ខេត្តកំពង់ចាម ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា ពិតជារឿងមួយដ៏ចម្លែកមែន ដោយសារតែមេមាន់១ក្បាលចេះស្តាប់មនុស្សនិយាយ ហើយត្រូវបានម្ចាស់ដាក់នាំតាមខ្លួនរាល់ពេលដែលចេញទៅលក់ដូរគុយទាវ ក្នុងកម្មវិធីតាំងពិពណ៌ផលិតផលនៅតាមបណ្ដាខេត្តនានា ក្នុងប្រទេសកម្ពុជា ដោយសារតែឃើញមាន់នេះ ចេះ ទោះជាមានគេចង់ទិញឲ្យតម្លៃរហូតដល់៥០ដុល្លារក៏ដោយ តែម្ចាស់មិនព្រមលក់នោះទេ។
បើតាមអ្នកស្រី គឹម ហុង អាយុ៣១ឆ្នាំ មានស្រុកកំណើត ស្រុកថ្មគោល ខេត្តបាត់ដំបង បានប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០នេះថា មានពេលមួយក្រុមគ្រួសាររបស់គាត់បានទៅចូលរួមលក់គុយទាវក្នុងកម្មវិធីពិព័រណ៍លក់ផលិតផលនានា នៅក្រុងព្រះសីហនុ ហើយក៏បានដើរទៅផ្សារលើទិញមេមាន់១ក្បាលតម្លៃ២ម៉ឺនរៀល ដើម្បីយកមកចិញ្ចឹមសម្រាប់ធ្វើជាម្ហូបអាហារនៅពេលណាមួយ។
អ្នកស្រីគឹម ហុង ប្រាប់បន្តថា ក្នុងពេលដែលទិញមេមាន់នេះមកដំបូង គាត់មិនដឹងថា មាន់នេះចេះស្ដាប់ភាសាមនុស្សនិយាយនោះទេ។ ក្នុងពេលដែលឱ្យចំណី ឬក៏ផ្ដល់ទឹកឱ្យមាន់ផឹក គឺខុសពីមាន់ផ្សេងៗឆ្ងាយណាស់ បើចង់ឱ្យទឹកផឹក លុះត្រាតែចាក់ដាក់ក្នុងគំរបដប ឬជាប្រភេទទឹកបរិសុទ្ធ ទើបមាន់នេះផឹក។ ហើយបើទឹកធម្មតាវិញ ដាក់នៅក្នុងចានផ្ទាល់ដី គឺមាន់នេះមិនផឹកនោះទេ។ ដោយឃើញចេះបែបនេះ រូបគាត់ក៏បានដាក់ឈ្មោះថា «ស្រីលាភ»។
អ្នកស្រីបន្តថា ក្នុងពេលដែលគាត់រៀបចំអីវ៉ាន់ដាក់លើរថយន្ត ដើម្បីយកទៅលក់នៅតាមបណ្ដាខេត្តផ្សេងៗនោះ មេមាន់១ក្បាលនេះបានដើរក្រវិលពីរទៅបីជុំ គឺជុំវិញរថយន្តតែម្តង រួចលោតឡើងជិះដោយខ្លួនឯង។ ហើយចាប់តាំងពីពេលដែលបានទិញមាន់នេះ យកមកចិញ្ចឹមនោះ ការលក់ដូររបស់គាត់ក៏លក់ដាច់ជាងមុន ហើយមាន់នេះ រូបគាត់ក៏មិនហ៊ានយកទៅធ្វើម្ហូបចម្អិនទទួលទានដែរ ព្រោះជាមាន់នាំលាភ នាំសំណាង។
អ្នកស្រីបន្តទៀតថា កន្លងទៅ ពេលដែលទៅលក់ដូរនៅក្នុងកម្មវិធីបុណ្យសមុទ្រក្នុងខេត្តកំពត មានមន្ត្រីរាជការម្នាក់ដោយឃើញមាន់នេះចេះ ក៏សុំទិញក្នុងតម្លៃ៥០ដុល្លារ ប៉ុន្តែគាត់មិនព្រមលក់ឱ្យ ឬតម្លៃលើសពីនេះក៏ដោយ ក៏រូបគាត់មិនលក់ឱ្យដែរ។
អ្នកស្រី គឹម ហុង បានប្រាប់បន្តថា ក្នុងកម្មវិធីតាំងពិព័រណ៍លក់ផលិតផលខ្មែរនៅក្រុងកំពង់ចាម ចំនួន៧ថ្ងៃ គឺគាត់បានយកមាន់១ក្បាលនេះមកតាមជាមួយដែរ។ ហើយមាន់នេះ មិនដើរទៅឆ្ងាយឯណាពីកន្លែងតូបលក់ដូររបស់គាត់នោះទេ ប្រសិនបើចង់ឲ្យទឹកមាន់ផឹក គាត់គ្រាន់តែស្រែកហៅ «ស្រីលាភ» ពីចម្ងាយនោះ មាន់នឹងរត់មករកទឹកផឹកភ្លាម។
លោកស្រីបន្តថា សូម្បីតែអ្នកលក់ដូរដូចគ្នានៅក្បែរតូបរបស់គាត់ ពេលឃើញមេមាន់នេះ ចេះ ក៏បានពរចៅមកមើល ហ្នឹងហៅមាន់ ។ ហើយគាត់និយាយថា ក្នុងមួយជីវិតរបស់គាត់ចាប់តាំងពីកើតចេញពីផ្ទៃម្ដាយរហូតដល់វ័យ៣១ឆ្នាំនេះ មិនដែលឃើញមានមាន់ឯណាចេះស្តាប់មនុស្សនិយាយដូច្នេះនោះទេ។
នេះជារឿងប្លែក ហើយគាត់នឹងប្រឹងថែទាំមាន់នេះធ្វើយ៉ាងណារស់ឱ្យបានយូរ អាចចាត់ទុកថា ជាមាន់នាំលាភ នាំសំណាង ដល់ក្រុមគ្រួសាររបស់គាត់ឱ្យលក់គុយទាវដាច់ ហើយប្រាក់កម្រៃដែលទទួលបានពីការលក់ដូរនេះ បានជួយលើកស្ទួយជីវភាពរបស់គ្រួសាររបស់គាត់បាន១កំរិតបន្ថែមទៀត៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ