ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តែម ម៉ឺន ស្នើ​ឱ្យ​ត្រួតពិនិត្យ​កីឡាករ​ប្រើ​ប្រាស់​សារជាតិ​ប៉ូវ​កម្លាំង​មុន​ឡើង​រេញ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​វេទិកា​សន្និសីទ​សារព័ត៌មាន បើក​ការ​ប្រដាល់​អធិរាជ​កម្លាំង​រេ​ដ​អាន កាលពី​ព្រឹក​ថ្ងៃ​ទី​៣ ខែមករា ឆ្នាំ​២០២០ លោក តែម ម៉ឺន…

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​វេទិកា​សន្និសីទ​សារព័ត៌មាន បើក​ការ​ប្រដាល់​អធិរាជ​កម្លាំង​រេ​ដ​អាន កាលពី​ព្រឹក​ថ្ងៃ​ទី​៣ ខែមករា ឆ្នាំ​២០២០ លោក តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​កម្ពុជា បាន​ស្នើ​ឱ្យ​ត្រួតពិនិត្យ​កីឡាករ​ទាំង​កម្ពុជា និង​ថៃ មុន​ឡើង​រេញ ដោយ​លោក​ប្រកាស​ថា ការ​ប្រើប្រាស់​ថ្នាំ ឬ​សារជាតិ​ជំនួយ​កម្លាំង​គ្រប់​ប្រភេទ ដើម្បី​ឱ្យ​មាន​កម្លាំង​ខ្លាំង​មុន​ឡើង​រេញ គឺជា​ករណី​ខុសច្បាប់​។

យ៉ាងណាមិញ លោក​សារភាព​ថា ស្ទើរតែ​១០០​ភាគរយ នៃ​ការ​រៀបចំ​ប្រដាល់​កន្លង​មក គឺ​ខាង​សហព័ន្ធ​មិន​ដែល​បាន​ត្រួតពិនិត្យ​ស្ថានភាព​នេះ​របស់​កីឡាករ​ទេ ដែល​អាច​នឹង​ធ្វើ​ឱ្យ​កើត​មាន​ករណី​នេះ ហើយ​សហព័ន្ធ​មិនដឹង​ក៏​មាន​ដែរ​។

លោក តែម ម៉ឺន និយាយ​ថា គឺជា​រឿង​ប្រសើរ​ណាស់​ដែល​ក្រុមហ៊ុន​ឯកជន គឺ​ក្រុមហ៊ុន​ភេសជ្ជៈ​រេ​ដ​អាន បាន​រួមចំណែក​រៀបចំ​ការ​ប្រដាល់​ជា​លក្ខណៈ​មិត្តភាព និង​គ្រោង​ដណ្ដើម​ខ្សែក្រវាត់​នៅ​លើស​ង្វៀ​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ ដែល​មិន​ខុស​ពី​ការ​លើក​ស្ទួយ​វិស័យ​ប្រដាល់​នៅ​កម្ពុជា​ឱ្យ​មានការ​រីក​ចំរើន​។

លោក​ថា ការ​រួមចំណែក​ពី​បណ្ដា​ក្រុមហ៊ុន​កាន់តែ​ច្រើន នឹង​ជួយ​ឱ្យ​កីឡាករ​ប្រដាល់​នៅ​កម្ពុជា មានឱកាស​ការងារ​កាន់តែ​ច្រើន ប៉ុន្តែ​លោក​ក៏​សម្ដែង​ការ​បារម្ភ​ផង​ដែរ ប្រសិនបើ​កីឡាករ​ដែល​មាន​ទីផ្សារ​ចាប់ផ្ដើម​លួច​ប្រើ​សារជាតិ​ជំនួយ ដើម្បី​ឱ្យ​ខ្លួន​អាច​វាយ​បាន​ល្អ វាយ​បាន​ញឹក​។

លោក​ថា មិន​ថា​ភេសជ្ជៈ​ប៉ូវ​កម្លាំង មិន​ថា​សារជាតិ​ជំនួយ​កម្លាំង នៅ​ក្នុង​សហព័ន្ធ មានច្បាប់​មិន​ឱ្យ​ប្រើ​ទេ ដោយសារ​តែ​សារជាតិ​ទាំងនោះ វា​ជួយ​ឱ្យ​សាមីខ្លួន​មាន​កម្លាំង​ខ្លាំង ប៉ុន្តែ​វា​គ្រោះថ្នាក់​ដល់​សុខភាព និង​ប៉ះពាល់​ដល់​សុខភាព ក្រោយ​ពេល​សារជាតិ​ទាំងនោះ​វា​សាបរលាប​។

លោក​ថា កន្លង​មក សហព័ន្ធ​បាន​ត្រឹមតែ​ណែនាំ​ប៉ុណ្ណោះ ប៉ុន្តែ​សម្រាប់​ការ​ត្រួតពិនិត្យ​ឱ្យ​ជាក់​ច្បាស់​ថា តើ​កីឡាករ​នោះ​មាន​សារជាតិ​ប៉ូវ​កម្លាំង​ខុស​ប្រក្រតី ឬ​ក៏​អត់? គឺ​មិន​មាន​តែ​ម្ដង​។ យ៉ាង​ណាមិញ​លោក​ថា ប្រសិនបើ​មាន​ករណី​ចាំបាច់ ឧទាហរណ៍​ថា មាន​កីឡាករ​ប្រើ​សារជាតិ​ប៉ូវ​កន្លង​​គួរ​ឱ្យ​កត់សម្គាល់​នោះ គឺ​លោក​នឹង​តម្រូវ​ឱ្យ​ត្រួតពិនិត្យ ហើយ​ពិន័យ​តាម​ផ្លូវច្បាប់​តែ​ម្ដង​។ (​កែ​សម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ