ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊ន សៀ​វម៉ី នៅ​តែ​បង្ហាញ​អារម្មណ៍​អន់​ចិត្ត​​មន្ត្រី​សហព័ន្ធ​មួយ​រូប

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជ័យជម្នះ​ក្នុង​ការ​ទទួល​បាន​មេដាយ​ជា​ថ្មី នៅ​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម ហាក់​មិន​ធ្វើ​ឱ្យ​កីឡាការិនី កញ្ញា ស៊ន សៀវ​ម៉ី ទទួល​បានការ​ចាប់អារម្មណ៍​នោះ​ទេ ពោល​គឺ​បើ​ធៀប​នឹង​មេ​ដាយ​ដែល​នាង​បាន​ទទួល​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន…

រាជធានី​ភ្នំពេញ ៖ ជ័យជម្នះ​ក្នុង​ការ​ទទួល​បាន​មេដាយ​ជា​ថ្មី នៅ​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម ហាក់​មិន​ធ្វើ​ឱ្យ​កីឡាការិនី កញ្ញា ស៊ន សៀវ​ម៉ី ទទួល​បានការ​ចាប់អារម្មណ៍​នោះ​ទេ ពោល​គឺ​បើ​ធៀប​នឹង​មេ​ដាយ​ដែល​នាង​បាន​ទទួល​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន គឺ​ខុស​គ្នា​មេឃ និង​ដី ។ នាង​នៅ​តែ​បន្ត​ថា មេ​ដាយ​​ចុង​ក្រោយ គឺជា​មេដាយ​ដែល​ធ្វើ​ឱ្យ​នាង​មិន​សប្បាយចិត្ត ក្រោយ​ពេល​ទទួល​បាន​នោះ​ផង​។

ស៊ន សៀវ​ម៉ី បាន​បង្ហាញ​អារម្មណ៍​ជាមួយ​អ្នក​សារព័ត៌មាន​ក្នុងស្រុក និង​លើ​បណ្ដាញ​សង្គម​ពី​ការ​អន់ចិត្ត​នេះនោះ​ផង ប៉ុន្តែ​កីឡាការិនី​វ័យ​២៤​ឆ្នាំ​រូប​នេះ នៅ​តែ​ប្រកាស​ជំហរ​តស៊ូ​ជាមួយ​វិស័យ​កីឡា​​ផង​ដែរ ។ ម្ចាស់​មេដាយមាស កីឡា​អាស៊ី Asian Games 2014 រូប​នេះ និយាយ​ថា នាង​ពិតជា​មិន​ពេញចិត្ត​នោះ​ទេ​ចំពោះ​ការ​លើក​ឡើង​ដដែល​ចោទ​មេដាយមាស​កីឡា​ស៊ី​ហ្គេ​ម​ដែល​នាង​ទទួល​គឺ​បាន​ដោយសារ​សំណាង និង មានការ​អន្តរាគមន៍​ពី​អ្នក​ដទៃ​ជាដើម ។

ក្នុង​នោះ​សំឡេង​អបអរសាទរ និង​សារ​លើក​ទឹកចិត្ត​តាំងពី​ដណ្ដើម​បាន​មេដាយ​ភ្លាម​ៗ ក៏​មិនសូវ​មាន ។ នាង​ថា អ្នក​ដែល​លើក​ឡើង​នូវ​ពាក្យ​ទាំងនេះ​គឺជា​មន្ត្រី​ដែល​បម្រើ​ការងារ​នៅ​សហព័ន្ធ​កីឡា​តេ​ក្វា​ន់​ដូ​WTF​កម្ពុជា តែ​នាង​បដិសេធ​មិន​ធ្វើការ​បង្ហាញ​ឈ្មោះ ។ នាង​បាន បន្ថែម​ថា វា​មិនមែន​ជា​លើក​ទី​១​នោះ​ទេ​ដែល​មន្ត្រី​រូប​នេះ​លើក​ឡើង​ដូច្នេះ​ពោល​គឺ​តាំងពី​នាង​ឈ្នះ​មេដាយ​មាស​កីឡា Asian Games ឆ្នាំ ២០១៤ នៅ​សាធារណរដ្ឋ​កូរ៉េ​មក​ម្លេ​៉ះ​តែ​នាង​មិន​យក អារម្មណ៍​មក​គិត ។

នាង​ថា នេះ​ជា​សម្ដី​បំបាក់ ទឹកចិត្ត​កីឡាករ ជា​ពិសេស​គឺ​រូប​នាង​យ៉ាង​ខ្លាំង ព្រោះ​រាល់​ការ​ដណ្ដើម​មេដាយមាស​បាន​ម្ដង​ៗ គឺ​នាង​យក​ជីវិត​ទៅ​ប្ដូរ មិនមែន​សុខ​ៗ តំណាង​ប្រទេស​ដែល​នាង​ជួប​ប្រកួត យល់ព្រម​ហុច​មេដាយ​ឱ្យ​ទេ​។

សៀវ​ម៉ី បញ្ជាក់​បន្ថែម​ថា កីឡាករ​គ្រប់​រូប​ត្រូវការ​ការ​លើកទឹកចិត្ត​ពី​ថ្នាក់ដឹកនាំ​សហព័ន្ធ និង​អ្នក​គាំទ្រ​ដើម្បី​ជា​ច​លករ​ក្នុង​ការ​ជួយ​ជំរុញ​ការ​ខិតខំ​ប្រឹងប្រែង​និង​អភិវឌ្ឍ​សមត្ថភាព​របស់​ខ្លួន ឲ្យ​កាន់តែ​ប្រសើរ ។ ពួក​គេ​ពិបាក​នឹង​ទទួលយក​ខ្លាំង​ណាស់​នៅ​ពេល​ការ​ខិតខំ​ប្រឹងប្រែង​របស់ ខ្លួន​ដើម្បី​មុខមាត់​ប្រទេស​ជាតិ​ទទួល​បាន​ផល​ត្រឡប់​មក​វិញ​នូវ​ពាក្យ​រិះគន់​ពី​សំណាក់​អ្នក​ណា​ម្នាក់។

ស្រង់​សម្ដី​ដែល​បាន​និយាយ សៀវ​ម៉ី និយាយ ថា​៖«​ពិបាក​ទទួលយក​ខ្លាំង​ណាស់​បង ព្រោះថា បើ​អ្នក​នៅ​ក្រៅ​វិស័យ​កីឡា អាច​គាត់​មិន​យល់ ពី​កីឡា​ថា​វា​ម៉េច តែ​ពាក្យ​នេះ​ឮ​ចេញពី​អ្នកកីឡា ដែល​អាច​និយាយ​បាន​ថា​ជា​ថ្នាក់ដឹកនាំ​ម្នាក់​ក្នុង វិស័យ​កីឡា​តេ​ក្វា​ន់​ដូ ដោយ​គាត់​តែងតែ​និយាយ គ្រប់ការ​ជោគជ័យ​របស់ខ្ញុំ ។ គាត់​ថា​ខ្ញុំ ជោគជ័យ​ដោយសារ​សំណាង និង​មាន​អ្នក​នេះ​ជួយ អ្នក​នោះ​ជួយ​ជាដើម » ។​

ទន្ទឹម​នឹង​ស្នើ​ឲ្យ​ផ្លាស់​ប្តូរ​ពី​ពាក្យ​ជោគជ័យ ដោយសារ​សំណាង និង​មាន​អ្នក​ជួយ​ទៅ​ជា ពាក្យ​លើកទឹកចិត្ត ម្ចាស់​មេដាយមាស​កីឡា ស៊ី​ហ្គេ​ម​លើក​ទី​២៩​នៅ​ហ្វី​លី​ពី​នរូ​ប​នេះ បាន​លើក​ឡើង​ពី​កត្តា​ដែល​ជួយ​ជំរុញ​ឲ្យ​នាង​អាច​ជម្នះ​ពាក្យ​រិះគន់​ដូច្នេះ​ថា នាង​ចូល​ចិត្ត​តបស្នង​អ្នក​មើល​អត់​ឃើញ​ពី​ការ​ខិតខំ ។ នាង​ថា បើ​នាង​ជោគជ័យ នោះ​អ្នក​ដែល​អត់​ចូល​ចិត្ត​ក៏​កាន់តែ​អត់​សប្បាយចិត្ត​ផង​ដែរ ។ ប៉ុន្តែ​បើ​នាង​ធ្វើ​តាម​អ្វី​ដែល​គាត់​ចង់បាន គាត់​រឹតតែ​សប្បាយចិត្ត ។ អ៊ីចឹង​ហើយ​ទើប​នាង​មិន​អាច​ឲ្យ​គាត់​ឃើញ​បរា ជ័យ​បាន​ទេ ដើម្បី​ស្វែងរក​ជោគជ័យ​ឱ្យ​បុគ្គល​នោះ​ឃើញ​។

ស៊ន សៀវ​ម៉ី បន្ត​ថា នាង​មិន​បាក់ទឹកចិត្ត​នឹង​សម្ដី​មន្ត្រី​រូប​នោះ​លើក​ឡើង​ឡើយ ។ ផ្ទុយ ទៅ​វិញ នាង​នឹង​ដាក់​គោលដៅ​ចង់​ឈ្នះ​មេដាយ​មាស​កីឡា​ស៊ី​ហ្គេ​ម​ឲ្យ​បាន​៥​សម័យកាល​តែ​ម្ដង ខណៈ​ដែល​បច្ចុប្បន្ន​នាង​ឈ្នះ​មេដាយមាស​កីឡា​ស៊ី​ហ្គេ​ម​បាន​៣​ហើយ គឺ​នៅ​ឆ្នាំ​២០១៣, ២០១៧ និង​ឆ្នាំ​២០១៩ ។ គោលដៅ​បន្ទាប់ សៀវ​ម៉ី ចង់​ឈ្នះ​មេដាយមាស​ក្នុង​ការ​ប្រកួត​ស៊ី ហ្គេ​ម នៅ​​វៀត​ណាម ឆ្នាំ​២០២១ និង​ស៊ី​ហ្គេ​ម លើក​ទី​៣០ ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើ​ជា ម្ចាស់ផ្ទះ ។

ស៊ន សៀវ​ម៉ី បន្ត​ថា រាល់​សមិទ្ធផល ទាំងអស់ គឺ​កើតឡើង​ពី​ការ​ខិតខំ​ប្រឹងប្រែង មិនមែន​បាន​មក​ដោយ ងាយ​ៗ ដូច​ការ​លើក​ឡើង​ខាងលើ​នោះ​ទេ ។ នាង​និយាយ​ថា កន្លង​មក​នាង​មាន​បញ្ហា​បន្តិច​បន្តួច​នៅ​ក្នុង​សហព័ន្ធ​ផ្ទាល់ ដោយសារ​តែ​មាន​មន្ត្រី​ម្នាក់​រមែង​និយាយ​បន្តុះបង្អាប់​ថា មេ​ដាយ​ដែល​នាង​ទទួល​បានជា​មេដាយ​បាន​ដោយ​សំណាង ឬ​ដោយ​គូប្រកួត​ភ្លាត់ស្នៀត ។ នាង​រំលឹក​ថា ពាក្យ​សម្តី​មួយ ដែល​ធ្វើ​ឲ្យ​នាង​មិន​សប្បាយ​ចិត្តជា​យូរ​មក​ហើយ​នោះ មិនមែន​ទើបតែ​ឥឡូវ​ហ្នឹង​ទេ ព្រោះ​គាត់ បាន​និយាយ​ពាក្យ​ហ្នឹង​ជា​ច្រើន​លើក រួច​មក​ហើយ​។

នេះ​ជា​ការ​លើក​ឡើង​របស់ កីឡាការិនី ស៊ន សៀវ​ម៉ី ពេល​ផ្តល់​បទ​សម្ភាស ដល់​អ្នក​សារព័ត៌មាន ក្នុង​ពិធី​ទទួល​ប្រាក់​រង្វាន់ លើកទឹកចិត្ត​ពី​ណា​ហ្គា វើ​ល​ដ៏ កន្លង​ទៅ ខណៈ​ដែល​នាង​នៅ​តែ​បង្ហាញ​អារម្មណ៍​អន់ចិត្ត​មក​ទល់​នឹង​ពេល​នេះ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ