ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចំណូល​ពី​ភ្ញៀវ​បរទេស​ចូល​ទស្សនា​តំបន់​អង្គរ​មាន​ជាង ៩៩​លាន​ដុល្លារ​ធ្លាក់​ចុះ​ជាង ១៥​ភាគរយ​ក្នុង​ឆ្នាំ ២០១៩

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​រយៈពេល ១​ឆ្នាំ ២០១៩​កន្លង​ទៅ​នេះ ចំណូល​ដែល​បាន​មក​ពី​ការ​លក់​ប័ណ្ណ​ជូន​ភ្ញៀវ​បរទេស​ចូល​ទស្សនា​រមណីយដ្ឋាន​តំបន់​អង្គរ​បាន​ធា្ល​ក់​ចុះ ១៥,០៥​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ ២០១៨​កន្លង​ទៅ ។…

រាជធានី​ភ្នំពេញ ៖ ក្នុង​រយៈពេល ១​ឆ្នាំ ២០១៩​កន្លង​ទៅ​នេះ ចំណូល​ដែល​បាន​មក​ពី​ការ​លក់​ប័ណ្ណ​ជូន​ភ្ញៀវ​បរទេស​ចូល​ទស្សនា​រមណីយដ្ឋាន​តំបន់​អង្គរ​បាន​ធា្ល​ក់​ចុះ ១៥,០៥​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ ២០១៨​កន្លង​ទៅ ។ ចំណូល​ក្នុង​ឆ្នាំ ២០១៩​ទាំងមូល​មាន​ចំនួន ប្រមាណ​តែ​ជាង ៩៩​លាន​ដុល្លារ​អា​មេ​រិ​ក​ប៉ុណ្ណោះ ខណៈ​ឆ្នាំ ២០១៨​កន្លង​ទៅ​ចំណូល​ពី​ការ​លក់​ប័ណ្ណ​ជូន​ភ្ញៀវ​បរទេស​ចូល​ទស្សនា​តំបន់​អង្គរ​មាន​ចំនួន​ជាង ១១៦​លាន​ដុល្លារ​អា​មេ​រិ​ក ។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​គ្រឹះស្ថាន​អង្គរ​ចេញផ្សាយ​ថ្ងៃ​ទី ០១ ខែមករា ឆ្នាំ ២០២០​នេះ ។

តាម​របាយការណ៍​ដដែល​នេះ​បាន​បង្ហាញ​ផង​ដែរ​ថា ក្នុង​រយៈពេល​មួយ​ឆ្នាំ ២០១៩​នេះ​ដែរ ចំនួន​ភ្ញៀវ​ទេសចរ​ដែល​បាន​ទិញ​ប័ណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ មាន​ចំនួន​២.២០៥.៦៩៧​នាក់ ហើយ​បើ​ធៀប​នឹង​ឆ្នាំ ២០១៨ មានការ​ធ្លាក់​ចុះ​ដល់​ទៅ ១៤,៨៦​ភាគរយ ។ ជាក់ស្ដែង​ឆ្នាំ ២០១៨ ចំនួន​ភ្ញៀវ​បរទេស​ទិញ​ប័ណ្ណ​ចូល​ទស្សនា​តំបន់​អង្គរ​មាន​ចំនួន​ដល់​ទៅ​ជាង ២​លាន ៥៩០​ពាន់​នាក់ ហើយ​ការ​ធ្លាក់​ចុះ​ភ្ញៀវ​បរទេស​ចរ ចូល​ទស្សនា​តំបន់​អង្គរ​នេះ​បាន​បង្ក​ឱ្យ​មានការ​ព្រួយបារម្ភ​ដល់​អ្នក​បម្រើសេវា​ក្នុង​វិស័យ​ទេសចរណ៍ ក្នុង​ខេត្តសៀមរាប​ទាំងមូល​ផង​ដែរ ។

លោក ឈឹ​ម សុផល អ្នក​ប្រកប​របរ​រត់​កង់​បី នៅ​តំបន់​អង្គរ​ខេត្តសៀមរាប បានឱ្យ​ដឹង​ថា ឆ្នាំ ២០១៩​នេះ​ដោយសារ​តែ​បាត់​ភ្ញៀវ​ទេសចរ ក្នុង​ខេត្តសៀមរាប ធ្វើ​ឱ្យ​អ្នក​ប្រកប​អាជីវកម្ម​បម្រើ​ក្នុង​វិស័យ​ទេសចរណ៍ បាន​បាត់បង់​ចំណូល​របស់​ខ្លួន​អស់​ច្រើន ជាក់ស្ដែង​រូប​លោក​ផ្ទាល់ ក្នុង​មួយ​ថ្ងៃ​លោក​អាច​រកបាន​ត្រឹមតែ ២​ម៉ឺន​ទៅ ៣​ម៉ឺន​រៀល​ប៉ុណ្ណោះ ខុស​ពី​ឆ្នាំ​មុន​ៗ​លោក​អាច​រកបាន​ពី ៣០​ដុល្លារ​ទៅ ៥០​ដុល្លារ​ក្នុង​មួយ​ថ្ងៃ ។

លោក សុផល បាន​និយាយ​ថា ភ្ញៀវ​ទេសចរ​ដែល​មក​សៀមរាប​បាន​ធ្លាក់​ចុះ តាម​ការ​កត់សម្គាល់ គឺ​តាំងពី​ដើមឆ្នាំ ២០១៩​មក​ម្ល៉េះ ហើយ​កត្តា​មួយ​ចំនួន​ដែល​លោក​កត់សម្គាល់​នោះ គឺ​វា​អាច​ពាក់ព័ន្ធ​នឹង​នយោបាយ​ខ្លះ​ៗ​ដែរ ។ លោក​បន្ត​ថា​៖ «​មិន​ថា​តែ​ខ្ញុំ ឬ​គេ​ទេ ពេល​នេះ ចំណូល​បាន​ធ្លាក់​ចុះ​ច្រើន ព្រោះតែ​មិន​មាន​ម៉ូយ​សម្រាប់​ដឹក​ឡើយ ។ ហើយ​ម្យ៉ាងទៀត អ្នករក​ស៊ី​របរ​នេះ​មួយ​ចំនួន​បាន​ធ្វើ​ឱ្យ​ភ្ញៀវ​អន់ចិត្ត​តាម​រយៈ កោរ​គេ ដូច​ជា មុន​ឡើង​ជិះ​តម្លៃ​ផ្សេង ដល់​ពេល​ចុះ​តម្លៃ​ផ្សេង ហើយ​រក​មូលហេតុ​ផ្សេង​ៗ​មក​ដោះស្រាយ​ដើម្បី​បាន​ប្រាក់​បន្ថែម ។ ធ្វើ​ដូច្នេះ​នឹង​ធ្វើ​ឱ្យ​បាត់​ភ្ញៀវ​បន្ថែម​ទៀត​ផង​ដែរ​»​។ លោក​បន្ថែម​ថា មិនមែន​តែ​របរ​រត់​កង់​បី​ទេ ដែល​បាត់​ចំណូល​នោះ សណ្ឋាគារ ភោជនីយដ្ឋាន និង​សេវាកម្ម​ទេសចរណ៍​ផ្សេង​ទៀត​ក៏​មាន​បញ្ហា​ដែរ ពោល​គឺ​បាត់បង់​ចំណូល​ដូច​គ្នា ក្នុង​ពេល​ដែល​ទេសចរ​ធ្លាក់​ចុះ ។ លោក​ឱ្យ​ដឹង​ថា​៖ «​បើសិនជា​នៅ​តែ​បន្ត​បែប​នេះ​ទៀត ទាំង​លោក និង​អ្នក​រត់​កង់​បី​ផ្សេង​ទៀត​អាច​ត្រលប់​ទៅ​ធ្វើស្រែ​វិញ​ហើយ ព្រោះ​ចំណូល​មិន​ឆ្លើយ​តប​នឹង​ការ​ចំណាយ​ប្រចាំ​ថ្ងៃ ដូច្នេះ​ត្រូវរ​ករបរ​ផ្សេង​ដើម្បី​បង្កើន​ចំណូល​វិញ​» ។

យ៉ាងណា​ក៏​ដោយ ទោះបីជា​ចំនួន​ភ្ញៀវ​បរទេស​ទស្សនា​តំបន់​អង្គរ​ក្នុង​ខេត្តសៀមរាប​ធ្លាក់​ចុះ​ក្ដី បើ​តាម​របាយការណ៍​របស់​ក្រសួងទេសចរណ៍​វិញ បង្ហាញ​ថា កំណើន​ភ្ញៀវ​ទេសចរ​បរទេស​ចូល​មក​កម្ពុជា ក្នុង​ឆ្នាំ ២០១៩​នេះ នៅ​តែ​ល្អ​ប្រសើរ និង​មាន​កំណើន​ខ្ពស់​ធៀប​នឹង​ឆ្នាំ​មុន ខណៈ​ប្រទេស​ជិតខាង​កម្ពុជា មានការ​ថយ​ចុះ​ភ្ញៀវ​បរទេស​ទៅ​វិញ ។

លោក សូ ម៉ា​រ៉ា រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ បានឱ្យ​ដឹង​ថា ការ​ថយ​ភ្ញៀវ​ទេសចរ ក្នុង​ខេត្តសៀមរាប ជា​ពិសេស​ភ្ញៀវ​ដែល​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​នេះ ដោយសារ​តែ​កម្ពុជា​មាន​តំបន់​រមណីយដ្ឋាន​បង្កើត​ថ្មី​ៗ​ច្រើន ដូច្នេះ​ហើយ​ភ្ញៀវ​បរទេស​ដែល​មក​ដល់​កម្ពុជា គេ​ទៅ​ទស្សនា​នៅ​តំបន់​រមណីយដ្ឋាន​ថ្មី​ៗ​ទាំងនោះ ។ លោក​បន្ត​ថា​៖ «​បច្ចុប្បន្ន​នេះ​រដ្ឋាភិបាល និង​ដៃគូរ​ពាក់ព័ន្ធ​ជា​ច្រើន​បាន​បង្កើត​រមណីយដ្ឋាន​នៅ​តំបន់​ភូមិភាគ​ឦសាន​ប្រទេស និង​តំបន់​កោះ​ជា​ច្រើន ដូច្នេះ​ភ្ញៀវ​បរទេស​ដែល​មក​កម្ពុជា ក្នុង​ឆ្នាំ ២០១៩​ក៏​ទៅ​ទស្សនា​តំបន់​ទាំងនោះ​» ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្នុង​រយៈពេល ២​ថ្ងៃ ដើមឆ្នាំ ២០២០​នេះ​ឃើញ​ថា ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​ទិញ​ប័ណ្ណ​ចូល​ទស្សនា​តំបន់​អង្គរ​មាន​ចំនួន​ច្រើន​ឡើង​វិញ ជាក់ស្ដែង​ពីរ​ថ្ងៃនេះ គឺ​ថ្ងៃ​ទី ០១ និង​ថ្ងៃ​ទី ០២ ខែមករា ឆ្នាំ ២០២០​ភ្ញៀវ​ទេសចរ​បរទេស​ទិញ​ប័ណ្ណ​ចូល​ទស្សនា​អង្គរ​មាន​ចំនួន ១៤.៤០៩​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ