ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទី​ម័​រ​ខាងកើត​ថា​នឹង​យក​គំរូ​ និង​បទ​ពិសោធន៍​​ពី​កម្ពុជា​ដើម្បី​អភិវឌ្ឍន៍​ប្រទេស

4 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ឯកអគ្គរដ្ឋទូត​ប្រទេស​ទី​ម័​រ​ខាងកើត បាន​សម្តែង​នូវ​ការ​កោតសរសើរ​ចំពោះ​ការ​អភិវឌ្ឍ​របស់​ប្រទេស​កម្ពុជា និង​ថា​យកគំរូ​និង​បទ​ពិសោធន៍​នេះ​ទៅ​ធ្វើការ​អភិវឌ្ឍ​ប្រទេស​ខ្លួន ។ នេះ​បើ​តាម​លោក​ឯកអគ្គរដ្ឋទូត​លើកឡើង ក្នុង​ជំនួប​ជាមួយ​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ…

រាជធានី​ភ្នំពេញ ៖ ឯកអគ្គរដ្ឋទូត​ប្រទេស​ទី​ម័​រ​ខាងកើត បាន​សម្តែង​នូវ​ការ​កោតសរសើរ​ចំពោះ​ការ​អភិវឌ្ឍ​របស់​ប្រទេស​កម្ពុជា និង​ថា​យកគំរូ​និង​បទ​ពិសោធន៍​នេះ​ទៅ​ធ្វើការ​អភិវឌ្ឍ​ប្រទេស​ខ្លួន ។ នេះ​បើ​តាម​លោក​ឯកអគ្គរដ្ឋទូត​លើកឡើង ក្នុង​ជំនួប​ជាមួយ​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា ។

ក្នុង​ជំនួប​ពិភាក្សា​ជាមួយ​សម្តេច​វិបុល​សេនា ភក្តី សាយ ឈុំ នា​ព្រឹក​ថ្ងៃ​ទី​៣០ ខែធ្នូ ឆ្នាំ​២០១៩ នៅ​វិមាន​ព្រឹទ្ធសភា លោក​ជំទាវ ហ្វេ​លី​ស៊ី​ដា​ដេដេ ស៊ូ​សា ហ្គូ​ទែ​រែស (Felicidade de Sousa Guterres) ឯកអគ្គរដ្ឋទូត​វិសាមញ្ញ​និង​ពេញ​សមត្ថភាព​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ទី​ម័​រ​ខាងកើត បាន​ថ្លែង​ថា ក្នុងអំឡុងពេល​បំពេញ​បេស​កកម្ម​ការទូត​រយៈពេល​៤​ឆ្នាំ​របស់​លោក​ជំទាវ​នៅព្រះរាជាណាចក្រ​កម្ពុជា លោក​ជំទាវ​បាន​ទទួលជោគជ័យ ក៏​ដោយសារ​មានការ​គាំទ្រ​ពី​ព្រឹទ្ធសភារដ្ឋសភា រាជរដ្ឋាភិបាល និង​គ្រប់​ស្ថាប័ន​ជាតិដែល​ជំរុញ​ឱ្យ​ទំនាក់ទំនង​និង​កិច្ច​សហ​ប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ កម្ពុជា​-​ទី​ម័​រ​ខាងកើត
មានការ​រីក​ចម្រើន ។

ជាមួយ​គ្នា​នេះ លោក​ជំទាវ​ក៏​បាន​សម្ដែង​នូវក្ដី​រីករាយ​ជា​ខ្លាំង ដោយ​ឃើញ​ថា​សេដ្ឋកិច្ច​កម្ពុជាមានការ​អភិ​វឌ្ឍ​យ៉ាង​ឆាប់រហ័ស ក្រោម​ការ​ដឹកនាំរបស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រីនៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា ដែល​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​មាន​កំណើនសេដ្ឋកិច្ច​ជា​មធ្យម​៧%​ក្នុង​១​ឆ្នាំ រយៈពេល​ជាង​២​ទសវត្សរ៍​មក​ហើយ ។ លោក​ជំទាវ​បាន​សង្កេត​ឃើញ​ថា នៅ​រាជធានី​ភ្នំពេញ​មានកា​រីក​ចម្រើន​ខ្លាំង​លើ​វិស័យ​ហេ​ដ្ឋា
រចនាសម្ព័ន្ធ​ផ្លូវថ្នល់ ស្ពាន​អាកាស និង​អគារ​ខ្ពស់​ៗ​ជា​ច្រើន ។

លោក​ជំទាវ​ឯកអគ្គរដ្ឋទូត​បញ្ជាក់​ថា អ្វី​ដែលខ្ញុំ​បាន​មើលឃើញ​ទាំង​អស់នេះ ខ្ញុំ​នឹង​យក​ទៅ​ជម្រាប​ជូន​រដ្ឋាភិបាល​ទី​ម័​រ​ខាងកើត ដើម្បី​សិក្សា​ស្វែង​យល់​អំពី​ការ​អភិវឌ្ឍ និង​ការ​កែទម្រង់​លើគ្រប់​វិស័យ ។ នេះ​គឺជា​គំរូ​មួយ និង​បទ​ពិសោធន៍​ដ៏​ល្អ​សម្រាប់​ប្រទេស​ទី​ម័ត​ខាងកើត​ផង​ដែរ ។ ក្នុង​នាម​រដ្ឋាភិបាល​ទី​ម័​រ​ខាងកើត លោក​ជំទាវ​ឯកអគ្គរដ្ឋទូត បាន​ថ្លែងអំណរគុណ​រាជរ​ដ្ឋាភិ​បាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​គាំទ្រឱ្យ​ប្រទេស​ទី​ម័​រ​ខាងកើត​ចូល​ជា​សមាជិក​អាស៊ាន​ពេញ​សិទ្ធិ ។

សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា បាន​សម្តែង​នូវ​ក្តី​ពេញចិត្ត​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​ដ៏​ល្អ​លើ​គ្រប់​វិស័យ រវាង​ប្រជាជន​និង​ប្រទេស​ទាំង​ពីរ ។ ថ្នាក់ដឹកនាំ​កំពូល និង​មន្ត្រីជាន់ខ្ពស់​គ្រប់​លំដាប់ថ្នាក់ បាន​ផ្លាស់​ប្តូរ​ទស្សនកិច្ច​គ្នា​ទៅ​វិញ​ទៅ​មក​ជា​បន្តបន្ទាប់ និង​បាន​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក​លើ​បញ្ហា​ជា​ច្រើន ក្នុង​ក្រប​ខណ្ឌ​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ ។ ក្នុង​នាម​ព្រឹទ្ធសភា រដ្ឋសភា និង​រាជរ​ដ្ឋា​ភិបាល​កម្ពុជា សម្តេច​ប្រធាន​ព្រឹទ្ធសភា សូម​គាំទ្រ ប្រទេស​ទី​ម័​រ​ខាងកើត​ចូល​ជា​សមាជិក​អាស៊ាន ។

សម្តេច​វិបុល​សេនា​ភក្តី​បញ្ជាក់​ថា ក្រោម​ការ​ខិតខំ​សម្របសម្រួល​របស់​លោក​ជំទាវ ប្រទេស​ទាំង​ពីរ​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង និងអនុស្សរណៈ​យោគយល់​គ្នា​រវាង​ប្រទេស​ទាំង​ពីរជា​ច្រើន ហើយ​តាម​រយៈ​នៃ​កិច្ចព្រមព្រៀង​ទាំងអស់នេះ នឹង​ក្លាយជា​ច​លករ​ជំរុញ​កំណើន​ពាណិ​ជ្ជ​កម្ម ជំរុញ​ការ​ផ្លាស់​ប្តូរ​ទេសចរ វប្បធម៌ និង​វិ​និយោគ​ជាក់​ជា​ពុំខាន ។ សម្តេច​នឹង​ត្រៀមខ្លួន​ជា​និច្ច បន្ត​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ដ៏​ជិត​ស្និទ្ធ​ជាមួយនឹង​ឯកអគ្គរដ្ឋទូត​ថ្មី​ទី​ម័​រ​ខាងកើត និង​ស្ថានទូត​ទី​ម័​រ​ខាងកើត​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​រួមចំណែក​ពង្រឹងពង្រីក​ចំណងមិត្តភាព និង​កិច្ច​សហ​ប្រ​តិប​ត្តិ​ការ ដែល​នឹង​នាំ​មក​នូវ​ផលប្រយោជន៍​ទៅ​វិញ​ទៅ​មក​ជូន​ប្រជាជន និង​ប្រទេស​ទាំង​ពីរ ។

នៅ​ថ្ងៃ​ដដែល​នោះ​ដែរ តាម​លោក អ៊ា​ង សុ​ផល្លែ​ត ជំនួយការ​សម្ដេច​តេ​ជោ បាន​ថ្លែង​ឲ្យ​ដឹង​ដែរ​ថា ក្នុង​ឱកាស​អញ្ជើញ​ចូល​ជម្រាបលា​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី នៅ​ទីស្ដីការ​នាយក​រដ្ឋមន្ត្រី​វិមាន​សន្តិភាព លោក​ជំទាវ​ឯកអគ្គរដ្ឋទូត​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជាទី​បំផុត ក្នុង​ឱកាស​ដែល​លោក​ជំទាវ​បាន​ទទួល​គ្រឿង​ឥស្សរិយយស​ពី​ព្រះករុណា​ព្រះមហាក្សត្រ​នា​ពេល​នេះ ។លោក​ជំទាវ​មាន​ប្រសាសន៍​ថា លោក​ជំទាវ ពិតជា​មាន​កិត្តិយស​យ៉ាង​ខ្លាំង ដែល​បាន​មក​បម្រើការងារ​ការទូត​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ។
បន្ទាប់​ពី​៤​ឆ្នាំ​កន្លង​មកនេះ បេះដូង​របស់​លោកជំទាវ​គឺ​ស្ថិត​នៅ​ក្នុង​ប្រទេស​កម្ពុជា​រួច​ហើយ​។ លោក​ជំទាវ​បាន​ពិនិត្យ​ឃើញ​ថា កម្ពុជា​គឺជា​ប្រទេស​ដ៏​គំរូ​មួយ​ដែល​អាច​ដកស្រង់​បទ​ពិសោធន៍ ហើយ​យក​បទ​ពិសោធន៍​នោះ ដើម្បី​ជា​ការ​រៀនសូត្រ​ផង ដើម្បី​ជា​ការ​ចែករំលែក​រវាង​មិត្ត​ភ​ក្កិ និង​ប្រទេស​ដទៃ​ទៀត​ផង ។

លោក​ជំទាវ​បានឃើញ​នូវ​សុខ​សន្តិភាព ស្ថិរភាព​របស់​កម្ពុជា ។ សុខ​សន្តិភាព ស្ថិរភាព​នេះ​ហើយ ដែល​បាន​ជំរុញ​នូវ​ការ​អភិវឌ្ឍ​របស់​កម្ពុជា​យ៉ាង​ឆាប់រហ័ស ។ ជាង​នេះ​ទៀត កម្ពុជា​គឺជា​ប្រទេស​មួយ​ដែល​មាន​ប្រជា​ជន​រីករាយ​ស្រស់ថ្លា ហើយ​ភាព​ស្រស់ថ្លា​នេះ ជាមួយនឹង​សុខ​សន្តិភាព សុវត្ថិភាព​នេះឯង ដែល​ជា​ការ​ទាក់​ទាញ​សម្រាប់​អ្នកទេសចរ​មក​ទស្សនា​កម្ពុជា និង​មក​វិនិយោគ​នៅ​កម្ពុជា ។ កត្តា​សន្តិភាព សុវត្ថិភាព​នេះឯង​ដែល​ជា​ការ​ទាក់ទាញ​ជាទី​បំផុត ។ ក្នុង​ន័យ​នេះ​ដែរ លោក​ជំទាវ​បាន​សម្តែង​នូវការ​រីករាយ ដែល​លោក​ជំទាវ​បាន​ក្លាយជា​អ្នកការទូត​របស់​ទី​ម័​រ​ខាងកើត​លើក​ទី​១ មក​កាន់​កម្ពុជា ។

ជាទី​បញ្ចប់ លោក​ជំទាវ​ក៏​បាន​គោរព​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជាទី​បំផុត ចំពោះ​រាជរ​ដ្ឋាភិ​បាល​កម្ពុជា ដែល​បាន​ផ្ដល់​អាហារូបករណ៍​ដល់​និស្សិត​ទី​ម័​រ​ខាង​កើតមក​សិក្សា​នៅ​កម្ពុជា ។និស្សិត​ទាំងនោះ​កំពុង​បន្ត​ការ​សិក្សា​នៅ​កម្ពុជានៅ​ពេល​នេះ ហើយ​លោក​ជំទាវ​ក៏​បាន​ថ្លែង​អំណរគុណ​សម្ដេច​តេ​ជោ និង​ជូន​ស័ព្ទ​សាធុការពរ​ក្នុង​ឱកាស​ឆ្នាំ​ថ្មី​ឆ្នាំ​សកល​នេះ ។ ជា​ការ​ឆ្លើយ​តប សម្ដេច​តេ​ជោ​បាន​សម្តែង​នូវ​ការ​អបអរសាទរ​ជូន​ចំពោះ​លោក​ជំទាវ ដែលបាន​ទទួល​គ្រឿង​ឥស្សរិយយស​ពី​ព្រះករុណា​ព្រះមហាក្សត្រ ។ សម្តេច​តេ​ជោ​មាន​ប្រសាសន៍​ថា

ប្រទេស​កម្ពុជា​និង​ប្រទេស​ទី​ម័​រ​ខាងកើត គឺជា​ប្រទេស​ដែល​កំពុង​អភិវឌ្ឍន៍ ដូច្នេះ​ចាំបាច់​យើង​ត្រូវការ​ចែករំលែក​បទ​ពិសោធន៍​រវាង​គ្នា​ទៅ​វិញ​ទៅ​មក ។ កម្ពុជា​មានបទពិសោធន៍​សម្រាប់​ចែក​ជូន​ទី​ម័​រ​ខាងកើត ឯ​ទី​ម័​រ​ខាងកើត​ក៏​មាន​បទពិសោធន៍​សម្រាប់​ចែក​ជូន​ដល់​កម្ពុជា​ដែរ ។ អ្វី​ដែល​ជា​កត្តា​សំខាន់​នោះ គឺ​យើង​ផ្លាស់​ប្ដូរបទ​ពិសោធន៍​ទៅ​វិញ​ទៅ​មក រៀន​ពី​គ្នា​ទៅ​វិញ​ទៅមក ហើយ​ប្រើប្រាស់​នូវ​អ្វី​ដែល​យើង​មាន​នោះ ដើម្បី​ជំរុញ​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ ដើម្បី​ទទួល​បាន​នូវ​ផលប្រយោជន៍​រួម​ទាំង​សងខាង។

សម្ដេច​តេ​ជោ​មាន​ប្រសាសន៍​ដែរ​ថា សម្ដេច​ពិតជា​មានការ​រីករាយ​ណាស់ ដែល​និស្សិត​របស់
ទី​ម័​រ​ខាងកើត​បាន​មក​សិក្សា​នៅ​កម្ពុជា ។ សម្ដេច​តេ​ជោ ចង់​ឲ្យ​មាន​និស្សិត​បរទេស​ច្រើន​មក​សិក្សា​នៅ​កម្ពុជា ៖ ទី​១-​ដើម្បី​ចែករំលែក​នូវ​ចំណេះដឹង​រវាង​និស្សិត​និង​និស្សិត ទី​២-​ដើម្បី​ជា​កម្មវិធី​ផ្លាស់​ប្ដូរ​និស្សិត​រវាង​ប្រទេស​កម្ពុជា​និង​ប្រទេស​ដទៃ​ទៀត ។ ជាទី​បញ្ចប់ សម្ដេច​តេ​ជោ​បាន​ជូនពរ​លោក​ជំទាវ ទទួល​បាន​ជោគជ័យ​ជា​បន្តបន្ទាប់​ទៀត ជា​ពិសេស​នៅ​ឆ្នាំ​ថ្មី​ដែល​ឈាន​មក​ដល់ និង​បេសកកម្ម​ថ្មី​របស់​លោក​ជំទាវ​នា​ពេល​អនាគត ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ