ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ​ក្រសួង​អប់រំ​ក្លាយជា​អគ្គលេខាធិការ​គណៈកម្មាធិការ​ទទួលស្គាល់​គុណភាព​អប់រំ​នៃ​កម្ពុជា (ACC)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា​ត្រូវ​បាន​ថ្នាក់ដឹកនាំ​ក្រសួង​អប់រំ យុវជន និង​កីឡា…

រាជធានី​ភ្នំពេញ ៖ លោក រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា​ត្រូវ​បាន​ថ្នាក់ដឹកនាំ​ក្រសួង​អប់រំ យុវជន និង​កីឡា ផ្ដល់​ទំនុកចិត្ត​តែងតាំង​ជា​អគ្គលេខាធិការ​គណៈកម្មាធិការ​ទទួលស្គាល់​គុណភាព​អប់រំ​នៃ​កម្ពុជា​ហៅ​កាត់​ថា ACC ។ ពិធី​ប្រកាស​ចូល​កាន់​តំណែង​នា​ព្រឹក​ថ្ងៃ​ទី​០២ មក​រា​នេះ នៅ​សាលា​មធ្យមសិក្សា​គរុ​កោស​លម​ត្តេ​យ្យ​មជ្ឈិម ។

លោក​បណ្ឌិត​សភាចា​រ្យ ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា​បាន​មាន​ប្រសាសន៍​ថា គណៈកម្មការ ACC ដើរតួ​នាទី​សំខាន់​ណាស់​ក្នុង​ការ​ពង្រឹងគុណភាព​វិស័យ​អប់រំ​កម្រិត​ឧត្ដម​សិក្សា​នៅ​កម្ពុជា ។ ជាមួយ​គ្នា​នេះ​លោក​បាន​ផ្ដាំផ្ញើ​ថា ការ​បង្កើត​អង្គភាព​នីមួយ​ទាមទារ​ថ្នាក់ដឹកនាំ​មន្ត្រី​បុគ្គលិក ដើរ​ទាន់​សម័យកាល​នីមួយ​ៗ​ទាមទារ​ពេលវេលា​ការ​គ្រប់គ្រង និង​ការ​ចូលរួម​ទាំងអស់​គ្នា ។

សូម​ជម្រាប​ថា ការ​បង្កើត​គណៈកម្មការ ACC មាន​រយៈពេល​១៥​ឆ្នាំ​មក​ហើយ ។ ក្នុង​ឱកាស​នៃ​ការ​ទទួល​តំណែង​នេះ​លោក រស់ សុ​វាចា បាន​ប្ដេជ្ញា​ចិត្ត​លើ​៧​ចំណុច​ដូច​ជា ៖ ១- ជំរុញ ACC ពង្រឹង​ការ​អនុវត្ត​គោលការណ៍​ច្បាប់ យុត្តិធម៌ តម្លាភាព និង​លទ្ធផល​អាច​ទទួលយក​បាន ។ ២- ដឹកនាំ​ការ​រៀបចំសេចក្ដី​ព្រាង​ចុង​ក្រោយ​ផែនទី​ចង្អុល​ផ្លូវ និង​ផែនការ​យុទ្ធសាស្ត្រ​របស់ ACC (២០២០-២០៣០) ដើម្បី​ស្នើ​សុំ​ការ​ពិនិត្យ​សម្រេច​ពី​ឯកឧត្ដម​រដ្ឋមន្ត្រី ។ ៣- បន្ត​ខិតខំ​ប្រឹងប្រែង​បំពេញការងារ​ឱ្យ​អស់​លទ្ធភាព​ក្នុង​នាម​ជា​អគ្គលេខាធិការ ACC ដោយ​កិច្ចសហការ​ជា​វិជ្ជមាន​ជាមួយ​គ្រប់​ភាគី​ពាក់ព័ន្ធ ជា​ពិសេស​ក្រោម​កិច្ចសហការ​រវាង​គ្នា និង​គ្នា​ក្នុង​ចង្កោម ACC ទាំងមូល និង​មន្ត្រី​គ្រប់​លំដាប់ថ្នាក់​ក្នុង​ចង្កោម​គ្រួសារ ACC ប្រកបដោយ​កិច្ចសហការ​ពី​សំណាក់​ដៃគូ​អភិវឌ្ឍ​ក៏​ដូច​ជា វិស័យ​ឯកជន និង​សមាគម​គ្រឹះស្ថានឧត្ដមសិក្សា​នៅ​កម្ពុជា​ជា​ដៃគូ​យុទ្ធសាស្ត្រ ។ ៤- លើកកម្ពស់​សាមគ្គីភាព និង​សមត្ថភាព ACC ។

៥- ដឹកនាំ ACC គោរព ទទួល​អនុវត្ត​សេចក្ដីជូនដំណឹង​របស់​ទីស្ដីការគណរដ្ឋមន្ត្រី​លេខ ១៨៨៣ ស​ជ​ណ​អ​វ ចុះ​ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ​២០១៩ ។ ៦- ដឹកនាំ ACC គោរព​ទទួល​តាម​ចំណារ​ឯកភាព​របស់​ឯកឧត្ដម​បណ្ឌិត​សភាចា​រ្យ រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា​លើ​លិខិត​ចុះ​ថ្ងៃ​ទី​៨ ខែវិច្ឆិកា ឆ្នាំ​២០១៩ ស្ដី​ពី​លទ្ធផល​នៃ​កិច្ច​ពិភាក្សា​ក្រុមការងារ​ផ្នែក​អប់រំ​នៃ​វិស័យ​ឯកជន​លើ​សំណូមពរ​ពាក់ព័ន្ធ​អនុ​វិស័យ​ឧត្ដម​សិក្សា ៧- ដឹកនាំ ACC លើកកម្ពស់​ការ​ចូលរួម​ពង្រឹងគុណភាព​កម្ពុជា​តាម​គ្រប់​រូបភាព​ដែល​ធ្វើ​បាន​ក្នុង​ន័យ​ឆ្លើយ​តប​ចក្ខុវិស័យ​សេដ្ឋកិច្ច​កម្ពុជា​២០៣០ និង​២០៥០ ដោយ​ពង្រឹង​ការ​ផ្សារ​ភ្ជាប់​ផែនការ​ប្រតិបត្តិ​ប្រចាំឆ្នាំ​នីមួយ​ៗ​របស់ ACC ទៅ​នឹង​ផែនការ​យុទ្ធសាស្ត្រ​អប់រំ និង​អាទិភាព​កំណែទម្រង់​អប់រំ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ