ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលា​«​ពោធិ​រស់​» អាយុកាល​ជាង​៧០​ឆ្នាំ លោកគ្រូ​អ្នកគ្រូ​អំពាវនាវ​អភិរក្ស

4 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ លោកគ្រូ​អ្នកគ្រូ​និង​សិស្សានុសិស្ស​អំពាវនាវ​សុំ​ឲ្យ​អាជ្ញាធរ​និង​សប្បុរសជន​មេត្តា​អភិរក្ស​អគារ​សាលា​បឋម​សិក្សា​មួយ​ខ្នង​មាន​៣​បន្ទប់​ដែល​មាន​បណ្តា​យ​២៤​ម៉ែត្រ​ទទឹង​៧​ម៉ែត្រ​ដែល​កសាង​ឡើង​ក្នុង​ឆ្នាំ​១៩៥៦ ក្នុង​សង្គមរាស្ត្រនិយម​ដែល​មាន​សម្តេចព្រះ​នរោត្តម សីហ​នុ កសាង​និង​អភិវឌ្ឍន៍​ព្រះ​ប្រទាន​ឲ្យ​កូនចៅ​ប្រជារាស្ត្រ​របស់​ព្រះ​អង្គ​នៅ​តាម​ជនបទ​បាន​សិក្សា​រៀនសូត្រ​។ អគារ​វ័យ​ចំណាស់​៧៣​ឆ្នាំ​មួយ​នេះ​បច្ចុប្បន្ន​កំពុង​ទ្រុឌទ្រោម​ត្រូវការ​អភិរក្ស​។ ទាក់ទិន​អគារ​សាលា​បឋម​សិក្សា​មួយ​នេះ លោក​រាជ មុន​រ៉ា…

ខេត្តស្វាយរៀង ៖ លោកគ្រូ​អ្នកគ្រូ​និង​សិស្សានុសិស្ស​អំពាវនាវ​សុំ​ឲ្យ​អាជ្ញាធរ​និង​សប្បុរសជន​មេត្តា​អភិរក្ស​អគារ​សាលា​បឋម​សិក្សា​មួយ​ខ្នង​មាន​៣​បន្ទប់​ដែល​មាន​បណ្តា​យ​២៤​ម៉ែត្រ​ទទឹង​៧​ម៉ែត្រ​ដែល​កសាង​ឡើង​ក្នុង​ឆ្នាំ​១៩៥៦ ក្នុង​សង្គមរាស្ត្រនិយម​ដែល​មាន​សម្តេចព្រះ​នរោត្តម សីហ​នុ កសាង​និង​អភិវឌ្ឍន៍​ព្រះ​ប្រទាន​ឲ្យ​កូនចៅ​ប្រជារាស្ត្រ​របស់​ព្រះ​អង្គ​នៅ​តាម​ជនបទ​បាន​សិក្សា​រៀនសូត្រ​។ អគារ​វ័យ​ចំណាស់​៧៣​ឆ្នាំ​មួយ​នេះ​បច្ចុប្បន្ន​កំពុង​ទ្រុឌទ្រោម​ត្រូវការ​អភិរក្ស​។

ទាក់ទិន​អគារ​សាលា​បឋម​សិក្សា​មួយ​នេះ លោក​រាជ មុន​រ៉ា នាយក​សាលា​បឋម​សិក្សា​ពោធិ​រស់ (​អតីត​សាលា​បឋម​សិក្សា​ទួល​ធៀន​) បាន​ឲ្យ​ដឹង​ថា សាលា​ពោធិ​រស់​ស្ថិត​ក្នុងភូមិ​ពោធិ​តា​រស់ ឃុំ​បា​សាក់ ស្រុក​ស្វាយ​ជ្រំ បច្ចុប្បន្ន​មាន​គ្រូបង្រៀន​ចំនួន​១០​នាក់​គ្រូ​ក្រប​ខ​ណ្ឌ័​៥​នាក់​ស្រី​១​នាក់​គ្រូ​ជាប់កិច្ចសន្យា​៥​នាក់ ស្រី​៤​នាក់ មាន​សិស្សានុសិស្ស​ចំនួន​១៥១​នាក់​ស្រី​៦៧​នាក់ ។ អគារសិក្សា​នេះ​មាន​ចំនួន​៧​ថ្នាក់​គឺ​ថ្នាក់​ម​ត្តេ​យ្យ និង​ថ្នាក់​ទី​១​ដល់​ថ្នាក់​ទី​៦​។

លោកនាយក​សាលា​បាន​បន្ត​ថា សាលា​ពោធិ​រស់ ស្ថិត​នៅ​ជនបទ​ដាច់​ស្រ​យ៉ា​ល មាន​ផ្លូវលំ​ពី​បុរាណ​ខែវស្សា​ពិបាក​ក្នុង​ការ​ធ្វើ​ដំណើរ មាន​អគារ​ចំនួន​២​ខ្នង​ស្មើ​៧​បន្ទប់ ។ អគារ​ទី​១​មាន​អាយុ​៧៣​ឆ្នាំ​មក​ហើយ​កសាង​ក្នុង​ឆ្នាំ​១៩៥៦ សង់​អំពី​ថ្ម​បេតុង​ដំបូល​លើ​ធ្វើ​អំពី​ឈើ​ប្រក់​ក្បឿងក្បាច់ មាន​៣​បន្ទប់ បច្ចុប្បន្ន​ចាស់​ទ្រុឌ​ទោម​ដំបូល​លើ និង​បង្អួច ត្រូវការ​ជួសជុល​និង​អភិរក្ស​។ អគារ​ទី​២​មាន​៤​បន្ទប់​ក្នុង​នោះ​មួយ​បន្ទប់​ធ្វើ​ជា​បណ្ណាល័យ​និង​ទីចាត់ការ​នាយក​។ ឆ្នាំ​សិក្សា​២០១៩-២០២០​នេះ​ខ្វះ​បន្ទប់​ឲ្យ​សិស្ស​សិក្សា​ដោយ​បង្រៀន​ចែក​ជា​២​ពេល ក្នុង​១​ថ្ងៃ​នៅ​ខ្វះ​បន្ទប់​សិស្ស​សិក្សា​១​បន្ទប់​។

លោកនាយក​ក៏​បាន​រៀបរាប់​អំពី​ប្រវត្តិ​សាលា​វ័យ​ចំណាស់​នេះ​ថា នៅ​ភូមិ​ពោធិ​តា​រស់​នេះ​ក្នុង​សម័យ​អាណានិគម​បារាំង​ភូមិ​នេះ​បារាំង​យក​ធ្វើ​ជា​ប៉ម​យាម​នៅ​មាត់កំពង់​ដៃទន្លេ​វ៉ៃ​គោ ជា​បន្ទាយ និង​ទារពន្ធ​ដារ​។​

ក្រោយ​ទទួល​បាន​ឯករាជ្យ​ឆ្នាំ​១៩៥៣​រហូត​ដល់​ឆ្នាំ​១៩៥៦​ក៏​បាន​កសាង​សាល​បឋម​សិក្សា​ទួល​ធៀន​នេះ​ឡើង​នៅ​លើ​ទួល​អ្នកតា​ដែល​មាន​ផ្ទៃដី​សរុប​ទទឹង​៧០​ម៉ែត្រ​បណ្តោយ​១២០​ម៉ែត្រ អគារ​២​ខ្នង មាន​៦​បន្ទប់ មាន​លោកគ្រូ​ចំនួន​៨​នាក់ និង​មាន​៥​ថ្នាក់​ចាប់ពី​ថ្នាក់​ទី​១២​ដល់​ថ្នាក់​ទី​៨​ចាស់ ។ ឆ្នាំ​១៩៥៦ មាន​អគារ​១​ខ្នង​ស្មើ​៣​បន្ទប់ លោកនាយក​សាលា​ឈ្មោះ​ភោគ​អូន កើត​នៅ​ឆ្នាំ​១៩២៥​ដែល​មានស្រុក​កំណើត​នៅ​ស្រុក​កំពង់​រោទ៍​បាន​ស្លាប់​ក្នុង​របប​ប៉ុ​ល​ពត​សម្លាប់ ២-​លោក​សោម​រ៉​ន ហៅ​ចាប ៣-​លោក​មាស ឆូ​យ ៤-​លោក​បី​ជុន ៥-​លោក​ឡាំ យ៉ាវ​ម៉ា ៦-​លោក​ពេ​ជ​ហ៊ា​ង ៧-​លោក គង់ ស៊ី​ណា​ល់ ហៅ​ម៉ុ​ន​ និង​៨-​លោកគ្រូ​ហ៊ឹ​ម សា​មុនី​។

លោកនាយក​បាន​បន្ត​ថា សាលា​នេះ​ត្រូវ​បាន​បិទទ្វារ​កាលពី​ថ្ងៃ​ទី​១៨ មីនា ឆ្នាំ​១៩៧០ ដោយ​ភូមិ​ពោធិ​រស់​នេះ​ជា​តំបន់​រំដោះ​ក្រោយ​មាន​រដ្ឋប្រហារ ។ រហូត​ដល់​ឆ្នាំ​១៩៧៩​ក៏​បាន​បង្កើត​សាលា​បឋម​សិក្សា​ទួល​ធៀន​នេះ​ឡើង​វិញ​ដោយ​មាន​សល់​អគារ​១​ខ្នង​៣​បន្ទប់ ក៏​ប៉ុន្តែ​បាន​ប្តូរ​ឈ្មោះ «​សាលា​បឋម​សិក្សា​ពោធិ​រស់​» រហូត​បច្ចុប្បន្ន​ហើយ​បាន​បង្រៀន​សិស្ស​រហូត​មក​ដល់​ឆ្នាំ​២០១៥​ចាស់​ទ្រុឌទ្រោម​ត្រូវ​បិត​ទ្វា​រ​នៅ​សល់​តែ​មួយ​អាគារ​សង់​ថ្មី​មាន​៤​បន្ទប់ ក្នុង​នោះ​ធ្វើ​ជា​បណ្ណាល័យ និង​ទីចាត់ការ​នាយក​មួយ​បន្ទប់​។

លោកនាយក​បាន​បន្ត​ថា ដោយសារ​សាលា​ខ្វះ​បន្ទប់​ឲ្យ​សិស្ស​សិក្សា ទើប​អំពាវនាវ​សុំ​ឲ្យ​សប្បុរសជន​ជួយ​ជួសជុល​អគារ​១​ខ្នង ដែល​មាន​អាយុ​៧៣​ឆ្នាំ​នេះ​ឡើង​វិញ និង​ដើម្បី​អភិរក្ស​អគារ​ចាស់​នេះ​ផង ។ រហូត​មក​ដល់​ថ្ងៃ​ទី​៣០ ធ្នូ ឆ្នាំ​២០១៩​នេះ​ក៏​មាន​សប្បុរសជន​មួយ​ក្រុម​ដឹកនាំ​ដោយ​លោក​ឧកញ៉ា​បណ្ឌិត​ភិ​រម្យ វិ​ចិត្ត​ដា​រ៉ា មក​ពិនិត្យ​អគារ​ចំណាស់​នេះ និង​បាន​នាំ​អំណោយ​ចែក​ជូន​សិស្សានុសិស្ស​ចំនួន​១៥១​នាក់​ក្នុង​ម្នាក់​ៗ​ទទួល​បាន​ប៊ិ​ច​២​ដើម​ និង​សៀវភៅ​៣​ក្ប​ល ក្នុង​នោះ​ក៏​មាន​សប្បុរសជន​បាន​ផ្ញើ​ថវិកា​មក​ចូលរួម​ជា​បន្តបន្ទាប់​ផង​ដែរ​ដើម្បី​ជួសជុល​អគារ​សាលា​។

លោកនាយក​បាន​បន្ត​ថា ក្នុង​ឱកាស​នោះ​ដែរ លោក​ឧកញ៉ា​បណ្ឌិត​ភិ​រម្យ វិចិត្រ​ដា​រ៉ា បាន​មាន​ប្រសាសន៍​ថា ដោយ​លោក​បាន​មើល​ព័ត៌មាន​តាម​អន​ឡាញ​ឃើញ​អំពី​ការ​លំបាក​របស់​សិស្សានុសិស្ស​សាលា​បឋម​សិក្សា​ពោធិ​រស​នេះ​នៅ​ជនបទ​ដាច់​ស្រយាល ហើយ​ខ្វះ​បន្ទប់​សិក្សា ទើប​ដឹកនាំ​សប្បុរសជន​មិត្តភក្តិ និង​សិស្ស​មក​ពិនិត្យ​មើល​សាលា​និង​សិស្ស​នៅ​ទី​នេះ និង​បាន​យល់​ថា ក្មេង​តូច​ៗ ជា​សិស្ស និង​ជា​ទំពាំង​ស្នង​ឫស្សី អនាគត​និង​ក្លាយជា​អ្នកដឹកនាំ ដូច្នេះ​ចាំបាច់​ត្រូវ​តែ​សហការ​គ្នា​ចូលរួម​ជួយ​ឧបត្ថម្ភ ថ្នាល​បណ្តុះ​ទំពាំង​ឲ្យ​ដុះ​បាន​ល្អ ជា​ទំពាំង​ស្នង​ឬ​ស្សី​ល្អ មានគុណ​ភាព ជា​មនុស្ស​មានចំណេះ​ដឹង​ឆ្លាត​ទើប​ក្លាយទៅជា​អ្នកដឹកនាំ​ល្អ អភិវឌ្ឍន៍​ជាតិ​បាន​រីក​ចំរើន​រុងរឿង​។

លោកគ្រូ​អ្នកគ្រូ​បាន​អំពាវនាវ​ដល់​រាជរដ្ឋាភិបាល​មេត្តា​ផ្តល់​អគារ​ថ្មី​១​ខ្នង​មាន​៤​បន្ទប់ ដើម្បី​ឲ្យ​សិស្សា​នុសិស្ស​បាន​រៀន​ត្រូវ​តាម​ស្តង់ដា​របស់​ក្រសួង​កំណត់​ផង​ដែរ​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ