រាជធានីភ្នំពេញ ៖ចាប់ពីឆ្នាំ២០២០នេះតទៅតារាចម្រៀងមាស សុខសោភា បានប្រកាសជំហរជាថ្មីថា ខ្លួននៅតែបើកចិត្តទទួលយកគ្រប់បណ្តាផលិតកម្មនានាដែលមានបំណងអញ្ជើញនាងឲ្យចូលរួមសហការលើវិស័យបទចម្រៀង ។ ការប្រកាសជំហរជាថ្មីពីកំពូលតារាចម្រៀងរូបនេះបានធ្វើឡើង បន្ទាប់ពីកាលពីឆ្នាំចាស់កន្លងទៅនាងបានទទួលជោគជ័យធំៗជាច្រើនក្នុងការបង្ហាញស្នាដៃ និងរួមដៃគ្នាជាមួយសិល្បករ ផ្សេងៗទៀត ។
ក្នុងពេលដែលមាស សុខសោភា គ្មានកិច្ចសន្យាផ្តាច់មុខឲ្យផលិតកម្មណាមួយនោះ តារាចម្រៀងរូបនេះបានប្រើអាជីពរបស់ខ្លួនជាតារាចម្រៀងឯករាជ្យ និងបើកជំហរទទួលយកការសហការពីផលិតកម្ម ផ្សេងៗ និងសិល្បករនានា ក្នុងរួមចំណែកលើកស្ទួយវិស័យសិល្ប:ចម្រៀងខ្មែរ ។
មាស សុខសោភា បានអះអាងថា «សម្រាប់ឆ្នាំ ២០២០ នេះនាងខ្ញុំនៅតែបន្តការខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីស្វែងរកចំណីអារម្មណ៍ថ្មីផ្សេងទៀត ជូនដល់ពុក ម៉ែ បងប្អូនទាំងអស់ ដោយឡែកនាងខ្ញុំនឹងផ្តោតខ្លាំងលើផលិតកម្ម Camtraxmusic ដែលជាផលិតកម្មផ្ទាល់ខ្លួនរបស់ខ្ញុំ ហើយក៏សូមស្វាគមន៍បងប្អូនសិល្បករគ្រប់រូប ក៏ដូចជាផលិតកម្ម ផ្សេងៗសម្រាប់អញ្ជើញនាងខ្ញុំចូលរួមសហការដើម្បីវិស័យចម្រៀងខ្មែរ ។
សម្រាប់ខ្ញុំ 2019 គឺជាអនុស្សារីយ៍ដែលពោរពេញដោយស្នាមញញឹម ២០១៩ ជាមួយការសម្តែងអស្ចារ្យ AseanFantasia2019 ជាការបង្ហាញស្នាដៃបទចម្រៀងខ្មែរលើឆាកអន្តរជាតិ ២០១៩ ជាឆ្នាំនៃភាពជោគជ័យនៃបទ រលឹម ប្រុយៗ ស្នាដៃនិពន្ធរបស់ប្អូនប្រុស សោម ដូរ៉េ ២០១៩ ឆ្នាំនៃការលើកតម្កើនស្នាដៃបទចម្រៀងខ្មែរតាមរយៈកម្មវិធីស្នាដៃកូនខ្មែរសម្រាប់មាស សុខសោភា។
ហើយនាងខ្ញុំពិតជាសប្បាយចិត្តនៅពេលដែលកវីនិពន្ធក្នុងកម្មវិធីទទួលបានឱកាសការងារជាបន្តបន្ទាប់ ជាមួយភាពជោគជ័យ និងស្នាមញញឹមទាំងអស់នេះ នាងខ្ញុំសូម អរគុណដល់ក្រុមគ្រួសារដែលតែងតែផ្តល់កម្លាំងចិត្ត និងភាពកក់ក្តៅ អរគុណដល់ក្រុមការងារទាំងអស់ដែលបានខិតខំប្រឹងប្រែងជាមួយគ្នាក្នុងរយៈពេលមួយឆ្នាំពេញ អរគុណដល់សម្តេច ឯកឧត្ដម លោកឧកញ៉ា អស់លោកស្រី លោកស្រី និងបណ្តាក្រុមហ៊ុនទាំងអស់ដែលតែងតែផ្តល់កិត្តិយសដល់នាងខ្ញុំគ្រប់កម្មវិធី អរគុណដល់អ្នកគាំទ្រទាំងអស់ដែលនៅតែងផ្តល់នូវកម្លាំងចិត្តជាពិសេសដល់នាងខ្ញុំក្នុងបន្តដំណើរនៅលើវិថីនៃវិស័យចម្រៀងមួយនេះ បើគ្មានអ្នកទេ នោះក៏គ្មានខ្ញុំដូចគ្នា »។
តារាចម្រៀងមាស សុខសោភា ក្រៅពីបង្ហាញបទចម្រៀងក្នុងផលិតកម្មថោន និងផលិតកម្មផ្ទាល់ខ្លួននោះ នាងក៏តែងតែបង្ហាញខ្លួននៅក្នុងបទចម្រៀងជាបន្តបន្ទាប់ជាតារាចម្រៀងជើងថ្មីក្នុងការចេញបទOriginal song ផងដែរ ។ បទចម្រៀងទាំងអស់ក៏ទទួលបានជោគជ័យ និងមានការគាំទ្រពីប្រិយមិត្តអ្នកស្តាប់ផងដែរ ខណៈពេលក្នុងឆ្នាំថ្មីនេះប្រិយមិត្តគាំទ្ររំពឹងថា នឹងទទួលបានបទចម្រៀង ថ្មីៗរបស់នាងបន្ថែមទៀតដែរ ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ