ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំ​2020​នឹង​មាន​អ្វី​កើតឡើង​ចំពោះ​កម្ពុជា ?

4 ឆ្នាំ មុន

នៅ​កណ្តាលរាត្រី​ថ្ងៃ​ទី​៣១ ខែធ្នូ មនុស្ស​ម្នា​ជា​ច្រើន​បាន​មក​នៅ​តាម​ដង​ទន្លេ​ដើម្បី​អបអ​សាទរ​ឆ្នាំ​ថ្មី​ឆ្នាំ​២០២០ ខណៈ​ដែល​អ្នកខ្លះ​ទៀត​នាំ​គ្នា​ជួបជុំ​គ្រួសារ​សប្បាយ​នៅ​តាម​ផ្ទះ​រៀង​ៗ​ខ្លួន ។ ប៉ុន្តែ​តើ​នឹង​មាន​អ្វី​កើតឡើង​សម្រាប់​ប្រទេស​កម្ពុជា​និង​ប្រជាជន​កម្ពុជា​នៅ​ឆ្នាំ​២០២០​នេះ ? ចំហាយ​នយោបាយ​ និង​សេដ្ឋកិច្ច​នៅ​ឆ្នាំ​២០១៩ ប្រហែលជា​នឹង​បន្ត​មាន​ឥ​ទ្ឋិ​ពល​ដល់…

នៅ​កណ្តាលរាត្រី​ថ្ងៃ​ទី​៣១ ខែធ្នូ មនុស្ស​ម្នា​ជា​ច្រើន​បាន​មក​នៅ​តាម​ដង​ទន្លេ​ដើម្បី​អបអ​សាទរ​ឆ្នាំ​ថ្មី​ឆ្នាំ​២០២០ ខណៈ​ដែល​អ្នកខ្លះ​ទៀត​នាំ​គ្នា​ជួបជុំ​គ្រួសារ​សប្បាយ​នៅ​តាម​ផ្ទះ​រៀង​ៗ​ខ្លួន ។ ប៉ុន្តែ​តើ​នឹង​មាន​អ្វី​កើតឡើង​សម្រាប់​ប្រទេស​កម្ពុជា​និង​ប្រជាជន​កម្ពុជា​នៅ​ឆ្នាំ​២០២០​នេះ ?

ចំហាយ​នយោបាយ​ និង​សេដ្ឋកិច្ច​នៅ​ឆ្នាំ​២០១៩ ប្រហែលជា​នឹង​បន្ត​មាន​ឥ​ទ្ឋិ​ពល​ដល់ ឆ្នាំ​២០២០​ទៀត ។ ខែមករា​ឆ្នាំ​២០២០ នឹង​ក្លាយជា​ពេលវេលា​ដ៏​សំខាន់​មួយ​នៅ​ពេល​ដែល​សំណុំរឿង​របស់​លោក កឹ​ម សុខា នឹង​ត្រូវ​បើក​ការ​ជំនុំជម្រះ​នៅ​ថ្ងៃ​ទី​១៥ ខែមករា បន្ទាប់​ពី​រូប​លោក​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ក្បត់ជាតិ​និង​ត្រូវ​ឃុំខ្លួន​អស់​រយៈពេល​ពីរ​ឆ្នាំ​មុន​ពេល​ដែល​បាន​សេរីភាព​នៅ​ក្នុង​ការ​ដើរហើរ​ក្នុង​ប្រទេស​កម្ពុជា ប៉ុន្តែ​មិន​មាន​សិទ្ធិ​ធ្វើ​នយោបាយ ។

បើសិនជា​លោក កឹ​ម សុខា ត្រូវ​បាន​តុលាការ​រក​ឃើញ​ថា​គ្មាន​កំហុស រូប​លោក​នឹង​ត្រូវ ដោះ​លែងឱ្យ​មាន​សេរីភាព​ពេញលេញ ។ ពេល​នោះ​ស្ថានភាព​នយោបាយ​នឹង ត្រូវ​វិល​ត្រឡប់​មក​រក​ធម្មតា​វិញ ។ សេរីភាព​ដ៏​ពេញលេញ​នោះ​ក៏​នឹង​ជា​តម្រុយ​ផង​ដែរ​ថា សហភាព​អឺរ៉ុប​នឹង​ថែរក្សា​គម្រោង​អ្វី​ៗ​ទាំងអស់​លើកលែងតែ​អាវុធ ឬ EBA សម្រាប់ កម្ពុជា​ដោយ​ធ្វើ​ឱ្យ​កម្ពុជា​នៅ​តែ​មាន​សិទ្ធិ​រួច​ពន្ធ​សម្រាប់​ការ​នាំ​ចេញ​ទំនិញ​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប ។ ប៉ុន្តែ​បើសិនជា​លោក ​កឹ​ម ​សុខា ​នឹង​ត្រូវ​កាត់ទោស ដោយ​តុលាការក្រុង​ភ្នំពេញ​ឱ្យ​មានទោស​ពី​បទ​ក្បត់ជាតិ​មែន​នោះ ស្ថានភាព​នយោបាយ​អាច​នឹង​មានការ​ប្រែប្រួល និង​ស្មុ​គ​ស្មាញ ។ បើសិនជា​លោក កឹ​ម សុខា ប្តឹង​ឧទ្ទ​រណ៍​ចំពោះ​ការ​សម្រេចចិត្ត​របស់​តុលាការក្រុង​ភ្នំពេញ រឿង​ក្តី​នឹង​មិន​ត្រូវ​ចប់​ហើយ​វា​នឹង​អួ​ស​បន្លាយ​ពេលវេលា​បន្ត​ទៀត ដែល​គេ​ពិបាក​នឹង​ដឹង​ថា​តើ​នឹង​យូរ​ប៉ុណ្ណា ។

ក្នុង​ដំណើរ​ផ្លូវ​មួយ​នេះ ពន្លឺសេរីភាព ពេញលេញ​សម្រាប់​លោក កឹ​ម សុខា វា​ប្រៀប​ដូច​ជា​ស្ថិត​នៅ​ក្នុង​រូង​ដ៏​ងងឹត​មួយ ។ ល​ទ្ឋ​ភាព​មួយទៀត​ដែល​អាច​កើត​មាន​ឡើង គឺ​បន្ទាប់​ពី​តុលាការក្រុង​ភ្នំពេញ​កាត់ក្តី​ឱ្យ​លោក កឹ​ម សុខា មានទោស​ហើយ ការ​លើកលែងទោស​មួយ​នឹង​ត្រូវធ្វើ​ឡើង ដោយ​ព្រះមហាក្សត្រ​តាម​រយះ​ការ​ស្នើ​សុំ​ពី​នាយក​រដ្ឋមន្ត្រី​គឺ​សម្តេច​តេ​ជោ ហ៊ុន សែន ។ បើសិនជា​មាន​ដំណោះស្រាយ​ផ្នែក​នយោបាយ​តាម​ច្រក​នេះ​ជម្រើស​នេះ​ក៏​អាច​នាំ​ឱ្យ​ស្ថានភាព​នយោបាយ​អាច​វិល​ត្រឡប់​ទៅ​រក​ភាព​ធម្មតា​វិញ​ដែរ ។ ប៉ុន្តែ​តើ​សហភាព អឺរ៉ុប​នឹង​រក្សា​គម្រោង​EBA វិញ​សម្រាប់​កម្ពុជា​ឬ​ក៏​អត់​នោះ វា​ជា​អ្វី​ដែល​យើង​ត្រូវ​តាម​មើល​បន្ត​ទៀត​។ ខែកុម្ភៈ ខាង​មុខ​នេះ​ក៏​ជា​ពេលវេលា​សំខាន់​មួយទៀត ពីព្រោះ​វា​ជា​ពេល​ដែល​សហភាព​អឺរ៉ុប​ត្រូវ​សម្រេច​ថា​តើ​ត្រូវ​ព្យួរ EBA សម្រាប់​កម្ពុជា​ឬ​ក៏​បន្ត​ផ្តល់​ឱ្យ​ទៀត ។ អ្នកវិភាគ​ច្រើន​គិត​ថា​ការ​សម្រេចចិត្ត​របស់​សហភាព​អឺរ៉ុប​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​រីក​ចម្រើន​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា បើ​ទោះបីជា​កម្ពុជា​នៅ​តែ​រំពឹង​ថា​ខ្លួន​អាច​ថែរក្សា​កំណើនសេដ្ឋកិច្ច​ប្រមាណ​ជា​៧​ភាគរយ​ក្នុង​មួយ​ឆ្នាំ​ក៏​ដោយ ។ នៅ​ពេល​ថ្មី​ៗ​នេះ មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ​IMF បាន​និយាយ​ថា សេដ្ឋកិច្ច​កម្ពុជា​អាច​នឹង​ប្រឈម បើសិនជា​កម្ពុជា​បាត់បង់​EBA ។

ដោយ​ពិចារណា​ទៅ​លើ​ទីផ្សារ​ដ៏​ធំ របស់​សហភាព​អឺរ៉ុប​សម្រាប់​ទំនិញ​កម្ពុជា​នោះ ទោះ​តិច​ឬ​ច្រើន​វា​នឹង​នាំ​ឱ្យ​មាន​ផល​ប៉ះពាល់​ដល់​ឧស្សាហកម្ម​កាត់ដេរ​កម្ពុជា ដែល​ផ្តល់​ការងារ​ធ្វើ​ដល់​កម្មករ​ជិត​មួយ​លាន​នាក់ ដោយ​មិន​ទាន់​គិតដល់​មុខរបរ​តូច​ៗ ដែល​ទាក់ទង​នឹង​វិ​ស្ស័​យ​នេះ ។ ទំហំ​នៃ​ការ​នាំ​ចេញ​របស់​កម្ពុជា​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប មាន​តម្លៃ​ជា​ទឹកប្រាក់​ចំនួន​ជិត​៦០០០​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៨ ដោយ​បី​ភាគ​បួន​នៃ​ចំនួន​នេះ​គឺ​ការ​នាំ​ចេញ​សម្លៀក​បំពាក់​និង​ស្បែកជើង ។ ប៉ុន្តែ​កម្ពុជា​បាន​អះអាង​ពី​ការ​ត្រៀម​របស់​ខ្លួន​សម្រាប់​ហេតុការណ៍​ណាមួយ​ដែល​ឈាន​ដល់​ការ​បាត់បង់​ន​EBA ។ នៅ​ខែវិច្ឆិកា​ឆ្នាំ​២០២០ កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ី​អឺរ៉ុប​ដែល នឹង​មានការ​ចូលរួម​របស់​មេដឹកនាំ​ពិភពលោក​ជា​ច្រើន ។ នេះ​ជា​ព្រឹ​តិ្ត​ការណ៍​ដ៏​ធំ​និង​សំខាន់ មួយ​ផង​ដែរ​សម្រាប់​ប្រទេស​កម្ពុជា ។ បច្ចុប្បន្ន​នេះ កិច្ចប្រជុំ​អាស៊ី​និង​អឺរ៉ុប ASEM មាន​សមាជិក​ចំនួន​៥១​ប្រទេស ។ ប្រជាជន​នៅ​ក្នុង​តំបន់​ASEM នេះ​មាន​ចំនួន​៦០​ភាគរយ នៃ​ប្រជាជន​នៅ​លើ​ពិភពលោក​ហើយ​មាន​ចំណែក​៦៥​ភាគរយ​នៃ​សេដ្ឋកិច្ច​ពិភពលោក ។

កម្ពុជា​ចាត់​ទុក​ព្រឹត្តិការណ៍​នេះ ជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​បំផុត​មួយ​សម្រាប់​ប្រទេស ។ លោក ប្រាក់ សុ​ខុន រដ្ឋមន្ត្រី​ការ​បរទេស​និង​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​ធ្លាប់ បាន​និយាយ​ថា​កម្ពុជា​នឹង​ទទួល​បាន​ផលប្រយោជន៍​ជា​ច្រើន​ពី​កិច្ចប្រជុំ​កម្រិត​ពិភពលោក​មូ​យ​នេះ ។ វា​នឹង​ក្លាយជា​ឱកាស​មាស​សម្រាប់​កម្ពុជា​បង្ហាញ​ពី​ពី​សមត្ថភាព​និង សមិទ្ធផល​របស់​ខ្លួន​ហើយ​និង​ពង្រឹង​សហប្រតិបត្តិការ​និង​ភាព​ជា​ដៃគូ​ជាមួយ​ប្រទេស​ទាំងអស់​ជា​សមាជិក ។ ជាមួយនឹង​ព្រិ​ត្តិ​ការណ៍​សំខាន់​ៗ​ជា​ច្រើន​នឹង​កើត​មាន​ឡើង​នោះ ឆ្នាំ​២០២០​នេះ​នឹង ក្លាយជា​ឆ្នាំ​មួយ​ដែល​មនុស្ស​ម្នា​នឹង​តាមដាន​ដោយ​យកចិត្តទុកដាក់​ចំពោះ​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ