រាជធានីភ្នំពេញ ៖ ជំហរតារាភេទទី៣ មួយចំនួនរមែងតែងស្រមៃថា ថ្ងៃណាមួយ មានលុយកាក់ ការងាររីកចម្រើន សុទ្ធតែនាំគ្នាប៉ង វះកាត់ភេទពីប្រុសទៅស្រី មិនខ្លាចម្ជុលកាំបិតឡើយ ។ ចំណែកកញ្ញា យេយេ ដែលកំពុងល្បីឈ្មោះក្នុងចង្កោមសិល្បៈ បានតាំងជំហរផ្សេង ដោយនាងបានកែដើមទ្រូងរួចរាល់ តែមិនចំណាយប្រាក់ប្តូរភេទបំប៉នប្រុសៗឡើយ គិតថា ជាការខាត អត់បានការ។
កញ្ញា យេយេ ដែលមានឈ្មោះពិតថា ឃ្លោក មករា បានរៀបចំពិធីខួបកំណើតធំមួយ ក្រោមវត្តមានតារាល្បីៗចូលរួមកន្លងទៅនេះ។ កញ្ញាបានតស៊ូក្នុងពិភពសិល្បៈមិនធម្មតានោះទេ ត្រូវរងពាក្យពេបជ្រាយជាច្រើន មុនពេលបានឈ្មោះបោះសំឡេងនាសព្វថ្ងៃ។
យេយេ ដែលនិយាយអួលដើម.កនាថ្ងៃកំណើតថា នាងតស៊ូគ្រប់ជំហានក្នុងសិល្បៈ ដើរសម្តែងគ្រប់ទិសទី ចង់គ្រប់ក្លិបយកលុយចិញ្ចឹមខ្លួន មើលម្តាយឈឺ និងឪពុក។ ទីបំផុតម្តាយបានចាកចោលហើយ ពេលនេះនាងមានអ្វីប្រសើរខ្លះចង់តបស្នងសងគុណ ក៏មិនបានឡើយ បានត្រឹមតែឱបធាតុយំស្រណោះ។
ចំពោះរឿងសួរថា ម៉េចមិនវះកាត់ប្តូរភេទទៅជាស្រីតែម្តង នាងយល់ថា គួរតែមិនបាច់នោះទេ។ យកលុយ១ម៉ឺនដុល្លារទៅវះកាត់ប្រឆាំងធម្មជាតិ មិនគួរចំណាយនោះទេ។ ទុកលុយទៅបង្កើតមុខរបរមួយជួយឱ្យយើងរីកចម្រើន ហើយជួយកាត់បន្ថយការប្រឈមផ្សេងៗ។
យេយេ ថា ណាមួយកាត់ចោលទៅជាស្រីមែន តែដូចជារបស់រុក្ខជាតិគ្មានបានការអ្វីនោះទេ។ បានតែបំប៉នប្រុសៗអត់ប្រយោជន៍ធ្វើឱ្យខាតបង់ បើរឿងមានកូនចៅដឹងថា អត់ទៀតចឹងទុកដដែលទៅល្អជាង។ មានលុយធ្វើបែបនេះ ទុកធ្វើផ្ទះឱ្យកាន់តែសមរម្យ ទើបប្រសើរកុំឱ្យគេថា អត់គំនិត។
យ៉េយ៉េ បានបង្ហាញអារម្មណ៍តូចចិត្ត និងបង្ហូរទឹកភ្នែកដោយនាងបានរៀបរាប់ថា នាងពិតជាចង់ឱ្យអ្នកម្ដាយរបស់នាងបានមកឈរនៅទីនេះ មើលពីសមិទ្ធផលជោគជ័យដែលនាងបានខំប្រឹងប្រែងរហូតមកទល់សព្វថ្ងៃ ក្រោយជម្នះពីពាក្យថា ជាខ្ទើយឥតតម្លៃ បានក្លាយជាមនុស្សដែលមានគេទទួលស្គាល់ និងមានកេរ្តិ៍ឈ្មោះល្បីល្បាញរហូតរកប្រាក់ចំណូលបានផ្គត់ផ្គង់ជីវភាពបានគ្រប់គ្រាន់។ ជាពិសេសនាងចង់មើលថែម្ដាយផ្ដល់គ្រប់យ៉ាង ដើម្បីតបស្នងសងគុណដល់ម្ដាយនាង ដែលគាត់តែងតែជាកម្លាំងជម្រុញ និងលើកទឹកចិត្ត ការពារនាងពីពាក្យសម្ដីមជ្ឈដ្ឋានខាងក្រៅដែលធ្លាប់បានមើលងាយនាង។
ប៉ុន្តែគួរឱ្យសោកស្ដាយ បន្ទាប់ពីនាងមានអ្វីៗគ្រប់យ៉ាងនៅក្នុងដៃ អ្នកម្ដាយរបស់នាងបែរជាចាកចោលនាងដោយសារតែជំងឺរយៈពេល៥ឆ្នាំមកហើយ ធ្វើឱ្យនាងគ្មានឱកាសបានបំពេញក្ដីសុខតួនាទីជាកូនល្អ និ តបស្នងសងគុណចំពោះគាត់ឱ្យអស់ពីលទ្ធភាពនៅឡើយ។
មិនតែប៉ុណ្ណោះ យ៉េយ៉េ ក៏បានផ្ដាំផ្ញើទៅដល់កូនៗគ្រប់រូប ឱ្យយកពេលវេលាថែទាំឪពុកម្ដាយឱ្យបានល្អ និងព្យាយាមសងគុណឪពុកម្ដាយបន្តិចបន្តួចតាមអ្វីដែលអាចធ្វើទៅបាន កុំឱ្យហួសពេលដូចជារូបនាង។ នេះគឺជារឿងដ៏គួរឱ្យកោតសរសើរនៅពីក្រោយភាពជោគជ័យរបស់អ្នកកំប្លែងស្រីមាឌធំ ភេទទី៣ ដែលធ្លាប់តែបង្ករភាពសប្បាយរីករាយដល់ទស្សនិកជន ឥឡូវនេះអ្នកច្បាស់ជាជ្រាបហើយថា តារារូបនេះមានការតស៊ូ និងលំបាកកម្រិតណានោះទេ ទម្រាំនាងមានថ្ងៃនេះ។ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ