ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៊ិះឆេះជិតចូលដល់ក្រុមហ៊ុនទៅហើយ ចេះទប់ស្កាត់ទាន់​

4 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ភ្លើង​ឆេះ​ព្រៃ​នៅ​ស្រុក​កោះ​ញែក​បាន​ឆេះ​រាលដាល​ចូល​ទៅ​ជិត​ក្រុមហ៊ុន ម៉ា​ស្ទើ​ខេ​សាន់ កាលពី​ថ្ងៃ​ទី​២ មក​រា ឆ្នាំ​២០២០ បណ្តាល​ឲ្យ​ឆេះ​កំទេចកំទី និង​ឈើ​ចាស់​ៗ​ដែល​សេសសល់ ភ្លាម​ៗ​នោះ​អាជ្ញាធរ​ខេត្ត​បាន​បញ្ជូន​រថយន្ត​ពន្លត់អគ្គីភ័យ​ទៅ​ពន្លត់ភ្លើង…

ខេត្តមណ្ឌលគិរី ៖ ភ្លើង​ឆេះ​ព្រៃ​នៅ​ស្រុក​កោះ​ញែក​បាន​ឆេះ​រាលដាល​ចូល​ទៅ​ជិត​ក្រុមហ៊ុន ម៉ា​ស្ទើ​ខេ​សាន់ កាលពី​ថ្ងៃ​ទី​២ មក​រា ឆ្នាំ​២០២០ បណ្តាល​ឲ្យ​ឆេះ​កំទេចកំទី និង​ឈើ​ចាស់​ៗ​ដែល​សេសសល់ ភ្លាម​ៗ​នោះ​អាជ្ញាធរ​ខេត្ត​បាន​បញ្ជូន​រថយន្ត​ពន្លត់អគ្គីភ័យ​ទៅ​ពន្លត់ភ្លើង ការពារ​កុំឱ្យ​ភ្លើង​ឆេះ​ដល់​គំនរ​ឈើ​ដែល​គណៈកម្មការ​ជាតិ​បាន​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ​កាលពី​ពេល​កន្លង​ទៅ​នេះ​។

លោក​ឧត្តមសេនីយ៍ត្រី ហែម បូ​ណា​រែ​ល មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹង​ថា ក្រោយ​ទទួល​បាន​ព័ត៌មាន​ខាងលើ​នេះ​ភ្លាម លោក​បាន​ចាត់​កម្លាំង​ចូលរួម​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​ចុះ​ពន្លត់ភ្លើង​ដែល​កំពុង​ឆេះ​យ៉ាង​ខ្មួលខ្មាញ់ ហើយ​បើ​មិន​បាន​ទប់ស្កាត់​ទាន់​ពេលវេលា​នោះ​ទេ ភ្លើង​អាច​ឆេះ​បន្ត​ដល់ទី​តាំង​ឈើ​ល្មើសច្បាប់​ដែល​បង្ក្រាប​បាន​កាលពី​ពេល​កន្លង​ទៅ​។

លោក ហែម បូ​ណា​រែ​ល បាន​បន្ត​ថា គិត​ត្រឹម​វេលា​ម៉ោង​៤​ល្ងាច​ថ្ងៃ​ទី​៣ មក​រា ស្ថានភាព​ភ្លើង​ឆេះ​ព្រៃ​ខាងលើ​នោះ គឺ​កម្លាំង​ជំនាញ​អាច​គ្រប់គ្រង​បាន​ហើយ ដោយ​មានការ​សហការ​ពី​កងកម្លាំង​មន្ត្រី​រដ្ឋបាល​ព្រៃឈើ មន្ត្រី​បរិស្ថាន និង​អាជ្ញាធរ​ស្រុក​កោះ​ញែក ចាត់វិធានការ​ប្រើ​គ្រឿងចក្រ​ឈូស​ដី​កាត់មុខ​ភ្លើង និង​រថយន្ត​ពន្លត់​អគ្គិភ័យ​ប្រចាំការ​ជា​និច្ច​។

ក្នុង​ករណី​ខាងលើ​នេះ​សមត្ថកិច្ច​នៅ​មិន​ទាន់​ដឹង​ច្បាស់​ថា តើ​ភ្លើង​ឆេះ​នេះ​បណ្តាល​មក​ពី​មូលហេតុ​អ្វី​នៅ​ឡើយ​ទេ? តែបើ​តាម​ការ​សន្និដ្ឋាន​របស់​លោក ហែម បូ​ណា​រែ​ល កត់សម្គាល់​ជំ​ហ៊ាន​ដំបូង​ថា វា​អាច​បណ្តាល​មក​ពី​មាន​ព្រានព្រៃ ឬ​ប្រជាពលរដ្ឋ​ចូល​ព្រៃ​រក​អុស រក​ឃ្មុំ ហើយ​ដណ្តាំបាយ​ភ្លេច​ពន្លត់​រងើកភ្លើង ឬ​មាន​អ្នក​ចោល​កន្ទុយបារី​លើ​ស្លឹកឈើ​ងាប់ ទើប​បណ្តាល​ឲ្យ​មាន​ភ្លើង​ឆេះ​រាលដាល​យ៉ាង​ឆាប់រ​ហ័យ​បែប​នេះ ​។ ​ព្រោះ​រដូវ​នេះ​រាំង​ស្ងួត​ស្លឹកឈើ ស្មៅ​ងាប់ វា​ងាយ​និង​ឆេះ​ខ្លាំង​ណាស់​។

ជុំវិញ​ករណី​ខាងលើ​នេះ ​លោក ស្វាយ សំ​អ៊ា​ង អភិបាលខេត្ត​មណ្ឌលគិរី ក៏​បាន​ផ្តាំផ្ញើ​​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ចូល​ទៅ​រក​អុស​ឬ​រក​ឃ្មុំ​ក្នុង​ព្រៃ ត្រូវ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន ក្រោយ​ប្រើប្រាស់​ភ្លើង​រួច​គប្បី​នាំ​គ្នា​ពន្លត់ភ្លើង​សិន មុន​ចាក​ចេញពី​ទីតាំង​ដែល​ខ្លួន​ស្នាក់​អាស្រ័យ ។ បើ​មានការ​ធ្វេសប្រហែស​វា​អាច​នាំ​គ្រោះ​មហន្តរាយ​ដល់​ធនធានធម្មជាតិ និង​ពពួកសត្វ​ព្រៃ ជា​ពិសេស​បើ​ភ្លើង​ឆេះ​មាន​ទំហំ​ធំធេង​វា​ក៏​អាច​រាលដាល​ដល់​ភូមិឋាន​អ្នកស្រុក ឆេះ​បំផ្លាញ​ផ្ទះសម្បែង​ទៀត​ផង​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ