ខេត្តមណ្ឌលគិរី ៖ ភ្នំថ្មមួយដ៏ធំសម្បើម និងជាតំបន់ទេសចរណ៍ដ៏ទាក់ទាញប្រកបដោយសក្តានុពល ធម្មជាតិក្នុងខេត្តមណ្ឌលគិរីនាពេលបច្ចុប្បន្ន គឺភ្នំណាមលៀ ដែលមានចម្ងាយផ្លូវប្រហែល៥០គីឡូម៉ែត ពីក្រុងសែនមនោរម្យ ហើយភ្នំណាមលៀ នេះ ស្ថិតក្នុងដែនជម្រកសត្វព្រៃភ្នំណាមលៀ នៅជិតព្រំដែនកម្ពុជា-វៀតណាម ស្ថិតក្នុងភូមិអូររ៉ូណាវ ឃុំប៊ូស្រា ស្រុកពេជ្រាដា ហើយត្រូវបានគេទទួលស្គាល់ថា ជាតំបន់ទេសភាពដ៏ស្រស់ស្អាត និងខុសប្លែកពីតំបន់ទេសចរណ៍ដទៃទៀត ក្នុងខេត្តមណ្ឌលគិរី ។
ផ្អែកលើសក្ដានុពលធម្មជាតិយ៉ាងអំណោយផលនេះ បានធ្វើឱ្យភ្នំណាមលៀរ អូសទាញភ្ញៀវទេសចណ៍ជាតិឲ្យចូលទៅទស្សនាជាប្រចាំ ប៉ុន្តែមិនទាន់ច្រើនប៉ុន្មានទេ ព្រោះតែភ្នំមួយនេះស្ថិតនៅតំបន់ដាច់ស្រយាលក្នុងព្រៃ និងពុំសូវមានអ្នកណាស្គាល់ផ្លូវដើម្បីទៅដល់ភ្នំនោះដែរ ។ ភ្នំណាមលៀ កាលពីពេលកន្លងទៅ មានតែអ្នករស់នៅក្នុងខេត្តមណ្ឌលគិរីប៉ុណ្ណោះ ដែលអាចស្គាល់ផ្លូវទៅលេងកម្សាន្តនៅទីនោះ ប៉ុន្តែក្នុងឆ្នាំ២០១៨ និង២០១៩ នេះ ភ្នំថ្មដ៏មហិមានេះ កាន់តែមានអ្នកស្គាល់ច្រើនឡើងៗ និងកំពុងល្បីល្បាញខ្លាំង ដោយមានអ្នកទេសចរណ៍ជាតិមកពីគ្រប់ទិសទីបានទៅដល់ទីនោះ មិនតែប៉ុណ្ណោះសូម្បីតារាល្បីៗមួយចំនួនក៏បានទៅថតវីដេអូចម្រៀងនៅភ្នំណាមលៀ នេះផងដែរ ។
ក្រោយពេលបានទៅដល់ភ្នំណាមលៀ គឺភ្ញៀវទេសចរណ៍មិនខកបំណងនោះឡើយ ព្រោះតែភ្នំមួយនេះមានភាពស្រស់ស្អាតខ្លាំង និងជាភ្នំថ្មដ៏ធំមួយមានកម្ពស់ខ្ពស់ ព្រមទាំងមានអមដោយព្រៃព្រឹក្សាយ៉ាងខៀវស្រងាត់នៅជុំវិញតួខ្លួនភ្នំ យ៉ាងស្រស់បំព្រង ។ ការធ្វើដំណើរឡើងទៅលើកំពូលភ្នំណាមលៀ និងចុះមកក្រោមវិញ គឺមានភាពលំបាក និងហត់នឿយបន្តិច ព្រោះតែភ្នំមួយនេះមានសភាពចោតខ្លាំង និងខ្ពស់ ដែលធ្វើឲ្យការធ្វើដំណើរឡើងចុះភ្នំនេះ ត្រូវបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្លាំងបំផុត ព្រោះតែការឡើង ឬចុះភ្នំ គឺពុំមានអ្វីមួយសម្រាប់តោង ឬកាន់ឡើងនោះទេ ដូច្នេះប្រសិនបើរអិលធ្លាក់ចុះមកក្រោមអាចរងគ្រោះថ្នាក់ធ្ងន់ធ្ងរ ។
នៅពេលឡើងដល់លើកំពូលភ្នំណាមលៀ ភ្ញៀវទេសចរណ៍ច្បាស់ជារំសាយអស់ទុក្ខកង្វល់ជាក់ជាមិនខាន ព្រោះនៅលើកំពូលភ្នំ គឺយើងអាចមើលឃើញទេសភាពដងព្រៃព្រឹក្សា ភ្នំតូចធំជាច្រើនលាតសន្ធឹងដាច់កន្ទុយភ្នែក ដែលហ៊ុមព័ទ្ធជុំវិញភ្នំយ៉ាងល្វឹងល្វើយ ហើយនៅលើកំពូលភ្នំ គឺជាផ្ទាំងថ្មរដេបរដុបធំៗ ដែលអាចធ្វើឲ្យភ្ញៀវទេសចរណ៍ដើរលេងកម្សាន្ត និងគយគន់ទេសភាពគ្រប់ជ្រុងនៃតួភ្នំ មិនតែប៉ុណ្ណោះនៅលើកំពូលភ្នំក៏មានដើមឈើជាម្លប់សម្រាប់សម្រាកលេងផងដែរ ។
មន្ត្រីជំនាញធ្លាប់បានឲ្យដឹងថា ភ្នំណាមលៀ គឺមានទំហំប្រហែលជាង១គីឡូម៉ែត្រការ៉េ និងកម្ពស់ប្រហែល៣០០ ម៉ែត្រ ចំណែកសាច់ថ្មនៃតួភ្នំទាំងមូល គឺជាប្រភេទថ្មម៉ាប ដែលជាប្រភេទថ្មមានតម្លៃខ្ពស់ ។ ភ្នំមួយនេះក្នុងពេលបច្ចុប្បន្ន ក៏ចាប់ផ្ដើមមានឈ្មោះបោះសម្លេងខ្លាំងឡើងៗផងដែរ។
សូមបញ្ជាក់ថា តួភ្នំណាមលៀទាំងមូល គឺស្រោបដោយស្លែ ដូច្នេះភ្ញៀវទេសចរណ៍ដែលចង់ទៅកម្សាន្ត គឺត្រូវរក ពេលវេលាដែលពុំមានភ្លៀងធ្លាក់ ព្រោះកាលណាមានភ្លៀងធ្លាក់មក ផ្ទាំងថ្មនៃភ្នំគឺមានភាពរអិលខ្លាំងដូចចាក់ខ្លាញ់ មិនអាចឡើង ឬចុះបាននោះទេ ។ ហើយក្នុងចម្ងាយផ្លូវប្រហែល៥០គីឡូម៉ែត្រឆ្ពោះទៅភ្នំណាមលៀ មានផ្លូវកៅស៊ូប្រហែល៤០គីឡូម៉ែត្រ ចំណែក១០គីឡូម៉ែត្រ ជាផ្លូវគ្រួសក្រហម ។ ភ្នំណាមលៀក៏ជាទីសក្ការៈបូជាដ៏ស័ក្កសិទ្ធិ ដែលជនជាតិព្នង គោរពបួងសួងផងដែរ ។
បើតាមប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី លោក ងិន សុវិមាន បានថ្លែងថា ភ្នំណាមលៀ គឺមានសក្ដានុពលទេសចរណ៍ល្អខ្លាំងណាស់ ហើយជំនាញពាក់ព័ន្ធក៏នឹងអភិវឌ្ឍន៍រមណីដ្ឋានមួយនេះ តាមដំណាក់កាលជាបន្តបន្ទាប់ទៀត ។ លោកបញ្ជាក់ថា ជាមួយគ្នានេះដែរ ក្នុងឱកាសបុណ្យឆ្លងឆ្នាំសកលខាងមុខ មន្ទីរទេសចរណ៍រំពឹងថា ភ្ញៀវទេសចរនឹងចូលមកកម្សាន្តច្រើន ព្រោះបន្ទប់ផ្ទះសំណាក់សណ្ឋាគារត្រូវបានភ្ញៀវកក់ពេញបន្ទប់អស់ហើយ ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ