សម្រាប់ភ្ញៀវទេសចរដែលមកលេងកម្សាន្តខេត្តសៀមរាបកុំភ្លេចឈាងចូលទស្សនាតំបន់ព្រែកទាល់ ដែលជាតំបន់ជីវចម្រុះមួយក្នុងចំណោម បឹងទន្លេសាប និងជាតំបន់ទេសចរណ៍សត្វស្លាបទឹកដ៏ធំមួយ ស្ថិតនៅក្នុងភូមិសាស្ត្រភូមិព្រែកទាល់ ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។ ជាមួយនឹងជម្រកសត្វស្លាបដ៏ធំ និងគួរឲ្យទាក់ទាញព្រែកទាល់បានក្លាយទៅជាតំបន់មួយដែលទទួលបានភ្ងៀវទេសចរជាច្រើនជារៀងរាល់ឆ្នាំ ។
ទីនេះ ជាកន្លែងមួយដែលប្រមូលផ្ដុំនូវសត្វស្លាបទឹកដ៏កម្រជាច្រើនប្រភេទមករស់នៅយ៉ាងច្រើនសម្បើម និងបង្កើតជាសំបុករស់នៅដែលគួរឲ្យចង់ទស្សនា។ យោងតាមឯកសាររបស់មន្ទីរទេសចរណ៍ខេត្តបាត់ដំបង ដែលបានបង្ហាញលើបណ្តាញទំនាក់ទំនងសង្គមកន្លងទៅនេះថា ចន្លោះខែធ្នូ ដល់ ខែកុម្ភៈ ភ្ងៀវទេសចរនឹងបានឃើញការប្រមូលផ្ដុំដ៏អស្ចារ្យរបស់សត្វបក្សីនានាដូចជា សត្វទុង ក្រសា និងសត្វបក្សីផ្សេងៗទៀត ដែលជិតផុតពូជផងដែរ ។
នៅក្នុងអំឡុងខែកញ្ញា អ្នកទេសចរណ៍ក៏អាចទស្សនាសត្វទាំងនេះផង ប៉ុន្តែវាមិនសូវមានចំនួនច្រើនប៉ុន្មាននោះទេ ។ នៅពេលដែលទឹកនៅតំបន់ផ្សេងៗចាប់ផ្ដើមស្រក សត្វបក្សីមកពីគ្រប់ទិសទីបានមកជួបជុំគ្នានៅទីនេះ ។ តំបន់ព្រែកទាល់ក៏មានព្រៃភក់លិចទឹកតាមរដូវដែលមានជីវសាស្ត្រចម្រុះជាច្រើន និងទស្សនីយភាពនៅជុំវិញតំបន់សំខាន់នេះ គឺមានភូមិអ្នកនេសាទមួយចំនួនមានពលរដ្ឋ១២០០គ្រួសាររស់នៅក្នុងផ្ទះបណ្ដែតទឹកលើក្បូនឫស្សី ឬផ្ទះទឹក ដែលផ្លាស់ប្ដូរទៅតាមការឡើង និងស្រកនៃផ្ទៃទឹកបឹង ។
អ្នកជំនាញបានបញ្ជាក់ថា ពេលវេលាដែលល្អបំផុតសម្រាប់ការទស្សនាសត្វនៅទីនេះ គឺពេលព្រឹកព្រលឹម និងពេលរសៀល ។ ដូច្នេះបើភ្ញៀវទេសចរចង់ទស្សនាទិដ្ឋភាពដ៏អស្ចារ្យរបស់សត្វស្លាបទាំងនេះអ្នកត្រូវតែចំណាយពេលមួយយប់ក្នុងការស្នាក់នៅក្នុងតំបន់ព្រែកទាល់តែម្តង។ លោកអ្នកអាចស្នាក់អាស្រ័យនៅក្នុងការិយាល័យបរិស្ថានព្រែកទាល់បានជាមួយនឹងការរៀបចំការស្នាក់នៅបែបសាមញ្ញ ប៉ុន្តែអាចទទួលយកបានជាមួយតម្លៃចន្លោះ១៥ ទៅ២០ដុល្លារតែប៉ុណ្ណោះ ។ សម្រាប់ការទស្សនានៅទីនោះ អ្នកអាចនឹងចំណាយច្រើនបន្តិច ព្រោះអ្នកត្រូវធ្វើដំណើរតាមទូកហើយវាក៏មានតម្លៃមិនថោកប៉ុន្មាននោះទេ ។
ឯកសារដដែលបានឲ្យដឹងថា មុននឹងទៅដល់ទីនោះអ្នកត្រូវធ្វើដំណើរទៅកាន់កំពង់ផែចុងឃ្នាស ឬកំពង់ផែមេជ្រៃ (អាស្រ័យទៅលើកម្ពស់ទឹក) ហើយអ្នកត្រូវជួលទូកទៅកាន់ព្រែកទាល់ដោយចំណាយពី៤៥ទៅ៥០ដុល្លារសម្រាប់ទូកមួយ (អាចជិះបានពី៣ទៅ៤នាក់) ពេលទៅដល់ទីនោះអ្នកត្រូវចំណាយថ្លៃទូកតូចមួយទៀតដែលមានតម្លៃចន្លោះពី៣៥ទៅ៤៥ដុល្លារសម្រាប់ការទស្សនាព្រៃ និងសត្វស្លាប (រយៈពេលប្រហែលមួយម៉ោង) ។
សម្រាប់ការចំណាយរបស់អ្នកនៅតំបន់ទេសចរណ៍ព្រែកទាល់ គឺមានន័យថា អ្នកទេសចរណ៍ដែលមកលេងកម្សាន្ត បានចូលរួមចំណែកនៅក្នុងការជួយលើស្ទួយវិស័យទេសចរណ៍ក៏ដូចជា តំបន់ទេសចរណ៍ដែលកំពុងអភិរក្សសត្វស្លាបទឹកដ៏កម្រទាំងនោះនៅកម្ពុជាផងដែរ ៕ អត្ថបទដោយស្រីនាង កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ