ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រព័ន្ធ​ធារាសាស្ត្រ​លំហាច​អាច​ក្លាយជា​តំបន់​​ទេសចរណ៍

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ប្រព័ន្ធ​ធារាសាស្ត្រ​លំហាច​កំពុង​កសាង ដើម្បី​យក​ទឹក​ស្រោចស្រព​លើ​ផ្ទៃដី​ស្រែ​ប្រមាណ​ជាង​៣​ពាន់​ហិ​កតា ។ ប្រព័ន្ធ​ធារាសាស្ត្រ​ថ្មី​នេះ ស្ថិត​ក្នុងភូមិ​អញ្ចាញ ឃុំ​ក្តុល​សែន​ជ័យ ស្រុក​​ទឹកផុស ចម្ងាយ​ជាង​៦០​គីឡូម៉ែត្រ​ពី​ទីរួមខេត្ត​កំពង់ឆ្នាំង…

ខេត្តកំពង់ឆ្នាំង ៖ ប្រព័ន្ធ​ធារាសាស្ត្រ​លំហាច​កំពុង​កសាង ដើម្បី​យក​ទឹក​ស្រោចស្រព​លើ​ផ្ទៃដី​ស្រែ​ប្រមាណ​ជាង​៣​ពាន់​ហិ​កតា ។ ប្រព័ន្ធ​ធារាសាស្ត្រ​ថ្មី​នេះ ស្ថិត​ក្នុងភូមិ​អញ្ចាញ ឃុំ​ក្តុល​សែន​ជ័យ ស្រុក​​ទឹកផុស ចម្ងាយ​ជាង​៦០​គីឡូម៉ែត្រ​ពី​ទីរួមខេត្ត​កំពង់ឆ្នាំង ។ ក្រោយ​ពេល​រួចរាល់ វា​នឹង​ជួយ​ដល់​ដំណាំ​ស្រូវ​វស្សា​ក្នុងស្រុក​ចំនួន​៣ គឺ​ស្រុក​បរិបូណ៌ ស្រុក​រលាប្អៀរ និង​ស្រុក​ទឹកផុស ហើយ​អាច​នឹង​ប្រែ​ក្លាយជា​តំបន់​ទេសចរណ៍​ផង​ដែរ ។

លោក​ដោក ប៊ុ​ន​ថុ​ន ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម ខេត្តកំពង់ឆ្នាំង ឲ្យ​ដឹង​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា​ប្រព័ន្ធ​ធារាសាស្ត្រ​លំហាច សាងសង់​បាន​ជាង​៩០%​ហើយ​អាច​ស្រោចស្រព​លើ​ផ្ទៃដី​ស្រែវស្សា​៣២៨៩​ហិ​កតា ។

ប្រព័ន្ធ​ធារាសាស្ត្រ​នេះ​មាន​ប្រឡាយ​តូច​ធំ​វែង និង​ខ្លី​ចំនួន​១៣៣​​ខ្សែ​ប្រវែង​សរុប​១៧៣,៨០​គីឡូ​ម៉ែត្រ ក្នុង​នោះ​មាន​សំណង់​ក្បាលហុង​ទឹក​១ ,​សំណង់​ទ្វារ​ទឹក​១,​ប្រឡាយ​មេ​ចំនួន​១​ខ្សែ​ប្រវែង​១៦,៤០​គីឡូម៉ែត្រ​, សាង​ប្រឡាយ​ថ្នាក់​ទី​២​ចំនួន​១៣​ខ្សែ​ប្រវែង​៤២,៥០​គីឡូម៉ែត្រ​,​សាងសង់​ប្រឡាយ​រំដោះ​ទឹក​ចំនួន​១៥​ខ្សែ​ប្រវែង​៥២,៩០​គីឡូម៉ែត្រ ,​សាងសង់​ប្រឡាយ​ទឹក​ថ្នាក់​ទី​៣​ចំនួន​៩៣​ខ្សែ​ប្រវែង​៦២​គីឡូ​ម៉ែ​ត្រ​,​សាងសង់​សំណង់​សិល្បការ​សរុប​ចំនួន​៥៥៧ និង​សាងសង់​អគារ​សហគមន៍​កសិករ​ប្រើប្រាស់​ទឹក​១ ។

ប្រព័ន្ធ​ធារាសាស្ត្រ​នេះ គឺជា​ជំនួយ​របស់​រាជរដ្ឋាភិបាល​ជប៉ុន កសាង​ដោយ​អង្គការ​ចៃ​ការ​បាន​ចាប់ផ្ដើម​កសាង​នៅ​អំឡុង​ខែមីនា ឆ្នាំ​២០១៧ ហើយ​អាច​នឹង​អាច​បញ្ចប់​គម្រោង​នៅ​ក្នុង​ខែធ្នូ​ឆ្នាំ​២០២០ ។

ប្រព័ន្ធ​ធារាសាស្ត្រ​លំហាច​មាន​ប្រភព​ទឹក​ពី​ស្ទឹង​អូរ​រំចេក ឃុំ​ក្តុល​សែន​ជ័យ និង​មួយ​ផ្នែក​ពីលើ​ភ្នំ​គុក មាន​ព្រំប្រទល់​រវាង​ខេត្តកំពង់ឆ្នាំង ជាប់​ជាមួយ​ខេត្តពោធិ៍សាត់ ។ ប្រព័ន្ធ​ធារាសាស្ត្រ​នេះ​ប្រសិន​បើ​ប្រជាពលរដ្ឋ​កែប្រែ​ទម្លាប់​ពី​ធ្វើ​ស្រូវធ្ងន់​មក​ធ្វើ​ស្រូវកណ្តាល​វិញ គឺ​អាច​ធ្វើ​បាន​២​ដង​នៅ​ក្នុង​ខែវស្សា ។

អ្នកស្រុក និង​មន្ត្រី​ជំនាញ​ទេសចរណ៍​រំពឹង​ថា​នៅ​ពេល​សំណង់​ស្ទាក់​ទឹក​លំហាច​រួចរាល់​នឹង​បាន​ជា​ប្រយោជន៍​២​យ៉ាង ទី​១​សម្រាប់​ស្រោចស្រព​ទឹក​ធ្វើស្រែ​នៅ​តំបន់​នោះ ។ ទី​២​នឹង​ក្លាយជា​តំបន់​ទេសចរណ៍​ដ៏​ស្រស់​ត្រកាល​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ទៅ​កម្សាន្ត​ដូច​សំណង់​ធារាសាស្ត្រ​អា​ចាង ក្នុង​​ឃុំ​អញ្ចាញ​រូង​ស្រុក​បរិបូណ៌​ដែរ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ