ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹក​ដើម​ផ្កា​លក់​តាម​រ៉ឺ​ម៉ក​ម៉ូតូ ពិតជា​ជួប​ការ​លំបាក ហើយ​មិនសូវ​កាក់កប (មានវីដេអូ​)

4 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៣ ខែធ្នូ ឆ្នាំ​២០២០ ស្ថិត​នៅ​ក្នុង​បរិវេណ វត្ត​ពោធិ​មា​រាម ហៅ​វត្ត​ប៉ា​ហ៊ី ក្នុងភូមិ​ប៉ា​ហ៊ី​ត្បូង សង្កាត់​ប៉ៃលិន…

ខេត្ត​ប៉ៃលិន ៖ កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៣ ខែធ្នូ ឆ្នាំ​២០២០ ស្ថិត​នៅ​ក្នុង​បរិវេណ វត្ត​ពោធិ​មា​រាម ហៅ​វត្ត​ប៉ា​ហ៊ី ក្នុងភូមិ​ប៉ា​ហ៊ី​ត្បូង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន មាន​បុរស​ចំនួន​៣​នាក់​បាន​ប្រកប​របរ​ដឹក​ដើម​ផ្កា​គ្រប់​ប្រភេទ​ពេញ​រ៉ឺ​ម៉ក​ម៉ូតូ​មក​ពី​ខេត្ត​ផ្សេង​ៗ ចូល​ស្នាក់​នៅ ដើម្បី​បន្ត​លក់ដូរ​នៅ​តាម​ភូមិ​ៗ​ក្នុង​ក្រុងប៉ៃលិន ។

បុរស​ទាំង​៣​នាក់​ដែល​ប្រកប​របរ​លក់​ដើម​ផ្កា​ខាងលើ ក្នុង​នោះ ១-​ឈ្មោះ ឆេ​ង ថា អាយុ​៣០​ឆ្នាំ ២-​ឈ្មោះ សុំ ឆាយ អាយុ​៣០​ឆ្នាំ និង​៣-​ឈ្មោះ សុខ លី​ន អាយុ​៣៥​ឆ្នាំ ។ បុរស​ទាំង​៣​នាក់​នេះ​រស់នៅ​ភូមិ​រកា ឃុំ​រកា ស្រុក​ពារាំង ខេត្តព្រៃវែង ។

បើ​តាម​សម្តី​របស់​បុរស​ទាំង​៣​នាក់​ខាងលើ​បាន​រៀបរាប់​ទាំង​ការ​ត្អូ ញ​ត្អែ​រ​ឱ្យ​ដឹង​ថា ពួក​គាស​ត់​មាន​គ្នា​៣​នាក់ បាន​ទិញ​ដើម​ផ្កា​ជា​ច្រើន​ប្រភេទ​ដូច​ជា ដើម​ផ្កាកូលាប​, ដើម​ផ្កាចំប៉ា​, ដើម​ចំប៉ី​, ប្រទាល​, ដើម​ស្លឹក​តើយ​, ដើម​ជ្រៃក្រឹម​, ដើម​ផ្កាក្រដាស​, ដើម​ផ្កាអ័រគីដេ​, ដើម​ផ្កាក្រវ៉ាន់​, ដើម​ផ្ការំដួល​ជាដើម ដោយ​ធ្វើ​ដំណើរ​លក់ដូរ​នៅ​តាម​បណ្តា​ខេត្ត​នានា​ទូ​ទាំង​ប្រទេស ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា ការ​ធ្វើ​ដំណើរ​លក់​ដើម​ផ្កា​បែប​ផ្សងព្រេង​នេះ ពិតជា​មានការ​លំបាក​ខ្លាំង ដោយ​យប់​ត្រង់​ណា​ដេក​ត្រង់​ហ្នឹង ហើយ​ជួនកាល​ក្នុង​១​ថ្ងៃ លក់​អត់​ដាច់​សូ​ម្បី​តែ​១​ដើម ។ ទោះបីជា​យ៉ាងណា ក៏​ពួក​គាត់​នៅ​តែ​ខិតខំ​ប្រឹងប្រែង​តស៊ូ​លក់​បន្ត​ទៀត ដើម្បី​ជីវភាព​គ្រួសារ ដោយ​ព្យាយាម​លក់​រហូត​ដល់​អ្នក​ភូមិ​ទិញ​ដើម​ផ្កា​ទាំងនោះ អស់ពី​រ៉ឺ​ម៉ក​ម៉ូតូ​ទើប​ពួក​គាត់​នាំ​គ្នា​ត្រឡប់​ចូល​ផ្ទះ​វិញ ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា ពួក​គាត់​គ្មាន​ដីស្រែ​ចម្ការ​ដាំ​ដុះ​នឹង​គេ​នោះ​ទេ មាន​តែ​របរ​មួយ​នេះ ដែល​ជា​មុខរបរ​សុចរិត បន្ទាប់​ពី​មក​ដល់​ខេត្ត​ប៉ៃលិន ក៏​បាន​សុំ​បរិវេណ​វត្ត​ព្រះសង្ឃ​ចត​ដើម្បី​សម្រាក​នាំ​គ្នា​ដាំបាយ​ហូប រហូត​ដល់​ព្រឹក ទើប​នាំ​គ្នា​ធ្វើ​ដំណើរ​បន្ត​លក់ដូរ​តាម​ដងផ្លូវ​ក្រែង​មាន​ប្រជាពលរដ្ឋ​ទិញ​យក​ទៅ​ដាំ​លំអ​មុខ​ផ្ទះ ឬ​មុខ​ផ្ទះសំណាក់ សណ្ឋាគារ​ជាដើម ។ ដើម​ផ្កា​គ្រប់​ប្រភេទ​ដែល​ពួក​គាត់​លក់​មាន​តម្លៃ​ចាប់ពី​៨០០០​រៀល រហូត​ដល់​១០​ម៉ឺន​រៀល តាម​ខ្នាត​តូច​ឬ​ធំ ព្រោះ​ទិញ​ពី​គេ​មក​ក៏​មាន​តម្លៃ​ខ្ពស់​ដែរ បើ​លក់ដូរ​ទាប​ជាង​នេះ មិន​រួចខ្លួន​នោះ​ទេ ។

តាម​ប្រភព​ដដែល​បាន​បញ្ជាក់​ថា ការ​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​បែប​នេះ ពិតជា​មានការ​ព្រួយបារម្ភ​ពី​សុវត្ថិភាព និង​បារម្ភ​ពី​ការ​ស្វែងរក​ប្រាក់ តាម​រយៈ​ការ​លក់​ផ្កា ព្រោះ​ពួក​គាត់​ធ្លាប់​ប្រកប​របរ​នេះ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ។ តែ​ការ​ធ្វើ​ដំណើរ​លក់ដូរ​ដើម​ផ្កា គ្មាន​បញ្ហា​ជួប​ប្រទះ​រឿង​ក្មេង​ទំនើង​មក​រករឿង​ពេល​យប់​ព្រលប់​នោះ​ទេ គឺ​មាន​សុខ​សុវត្ថិភាព​ជា​បន្តបន្ទាប់​តែ​ម្តង ។

តាម​ប្រភព​ដដែល​បាន​បញ្ជាក់​ថា នៅ​កន្លែង​ខ្លះ ពេល​ពួក​គាត់​ធ្វើ​ដំណើរ​ទៅ​ដល់​ក៏​មាន​ម្ចាស់​ហាង​លក់​ផ្កា​ខ្លះ​គេ​ទិញ​ច្រើន​ដើម្បី​ទុក​លក់​បន្ត​ផង​ដែរ លុះ​លក់ដាច់​អស់​ទើប​ពួក​គាត់​ត្រឡប់​ទៅ​ផ្ទះ​ជួបជុំ​ក្រុម​គ្រួសារ​ម្តង ហើយ​ក៏​ចាប់ផ្តើម​ទិញ​ដើម​ផ្កា​ដឹក​យក​ទៅ​លក់​តាម​បណ្តា​ខេត្ត​នានា​ដូច​ជា ខេត្តកណ្តាល ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ ខេត្តពោធិ៍សាត់ រហូត​ដល់​ខេត្តបាត់ដំបង ខេត្ត​ប៉ៃលិន ។

​បុរសជាអ្នកប្រកបរបរលក់ដើមផ្កាទាំង៣នាក់​ខាងលើ​​ក៏​សំណូមពរ​ឱ្យ​ប្រជាពលរដ្ឋ​រស់នៅ​តាម​ភូមិ​ឃុំ​​នានា​​ជួយ​​ទិញ​ផ្កា​របស់​ពួក​គាត់​​យក​ទៅ​ដាំ ដើម្បី​លម្អ​គេហដ្ឋាន ក៏​ដូច​ជា​ជួយ​ដល់​​ពួក​គាត់​ដែល​ប្រកប​របរ​មួយ​នេះ​មាន​ជីវភាព​ធូរធារ​ផង​ដែរ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ