០​គ្រែ​ឯណោះ​។ ចំពោះ​ផ្លែ​ឈើ​ផ្សេង​ៗ​វិញ គាត់​លក់​បាន​១​គីឡូ​តម្លៃ​១​ម៉ឺន​រៀល​ទៅ ១២.០០០​រៀល តាម​ប្រភេទ​ឆ្ងាញ់ ឬ​មិន​ឆ្ងាញ់​។

អ្នកស្រី​ឡេ​ង វ​ន្នី អាយុ​៥៨​ឆ្នាំ បាន​ឲ្យ​ដឹង​ថា ចំពោះ​តម្លៃ​ផ្លែ​ពុទ្រា​គឺ​គាត់​លក់​មិន​ខុស​គ្នា​នៅ​កន្លែង​ផ្សេង​ៗ​នោះ​ទេ​។ ក្នុង​ពេល​លក់​ដំបូង​ដាក់​តែ​ផ្លែ​ពុទ្រា​លក់​មួយ​មុខតែ​ប៉ុណ្ណោះ លុះ​មាន​អ្នកដំណើរ​មក​សួរ​រក​ទិញ​ផ្លែ​ឈើ​ផ្សេង​ៗ​ទៀត ទើប​គាត់​ដាក់​លក់​ផ្លែ​ឈើ​ជា​ច្រើន​មុខ​ក្នុង​នោះ​រួម​មាន ផ្លែ​ពុទ្រា ផ្លែស្វាយ ផ្លែ​អំពិល​ទុំ និង​ផ្លែ​ក្រូចថ្លុង​ជាដើម​។

អ្នកស្រី​ឡេ​ង វ​ន្នី ប្រាប់​បន្ត​ថា ចាប់តាំងពី​ពេល​ដែល​គាត់​បាន​ប្រកប​របរ​លក់ដូរ​ផ្លែ​ឈើ​នេះ​មក​ដល់​បច្ចុប្បន្ន​មាន​រយៈពេល​៥​ឆ្នាំ​ហើយ ក្នុង​មួយ​ថ្ងៃ​គាត់​អាច​ទទួល​បាន​ប្រាក់​ចំណេញ​៥​ម៉ឺន​រៀល ឬ​លើស​នេះ​ក៏​មាន​។ របរ​នេះ​បាន​ទទួល​ប្រាក់​ចំណេញ​គ្រាន់​ដោះស្រាយ​ជីវភាព​គ្រួសារ​ដោយ​ចិញ្ចឹម​កូន​ចំនួន​២​នាក់​ឲ្យ​បាន​សិក្សា​រៀនសូត្រ ហើយ​ពេលទំនេរ​កូនស្រី​របស់​គាត់​តែងតែ​មក​ជួយ​លក់ដូរ ដើម្បី​ជួយ​សម្រាល​ការ​លំបាក ចំណែក​ប្ដី​របស់​គាត់​វិញ​មាន​របរ​ជួសជុល​ម៉ូតូ ។

អ្នកស្រី​ឡេ​ង វ​ន្នី បាន​ប្រាប់​បន្ត​ទៀត​ថា ចំពោះ​ផ្លែ​ពុទ្រា​ត្រូវ​បាន​ប្រមូល​ទិញ ពី​ម៉ូយ​នៅ​ស្រុក​ចំការលើ ឬ​នៅ​ទំនប់​ជ្រោយ​ចេក ស្រុក​កំពង់សៀម និង​នៅ​ក្រោយ​បន្ទាយ​ទាហាន​សឹក​រង​ខេត្ត ផ្លែ​ពុទ្រា​សំបូរ​ជាងគេ​គឺ​នៅ​ក្នុង​ខែធ្នូ​ហើយ​មក​ដល់​ដើមឆ្នាំ ២០២០​រាង​ស្បើយ​បន្តិច ។

សូម​បញ្ជាក់​ថា ដោយសារ​តែ​ផ្លែ​ពុទ្រា​នៅ​ខេត្តកំពង់ចាម មាន​រសជាតិ​ឆ្ងាញ់ សូ​ម្បី​តែ​អាជីវករ​នៅ​ស្រុក​ស្នួល ខេត្តក្រចេះ ក៏​បាន​មក​កុំ​ម្មង់​ទិញ​យក​ទៅ​លក់​នៅ​ទីនោះ​ផង​ដែរ​។ ក្នុង​មួ​យស​ប្តា​ហ៍​ថ្ងៃ​ដែល​លក់ដាច់​ជាងគេ​គឺ​នៅ​ថ្ងៃ​សៅរ៍​ឬ​អាទិត្យ​គឺ​មាន​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​តាម​មធ្យោបាយ​ម៉ូតូ និង​រថយន្ត​ច្រើន​ជាង​បណ្ដា​ថ្ងៃ​ណា​ៗ​ទាំងអស់​។ មក​ដល់​សព្វថ្ងៃ​អាជីវករ​លក់ដូរ​ផ្លែ​ឈើត្រង់​ចំណុច​ខាងលើ​មាន​ម៉ូយ​ច្រើន​នៅ​ឆ្ងាយ​ៗ​បាន​ឆៀង​ចូល​មក​ទិញ​ផ្លែ​ពុទ្រា​យក​ទៅ​ពិសា ហើយ​ក្នុង​មួយ​គីឡូក្រាម​តម្លៃ​១២.០០០​រៀល ក្នុង​នោះ​ជា​ប្រភេទ​ផ្លែ​ពុទ្រាតូច​មែន តែ​មាន​រសជាតិ​ឆ្ងាញ់ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ