ខេត្តបាត់ដំបង ៖ ក្រោយពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ចេញសេចក្ដីប្រកាសព័ត៌មាន ដែលអះអាងថា មន្ត្រីខ្លួនបាននិងកំពុងប្រឹងប្រែងយកចិត្តទុកដាក់ជួយដល់កសិករដែលបានប្រមូលផលដំណាំ ហើយកំពុងប្រឈមនឹងបញ្ហាទីផ្សារ ត្រូវបានគេហទំព័រមួយចំនួន និងបណ្ដាញសង្គមនានា យកទៅផ្សព្វផ្សាយព្រោងព្រាត ស្រាប់តែពេលនេះមានកសិករមួយចំនួនដែលកំពុងប្រឈមនឹងទីផ្សារនេះ បានចង្អុលមុខមន្ទីរកសិកម្មខេត្តចំៗថា «ការឆ្លើយតបរបស់មន្ទីរកសិកកម្ម គ្រាន់តែដើម្បីយករួចខ្លួន និងភូតកុហកថ្នាក់ដឹកនាំតែប៉ុណ្ណោះ ធាតុពិតគេមិនធ្លាប់ឃើញមុខមន្ត្រីកសិកម្មណាម្នាក់ចុះទៅដល់ទីតាំងដំណាំរបស់កសិករឡើយ»។
កោះសន្តិភាព បានធ្វើបទសម្ភាសន៍ផ្ទាល់ ជាមួយកសិករដែលខ្លះដែលកំពុងប្រមូលផលដំណាំ និង ខ្លះទៀតកំពុងដាំបន្តជាច្រើនកន្លែង កាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២០នេះ ហើយក្នុងចំណោមនោះ កសិករស្ទើរទាំងអស់សុទ្ធតែបានអះអាងថា «កន្លងមក ពួកគេមិនធ្លាប់ឃើញមុខមន្ត្រីជំនាញណាម្នាក់ នៃមន្ទីរកសិកម្មខេត្ត ចុះដល់ទីតាំងដីចំការកសិករដោយផ្ទាល់ ដើម្បីណែនាំ ឬពន្យល់កសិករអំពីការដាំដុះ ឬ ផ្ដល់មតិយោបល់អំពីថា តើដាំដុះបែបណា.? ពេលណា? ដើម្បីឲ្យសមស្របទៅនឹងតំលៃនៅទីផ្សារ»។
ប្រជាកសិករភាគច្រើន បានលើកឡើងថា នៅពេលកសិករជួបបញ្ហា ហើយមានការផ្សព្វផ្សាយព្រោងព្រាត ទើបមានមន្ត្រីកសិកម្មមួយចំនួនធ្វើជាភ្ញាក់ផ្អើល នាំគ្នាបោះចោលជើងដប់ចុះព្រោងព្រាតទៅអើតមើលកសិករដល់ចំការ រួចថតសែលហ្វី និងធ្វើរបាការណ៍មិនស្មោះត្រង់មួយ ដើម្បីដាក់ជូនថ្នាក់លើពិនិត្យ និងមើលកំសាន្ត។
គេហទំព័រកោះសន្តិភាព បានចុះផ្សាយកាលពីថ្ងៃទី២៦ ខែធ្នូ ២០១៩ នូវព័ត៌មានពាក់ព័ន្ធ នឹងម្ចាស់ចំការដំណាំស្ពៃជើងទា នៅភូមិតាគ្រក់ ឃុំត្រែង ស្រុករតនមណ្ឌល គឺលោក អ៊ឹម សុភ័ក្រ បានចែកជូនស្ពៃដែលនៅសេសសល់ពីការលក់ឲ្យទៅប្រជាពលរដ្ឋនានា ដោយមិនគិតថ្លៃ ដោយសារតែដំណាំស្ពៃនេះធ្លាក់តម្លៃពី៥០០រៀល មកនៅត្រឹមតែ៣០០រៀល ហើយស្ទើរតែគ្មានអ្នកទិញទៀតផង។ គួររំលឹកថា ៖ អ្នកភូមិសម្រុកនាំគ្នាកាត់ស្ពៃក្នុងចំការជនពិការម្នាក់យ៉ាងភ្លូកទឹកភ្លូកដី (វីដេអូ)
ហើយមន្ទីរកសិកម្ម ក៏បានចេញសេចក្ដីប្រកាសព័ត៌មានមួយនៅថ្ងៃដដែលនេះ ដោយច្រានចោលចំពោះការផ្សាររបស់គេហទំព័រកោះសន្តិភាពនេះ។ ដោយមន្ទីរនេះ បានអះអាងថា ខ្លួនសូមបដិសេធចំពោះកោះសន្តិភាពដែលបានលើកឡើងថា «មន្ត្រីជំនាញហាក់គ្មានដំណោះស្រាយ ចំពោះបញ្ហាខាងលើនេះឡើយ (បញ្ហាស្ពៃគ្មានទីផ្សារ) »។
ជាមួយនឹងការបដិសេធ មន្ទីរនេះ ក៏បានអួតខ្លួនឯងដែរថា «មន្ទីរជំនាញ ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន នៃខេត្តបាត់ដំបង តែងតែបាននិងកំពុងយកចិត្តទុកដាក់ តាមដានជាប្រចាំនូវតម្លៃ ព្រមទាំងទីផ្សារកសិផលរបស់កសិករមិនដែលធ្វេសប្រហែលឡើយ»។
ប្រជាកសិករចាស់វស្សានឹងការដាំដំណាំកសិកម្មជាច្រើនបានហៅ «សេចក្ដីប្រកាសព័ត័មាន» របស់មន្ទីរកសិកម្មខាងលើថា គឺជា «ឆ្លើយតបបែបគ្មានការទទួលខុសត្រូវ មិនឆ្លុះបញ្ចាំងទៅនឹងការពិត និងបានរាយការណ៍ភូតកុហកថ្នាក់ដឹកនាំ»។
អ្នកស្រី ឆន សារីន អាយុ៣៧ឆ្នាំ ជាកសិករដាំដាំំណាំវិលជុំម្នាក់ នៅភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង បានលើកឡើងដូច្នេះថា «ខ្ញុំមានរបរដាំដំណាំនេះស្ទើរគ្រប់មុខជាង១០ឆ្នាំហើយ ខ្ញុំមិនដែលឃើញមានមន្ត្រីកសិកម្មណាម្នាក់ ចុះមកត្រួតពិនិត្យ ឬមកសួរនាំខ្ញុំពីបញ្ហាដំណាំដល់ចំការខ្ញុំទេ រហូតមកដល់ពេលនេះ»។ គាត់និយាយថា សូម្បីតែអ្នកមានលុយ ចាក់ដីលុបប្រព័ន្ធលូស្ទះទឹកលិចខូចខាតដំណាំកសិករនៅក្នុងមូលដ្ឋាន ក៏មិនដែលឃើញអាជ្ញាធរ ឬ មន្ត្រីជំនាញណាចេញមុខអន្តរាគមន៍ដែរ បើទោះជាប្រជាពលរដ្ឋរាយការណ៍ជាបន្តបន្ទាប់ក្ដី។
កសិកររូបនេះបានបញ្ជាក់ថា ពេលនេះ ស្ទើរគ្រប់មុខបន្លែទាំងអស់គ្មានទីផ្សារទេ។ កាលពីជាងមួយសប្ដាហ៍មុន ប្ដីរបស់គាត់បានបាញ់ថ្នាំកំទេច «សាឡាត់ និង ស្ពៃតឿ» ចោលអស់ជិត១០តោន ដោយសារតែតម្លៃថោក ហើយគ្មានម៉ូយទិញ»។ អ្នកស្រី បានបញ្ជាក់ថា ពេលនេះគាត់បានផ្អាកដំណាំសាឡាត់និងស្ពៃតឿហើយ ងាកមកដាំស្ពៃផ្កា និងជីគ្រប់មុខវិញ។
ជាមួយគ្នានេះ កសិកររូបនេះ បានស្នើដល់មន្ទីរកសិកម្ម ដែលអះអាងថា កំពុងយកចិត្តទុកដាក់ខ្លាំងដល់កសិករ ទាំងការដាំដុះ ទាំងទីផ្សារកសិផល គួរចុះឲ្យដល់ដីចំការកសិករ ដើម្បីពិនិត្យ ឬ ផ្ដល់មតិយោបល់ជាមួយកសិករផង កុំគ្រាន់តែនិយាយ តែធ្វើមិនបាន។
ព័ត៌មានពិស្តារមានផ្សាយនៅលើកាសែតកោះសន្តិភាពលើកក្រោយ ។ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ