ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បារាំង​ផ្តល់​សម្បទាន​ជាង​១០០​លាន​ដុល្លារ​សម្រាប់​ការ​អភិវឌ្ឍ​គម្រោង​ចំនួន​២​នៅ​កម្ពុជា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រទេស​បារាំង​បាន​សម្រេច​ផ្តល់​សម្បទាន​ថវិកា​ជាង​១០០​លាន​ដុល្លារ​ដល់​ប្រទេស​កម្ពុជា សម្រាប់​ធ្វើការ​អភិវឌ្ឍន៍​គម្រោង​ចំនួន​២​នៅ​ក្នុង​ប្រទេស​កម្ពុជា ។ ការ​ផ្តល់​សម្បទាន​នេះ​ធ្វើ​ឡើង បន្ទាប់ពី​ប្រគល់ និង​ទទួល​រវាង​ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធ​មុនី​រ័​ត្ន…

រាជធានី​ភ្នំពេញ ៖ ប្រទេស​បារាំង​បាន​សម្រេច​ផ្តល់​សម្បទាន​ថវិកា​ជាង​១០០​លាន​ដុល្លារ​ដល់​ប្រទេស​កម្ពុជា សម្រាប់​ធ្វើការ​អភិវឌ្ឍន៍​គម្រោង​ចំនួន​២​នៅ​ក្នុង​ប្រទេស​កម្ពុជា ។ ការ​ផ្តល់​សម្បទាន​នេះ​ធ្វើ​ឡើង បន្ទាប់ពី​ប្រគល់ និង​ទទួល​រវាង​ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធ​មុនី​រ័​ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កម្ពុជា កាលពី​ថ្ងៃ​ទី​២៤ ខែធ្នូ​កន្លង​មក ដោយ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ឥណទាន​សម្បទាន​សម្រាប់ គម្រោង​ចំនួន​២ ជាមួយ​លោកស្រី Ophélie BOURHIS នាយក​ទីភ្នាក់ងារ​បារាំង​សម្រាប់​អភិវឌ្ឍន៍ (AFD) ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​មាន​ទំហំ​ទឹកប្រាក់​ចំនួន​១១៨​លាន​អឺ​រ៉ូ (​ប្រមាណ​ជា​១២១, ៣២ លាន​ដុល្លារ​) ដើម្បី​ចូលរួម​អភិវឌ្ឍ​កម្ពុជា​ឲ្យ​កាន់តែ​មានកា​រីក​ចម្រើន​បន្ថែម​ទៀត ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញវត្ថុ​បាន​ឲ្យ​ដឹង​ថា កិច្ចព្រមព្រៀង​ទាំង​២​នោះ​រួម​មាន​ទី​១,​ឥណទាន​សម្បទាន​ចំនួន​១០០ លាន​អឺ​រ៉ូ (​ប្រមាណ​ជា​១០,៤ លាន​ដុល្លារ​) សម្រាប់​គម្រោង​សាងសង់​រោងចក្រ​ប្រព្រឹត្ត​កម្ម ទឹក​ស្អាត បាក់​ខែង ដំណាល់​កាល​ទី​២ ។ តាម​រយៈ​កិច្ចព្រមព្រៀង​នេះ ទីភ្នាក់ងារ​បារាំង​សម្រាប់​អភិវឌ្ឍន៍ (AFD) នឹង​ផ្តល់​ឥណទាន​សម្បទាន​បន្ថែមចំនួន​១០០​លាន​អឺ​រ៉ូ សម្រាប់​អនុវត្ត​គម្រោង​នេះ​បន្ត​ពី​គម្រោង​ជំ​ហ៊ាន​ទី​១ ។

គម្រោង​នេះ​មាន​ទិស​ដៅ ១- សាងសង់​ស្ថានីយ៍​បូមទឹក​ដែល​មាន​សមត្ថភាព​ផលិត​ទឹក​ស្អាត​បាន​១៩៥ ០០០ ម៉ែត្រ​គីប​ក្នុង​១​ថ្ងៃ ។ ២- បំពាក់​បំពង់​មេ​នាំ​ទឹក​ស្អាត បំពង់​ចែកចាយ និង​សម្ភារៈ​ត​ភ្ជាប់​បំពង់ និង ទី​៣- ត្រួតពិនិត្យ​ការងារ សាងសង់ និង​គាំទ្រ​ដល់​ការ​ពង្រឹងសមត្ថភាព មន្ត្រី​របស់​រដ្ឋាករទឹក​ស្វយ័ត ក្រុងភ្នំពេញ លើ​ការងារ​លទ្ធកម្ម និង​តម្លើង​បណ្តាញ​ចែកចាយ​ទឹក ។ គម្រោង​ទី​២- ឥណទាន​សម្បទាន​ចំនួន​១៨​លាន​អឺ​រ៉ូ (​ប្រមាណ​ជា ១៩,៩២ លាន​ដុល្លារ​) សម្រាប់ គម្រោង​អភិវឌ្ឍន៍​ជំនាញ​សម្រាប់​ការ​ប្រកួតប្រជែង ។

តាម​រយៈ​កិច្ចព្រមព្រៀង​នេះ AFD នឹង​ផ្តល់​ឥណទាន​ចំនួន​១៨​លាន​អឺ​រ៉ូ សម្រាប់​ធ្វើ​សហ​ហិរញ្ញប្បទាន ជាមួយ​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ជូន​រាជរដ្ឋាភិបាល​កម្ពុជា​សម្រាប់​អនុវត្ត​គម្រោង​អភិវឌ្ឍន៍​ជំនាញ​សម្រាប់​ការ​ប្រកួតប្រជែង​ដែល​មាន​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ជា​ភ្នាក់ងារ​ប្រតិបត្តិ​គម្រោង ហើយ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ជា​ភ្នាក់ងារ​អនុវត្ត​គម្រោង ។

ប្រភព​បាន​បន្ត​ថា គម្រោង​នេះ​មាន​ទិស​ដៅ​ទី​១ – កែ​លម្អ និង​លើកកម្ពស់​គុណភាព​នៃ​ការ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​កម្រិត​ក្រោយ​មធ្យមសិក្សា ទី​២- លើកកម្ពស់​ការ​សិក្សា​ផង និង​ធ្វើការ​ផង តាម​បណ្តា​ឧស្សាហកម្ម​នានា និង​ទី​៣- ពង្រឹង​យន្តការ គ្រប់គ្រង​ហិរញ្ញវត្ថុ របស់​គ្រឹះស្ថាន​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ (TVET) ឲ្យ​ប្រកបដោយ​នវានុវត្តន៍ ។

ការ​ផ្តល់​ហិរញ្ញប្បទាន​ដល់​គម្រោង​ទាំង​ពីរ​ខាងលើ​នេះ គឺ​បាន​ឆ្លើយ​តប​យ៉ាង​ជាក់ច្បាស់​ទៅ​នឹង​សេចក្តី​ត្រូវការ​ជា​អាទិភាព រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​វិស័យ​អភិវឌ្ឍន៍ ធនធានមនុស្ស តាម​រយៈ​ការ​លើកកម្ពស់ ចំណេះដឹង ជំនាញ វិជ្ជាជីវៈ សមត្ថភាព និង​សហគ្រិនភាព និង​វិស័យ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ទីក្រុង និង​ទីប្រជុំជន តាម​រយៈ​ការ​ពង្រីក​សមត្ថភាព ផ្គត់ផ្គង់​ទឹក​ស្អាត និង​ការ​បំពាក់​ប្រព័ន្ធ​ចែកចាយ និង​ផ្គត់ផ្គង់​ទឹក​ស្អាត ។

ហិរញ្ញប្បទាន​ដ៏​ថ្លៃថ្លា​ពី​រដ្ឋាភិបាល​សាធារណរដ្ឋ​បារាំង​នេះ​នឹង​រួមចំណែក​ដល់​ការ​អនុវត្ត​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល​កម្ពុជា​សំដៅ​ជួយ​ទ្រទ្រង់​កំណើនសេដ្ឋកិច្ច​ក្នុង​រយៈពេល​វែង​បង្កើត​ការងារ​បែងចែក​ផ្លែផ្កា​នៃ​កំណើន​ប្រកបដោយ​សមធម៌​ដល់​គ្រប់​ស្រទាប់វណ្ណៈ​នៃ​ប្រជាជន និង​បង្កើន​ប្រសិទ្ធិ​ភាព​នៃ​ការ​វិនិយោគ​ដែល​ជា​មូលដ្ឋាន​ឆ្ពោះទៅ​សម្រេច​ចក្ខុវិស័យ​កម្ពុជា ឆ្នាំ​២០៥០ ជា​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​ខ្ពស់​ផង​ដែរ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ