ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះ​វិស្ណុ នៅ​ប្រទេស​ថៃ មរតក​វប្បធម៌​ខ្មែរ​បុរាណ

4 ឆ្នាំ មុន
  • ភ្នំពេញ

នៅ​ក្នុង​ព្រះ​វិហារ​នៃ​វត្ត​ព្រះ​មហា​ធាតុ (​វរ​មហាវិហារ​) ក្នុង​ទីរួមខេត្ត មឿង​នគរ (​ស្រី​ធម្មរាជ​) ដែល​ស្ថិត​ក្នុង​ភូមិភាគ​ខាងត្បូង​នៃ​ព្រះរាជាណាចក្រ​ថៃ​បច្ចុប្បន្ន យើង​បានឃើញ​ក្នុង​ចំណោម​ព្រះ​បដិមា​បុរាណ​ជា​ច្រើន វត្តមាន​របស់​ព្រះ​វិស្ណុ​មួយ​អង្គ គួរ​ឲ្យ​ចាប់អារម្មណ៍ ។…

នៅ​ក្នុង​ព្រះ​វិហារ​នៃ​វត្ត​ព្រះ​មហា​ធាតុ (​វរ​មហាវិហារ​) ក្នុង​ទីរួមខេត្ត មឿង​នគរ (​ស្រី​ធម្មរាជ​) ដែល​ស្ថិត​ក្នុង​ភូមិភាគ​ខាងត្បូង​នៃ​ព្រះរាជាណាចក្រ​ថៃ​បច្ចុប្បន្ន យើង​បានឃើញ​ក្នុង​ចំណោម​ព្រះ​បដិមា​បុរាណ​ជា​ច្រើន វត្តមាន​របស់​ព្រះ​វិស្ណុ​មួយ​អង្គ គួរ​ឲ្យ​ចាប់អារម្មណ៍ ។

ឯកសារ​លោក​បណ្ឌិត​មី​សែ​ល ត្រា​ណេ បាន​បកស្រាយ​ពី​ប្រវត្តិ និង​តួនាទី​នៃ​ចម្លាក់​នេះ​ក្នុង​វប្ប​ធម៌​ខ្មែរ នា​សម័យ​វប្បធម៌​ហ្វូ​ណ​ន​។ ជា​ការណ៍​ពិត​ណាស់​ដែល​សព្វ​ថ្ងៃនេះ ខេត្ត​នគរ​ស្រី​ធម្មរាជ ស្ថិត​ក្នុង​បង្គោល ខណ្ឌសីមា​ នៃ​ព្រះរាជាណាចក្រ​ថៃ ប៉ុន្តែ​ដោយ​សំអាង​លើ​កាល​ប្ប​ប្រវត្តិ​ចិន នា​សតវត្សរ៍​ទី​៣ យើង​អាច​ដឹង​ថា ដើម​ឡើយ​ខេត្ត​នេះ គឺជា​ភាគ​មួយ​នៃ​រដ្ឋ​ខ្មែរ​ដំបូង​បង្អស់ ។

ចម្លាក់​ដ៏​កម្រ​នេះ​ដែរ​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​បុរាណ​ស្ថាន​មួយ​នៃ​វត្ត​ព្រែ​ង ក្នុងភូមិ​វត្ត ព្រះ​ព្រែ​ង ស្រុក​ណា​សាន ឃុំ​ព្រហ្ម ខេត្ត​នគរ​ស្រី​ធម្មរាជ មាន​កម្ពស់​ប្រមាណ​ជា​០,៦៥​ម៉ែត្រ ហើយ​ធ្វើ​អំពី​ថ្ម (​រូបភាព​ទី​១) ។ ម្យ៉ាងវិញទៀត ភិនភាគ​នៃ​ចម្លាក់​ព្រះ​វិស្ណុ​នេះ មិន​ខុស​ប្លែក​ប៉ុន្មាន​ពី​ចម្លាក់​មួយ​ទៀត​ដែល​គេ​បាន​ជួប​ប្រទះ​ក្នុង​ខេត្ត​ខាងលើ​នេះ (​រូបភាព​ទី​២) ។

ប្រភព​បុរាណវិទ្យា​បាន​ឲ្យ​ដឹង​ថា វត្ត​នោះ គឺជា​ទីប្រជុំជន​បុរាណ​ដ៏​សំខាន់​មួយ ស្ថិត​នៅ​ទិស​ខាង​លិច​ឆៀង​ខាងត្បូង ចម្ងាយ​ប្រមាណ​ជា ៨​គីឡូម៉ែត្រ ពី​ទីក្រុង ហើយ​ជា​បុរាណ ខេត្ត​នគរ​ស្រី​ធម្មរាជ​បច្ចុប្បន្ន ។ លក្ខណៈ​ពិសេស ដែល​គេ​ត្រូវ​យកចិត្តទុកដាក់ គឺ​ដងខ្លួន​របស់​ព្រះ​វិស្ណុ​នោះ មាន​រាងស្តើង សំប៉ែត ។ នៅ​ទី​នេះ ព្រះ​អាទិទេព​ទ្រង់​គ្រង​សំពត់​វែង​មួយ (​ធោ​តី​) ព្រះ​ហត្ថ​ខាងឆ្វេង​កាន់​ខ្យងស័ង្ខ ខាងស្តាំ​កាន់​ផែនដី ឬ​ភូគោល ។

ដើម្បី​បញ្ជាក់​ឲ្យ​អស់​មន្ទិល​សង្ស័យ​នូវ​ចំណាស់​នៃ​ព្រះ​បដិមា​បែប​ព្រាហ្មណ៍​និយម​នោះ យើង​ត្រូវ​សិក្សា​ថា ក្រៅពី​ខេត្ត​នគរ​ស្រី​ធម្មរាជ​សព្វ​ថ្ងៃនេះ ថា​តើ​មាន​ប្រភេទ​ព្រះ​វិស្ណុ​នៅ​ភូមិភាគ​ខាងត្បូង​នៃ​ប្រទេស ថៃ​ដែរ​ឬទេ ? តាម​ពិត​ទៅ​នៅ​ក្នុង​ទីក្រុង​បុរាណ​អង្គរបុរី និង​នៅ​កំពង់​ផែ​អូរ​កែវ គេ​ក៏​បាន​ប្រទះ​នូវ​ចម្លាក់​ដូច​គ្នា មួយ​ចំនួន​ដែរ ដែល​អាយុកាល​ស្ថិត​ក្នុង​អម្លុង​សតវត្សរ៍​ទី​៣-៤​នៃ​គ្រឹ​ស្ត​សករាជ ។

ការ​រក​ឃើញ​នូវ​ចម្លាក់​បុរាណ​នេះ ក្រៅពី​ធ្វើ​ឲ្យ​យើង​ឃើញ​នូវ​ឧត្តមភាព​នៃ​លទ្ធិ​ព្រហ្មញ្ញសាសនា ថែម​ទាំង​បាន​ជួយ​ជំរុញ ការ​ស្រាវជ្រាវ​អំពី​ប្រវត្តិសាស្ត្រ​នៃ​អាណាចក្រ​ហ្វូ​ណ​ន​បន្ថែម​ទៀត​។ បើ​និយាយ មួយ​បែប​ទៀត គេ​អាច​ចាត់​ទុក​ថា ចម្លាក់​បុរាណ​នោះ គឺជា​មូលដ្ឋាន​គ្រឹះ​សម្រាប់​អភិ​វឌ្ឍន៍​ចំណេះដឹង​ស្តី​ពី​រដ្ឋ​ហ្វូ​ណ​ន ដែល​វត្តមាន​ត្រូវ​បាន​កត់ត្រា​ដោយ​កំណត់ហេតុ​ចិន ៕ (​កែ​សម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ