ខេត្តកំពង់ចាម ៖ នាល្ងាចថ្ងៃទី៣១ ធ្នូ ឆ្នាំ២០១៩ នៅតាមដងផ្លូវមាត់ទន្លេនិងសួនច្បារក្រុងកំពង់ចាម គេសង្កេត ឃើញមានភ្ញៀវជាតិនិងអន្តរជាតិ មកដើរកម្សាន្តលេងច្រើនកុះករក្នុងឱកាសថ្លៃឆ្លងឆ្នាំសកលដើម្បីឈានចូលឆ្នាំថ្មី ២០២០។ ជាមួយនោះប្រជាពលរដ្ឋមួយចំនួនបាននាំគ្នាយកម្ហូបអាហារមកស្រស់ស្រូបជុំគ្នា ដើម្បីមើលទិដ្ឋភាពនៃការបាញ់កាំជ្រួចទៅលើអាកាសដើម្បីអបអរសាទរឆ្នាំថ្មីផងដែរ។
លោកអុឹង ឡាក់ស័រ អាយុ៥៥ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅភូមិព្រៃទទឹង ឃុំជ្រៃវៀនស្រុកព្រៃឈរ ប្រាប់ឲ្យដឹងថា លោកនិងកូនៗជាច្រើននាក់រួមនឹងសាច់ញាតិចំនួន៤រថយន្តបាននាំគ្នាធ្វើដំណើរតាមផ្លូវជាតិលេខ៧ ឆ្ពោះមកលេងសួនច្បារមាត់ទន្លេក្រុងកំពង់ចាម ក្រោមស្ពានគីហ្ស៊ុណា ដោយបានឃើញទិដ្ឋភាពមនុស្សក្មេងចាស់ប្រុសស្រីមកលេងពីគ្រប់ទិសទី។
លោកអុឹង ឡាក់ស័រ ប្រាប់បន្តថា ពេលដែលគាត់បានឈានជើមកលេងនៅមាត់ទន្លេមានខ្យល់អាកាសបរិសុទ្ធធ្វើឱ្យអារម្មណ៍ដែលចង្អៀតចង្អុលត្រូវបានរសាយអស់ ។ សួនច្បារនៅតាមមាត់ទន្លេក្រុងកំពង់ចាម ពី១អាណត្តិទៅ១អាណត្តិ ដោយមានការយកចិត្តទុកដាក់ពីសំណាក់អាជ្ញាធរខេត្តនិងស្ថាប័នពាក់ព័ន្ធបានខិតខំកសាងអោយកាន់តែមានសោភ័ណភាពពិសេសគឺមានកន្លែងសម្រាប់អង្គុយលេងលំហែកាយ ។ នៅពេលទំនេរគាត់តែងតែនាំកូនចៅមកលេងនៅក្រុងកំពង់ចាម នេះជាញឹកញាប់ផងដែរ។
ទន្ទឹមនឹងនោះពេលដែលមនុស្សម្នាមកលេងក្នុងថ្ងៃបុណ្យឆ្លងឆ្នាំចាស់ចូលឆ្នាំថ្មីច្រើនកុះករប៉ុន្តែបើក្រឡេកមើលទៅបង្គន់អនាម័យ ហាក់បីដូចជាមិនទាន់គ្រប់គ្រាន់សម្រាប់ប្រជាពលរដ្ឋប្រើប្រាស់នោះទេហើយក៏សូមស្នើដល់អាជ្ញាធរពាក់ព័ន្ធមេត្តាជួយកសាងបន្ថែមទៀត ដើម្បីបំពេញតម្រូវការរបស់ប្រជាពលរដ្ឋដើម្បីចៀសវាងការបន្ទោបង់ពាសវាលពាសកាល។
លោកស៊ាន សុគុណ ប្រធានមន្ទីរទេសចរណ៍ខេត្តបានប្រុសដឹងថា ដោយមានការយកចិត្តទុកដាក់ពីសំណាកលោកអ៊ុន ចាន់ដាអភិបាលខេត្ត បានឲ្យស្ថាប័នមន្ទីរនានានៅជុំវិញខេត្តរៀបចំតាំងភ្លើងលម្អដើម្បីអបអរ សាទរឆ្នាំចាស់ចូលឆ្នាំថ្មី និងទិវាបុណ្យជាតិ៧មករាផងដែរ។
លោកប្រធានមន្ទីរទេសចរណ៍ខេត្តបានប្រាប់បន្តថា នៅយប់ថ្ងៃឆ្លងឆ្នាំចាស់ចូលឆ្នាំថ្មី២០២០ មនុស្សម្នាដែលមកកម្សាន្តលេងទាំងភ្ញៀវជាតិនិងអន្តរជាតិនៅមាត់ទន្លេក្រុងកំពង់ចាម មានការថមថយជាងឆ្នាំទៅបន្តិច។ប៉ុន្តែតាមការរំពឹងទុករបស់លោកវិញ ដោយប្រមោលឃើញមនុស្សមកកម្សាន្តលេងអាចច្រើននៅក្នុងរង្វង់ពីថ្ងៃទី៤ ដល់ទី៨ មករា ឆ្នាំ២០២០ព្រោះមានការដាក់តាំងលក់នៅផលិតផលទេសចរណ៍ឆ្លងខេត្ត រហូតទៅដល់ជាង២០០ស្តង់ នៅក្រោយមន្ទីរវប្បធម៌ខេត្តកំពង់ចាម។
លោកប្រធានមន្ទីរទេសចរណ៍ខេត្តបានប្រាប់បន្តថា តាមរយៈស្តង់ពិព័រណ៍ទាំងនោះ និងមានភាពទាក់ទាញមនុស្សម្នាមកពីគ្រប់ទិសទី មកលេងកម្សាន្តនៅក្រុងកំពង់ចាម។
សូមបញ្ជាក់ថា នៅយប់ថ្ងៃឆ្លងឆ្នាំចាស់ចូលឆ្នាំថ្មី មកដល់មានព្រឹត្តិការណ៍បាញ់កាំជ្រួចទៅលើអាកាសលាយឡំចម្រុះពណ៌ជាច្រើនហើយក៏បានទាក់ទាញមនុស្សច្រើនពាន់នាក់ឱ្យមកទស្សនានិងថតផ្តិតយករូបភាពទាំងនេះផងដែរ ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ