ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រកាស​តែងតាំង​មន្ត្រី​នៃ​មន្ទីរ​អង្គភាព​ជា​ច្រើន​ស្ថាប័ន (មានវីដេអូ​)

4 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ លោក ផា​ន់ ចាន់​ធុ​ល អភិបាលខេត្ត​ប៉ៃលិន មាន​ប្រសាសន៍​ថា ការ​ប្រកាស​តែងតាំង​ជា​ច្រើន​មន្ទីរ​អង្គភាព​បែប​នេះ គឺ​ស្រប​ពេល ដែល​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​សកល​ជិត​ឈាន​ចូល​មក​ដល់…

ខេត្ត​ប៉ៃលិន ៖ លោក ផា​ន់ ចាន់​ធុ​ល អភិបាលខេត្ត​ប៉ៃលិន មាន​ប្រសាសន៍​ថា ការ​ប្រកាស​តែងតាំង​ជា​ច្រើន​មន្ទីរ​អង្គភាព​បែប​នេះ គឺ​ស្រប​ពេល ដែល​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​សកល​ជិត​ឈាន​ចូល​មក​ដល់ ។ ហើយ​ការ​ដែល​អាច​ផ្លាស់​ប្តូរ​មុខ​តំណែង​មន្ត្រីរាជការ​នេះ​បាន​យ៉ាង​រលូន ដោយសារ​ប្រទេស​ជាតិ​យើង មាន​សុខ​សន្តិភាព គឺ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​រក​ទទួល បាន​សេចក្តីសុខ​ក្សេមក្សាន្ត ក្រោម​ការ​ដឹកនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ។ ហើយ​យើង​ត្រូវ​ប្តេជ្ញា​ជា​ដាច់ខាត និង​ថែរក្សា​សន្តិភាព​ឱ្យ​នៅ​ស្ថិតស្ថេរ​គង់​វង់​ជា​និច្ច ។ ក្នុង​នាម​ជា​មន្ត្រីរាជការ​ក្តី ជា​ពលរដ្ឋ​ក្តី ត្រូវ​តែ​ដើរ​តាម​មាគ៌ា​របស់​រាជរដ្ឋាភិបាល ដើម្បី​ឱ្យ​ទទួល​បាន​នូវ​សុខ​សន្តិភាព​ជា​យូរអង្វែង ចាប់តាំងពី​មួយ​អាណត្តិ​ទៅ​មួយ​អាណត្តិ ។

លោក​អភិបាលខេត្ត បាន​លើក​ឡើង​ដូចនេះ នៅ​ក្នុង​ពិធី​ប្រកាស​ចូល​កាន់​មុខ​តំណែង​មន្ត្រីរាជការ មន្ទីរ​អង្គភាព​ជំនាញ​ជុំវិញ​ខេត្ត និង​ពិធី​សំណេះសំណាល​ជាមួយ​និវត្តន៍​ជន កាលពី​រសៀល​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០១៩ នៅ​ក្នុង​សាល​ប្រជុំ​សាលាខេត្ត ក្នុង​ពិធី​ប្រកាស​ចូល​កាន់​មុខ​តំណែង មន្ត្រីរាជការ មន្ទីរ​ជុំវិញ​ខេត្ត និង​ពិធី​សំណេះសំណាល​ជាមួយ​និវត្តន៍​ជន ។

លោក​អភិបាលខេត្ត​បន្ត​ទៀត​ថា ជាមួយ​ការ​ចូលរួម និង​អបអរសាទរ ចំពោះ​ការ​តែងតាំង​មុខ​តំណែង​នេះ សូម​ឱ្យ​មន្ត្រីរាជការ​ទាំងអស់​ពង្រឹង​ការ​សហការ​គ្នា ការ​សាមគ្គី​គ្នា ដោយ​ឈរ​លើ​មូលដ្ឋាន លើកកំពស់​ប្រសិទ្ធិ​ភាព​ការងារ​រដ្ឋបាល​ឱ្យ​កាន់តែ​ល្អ​ប្រសើរ ។ ចូលរួម​សហការ​ជាមួយ​រដ្ឋបាល​ខេត្ត ដើម្បី​ជួយ​ពលរដ្ឋ​ឱ្យ​ល្អ​ប្រសើរ និង​មាន​ប្រសិទ្ធិ​ភាព​ខ្ពស់ ។ ម្យ៉ាងវិញទៀត ត្រូវ​ចូលរួម​បង្ក្រាប​បទល្មើស​គ្រប់​ប្រភេទ សហ ការ​ផ្ទៃក្នុង និង​សហការ​ជាមួយ​មន្ទីរ​អង្គភាព​នានា​ក្នុង​ខេត្ត ដើម្បី​បន្ត​ជួយ​ថែរក្សា​គោលនយោបាយ​ភូមិ ឃុំ មាន​សុវត្ថិភាព​ឲ្យ​បាន​រឹង​មាំ ចូលរួម​លុប​បំបាត់​នូវ​ព័ត៌មាន​ក្លែងក្លាយ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​អភិវឌ្ឍ​សង្គម​ជាតិ​ផង​ដែរ ។ មន្ទីរ​អង្គភាព​ទាំងអស់ ត្រូវ​បែងចែក​មុខ​តំណែង ដែល​ទើបនឹង​តែងតាំង​ថ្មី ឱ្យ​បាន​ច្បាស់លាស់​ស្រប​តាម​ការ​ណែនាំ​របស់​ក្រសួង ហើយ​ត្រូវ​ចុះ​សួរសុខទុក្ខ​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន ឱ្យ​បាន​ញឹកញាប់ ដើម្បី​ដឹង​ពី​សុខទុក្ខ​របស់​ពួក​គាត់ គឺ​ត្រូវ​ក្តាប់​ឱ្យ​បាន ធ្វើ​ឱ្យ​ត្រូវ និង​ដើរ​ឱ្យ​ដល់​គោលដៅ ។

សូម​បញ្ជាក់​ថា ការ​តែងតាំង​នេះ មាន​មន្ត្រី​ដូច​តទៅ​ដូច​ជា មន្ទីរ​អភិវឌ្ឍ​ជនបទ មន្ទីរ​រៀបចំ​ដែនដី​នគរ​រូប​នី​យ​កម្ម​សំណង់ និង​សុរិយោដី មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវ មន្ទីរ​ព័ត៌មាន មន្ទីរ​ធម្មការ និង​សាសនា សរុប​ចំនួន​២៦​រូប ។ លោក ក៏​បាន​ផ្តល់​ជូន​នូវ​ថវិកា​ដល់​មន្ត្រី​ទាំងអស់​ចំនួន​៥០០០០​រៀល ដោយ​មានការ​ទទួលទាន​អាហារ​សាមគ្គី​ផង​ដែរ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ