រាជធានីភ្នំពេញ ៖ លោកស្រេង វុធថា ជាតារាសម្តែងកំពុងរះចែងចាំង ពិសេសនៅក្នុងរឿងភាគជាច្រើន ។ ពេលនេះលេចឮថាលោកលង់ស្នេហ៍តារាស្រីរលកក្រោយម្នាក់ ហើយគ្រោងចូលស្តីដណ្ដឹងទៀតផង ។
ដំណឹងនៃការភ្ជាប់ពាក្យរបស់លោកស្រេង វុធថា លេចឮចេញពីអ្នកសិល្បៈជិតដិត ។ គូស្នេហ៍របស់លោកវុធថា គឺជាតារាសម្តែងដែលទើបលេចធ្លោមួយរយៈចុងក្រោយនេះ ។ ពួកគេបានបង្កាត់ភ្លើងស្នេហ៍ បន្ទាប់ពីបានសម្តែងជាមួយគ្នាជាបន្តបន្ទាប់ ។ ពួកគេតាមដានចិត្តគ្នា រហូតឈានដល់ការភ្ជាប់ពាក្យ ដោយមិនចង់ទុកយូរបន្តទៀតទេ ។
ឆ្លងឆ្លើយជាមួយអ្នកសារព័ត៌មានយើង កាលពីពេល ថ្មីៗកន្លងមកលោកស្រេង វុធថា បញ្ជាក់ថា អនាគតគូដណ្តឹងរបស់លោក ឈ្មោះជា ស្រីរត្ន័ ជាតារាសម្តែងរឿង «បុប្ផាស្រុកស្រែ» និងរឿងជាច្រើនទៀត ថែមទាំងជាអ្នកដឹកនាំរឿង និងនិពន្ធរឿង ព្រេងបុរាណខ្មែរ ដូចជា រឿង បុរសជីកក្ដាម អាសុខកាច អាសុខស្លូត មារយាស្ដ្រី ស្រីក្ងោកមាស ឪពុកក្មេករើសកូនប្រសា បុរសសាមសិបដំឡឹង របស់ទូរទស្សន៍ជាដើម ។ ចំណែកដើមកំណើតស្នេហ៍របស់ពួកគេកកើតឡើង ជិត៤ឆ្នាំមកហើយ តាំងពីខាងស្រីទើបចូលសិល្បៈមកម៉្លេះ។
លោកស្រេង វុធថា និយាយថា «បន្ទាប់ពីបានឈ្វេងយល់ចិត្តគ្នាអស់ច្រើនឆ្នាំ ទើបយើងដឹងថារវាងពួកយើងទាំង២ មានចំណុចត្រូវចិត្តគ្នាច្រើន សមទំនងចាប់គូទៅមុខ ។ ធម្មតាមនុស្សពីរនាក់ស្រឡាញ់គ្នា ទាល់តែយោគយល់គ្នា ជួយគ្នា ឲ្យតម្លៃគ្នា នោះទើបរឿងស្នេហាអាចឆ្លងទៅយូរអង្វែងកើត »។
លោកស្រេង វុធថា និងជា ស្រីរត្ន័ គ្រោងភ្ជាប់ពាក្យនៅថ្ងៃទី២ កុម្ភៈ ឆ្នាំ២០២០ ត្រូវជាថ្ងៃកំណើតខាងស្រី ។ ចំពោះពេលវេលា រៀបការអាចធ្វើឡើងនៅរយៈពេល១ឆ្នាំក្រោយ ដើម្បីទុកពេលវេលាសន្សំលុយសិន ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ