ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​ម្ចាស់​រោងចក្រ​ខ្លះ​យឺតយ៉ាវ​បើកប្រាក់​បំណាច់​អតីតភាព​ការងារ​ដល់​កម្មករ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក ប៉ាវ ស៊ី​ណា ប្រធាន​សហជីព​ចលនា​កម្មករ បាន​ឲ្យ​ដឹង​ថា ម្ចាស់​រោងចក្រ​មួយ​ចំនួន​មានការ​យឺតយ៉ាវ​ក្នុង​ការ​បើកប្រាក់​បំណាច់​អតីតភាព​ការងារ​ក្នុង​ឆ្នាំ​២០១៩ តាម​ការ​កំណត់​របស់​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ។…

រាជធានី​ភ្នំពេញ ៖ លោក ប៉ាវ ស៊ី​ណា ប្រធាន​សហជីព​ចលនា​កម្មករ បាន​ឲ្យ​ដឹង​ថា ម្ចាស់​រោងចក្រ​មួយ​ចំនួន​មានការ​យឺតយ៉ាវ​ក្នុង​ការ​បើកប្រាក់​បំណាច់​អតីតភាព​ការងារ​ក្នុង​ឆ្នាំ​២០១៩ តាម​ការ​កំណត់​របស់​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ។

លោក ប៉ាវ ស៊ី​ណា បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៣០ ខែធ្នូ ឆ្នាំ​២០១៩ ថា មានការ​ត្អូញត្អែរ​របស់​កម្មករ ជុំវិញ​ភាពយឺត​យ៉ាវ​នៃ​ការ​បើកប្រាក់​រំឭក​បំណាច់​អតីតភាព​ការងារ​មុន​ឆ្នាំ​២០១៩ និង​ការ​ផ្តល់​ប្រាក់បំណាច់​អតីតភាព​ការងារ​ចាប់ពី​ឆ្នាំ​២០១៩ ។ លោក​បញ្ជាក់​ថា ក្រុមការងារ​យើងខ្ញុំ​បាន​ពិនិត្យ​ឃើញ​ថា មាន​រោងចក្រ​មួយ​ចំនួន​ពុំ​បាន​អនុវត្ត​តាម​ប្រកាស​របស់​ក្រសួង​ការងារ​ទេ ពោល​គឺអ្នកគ្រប់គ្រង​រោងចក្រ​មាន​ភាព​យឺតយ៉ាវ និង​ពន្យារពេល​បើក​រំឭក​ប្រាក់​បំណាច់​អតីតភាព​ការងារ​មុន​ឆ្នាំ​២០១៩ និង​ការ​ទូទាត់​ប្រាក់​បំណាច់​អតីតភាព​ការងារ​ក្នុង​ឆ្នាំ​២០១៩ ដែល​តម្រូវ​ឲ្យ​ម្ចាស់​រោងចក្រ​បើក​ជូន​កម្មករ​នៅ​ក្នុង​ខែធ្នូ​នេះ ។

ប៉ុន្តែ​អ្នកគ្រប់គ្រង​រោងចក្រ បាន​លើក​ទៅ​បើក​ជូនកម្មករ​នៅ​ខែមករា ឆ្នាំ​២០២០ ចន្លោះ​ពី​ថ្ងៃ​ទី​៥​រហូត
ដល់​ថ្ងៃ​ទី​២០ ខែមករា​ឯណោះ ហើយ​ក៏​មាន​រោងចក្រ​ខ្លះ​ទៀត ពុំ​ទាន់​បាន​កំណត់​ថ្ងៃ​បើក​ជូន​កម្មករ​ផង​ដែរ។
លោក ប៉ាវ សុ​ី​ណា បន្ត​ថា ប្រកាស​របស់​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ស្តី​ពី​ការទូទាត់​ប្រាក់​បំណាច់​អតីតភាព​ការងារ បាន​តម្រូវ​ឲ្យ​ម្ចាស់​រោងចក្រ សហគ្រាស​បើក រំឭក​ប្រាក់​បំណាច់​អតីតភាព​ការងារ និង​ការ​ទូទាត់​ប្រាក់​ជូន កម្មករ​ពីរ​ដង​ក្នុង​១​ឆ្នាំ ។ ការ​បើក​ជូន​នេះ​មាន​រយៈពេល​៦​ខែ​ម្តង គឺ​បើក​ជូន​រៀង​រាល់​ខែមិថុនា និង​រៀង​រាល់​ខែធ្នូ នៃ​ឆ្នាំ​នីមួយ​ៗ ។

មេ​សហជីព​រូប​នេះ​បាន​អះអាង​ថា ករណី​បើក​យឹត​យ៉ាវ​នូវ​ប្រាក់​បំណាច់​នេះ អាច​ជា​ចរន្ត​រុញច្រាន​ទៅ​ជា​វិវាទ ដែល​អាច​កើតឡើង​ក្នុង​កំឡុង​ពេល​ណាមួយ ប្រសិនបើ​និយោជក​មិន​បាន​អនុវត្ត​ស្រប​តាម​ប្រកាស ហើយ​ក្រសួង​ការងារ​មិន​បាន​ចាត់​មន្ត្រី​ចុះ​ធ្វើការ​តាមដាន ដោយ​យកចិត្ត​ទុកដាក់​ទេ​នោះ ។យោង​តាម​ប្រកាស​របស់​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ត្រង់​ប្រការ​២​បាន​លើកឡើង​ថា ការ​ផ្តល់​ប្រាក់​បំណាច់​អតីតភាព​ការងារ​២(​ពីរ​)​ដង​ក្នុង​មួយ​ឆ្នាំ ត្រូវ​អនុវត្ត​ចាប់ពី​ឆ្នាំ​២០១៩ តទៅ ស្រប​តាម​បែបបទ​ដូច​ជា ៖

ទី​១-​និយោជក​ត្រូវ​ផ្តល់​ឲ្យ​កម្មករនិយោជិត ដែល​កំពុង​បម្រើ​ការងារ​នូវ​ប្រាក់​ចំណា​ច់​អតីតភាព​ការងារ​ដែល​ស្មើនឹង​ប្រាក់​ឈ្នូ​ល និង​ប្រាក់​បន្ទាប់បន្សំ​ចំនួន​១៥​ថ្ងៃ​ក្នុង​មួយ​ឆ្នាំ ។ ប្រាក់​បំណាច់​នេះ​ត្រូវ​បើក​ជូ​ួ​ន​កម្មករនិយោជិត​ចំនួន​ប្រាំពីរ​ថ្ងៃ​កន្លះ នៅ​ក្នុង​ខែមិថុនា នៃ​ឆ្នាំ​នីមួយ​ៗ និង​ប្រាំពីរ​ថ្ងៃ​កន្លះ​នៅ​ក្នុង​ខែធ្នូ នៃ​ឆ្នាំ​នីមួយ​ៗ ។ ទី​២-​ចំពោះ​កម្មករនិយោជិត​ដែល​ចូល​ធ្វើការ​នៅ​ក្នុង​ឆ្នាំ​ដំបូង ហើយ​បាន​បំពេញការងារ​ជាប់​ជា​និច្ច​ចាប់ពី​១​ខែ​ទៅ​ដល់​៦​ខែ និយោជក​ត្រូវ​ផ្តល់ឲ្យ​កម្មករ​នូវ​ប្រាក់​បំណាច់​អតីតភាព​ការងារ​ចំនួន​៧,៥(​ប្រាំពីរ​កន្លះ​)​ថ្ងៃ ។ ទី​៣-​ការ​បើកប្រាក់​បំណាច់​អតីតភាព​ការងារ​មុន​ឆ្នាំ​២០១៩ របស់​កម្មករនិយោជិត ដែល​បាន​និង កំពុង​បម្រើ​ការងារ​នៅ​តាម​គ្រឹះស្ថាន ត្រូវ​អនុវត្តតាម​បែបបទ​ដូច​ជា ៖

ចំពោះ​សហគ្រាស គ្រឹះស្ថានផ្នែក​វាយ​ន​ភណ្ឌ​កាត់ដេរ​និង​ផលិត​ស្បែកជើង និ​យោជក​ត្រូវ​បើក​រំឭក​ចំនួន​៣០​ថ្ងៃ នៃ​ប្រាក់​បំណាច់​អតីតភាព​ការងារ​សរុប​រៀង​រាល់​១​ឆ្នាំ​ម្តង ដោយ​ចំនួន​១៥​ថ្ងៃ​នៅ​ក្នុង​ខែ​មិន​ថុ​នា នៃ​ឆ្នាំ​នីមួយ​ៗ និង​ចំនួន​១៥​ថ្ងៃ​នៅ​ក្នុង​ខែធ្នូ​នៃ​ឆ្នាំ​នីមួយ​ៗ ។ចំពោះ​សហគ្រាស គ្រឹះស្ថាន ផ្នែក​ផ្សេង​ពី​វាយ​ន​ភណ្ឌ​កាត់ដេរ និង​ផលិត​ស្បែកជើង និ​យោជក​ត្រូវ​បើក​រំឭក​ចំនួន​១៥​ថ្ងៃ នៃ​ប្រាក់​បំណាច់​អតីតភាព​ការងារ​សរុប​រៀង​រាល់​មួយ​ឆ្នាំ​ម្តង ៕​

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ