ក្រុមបាល់ទាត់ ព្រះ​ខ័ន រាជ​ស្វាយ​រៀង យកឈ្នះ​ក្រុមបាល់ទាត់​ម៉ា​កាវ MUST CPK ដោយ​លទ្ធផល ៥-២ នៅ​ក្នុង​ការ​ប្រកួត​បាល់ទាត់​មិត្តភាព​អន្តរជាតិ


រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ដ៏​ស្វិតស្វាញ​របស់​ក្រុមបាល់ទាត់ ២​ក្រុម​ដែល​ជា​ជើងឯក​នោះ គឺ​ក្រុមព្រះ​ខ័ន​រាជ​ស្វាយ​រៀង ដែល​ជា​ជើងឯក​ក្នុង​លី​គ​កម្ពុជា និង​ក្រុម MUST CPK ដែល​ជា​ជើង​ឯក​ក្នុង​លី​គ Lige de Elite បាន​ប្រព្រឹត្តិ​ទៅ​នៅ​ទីលាន​បាល់ទាត់ Urban Village កាលពី​ថ្ងៃ​ទី​២៨ និង​ទី​២៩ ខែធ្នូ ឆ្នាំ​២០១៩ ។ ការ​ប្រកួត​បាល់ទាត់​ដ៏​អស្ចារ្យ​នេះ គឺ​បាន​ធ្វើ​ឲ្យ​ទស្សនិកជន និង​អ្នកគាំទ្រ​រាប់​ពាន់​អ្នក​ដែល​បាន​មក​ទស្សនា​ផ្ទាល់ គឺ​ពិតជា​មាន​អារម្មណ៍​រំភើប រីករាយ​យ៉ាង​ខ្លាំង​នៅ​ក្នុង​ព្រឹត្តិការណ៍​មួយ​នេះ ។

មុន​ពេល​ការ​ប្រកួត​ចាប់ផ្តើម យើង​ក៏​មាន​សកម្មភាព​សប្បាយ​ៗ​ជា​ច្រើន និង​ការ​សម្តែង​ផ្ទាល់​ផង​ដែរ ដែល​មានការ​ចូលរួម​ពី​វត្តមាន​របស់​តារាចម្រៀង​ដ៏​មាន​ប្រជាប្រិយភាព​ក្នុង​ប្រទេស​កម្ពុជា មាន​ដូ​ច​ជា កញ្ញា សន្យា លោក នី​កូ (Nico) និង លោក ជី ដេ​វីត (G Devith) ។ នៅ​ក្នុង​ការ​ប្រគំ​តន្ត្រី​ផ្ទាល់​នេះ​ដែរ គឺ​ពិតជា​បាន​ធ្វើ​ឲ្យ​ឆាក​តន្ត្រី​ពិតជា​កក្រើក​តែ​ម្តង ជាមួយនឹង​សំឡេង​ហ៊ោ​កញ្ជ្រៀវ​​ពី​អ្នកគាំទ្រ និង​អ្នក​ទស្សនា​ជា​ច្រើន​រយ​នាក់ ។

ទន្ទឹម​នឹង​នេះ​ផង​ដែរ យើង​ក៏​ឃើញ​មានការ​ធ្វើ​សន្និសីទកាសែត​មុន​ការ​ប្រកួត​បាល់ទាត់​រវាង​ក្រុម​ទាំង​ពីរ គឺ​បាន​បង្ហាញ និង​ទាក់ទាញ​ចំណាប់អារម្មណ៍​អ្នកគាំទ្រ​ក្រុមបាល់ទាត់​ទាំង​ពីរ​យ៉ាង​ខ្លាំង​ផង​ដែរ ។

គួរ​ឲ្យ​កត់សម្គាល់​ផង​ដែរ នៅ​ពេល​ដែល​មានការ​សួរ​សំណួរ និង​ចម្លើយ​ទៅ​កាន់​ក្រុម​ទាំង​ពីរ គឺ​សំណួរ​ភាគច្រើន​ចេញពី​អ្នក​រៀបចំ​ការ​ព្រឹ​តិ្ត​ការណ៍ លោក Ben Li និង អ្នកស្រី Catherine Chan ដែល​ជានា​យក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Urban Village និង លោក​បណ្ឌិត Raymond Choi ជា​ប្រធាន​ក្រុមហ៊ុន Prestige Homes Cambodia និង គណៈ​គ្រប់គ្រង​ថ្នាក់ដឹកនាំ​ដទៃ​ទៀត ដែល​បាន​ធ្វើ​ឲ្យ​សន្និសីទកាសែត​មុន​ការ​ប្រកួត​នេះ​កាន់តែ​មាន​ភាព​រំភើប​ខ្លាំង​ថែម​ទៀត ។

ក្នុងអំឡុងពេល​ប្រកួត​បាល់ទាត់ គឺ​ពិតជា​រំភើប និង​អស្ចារ្យ​យ៉ាង​ខ្លាំង នៅ​ពេល​ដែល​កីឡាករ​បាល់ទាត់ ប្រាក់ មុន្នី​ឧត្តម បាន​ប្រើ​បច្ចេកទេស​ដ៏​ពិសេស​របស់​គាត់​បាន​ស៊ុត​បាល់​ទំ​លុះ​ខ្សែ​ការពារ​របស់​ក្រុម​ម៉ា​កាវ MUST CPK និង​បាន​រក​គ្រាប់​បាល់​ជូន​ក្រុម​កម្ពុជា​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង នៅ​ក្នុង​ការ​ប្រកួត​ដំបូង​នា​យប់​ថ្ងៃ​ទី​២៨ ខែធ្នូ ឆ្នាំ ២០១៩ ដែល​ក្រុមបាល់ទាត់ MUST CPK បាន​អះអាង​ថា ពួក​គេ​មិន​ងាយ​នឹង​ចាញ់​ក្នុង​ប្រកួត ដោយសារ​តែ​ការ​ស៊ុត​ទំ​លុះ​អ្នកចាំទី​របស់​គេ​នោះ​ទេ ។

សម្រាប់​ការ​ប្រកួត​លើក​ទី ២ នៅ​ថ្ងៃ​ទី ២៩ ខែធ្នូ ឆ្នាំ ២០១៩ វិញ កីឡាករ​បាល់ទាត់​ដែល​ពាក់​អាវ​លេខ ៩ ឈ្មោះ​ថា ណុ​ប តុលា បាន​ស៊ុត​បាល់​ប៉េ​ណ​ង់​ទី​ចម្ងាយ ១១​ម៉ែត្រ​បាន​យ៉ាង​ល្អ ទៅ​លើ​ក្រុម MUST CPK ដែល​ធ្វើ​ឲ្យ​ក្រុម​កម្ពុជា​អាច​តាម​ស្មើ​បាន ដោយ​លទ្ធផល ១-១ ។ ពេល​នោះ ទស្សនិកជន និង​ភ្ញៀវ​កិត្តិយស​ពិតជា​មាន​អារម្មណ៍​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង ដែល​អ្នកខ្លះ​បាន​ស្រែក លោត អបអរ​សារ​ទរ​នឹង​លទ្ធផល​ដ៏​ល្អ​មួយ​នេះ ។

នៅ​ថ្ងៃ​បញ្ចប់​នៃ​ការ​ប្រកួត​ដែល​មាន​រយៈពេល​២​ថ្ងៃនេះ គឺ​ក្រុមព្រះ​ខ័ន​រាជ​ស្វាយ​រៀង បាន​យក​ឈ្នះ​ក្រុម MUST CPK ដោយ​លទ្ធផល​សរុប ៥-២ ។ អ្នកគាំទ្រ​ជា​ច្រើន​បាន​សម្តែង​ការ​អបអរ​សាទរ និង​ទះដៃ​អបអរសាទរ​យ៉ាង​ខ្លាំង ចំពោះ​ការ​ប្រកួត​ដ៏​អស្ចារ្យ​របស់​ក្រុម​ទាំង​ពីរ​នេះ ។

សម្រាប់​​ការ​ប្រកួត​ដ៏​សំខាន់​នេះ គ្រូបង្វឹក​របស់​ក្រុមព្រះ​ខ័ន​រាជ​ស្វាយ​រៀង គ្រូបង្វឹក លោក​Conor Nestor បាន​មាន​ប្រសាសន៍​ថា «​ដោយសារ​តែ​ភាព​ជឿជាក់​ការ​ខិតខំ​ប្រឹងប្រែង និង​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​បំផុត​នៅ​ក្នុង​ការ​ប្រកួត​នេះ យើង​បាន​ក្លាយជា​ម្ចាស់​ជើងឯក​នៃ​ការ​ប្រកួត​មិត្តភាព​នេះ ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ យើង​មាន​អ្នកគាំទ្រ និង​អ្នកគាំទ្រ​ដ៏​ស្មោះត្រង់​ជា​ច្រើន​ដែល​បាន​លើក​ទឹកចិត្ត​យើង​ឈាន​ដល់​គោលដៅ​ដែល​រីក​ចំរើន​នេះ​» ។

លោក Deigo Patriota បាន​បន្ថែម​ទៀត​ថា «​ទោះបីជា​យើង​ចាញ់​នៅ​ក្នុង​ហ្គេ​ម​នេះ​ក៏​ដោយ ក៏​វា​មិន​មាន​ន័យ​ថា យើង​បាន​បាត់បង់​អ្វី​ៗ​ទាំងអស់​ដែរ ។ ការ​ប្រកួត​នេះ គឺ​ពិតជា​បាន​ផ្តល់​នូវ​ការ​ប្រកួត​​ដ៏​អស្ចារ្យ និង​លើកទឹកចិត្ត​ឱ្យ​យើង​ខិតខំ​ក្នុង​ការ​ប្រកួត​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ថែម​ទៀត​ក៏​ដូច​ជា​បច្ចេកទេស​ក្នុង​ការ​ប្រកួត ដើម្បី​ឱ្យ​យើង​ត្រៀមខ្លួន​សម្រាប់​ការ​ប្រកួត​នៅ​ថ្ងៃ​ខាង​មុខ​ទៀត»។

លោក Ben Li និង​លោក​បណ្ឌិត Raymond Choi ក៏​បាន​ធ្វើការ​អបអរសាទរ និង​លើកទឹកចិត្ត​ដល់​ក្រុម MUST CPK ផង​ដែរ ។ «​ទោះបី​នេះ​ជា​លើក​ទី ១ របស់​អ្នក​ក្នុង​ការ​ប្រកួត​នៅ​ប្រទេស​កម្ពុជា​ក៏​ដោយ ក៏​ក្រុម​របស់​អ្នក​បាន​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ ជាមួយនឹង​ការ​ទាត់​បាល់​បាន​យ៉ាង​ល្អ​» ។ នេះ​បើ​តាម​សម្តី​របស់​លោក Ben Li បាន​លើក​ឡើង ។

ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​នេះ គឺ​អាច​ប្រ​ព្រឹ​តិ្ត​ទៅ​បាន ក៏​ដោយសារ​មានការ​ខិតខំ​ប្រឹងប្រែង​ពី​អ្នក​រៀបចំ​កម្មវិធី​ទាំងមូល គឺ ក្រុមហ៊ុន Urban Village និង ក្រុមហ៊ុន Prestige Homes Cambodia និង​មានការ​គាំទ្រ​ពី​ម្ចាស់​ឧបត្ថម្ភ​ធំ​ពី​ក្រុមហ៊ុន​ដូច​ជា ក្រុមហ៊ុន Cambodian Derivatives Exchage (CDX), Goldwell Capital និង Golden FX Link Capital ។

ព្រឹត្តិការណ៍​ដ៏​ពិសេស​នេះ ត្រូវ​បាន​គេ​ចាត់ទុកជា​ព្រឹត្តិការណ៍​ដ៏​ល្អ​មួយ និង​ជា​ការ​ចាប់ផ្តើម​សកម្មភាព​ជា​ច្រើន​ដែល​ទាក់ទង​នឹង​វិធី​ធ្វើ​ឲ្យ​មនុស្ស​មាន​សុខភាព​ល្អ និង​សប្បាយ​រីករាយ ដូច​ជា​ការ​ប្រកួត​កីឡា ការ​ប្រគំ​តន្ត្រី ការ​សម្តែង កំប្លែង​ជាដើម ក៏​ដូច​ជា​ការ​បង្កើត​បរិយាកាស​ដ៏​ល្អ​មួយ និង​របៀប​រស់នៅ​បែប​ទំនើប​នៅ​ក្នុង​ប្រទេស​កម្ពុជា ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា)

Facebook Google Twitter Email

ពាណិជ្ជកម្ម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ