ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ឃុំជនសង្ស័យ3យប់3ថ្ងៃ ដើម្បីបង្ខំ ទារ​ប្រាក់2.400$ផង?

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​៖ អធិការ​នគរបាល​ស្រុក​ឯក​ភ្នំ ត្រូវ​បាន​គេ​ទម្លាយ​ឲ្យ​ដឹង​ កាលពី​រសៀល​ថ្ងៃ​ទី​០១ មក​រា ថា បាន​ចាប់​បុរស​ម្នាក់​យក​ទៅ​ឃុំខ្លួន​អស់រយៈពេល​៣​យប់​៣​ថ្ងៃ ដើម្បី​បង្ខំ​ទារ​ប្រាក់​ចំនួន​២.៤០០​ដុល្លារ ជា​ថ្នូរ​នឹង​ការ​ដោះ​លែង​ឱ្យមាន​សេរីភាព​វិញ ​ដោយ​មិន​បាន​រាយ​ការ​ណ៍ជូន​លោកស្នងការ​ខេត្ត…

ខេត្តបាត់ដំបង​៖ អធិការ​នគរបាល​ស្រុក​ឯក​ភ្នំ ត្រូវ​បាន​គេ​ទម្លាយ​ឲ្យ​ដឹង​ កាលពី​រសៀល​ថ្ងៃ​ទី​០១ មក​រា ថា បាន​ចាប់​បុរស​ម្នាក់​យក​ទៅ​ឃុំខ្លួន​អស់រយៈពេល​៣​យប់​៣​ថ្ងៃ ដើម្បី​បង្ខំ​ទារ​ប្រាក់​ចំនួន​២.៤០០​ដុល្លារ ជា​ថ្នូរ​នឹង​ការ​ដោះ​លែង​ឱ្យមាន​សេរីភាព​វិញ ​ដោយ​មិន​បាន​រាយ​ការ​ណ៍ជូន​លោកស្នងការ​ខេត្ត ឬ​លោក​ព្រះរាជ អាជ្ញាឱ្យ​បាន​ជ្រាប​ឡើយ ក្នុងអំឡុងពេល​នៃ​ការ​ឃុំខ្លួន​មនុស្ស​ពី​បទ​ប្រើ​ «​ហិង្សា​»​ ។ យោង​តាម​ប្រភព​ព័​ត៌​មាន​ដែល​គួរ​ឱ្យទុកចិត្ត​មួយ​ដែល​បាន​ប្រាប់​កោះសន្តិភាព​ថា បុរស​ម្នាក់​ឈ្មោះ វ៉ូ អាយុ​ជាង​២០​ឆ្នាំ រស់នៅ​សង្កាត់​ស្លា​កែ​ត ក្រុង​បាត់ដំបង ត្រូវ​កម្លាំង​នគរបាល​ស្រុក​ឯក​ភ្នំ​ចាប់​វាយ​ខ្នោះ កាលពី​ល្ងាច​ថ្ងៃ​ទី​២៨ ធ្នូ ២០១៩ កន្លង​ទៅ​ថ្មី​នេះ ​នៅផ្ទះ​អតីត​ភរិយា​ឈ្មោះ​វិ​ន វ៉ា​ន់​លឿ​ប អាយុ​ជាង​២០​ឆ្នាំ​ដែរ រស់នៅ​ក្នុងស្រុក​ឯក​ភ្នំ ខណៈ​ដែល​បុរស​នេះ​ទៅ​លេង​កូន ហើយ​មានការ​ឈ្លោះប្រកែក​គ្នា​រវាង​អតីត​ប្ដី​-ប្រពន្ធ​នេះ​។

ប្រភព​​បន្ត​ទៀត​ថា ប្ដី​ប្រពន្ធ​នេះ​បាន​ប្ដឹង​លែងលះ​គ្នា​ហើយ តែ​ធ្វើ​ឡើង​ត្រឹមអាជ្ញាធរ​ឃុំ​ ។ ក្រោយ​ពី​លែង​លះ ភាគី​ខាង​ប្រុស​បាន​ធ្វើ​ចំណាកស្រុក ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ តែ​បាន​សន្យា​ផ្ញើ​លុយ​១​ខែ​ចំនួន​៣,០០០​បាត ដើម្បី​ចិញ្ចឹម​កូន​ ។ ជាមួយនឹង​ការ​សន្យា បុរស​នេះ​តែង​ផ្ដាំផ្ញើ​ជា​និច្ច​ឲ្យ​អតីត​ភរិយា​មើលថែ​កូន​ឲ្យ​បាន​ដិត​ដល់ និង​បាន​ផ្ញើ​លុយ​រាល់​ខែ​ឲ្យ​អតីត​ប្រពន្ធ​តាម​ការ​សន្យា ​។ ប៉ុន្តែ​នៅ​ក្នុង​ឱកាស​ឆ្លង​ឆ្នាំ​សាកល​នេះ បុរស​នេះ​បាន​វិល​ត្រឡប់​មក​ស្រុក​កំណើត ដើម្បី​មក​លេង​កូន ​។ អ្នក​ទម្លាយ​ព័​ត៌មាន​ខាងលើ​នេះ ​បាន​បញ្ជាក់​​ថា ពេល​មក​ដល់​ស្រុក បុរស​នេះ​បាន​ឆ្លៀត​ទៅ​ជួប​កូន​នៅផ្ទះ​ខាង​ប្រពន្ធ និង​បាន​សួរសុខទុក្ខ​កូន​។ ប៉ុន្តែ​គ្រានោះ​ស្រាប់តែ​កូន​តូច​បាន​រៀបរាប់​ប្រាប់​ឪពុក​ថា «​ម៉ាក់​របស់​ខ្លួន ហាក់​មិនសូវ​គិត​គូរ​​មើលថែ​ខ្លួន
​(​កូន​)​ទេ​»​។ គ្រាន់តែ​ឮ​កូន​ពោល​ដូច្នេះ បុរស​ជា​ឪពុក​ក៏​សួរនាំ​អតីត​ប្រពន្ធ រហូត​តឹង​សរសៃ ក៏​បង្ក​ជា​ជម្លោះ​ឈាន​ដល់​ផ្ទុះ​ហិង្សា​រ​តែ​ម្ដង​។ បើ​តាម​ប្រភព​ព​ដដែល បាន​បញ្ជាក់​ថា ពេល​ដែល​មានការ​ប្រទូស្ដ​រ៉ាយគ្នា អតីត​ប្ដីបាន​វាយដំ​លើ​អតីត​ប្រពន្ធ​ឡើង​ជាំមុខ និង​ប្រើ​កាំបិត​ចាក់​ត្រូវ​ក្បាល​ បណ្ដាល​ឲ្យ​មានរ​របួស​ទៀត​ផង​។ ប៉ុន្តែ​ក្រោយ​ផ្ទុះ​ជម្លោះ សមត្ថកិច្ច​ក៏​បាន​ចុះ​មក​ចាប់ខ្លួន​បុរស​នោះ​យក​ទៅ​ភ្លាម​ៗ តាម​បណ្ដឹង​របស់​អតីត​ភរិយា​។

ជុំវិញ​ការ​ចាប់ខ្លួន​បុរស​ឈ្មោះ​វ៉ូ យក​ទៅ​ឃុំឃាំងនៅ​អធិការ​ស្រុក ក្រោម​បទ​ចោទ​ប្រើ​អំពើ​«​ហិ​ង្សា​» នេះ បើ​តាម​ក្រុម​គ្រួសារជនសង្ស័យបាន​ប្រាប់​កោះសន្តិភាព​ថា អតីត​ប្រពន្ធ​ឈ្មោះ​វិ​ន វ៉ា​ន់​លឿ​ប បាន​ប្ដឹង​ទា​រ​សំណង​ចំនួន​២.០០០​ដុល្លារពី​អតីត​ប្ដី​។ ប៉ុន្តែ​នៅ​ក្នុង​អំឡុងនៃ​ការ​ឃុំខ្លួន​នោះ មន្ត្រី​ជំនាញ​មិន​អនុញ្ញាត​​ឲ្យ​ក្រុម​គ្រួសារ​ជនសង្ស័យ ឬជនសង្ស័យជួប​ជាមួយ​ដើមបណ្ដឹង ដើម្បី​ចរ​ចា​សំណង​ទេ គឺ​អ្វី​ៗ​ស្ថិត​នៅ​លើ​សមត្ថកិច្ច​ដែល​សួរ​ចម្លើយ​នោះ ជា​អ្នក​ចាត់ចែង​ទាំងអស់ បើ​ទោះជា​ភា​គី​ខាង​ជនសង្ស័យ​ទទូច​សុំ​ច​រចា​​សំណង​​ជាមួយ​ដើមបណ្ដឹង​យ៉ាងណា​ក្ដី​ ។ សាច់ញាតិ​ជនសង្ស័យ​ម្នាក់​និយាយ​ថា សមត្ថកិច្ច​បាន​ព្យាយាម​គ្រប់​បែប​យ៉ាង មិន​ឲ្យ​ភាគី​ទាំង​២​ជួប​និយាយ​គ្នា​។ ម្ដាយ​ជនសង្ស័យ​បាន​ព្យាយាម​សុំ​ប​ន្ធូរ​បន្ថយ​សំណង តែ​ត្រូវ​រារាំង​ដោយ​សមត្ថកិច្ច​។ មន្ត្រី​នោះ ​បាន​អះអាង​ជំនួស​ដើមបណ្ដឹង​ថា «​ដើមបណ្ដឹង​មិន​ព្រម​ទេ គឺ​ត្រូវ​តែ​បង់គ្រប់​ចំនួន​២.០០០​ដុល្លា​»​។

ប្រភព​ដដែល​នេះ​បាន​រៀបរាប់​ដែរ​ថា រយៈ​ពេល​នៃ​ការ​ឃុំខ្លួន​ជនសង្ស័យ​ប៉ុន្មាន​ថ្ងៃ​នោះ គឺ​ម្ដាយ​ជន​សង្ស័យ​បាន​ព្យាយាម​ច្រើន​លើក​ច្រើន​សារ ដើម្បី​សុំ​ជួប​ដើមបណ្ដឹង តែ​សមត្ថកិច្ច​នៅ​តែ​ទប់ស្កាត់​មិន​ឲ្យ​ភាគី​ទាំង​២​ជួប​គ្នា​ដដែល​។ មិនតែប៉ុណ្ណោះ សមត្ថកិច្ច​បាន​បង្ខំ​ដដែល​ឲ្យ​ម្ដាយ​ជនសង្ស័យ​លក់​ម៉ូតូ ដើម្បី​យក​លុយ​ទៅ​បង់​ឲ្យ​ភាគី​រង​គ្រោះ​ទៀត​ផង ​។ ប្រភព​បាន​បន្ថែម​ថា ដោយសារ​អស់តំរិះ ម្យ៉ាង​សមត្ថកិច្ច​ចេះ​តែ​គំរាម​ដដែល​ថា នឹង​បញ្ជូន​ជនសង្ស័យ​ទៅ​ដាក់គុក​យ៉ាងតិច​៥​ឆ្នាំ​ដោយ​មិន​ចាំបាច់​ឆ្លងកាត់​ស្នងការ​ខេត្ត ឬតុលាការ​ឡើយ ធ្វើ​ឲ្យ​ម្ដាយ​ជនសង្ស័យ​កាន់តែ​ភ័យ​ខ្លាច ទើប​គាត់​សម្រេច​យក​ម៉ូតូ​កូន​ទៅ​បញ្ចាំ​គេ បាន​ប្រាក់​ចំនួន​១.០០០​ដុល្លារ និង​ដើរ​សំពះ​អង្វរ​ខ្ចីបុល​គេ​បាន​ចំនួន​១.៤០០​ដុល្លារ​ទៀត ដើម្បី​យក​ទៅ​បង់​ជូនលោក​សមត្ថកិច្ច​។

ប្រភព​ដែល​គួរ​ឲ្យ​ជឿជាក់​នេះ​បាន​បញ្ជាក់​ថា ក្នុង​ចំណោម​ទឹកប្រាក់​ចំនួន​២.៤០០​ដុល្លា​រនេះ គឺ​ត្រូវ​បង់​ឲ្យ​អតីត​ប្រពន្ធ​ចំនួន​២.០០០​ដុល្លារ និងបង់​ឲ្យ​លោក​មន្ត្រី​ជំនាញ​ចំនួន​៤០០​ដុល្លារ ​។ ប៉ុន្តែ​លោក​មន្ត្រី​ជំនាញ​មិន​ស្ងប់​ទេ គាត់​បាន​ទាមទារ​ប្រាក់​ពី​ជន​រង​គ្រោះ​ចំនួន​៥០០​ដុល្លា​របន្ថែម​ទៀត តាម​មហិច្ឆតា​របស់​គាត់​។ ដូច្នេះ​ សរុប​លទ្ធផល​មក ជនសង្ស័យ​ខាតបង់​ចំនួន​២.៤០០ដុល្លារ រីឯ​ជន​រង​គ្រោះ​ទ​ទូល​បាន​សំណង​១.៥០០​ដុល្លារ ខណៈ​លោក​មន្ត្រី​ជំនាញ​ទ​ទួល​បាន​ប្រាក់​ចំណូល​៩០០​ដុល្លា​រគត់ ក្នុង​រយៈ​នៃ​ការ​ឃុំខ្លួន​មនុស្ស​៣​យប់​៣​ថ្ងៃនេះ ​។ ក្រោយ​ពី​ទ​ទូល​ប្រាក់​គ្រប់​ចំនួន​២.៤០០​ដុល្លារ ទើប​សមត្ថកិច្ច​ព្រម​ដោះលែង​ជនសង្ស័យ​ឈ្មោះ វ៉ូ នៅ​វេលា​ម៉ោងជាង​២​រសៀល​ថ្ងៃ​ទី​៣១ ធ្នូ ២០១៩ ឱ្យមាន​សេរីភាព​វិញ​ ។

ជុំវិញ​ការ​ចោទប្រកាន់​នេះ កោះសន្តិភាព​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​លោក​ឡុ​ង យោធា​វី​រៈ អធិការ​ស្រុក​ឯក​ភ្នំ បាន​ភ្លាម​ៗ​ទេ នៅ​ព្រឹក​ថ្ងៃ​ទី​០២​ មក​រា ​នេះ ​។ ប៉ុន្តែ​ទំនងជា​ដឹង​ថា សំណុំរឿង​សម្ងាត់​នេះ​ ត្រូវ​បាន​បែក​ធ្លាយ ស្រាប់តែ​លោ​កឡម ឡាន អធិការរង​ទ​ទូល​ផ្នែក​ព្រហ្មទណ្ឌ នៃ​អធិការ​ស្រុក​ឯក​ភ្នំ បាន​ស្ទុះស្ទារ​ទូរ​ស័ព្ទ​មក​បំភ្លឺ​ប្រាប់​កោះសន្តិភាព នៅ​ម៉ោង​៧ ​និង​២៤​នាទី​យប់​ថ្ងៃ​ទី​០១​ មក​រា ថា «​ពិតជា​មានរឿង​ដូច​ខាងលើ​នេះ​មែន តែ​ខ្ញុំ​មិន​បាន​បង្ខំ​ទា​រប្រាក់​ពី​ជនសង្ស័យ​ទេ គឺ​ជន​រង​គ្រោះជា​អ្នក​ទាមទារ គឺ​ទារ​ហូត​ដល់​ចំនួន​៣.០០០​ដុល្លារ​ឯណោះ តែ​ជួ​យស​ម្រួល​បាន​ត្រឹម​​២.០០០​ដុល្លា​រ»​។ លោក​អធិការរង​រូប​នេះ​បាន
​ទ​ទួល​ស្គាល់​ថា លោក​ពិតជា​បាន​ទ​ទូល​យក​ប្រាក់​ទាំងនោះ​មែន តែ​ប្រាក់​ទាំងនោះ គឺជា​ប្រាក់​មនោ​សញ្ចេត​នា ដូច្នេះ លោក​មិន​បាន​បង្ខំ​ទាមទារ​ឡើយ ​។

លោក​ឡា​ម ឡាន បាន​និយាយ​អំពី​នីតិវិធីនៃ​ការ​ឃាត់ខ្លួន​មនុស្ស​ថា «​តាម​ពិត​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ក្នុង​រយៈ​៣​យប់៣​ថ្ងៃ​នោះ មិន​ទាន់​ហួសនីតិវិធី​ទេ ​។ ព្រោះ​១​យប់​ ដំបូង​ឃាត់​នៅ​ត្រឹម​ប៉ុ​ស្តិ៍​រដ្ឋបាល និង​២​យប់​ចុង​ក្រោយ​ឃាត់​នៅ​អធិការ អ​ញ្ចឹ​ង​មិន​ទាន់​គ្រប់​ចំនួន​ម៉ោង​នៅឡើយ​ទេ​» ​។ ចំពោះ​ការ​បង្ខំ​ទា​រប្រាក់​វិញ លោក​អធិការរង​បាន​បំភ្លឺ​ថា លោក​មិន​បាន​រារាំង​ភាគី​ទាំង​២​មិន​ឲ្យ​ជួប​គ្នា​នោះ​ទេ ផ្ទុយ​ទៅ​វិញ​មាន​តែ​លោក​ព្យាយាម​ឲ្យ​ពួក​គេ​ជួប​ច​រចា​គ្នា​បញ្ចប់រឿង ហើយ​លោក​បាន​ព្យាយាម​ជួយ​ជនសង្ស័យ​កុំ​ឲ្យ​ជាប់គុក ​។ ប៉ុន្តែ​យ៉ាងណា លោក​បាន​សារភាព​ទ​ទួលកំហុស​ថា «​ក្នុងអំឡុងពេល​នៃ​ការ​ឃាត់ខ្លួន​ជនសង្ស័យ​នោះ ខ្ញុំ​ពិត​ជា​មិន​បាន​រាយ​ការ​ណ៍​ជួន​លោកស្នងការ និងលោក​ព្រះរាជអាជ្ញា​បាន​ជ្រាប​មែន ​។ មូល​ហ​តុ ដែល​ខ្ញុំ​មិន​បាន​រាយ​ការ​ណ៍​ជួន ដោយ​គិត​ថា នឹង​ពិបាក​ក្នុង​ការ​ដោះស្រាយ មិន​ចង់​ឲ្យ​ជនសង្ស័យ​ជាប់គុក ទើប​សម្រេច​ចិត្ត​ខុស​មួយ​ពេល​បែប​នេះ​»​។

ដោយឡែក លោក​ឧត្តម​សេនី​យ៍​ត្រី ជេ​ត វណ្ណ​នី ស្នងការ​រង​ខេត្ត បាន​បញ្ជាក់​ប្រាប់​កោះសន្តិភាព តាម​ទូរ​ស័ព្ទ​ថា លោក​មិន​បានដឹង​រឿង​នេះ​ទេ ព្រោះ​លោក​អធិការ​ស្រុក​ឯក​ភ្នំ​នេះ មិន​បាន​រាយ​ការ​ណ៍ឲ្យ​ដឹង នៅ​ពេល​ឃាត់ខ្លួន​មនុស្ស​។ លោកស្នងការ​រង​បាន​បញ្ជាក់​ដូច្នេះ​ថា «​បើ​កោះសន្តិភាព មិន​សួរនាំ​ទេ ខ្ញុំ​ពិតជា​មិន​បានដឹង​មែន​.. ហើយ​បើ​មានការ​ឃុំខ្លួន​រយៈ​ពេល​យូរ​បែប​នេះ អាច​ខុស​នឹង​នីតិវិធី​ហើយ ដូច្នេះ ​រឿង​នេះ អ្នក​ណា​ធ្វើ​ត្រូវ​តែ​ទ​ទួល​ខុស​ត្រូវ​ខ្លួនឯង​ហើយ​»​ ។ យ៉ាងណា​ក៏​ដោយ បើ​តាម​មន្ត្រី​ជំនាញ​ដទៃ​ទៀត សុទ្ធតែ​បាន​ចាត់​ទុក​ការ​ឃុំខ្លួន​មនុស្ស ដែល​ធ្វើ​ឡើង​ដោយ​អធិការ​ស្រុក​ឯក​ភ្នំ​ខាងលើ​នេះ ពិតជា​ផ្ទុយ​និង​នីតិវិធី​ច្បាប់​មែន​ ៕

អត្ថបទសរសេរ ដោយ