ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ជំរុញ​ឱ្យ SMEs ចុះបញ្ជី​ខណៈ​សហគ្រាស​ច្រើន​លើសលប់​មិន​ទាន់​បាន​ធ្វើ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ខណៈ​សហគ្រាស និង​សិប្បកម្ម​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា កំពុង​ដំណើរការ តែ​មិន​ទាន់​បាន​ចុះបញ្ជី​ក្នុង​ក្រសួង​សាមី​នោះ ក្រសួង​បាន​ជំរុញ​ឱ្យ​សហគ្រាស​ទាំងនោះ​បំពេញ​ឯកសារ​នានា ដើម្បី​ចុះបញ្ជី​ធ្វើ​ឱ្យ​សិប្បកម្ម សហគ្រាស​ទាំងនោះ​ក្លាយជា​សហគ្រាស​ស្របច្បាប់ និង​ទទួល​បានការ​បណ្ដុះបណ្ដាល​បន្ថែម ដើម្បី​ឈាន​ទៅ​រក​ការ​ប្រកួតប្រជែង​ស្ដង់ដារ​ជាតិ…

រាជធានី​ភ្នំពេញ​៖ ខណៈ​សហគ្រាស និង​សិប្បកម្ម​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា កំពុង​ដំណើរការ តែ​មិន​ទាន់​បាន​ចុះបញ្ជី​ក្នុង​ក្រសួង​សាមី​នោះ ក្រសួង​បាន​ជំរុញ​ឱ្យ​សហគ្រាស​ទាំងនោះ​បំពេញ​ឯកសារ​នានា ដើម្បី​ចុះបញ្ជី​ធ្វើ​ឱ្យ​សិប្បកម្ម សហគ្រាស​ទាំងនោះ​ក្លាយជា​សហគ្រាស​ស្របច្បាប់ និង​ទទួល​បានការ​បណ្ដុះបណ្ដាល​បន្ថែម ដើម្បី​ឈាន​ទៅ​រក​ការ​ប្រកួតប្រជែង​ស្ដង់ដារ​ជាតិ និង​អន្តរជាតិ ។

យោង​តាម​ប្រសាសន៍​លោក ចម ប្រសិទ្ធ ទេស​រដ្ឋមន្ត្រី និង​រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម បានឱ្យ​ដឹង​ថា បច្ចុប្បន្ន​ក្នុង​ប្រទេស​កម្ពុជា​ទាំងមូល​មាន​សហគ្រាស​ប្រមាណ ៥០​ម៉ឺន​ទីតាំង ក៏​ប៉ុន្តែ​ក្នុង​ចំណោម​នោះ​មាន​តែ​ប្រមាណ ៥ ភាគរយ​ប៉ុណ្ណោះ​ដែល​បាន​ចុះបញ្ជី​ជាមួយ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ក្រៅពី​នោះ គឺ​ដំណើរការ​ដោយ​មិន​មានការ​ចុះបញ្ជី​នោះ​ឡើយ ។ លោក​បន្ត​ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​លើកទឹកចិត្ត​ដល់​សហគ្រាស និង​សិប្បកម្ម​ទាំង ឡាយ​ណា​ដែល​មិន​ទាន់​ចុះបញ្ជី​ឱ្យមក​ចុះបញ្ជី​ត្រឹមត្រូវ ដោយ​បាន​លើកលែង​ពន្ធ​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ដំបូង ដូច្នេះ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ដំបូង​នេះ សហគ្រាស​ធន់​តូច និង​មធ្យម​ដែល​ចុះបញ្ជី​រួច គេ​អាច​មានឱកាស និង​ពេលវេលា ដើម្បី​អភិវឌ្ឍន៍​សហគ្រាស​របស់​ខ្លួន​អោយ​កាន់តែ​ខ្លាំង និង​ទទួលស្គាល់​ពី​ថ្នាក់​ជាតិ និង​អន្តរជាតិ ។ មិនតែប៉ុណ្ណោះ សហគ្រាស​ដែល​ចុះបញ្ជី​ត្រឹមត្រូវ​នៅ​ក្នុង​ក្រសួង​នឹង​ទទួល​បាន​នូវ​ការ​ណែនាំ បណ្ដុះបណ្ដាល​បន្ថែម​ទៀត​ពី​ក្រសួង​ផ្ទាល់ ជា​ពិសេស​នោះ​គឺ​សហគ្រាស​ណា​ដែល​ខ្វះ​ប្រភព​ទុន​សម្រាប់​ពង្រីក​អាជីវកម្ម គេ​ក៏​មាន​អាទិភាព​ក្នុង​ការ​ទទួល​បាន​នូវ​កម្ចី​ឥណទាន​ពី​ធនាគារពាណិជ្ជ​ផ្សេង​ៗ​ដែល​មាន​កញ្ចប់​ថវិកា​ជួយ​ដល់​សហគ្រាស​ខ្នាត​តូច និង​មធ្យម​កម្ពុជា ។

លោក​បន្ថែម​ថា ក្រសួង​នឹង​មើលថែ​ហើយ​ជួយ​ជ្រោមជ្រែង​ដល់​សហគ្រាស​ណា​ដែល​ចុះបញ្ជី​ប៉ុណ្ណោះ ហើយ​សហគ្រាស​ជា​ច្រើន​ដែល​មិន​ចុះបញ្ជី ក៏​នឹង​មិន​ទទួល​បានការ​គាំទ្រ ទទួលស្គាល់​នូវ​ផលិតផល​ដែល​ខ្លួន​ផលិត​ចេញ​ផង​ដែរ ដូច្នេះ​វា​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សហគ្រាស​ខ្លួន​គេ​ផ្ទាល់ ។ លោក​បន្ត​ថា​៖ «​ក្រសួង​មិន​មាន​ផែនការ​បិទ​អាជីវកម្ម​សហគ្រាស​ដែល​មិន​ទាន់​ចុះបញ្ជី​ក្នុង​ក្រសួង​ឡើយ តែ​ក្រសួង​នឹង​ចាត់​ឱ្យ​មន្ត្រី​ចុះ​ណែនាំ​អប់រំ និង​ឱ្យ​ម្ចាស់​ហ​គ្រាស​ដែល​មិន​មានច្បាប់​នោះ​បំពេញបែបបទ​ចុះបញ្ជី​ឱ្យ​បាន​ត្រឹមត្រូវ​ក្នុង​ឆ្នាំ ២០២០ នេះ​» ។

បើ​តាម​លោកស្រី សុខ ឃី​ម ម្ចាស់​សហគ្រាស​ផលិត​សាច់ក្រក ប្រហិត ក្នុង​ខេត្តសៀមរាប​បានឱ្យ​ដឹង​ថា ក្នុង​នាម​ជា​អ្នក​ផលិត​ក្នុងស្រុក គឺ​ចង់ឱ្យ​ពលរដ្ឋ​ខ្លួន​ទទួលទាន​នូវ​ផលិតផល​ដែល​មានគុណ​ភាព មិន​ប៉ះពាល់​ដល់​សុខភាព ជា​ពិសេស​នោះ​នៅ​ពេល​មាន​ពលរដ្ឋ​គាំទ្រ ផលិតផល​ក្នុងស្រុក​កាន់តែ​ច្រើន នឹង​ជួយ​លើក​ស្ទួយ​ដល់​អ្នក​ផលិត​ក្នុងស្រុក​កាន់តែ​ច្រើន វា​នឹង​ជួយ​បង្កើត​ឱកាស​ការងារ​ដល់​ប្រជាពលរដ្ឋ​ក្នុងស្រុក​កាន់តែ​ច្រើន​ថែម​ទៀត ។ លោកស្រី​បន្ត​ថា បញ្ហា​ប្រឈម​សម្រាប់​សហគ្រាស​លោកស្រី និង​សហគ្រាស​ក្នុងស្រុក​ដទៃ​ទៀត​នោះ គឺ​ការ​ប្រកួតប្រជែង​ជាមួយ​ផលិតផល​នាំ​ចូល ព្រោះ​គេ​មាន​តម្លៃ​ទាប​ជាង​ផលិតផល​ក្នុងស្រុក ចំណែក​ស្ដង់ដារ​យើង​មិន​និយាយ​ទេ ព្រោះ​ពេល​ខ្លះ​ផលិតផល​នាំ​ចូល​មិន​មាន​សុវត្ថិភាព គុណភាព ស្តង់ដារ​ដូច​ផលិតផល​ក្នុងស្រុក​នោះ​ទេ ។ ចំពោះ​ផលិតផល​ក្នុងស្រុក​ដែល​មាន​តម្លៃ​ខ្ពស់​នេះ ដោយសារ​តែ​ការ​ផលិត​មានការ​ចំណាយ​ខ្ពស់​ដែរ ។ ម្យ៉ាងទៀត​ដោយសារ​តែ​តម្លៃ​អគ្គិសនី​នៅ​កម្ពុជា​នៅ​តែ​មាន​តម្លៃ​ខ្ពស់​ជាង​បណ្ដា​ប្រទេស​ជិតខាង​ផង​ដែរ ។

គួរ​បញ្ជាក់​ថា​ក្នុង​វិស័យ​ឧស្សាហកម្ម​កម្ពុជា បច្ចុប្បន្ន​បាន​ក្លាយជា​ឆ្អឹងខ្នង​សេដ្ឋកិច្ច ក៏​រឹង​មាំ​មួយ ជាក់ស្ដែង​ក្នុង​វិស័យ​ឧស្សាហកម្ម​បាន​ផ្ដល់​ការងារ​ដល់​ពលរដ្ឋ​កម្ពុជា​ជា​ច្រើន ហើយដោយ​ឡែក​ការ​នាំ​ចេញ​ផលិតផល​ពី​កម្ពុជា​ក៏​ភាគច្រើន​ចេញពី​វិស័យ​ឧស្សាហកម្ម​នេះ​ផង​ដែរ ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ