ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ែក​ខាងលិច​រាជធានី​ភ្នំពេញ​កំពុង​ក្លាយជា​តំបន់​លំនៅ​ឋាន​ដ៏​មាន​សក្ដានុពល

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តំបន់​ប៉ែក​ខាងលិច​នៃ​រាជធានី​ភ្នំពេញ​ដូច​ជា តំបន់​មួយ​ចំនួន​ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ តំបន់​មួយ​ចំនួន​ក្នុង​ខណ្ឌ​សែន​សុខ ឃើញ​ថា​ការ​អភិវឌ្ឍ​លំនៅ​ឋាន ជា​ពិសេស​លំនៅ​ឋាន​ជា​លក្ខណៈ​បុរី មាន​សកម្មភាព​ផុសផុល​ខ្លាំង ដែល​ធ្វើ​ឱ្យ​តំបន់​ទាំងនោះ ក្លាយជា​តំបន់​អភិវឌ្ឍន៍​លំ​ឋាន​ដ៏​មាន​សក្ដានុពល…

រាជធានី​ភ្នំពេញ ៖ តំបន់​ប៉ែក​ខាងលិច​នៃ​រាជធានី​ភ្នំពេញ​ដូច​ជា តំបន់​មួយ​ចំនួន​ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ តំបន់​មួយ​ចំនួន​ក្នុង​ខណ្ឌ​សែន​សុខ ឃើញ​ថា​ការ​អភិវឌ្ឍ​លំនៅ​ឋាន ជា​ពិសេស​លំនៅ​ឋាន​ជា​លក្ខណៈ​បុរី មាន​សកម្មភាព​ផុសផុល​ខ្លាំង ដែល​ធ្វើ​ឱ្យ​តំបន់​ទាំងនោះ ក្លាយជា​តំបន់​អភិវឌ្ឍន៍​លំ​ឋាន​ដ៏​មាន​សក្ដានុពល និង​ជំរុញ​ឱ្យ​ក្រុមហ៊ុន​អភិវឌ្ឍន៍​លំនៅ​ឋាន​ក្នុងស្រុក​ជា​ច្រើន​សម្រុក​ទៅ​អភិវឌ្ឍន៍​តំបន់​ទាំងនោះ​កាន់តែ​ច្រើន ។

បើ​តាម​តំណាង​ក្រុមហ៊ុន​អភិវឌ្ឍន៍​លំនៅ​ឋាន​បុរី​ភ្នំពេញ​ថ្មី ក្នុង​តំបន់​ភាគ​ខាងលិច​នៃ​រាជធានី​ភ្នំពេញ បានឱ្យ​ដឹង​ថា ក្រុមហ៊ុន​បាន​បង្កើត​គម្រោង​ថ្មី​ៗ​ដែល​មាន​ជា​ច្រើន​ខ្នង​ផ្ទះ​នៅ​តំបន់​ភាគ​ខាងលិច​នៃ​រាជធានី​ភ្នំពេញ ជា​ពិសេស​នៅ​តំបន់​សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ ដោយសារ​តែ​តំបន់​នេះ​ពេល​បច្ចុប្បន្ន​ខុស​ពី​មុន ។

បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​អភិវឌ្ឍន៍​លំនៅ​ឋាន​ជា​ច្រើន​បាន​បោះទីតាំង បង្កើត​គម្រោង​អភិវឌ្ឍន៍​លំនៅ​ឋាន​ជា​ច្រើន​ដើម្បី​ផ្ដល់​ជូន​ប្រជាពលរដ្ឋ​ដែល​កំពុង​មាន​តម្រូវការ​លំនៅ​ឋាន​ស្នាក់​នៅ ។ លោក​បន្ត​ថា​៖ «​តំបន់​ខាងលិច​រាជធានី​ភ្នំពេញ ត្រូវ​បាន​រាជរដ្ឋាភិបាល​អភិវឌ្ឍន៍​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ ភ្លើង ទឹក និង​ប្រព័ន្ធ​លូ ដូច្នេះ​លែង​ក្លាយជា​តំបន់​វាលស្រែ​ដូច​មុន​ទៀត​ហើយ ។ វា​ក្លាយជា​តំបន់​ដែល​មាន​សក្ដានុពល​ខ្ពស់​លើ​ការ​អភិវឌ្ឍន៍​លំ​ឋាន​លក្ខណៈ​បុរី ដែល​វា​នៅ​មិន​ឆ្ងាយ​ពី​ផ្សារ​ទំនើប​អ៊ី​អន​ពីរ និង​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ដូច្នេះ​ហើយ​ទើប​ប្រជាពលរដ្ឋ​ចង់​មក​ស្នាក់​នៅ​តំបន់​មួយ​នេះ​» ។

លោក​បន្ថែម​ទៀត​ថា ការ​អភិវឌ្ឍន៍​អ្វីមួយ​គឺ​អាស្រ័យ​លើ​តម្រូវការ បើ​គ្មាន​តម្រូវការ​ក៏​គ្មាន​ការ​ផ្គត់ផ្គង់​ដែរ ។ ដូច្នេះ​ការ​អភិវឌ្ឍ​របស់​បុរី​ភ្នំពេញ​ថ្មី ក៏​ដូច​ជា​បុរី​ផ្សេង​ទៀត​ក្នុង​តំបន់​ភាគ​ខាងលិច​រាជធានី​ភ្នំពេញ​នេះ​ដែរ ក៏​ដោយសារ​តែ​មាន​តម្រូវការ​ពី​ប្រជាពលរដ្ឋ​ដែល​ត្រូវការ​លំនៅ​ឋាន​សម្រាប់​ស្នាក់​នៅ និង​ដោយសារ​តែ​កំណើន​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ​កាន់តែ​ច្រើន ។

យោង​តាម​ការ​បញ្ជាក់​ពី​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា បានឱ្យ​ដឹង​ថា លំនៅ​ឋាន​បុរី មិន​អាច​សង់​បាន​ទៀត​ទេ​នៅ​តំបន់​កណ្ដាល​ក្រុង ព្រោះ​តម្លៃ​ដីធ្លី​កាន់តែ​ឡើងថ្លៃ​ដូច្នេះ​ហើយ​គេ​ទុក​តំបន់​កណ្ដាល​ក្រុង​ធ្វើ​ជា​អគារ​ពាណិជ្ជកម្ម និង​អគារ​ខុន​ដូ​ជាដើម ដោយ​អ្នក​អភិវឌ្ឍន៍​លំនៅ​ឋាន​ត្រូវការ​ស្វែងរក​ទីតាំង​នៅ​តំបន់​ជាយ​រាជធានី ដើម្បី​អភិវឌ្ឍន៍​នូវ​គម្រោង​របស់​ខ្លួន ។

លោក ច្រឹ​ក សុខ​នី​ម ប្រធាន​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនទ្រព្យ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ការ​អភិវឌ្ឍ​ទីក្រុង គឺ​ត្រូវ​តែ​រីក​ទៅ​តំបន់​ជាយ​ៗ ដោយសារ​តែ​តំបន់​ជាយ​ៗ​មាន​តម្លៃ​ដីធ្លី​នៅ​ទាប ដែល​ធ្វើ​ឱ្យ​អ្នក​អភិវឌ្ឍន៍​លំនៅ​ឋាន​ជា​បុរី​ត្រូវការ​ស្វែងរក​ទីតាំង​នោះ​ដើម្បី​អភិវឌ្ឍន៍​គម្រោង​របស់​ខ្លួន ។ ចំណែក​អ្នក​ចង់​ទិញ​លំនៅ​ឋាន​ជា​លក្ខណៈ​បុរី​ស្នាក់​នៅ ក៏​ត្រូវ​តែ​ស្វែងរក​នៅ​តំបន់​ឆ្ងាយ​ពី​កណ្ដាល​ក្រុង​ដែរ ព្រោះ​កណ្ដាល​តម្លៃ​ផ្ទះ​ក៏​កាន់តែ​ឡើង​ខ្ពស់​ដូច​គ្នា ដូច្នេះ​អ្នកមាន​ជីវភាព​សមរម្យ​ល្មម​ត្រូវ​ទៅ​ស្នាក់​នៅ​កាន់តែ​ឆ្ងាយ​ពី​កណ្ដាល​ក្រុង ។

បើ​តាម​លោក ឡៅ ទិព្វ​សីហា រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បានឱ្យ​ដឹង​ថា កំណើន​លំនៅ​ឋាន​ក្នុង​ប្រទេស​កម្ពុជា មានការ​កើន​ឡើងជា​បន្តបន្ទាប់ ដោយសារ​តែ​កំណើន​ប្រជាពលរដ្ឋ និង​កំណើន​អ្នកមាន​គ្រួសារ​ថ្មី​កាន់តែ​ច្រើន ។ លោក​បន្ត​ថា​៖ «​តាម​ការ​ព្យាករណ៍​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ថា តម្រូវការ​លំនៅ​ឋាន​ក្នុង​ប្រទេស​កម្ពុជា នឹង​កើន​ដល់ ១​លាន​ខ្នង​ក្នុង​មួយ​ឆ្នាំ នៅ​ឆ្នាំ ២០៣០ ដូច្នេះ​ទាមទារ​ឱ្យ​មានការ​វិនិយោគ​បន្ថែម​ទៀត ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​» ។

បើ​តាម​របាយការណ៍​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បានឱ្យ​ដឹង​ថា ក្នុង​ឆ្នាំ ២០១៩​ក្រសួង​បាន​ចេញ​លិខិត​សាងសង់​លំនៅ​ឋាន​សរុប ៧៣២​គម្រោង ក្នុង​ទុន​វិនិយោគ ៦៦១,២៧​លាន​ដុល្លារ​អា​មេ​រិ​ក ស្មើនឹង ៣៨.៤៨៨​ខ្នង​ល្វែង ។ ចំណែក​បុរី​លំនៅ​ឋាន និង​បណ្ដុំ​លំនៅ​ឋាន​លក្ខណៈ​បុរី នៅ​ទូ​ទាំង​ប្រទេស​វិញ មាន​ចំនួន ៤០​គម្រោង ស្មើនឹង ១៦.៥៨៩​ខ្នង មាន​ទុន​វិនិយោគ​ប្រមាណ ៨២១​លាន​ដុល្លារ​អា​មេ​រិ​ក ។ ដោយឡែក​អគារ​ផ្ទះល្វែង និង​ភូមិ​គ្រឹះ​ទូ​ទាំង​ប្រទេស​មាន ២០.៧៨១​ល្វែង​/​ខ្នង មាន​ទុន​វិនិយោគ​ជិត ២​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ