ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥណទាន​ក្នុង​វិស័យ​សំណង់ និង​ពាណិជ្ជកម្ម​ជំរុញ​ឱ្យប្រាក់​កម្ចី​ក្នុង​គ្រឹះស្ថាន​ធនាគារ​កើនឡើង​ក្រោយ​ខកខាន៣​ឆ្នាំ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ក្នុង​វិស័យ​សំណង់ និង​អចលនទ្រព្យ​របស់​កម្ពុជា​ស្ថិត​ក្នុង​រយៈពេល ៥ ឬ​១០​ឆ្នាំ​ចុង​ក្រោយ​នេះ​ទាំង​ការ​សាងសង់ តម្រូវការ​ទិញ និង​លក់​មាន​សន្ទុះ ព្រមទាំង​មាន​កំណើន​ជា​បន្តបន្ទាប់​គួរ​ឱ្យ​កត់សម្គាល់ ។ ស្រប​ពេល​វិស័យ​នេះ​នៅ​តែ​រក្សា​បាន​កំណើន​មួយ​ល្អ​មក​ទល់​សព្វថ្ងៃ​ត្រូវ​បាន​ធន​គារ​កណ្តាល​កម្ពុជា​បាន​វាយតម្លៃ​ថា​តម្រូវការ​ឥណទាន​ក្នុង​វិស័យ​សំណង់…

រាជធានី​ភ្នំពេញ​៖ ក្នុង​វិស័យ​សំណង់ និង​អចលនទ្រព្យ​របស់​កម្ពុជា​ស្ថិត​ក្នុង​រយៈពេល ៥ ឬ​១០​ឆ្នាំ​ចុង​ក្រោយ​នេះ​ទាំង​ការ​សាងសង់ តម្រូវការ​ទិញ និង​លក់​មាន​សន្ទុះ ព្រមទាំង​មាន​កំណើន​ជា​បន្តបន្ទាប់​គួរ​ឱ្យ​កត់សម្គាល់ ។ ស្រប​ពេល​វិស័យ​នេះ​នៅ​តែ​រក្សា​បាន​កំណើន​មួយ​ល្អ​មក​ទល់​សព្វថ្ងៃ​ត្រូវ​បាន​ធន​គារ​កណ្តាល​កម្ពុជា​បាន​វាយតម្លៃ​ថា​តម្រូវការ​ឥណទាន​ក្នុង​វិស័យ​សំណង់ អចលនទ្រព្យ និង​ការ​ប្រើប្រាស់​ឥណទាន​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​បាន​ជំរុញ​ឱ្យ​ការ​ប្រើប្រាស់​កម្ចី​ក្នុង​ប្រព័ន្ធ​ធនាគារ​កើនឡើង​វិញ ក្រោយ​ពី​ខកខាន​រយៈពេល ៣​ឆ្នាំ​កន្លង​ទៅ ។

យោង​តាម​របាយការណ៍​វឌ្ឍនភាព​ម៉ា​ក្រ​សេដ្ឋកិច្ច និង​វិស័យ​ធនាគារ​ឆ្នាំ ២០១៩ និង​ទស្សនវិស័យ​ឆ្នាំ ២០២០​របស់​ធនាគារជាតិ នៃ កម្ពុជា ចេញផ្សាយ​កាលពី​ថ្ងៃ​ទី ២ ខែមករា​ឆ្នាំ ២០២០​បង្ហាញ​ថា ទន្ទឹម​នឹង​វិស័យ​ធនាគារ​មាន​សុខភាព​ល្អ និង​បាន​ចូលរួម​ចំណែក​យ៉ាង​សកម្ម​ក្នុង​ការ​ជំរុញ​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ គាំទ្រ​ការ​រីក​ចម្រើន​សេដ្ឋកិច្ច និង​កាត់​បន្ថយ​ភាព​ក្រីក្រ ក្រោម​សុខ​សន្តិភាព និង​ស្ថិរភាព​នយោបាយ​រឹង​មាំ ។ ប្រជាជន​ពេញវ័យ​ដែល​កំពុង​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​ផ្លូវការ​មាន ៧១% នៃ​ប្រជាជន​ពេញវ័យ​សរុប ជាមួយនឹង​កំណើន​ប្រាក់​បញ្ញើ ២៥% និង​ប្រាក់​កម្ចី ២៦% ។

ធន​គារ​ជាតិ នៃ កម្ពុជា គូសបញ្ជាក់​ថា «​កំណើន​ប្រាក់​កម្ចី បាន​កើនឡើង​មក​វិញ​បន្ទាប់​ពី​បាន​ថយ​ចុះ​នា​រយៈពេល ៣​ឆ្នាំ​កន្លង​ទៅ ប៉ុន្តែ​មិន​ទាន់​ដល់​កម្រិត​ក្នុង​អំឡុង​ឆ្នាំ ២០១០-២០១៥ (៣០%) ទេ ។ កំណើន​ឡើង​វិញ​នេះ​ជំរុញ​ជា​ចម្បង​ដោយ​កំណើន​ឥណទាន​ទៅ​កាន់​វិស័យ​សំណង់ និង​អចលនទ្រព្យ ការ​ប្រើប្រាស់ និង​ពាណិជ្ជកម្ម ។ ដោយសារ​ការ​កើនឡើង​នៃ​ចំណូល តម្រូវការ និង​ភាព​សម្បូរ​បែប​នៃ​សេវា​ហិរញ្ញវត្ថុ ឥណទាន​សម្រាប់​ប្រើប្រាស់​បាន​កើនឡើង​នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ដូច​ជា​ឥណទាន​សម្រាប់​ទិញ​ទំនិញប្រើប្រាស់ និង​លំនៅ​ឋាន​សម្រាប់​ស្នាក់​នៅ​» ។

បើ​តាម​របាយការណ៍​ដដែល​ឱ្យ​ដឹង​ទៀត​ថា ឥណទាន​ទាំងនេះ​បាន​ជំរុញ​ការ​ប្រើប្រាស់​ដែល​មាន​បច្ច័យ​វិជ្ជមាន​រួមចំណែក​គាំំ​ទ្រ​កំណើនសេដ្ឋកិច្ច ។ ទោះ​យ៉ាងណា​ប្រសិនបើ​អ្នក​ប្រើប្រាស់​មិន​បាន​ចំណាយ​ឱ្យ​ចំ​គោលដៅ​ទេ នោះ​ការ​កើនឡើង​នៃ​ឥណទាន​ក៏​អាច​បង្ក​ជា​ហានិភ័យ ។ ម្យ៉ាងទៀត​ប្រព័ន្ធ​ធនាគារ​បាន​ធ្វើ​ទំនើប​កម្ម​ទូទាត់ ដើម្បី​គាំំ​ទ្រ​ការ​រីក​ចម្រើន​ឥត​ឈប់​ឈរ​នៃ​សេដ្ឋកិច្ច និង​សមាហរណកម្ម​ទៅ​ក្នុង​តំបន់ ។
បច្ចុប្បន្ន​ប្រជាជន​ប្រមាណ ៥​លាន​នាក់​កំពុង​ប្រើប្រាស់​សេវា​ទូទាត់​សង​ប្រាក់​ប្រកបដោយ​ភាព​ងាយស្រួល ឆាប់រហ័ស សុវត្ថិភាព និង​តម្លៃ​សមរម្យ ។

ធនាគារជាតិ នៃ កម្ពុជា កំពុង​អភិវឌ្ឍ​ស្តង់ដារ QR Code និង​ដាក់​ឱ្យ​ដំណើរការ​សាកល្បង​ប្រព័ន្ធ​បាគង ផ្អែក​លើ​បច្ចេកវិទ្យា Blockchain សម្រាប់​សម្រួល​ដល់​ការ​ទូទាត់​ឆ្លងកាត់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​ព្រមទាំង​ប្រតិបត្តិការ​ទូទាត់​ឆ្លង​ដែន ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ