ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេ​បក្ស​យុវជន​កម្ពុជា បបួល​លោក​បណ្ឌិត មាស នី និង​លោក រ៉ុ​ង ឈុ​ន ភ្នាល់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រធាន​គណបក្ស​យុវជន​កម្ពុជា​លោក ពេជ្រ ស្រស់ បាន​បបួល​អ្នកវិភាគសង្គម​លោក​បណ្ឌិត មាស នី និង​លោក រ៉ុ​ង…

រាជធានី​ភ្នំពេញ ៖ ប្រធាន​គណបក្ស​យុវជន​កម្ពុជា​លោក ពេជ្រ ស្រស់ បាន​បបួល​អ្នកវិភាគសង្គម​លោក​បណ្ឌិត មាស នី និង​លោក រ៉ុ​ង ឈុ​ន ភ្នាល់​គ្នា បើ​លោក​ចាញ់​គឺ​ឈប់​ធ្វើ​នយោបាយ​និងរំលាយ​គណបក្ស បើសិន​អ្នក​ទាំង​ពីរ​ធ្វើការ​វិភាគឲ្យ​រាជរដ្ឋាភិបាល​ដោះស្រាយ​បញ្ហា​ដីធ្លី​បាន​បញ្ចប់ ។

លោក ពេជ្រ ស្រស់ បាន​សរសេរ​លើ​បណ្តាញ​សង្គម​នៅ​ថ្ងៃ​ទី​៣០ ខែធ្នូ​ថា ៖ «​ខ្ញុំ​ផ្ញើ​ជូន​លោក​បណ្ឌិត មាស នី និង​លោក រ៉ុ​ង ឈុ​ន ព្រមទាំង​អ្នក​ងងឹត​ទាំង​ភ្នែក​អាច​មើលឃើញ​មួយ​ចំនួន​ទៀត ដែល​វាយតម្លៃ​និង​ចោទ​សមាជិក​ក្នុង​ឧត្តមក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់​យោបល់ ថា​មិន​បាន​ធ្វើ​នូវ​អ្វី​សោះ ជា​ពិសេស​គឺ​មិន​បាន​បម្រើ​ប្រយោជន៍​ប្រជាពលរដ្ឋ និង​មិន​បាន​ដោះស្រាយ​នូវ​បញ្ហា​ដីធ្លី ។ សុំ​អស់លោក​បើកភ្នែក​អាន​របាយការណ៍​របស់​ប្រតិភូ​បក្ស​យុវជន​ថា តើ​មាន​ប្រជាពលរដ្ឋ​ប៉ុន្មាន​គ្រួសារ​ត្រូវ​បាន​ដោះស្រាយនិង​មាន​ចំនួន​ផ្ទៃដី​ប៉ុន្មាន​ហិ​កតា​ដែល​ពួក​គាត់​ទទួល​បាន​នោះ​» ។

លោក ពេជ្រ ស្រស់ បញ្ជាក់​ថា ក្នុង​ន័យ​នេះ​ខ្ញុំ​សុំ​ស្នើ​ដល់​ក្រុម​អស់លោក​បណ្ឌិត​មាន​ខួរក្បាល​មួយ​ចំហៀង សុំ​បើកទ្វារ​ខួរក្បាល​មួយ​ចំហៀង​ទៀត គឺ​ដើម្បី​បំពេញ​ឲ្យ​គ្រប់​ខួរក្បាល​ទាំង​សងខាង​ផង ហើយ​ខ្ញុំ​សុំ​បញ្ជាក់​ផង​ថា​«​ពលរដ្ឋ​ម្នាក់​»​ក៏​ជា​ពលរដ្ឋ​ខ្មែរ​យើង​ដែរ ចុះ​អស់លោក បើកភ្នែក​មើល​នៅ​ក្នុង​របាយការណ៍​បន្តិច​មើលថា មាន​ពលរដ្ឋ​ប៉ុន្មាន​គ្រួសារ​ទទួល​បាន​ដំណោះស្រាយ​នេះ ។

បើ​អស់លោក​ខ្ជិល​អាន គឺ​ខ្ញុំ​ប្រាប់តែ​​ម្តង ក្នុង​របាយការណ៍​នេះ​មាន​ពលរដ្ឋ​ចំនួន៣.១១៣​គ្រួសារ​ត្រូវ​បាន​ដោះស្រាយ​ជូន​ពួក​គាត់ ចុះបើ​រាប់​ជា​ចំនួន​នាក់​វិញ ថា​តើ​ប៉ុន្មាន​នាក់​ទទួល​បានការ​ដោះស្រាយ​ពី​ប្រតិភូ​គណបក្ស​យុវជន ។ ដូច្នេះ​គឺ​យើង​យក​៣.១១៣​គ្រួសារ​គុណ​នឹង​៣​នាក់​ក្នុង​មួយ​គ្រួសារ​យ៉ាងតិច​ស្មើ​៩.៣៣៩​នាក់​ឯណោះ ។ តើ​ពួក​គាត់​ទាំង​៩.៣៣៩​នាក់​មិនមែន​ជា​ពលរដ្ឋ​ទេ អស់លោក​បណ្ឌិត​ពិការ​ខួរក្បាល​ទាំងឡាយ​….​? ចំនួន​នេះ​មិន​គិត​ចូល​ពី​សកម្មភាព​ផ្សេង​ៗ​ទៀត​ផង​» ។

ជាមួយ​គ្នា​នេះ គណបក្ស​យុវជន​នេះ​បាន​ស្នើ​ថា ធ្វើ​ជា​បណ្ឌិត គួរ​ធ្វើ​ឲ្យ​ក្មេង​ៗ​ជំនាន់​ក្រោយ​គោរព​ខ្លះ​ផង កុំ​ចង់​តែ​ផ្គាប់ចិត្ត​មនុស្ស​មួយ​ក្រុមបោះបង់​គុណធម៌​ក្នុង​ខ្លួន​ឲ្យ​សោះ ពីព្រោះ​អស់លោក​ក៏​មាន​ថ្ងៃ​ស្លាប់​ដូច​តែ​គ្នា​ទេ ហើយ​មុន​នឹង​និយាយ​គួរ​គិតដល់​ជន​កំពុង​រង​គ្រោះ​ផង ។

លោក ពេជ្រ ស្រស់ គូសបញ្ជាក់​ថា​៖«​ចុង​ក្រោយ ខ្ញុំ​ចង់​ដាក់​ការ​ភ្នាល់​ជាមួយ លោកបណ្ឌិត មាស នី និង​លោក រ៉ុ​ង ឈុ​ន បើសិនជា​ការ​វិភាគ​របស់​អស់លោក អាច​ជួយ​ដល់​បងប្អូន​ជន​រង​គ្រោះ​ដីធ្លី ឲ្យ​ទទួល​បាន​ដំណោះស្រាយ ពី​រាជរដ្ឋាភិបាល បាន​និង​ជំរុញ​ឲ្យ​រាជរដ្ឋាភិបាល​ដោះស្រាយ​បញ្ហា​មួយ​ចំនួន​ទៀត​បាន​ដូច​ជា​ការ​ដណ្តើម​ដែនសមុទ្រ​ពី​ពពួក​ទុច្ចរិត និង​បញ្ហា​ផ្សេង​ទៀត​បាន គឺ​ខ្ញុំ​នឹង​ដើរ​ចេញពី​យន្តការ​ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ​និង​ផ្តល់​យោបល់ ព្រមទាំង​រំលាយ​គណបក្ស​យុវជន​កម្ពុជា​ចោល​តែ​ម្តង ហើយ​ខ្ញុំ​នឹង​ឈប់​ប្រឡូក​ក្នុង​ឆាកនយោបាយ​អស់​មួយ​ជីវិត​…»​។

លោក​បន្ថែម​ថា តើ​លោក​ទាំង​២​ហ៊ាន​ភ្នាល់​ជាមួយ​ខ្ញុំ​ដែរ​ឬទេ ? ខ្ញុំ​រង់ចាំ​ទទួល​ការ​ភ្នាល់​ពី​លោក​ទាំង​២​នាក់ គ្រប់ពេល​…​។ សូម​ជម្រាប​ថា រហូត​មក​ដល់​ពេល​នេះ មិន​ទាន់​មានការ​ឆ្លើយ​តប​ពី​លោក មាស នី និង​លោក រ៉ុ​ង ឈុ​ន យ៉ាងណា​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ