ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រព័ន្ធ​ធារាសាស្ត្រ​លំហាច​កំពុង​ដំណើរការ​កសាង​បាន​ជាង​៩០%​ហើយ

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ប្រព័ន្ធ​ធារាសាស្ត្រ​លំហាច គឺជា​សំណង់​ដែល​កំពុង​រៀបចំ​កសាង​ថ្មី ដើម្បី​យក​ទឹក​ស្រោច​ស្រប់​លើ​ផ្ទៃដី ស្រែ​ចំនួន​ប្រមាណ​ជាង​៣​ពាន់​ហិ​កតា ។ ធារាសាស្ត្រ​ថ្មី​មួយ​នេះ ស្ថិត​ក្នុង ភូមិ​អញ្ចាញ…

ខេត្តកំពង់ឆ្នាំង ៖ ប្រព័ន្ធ​ធារាសាស្ត្រ​លំហាច គឺជា​សំណង់​ដែល​កំពុង​រៀបចំ​កសាង​ថ្មី ដើម្បី​យក​ទឹក​ស្រោច​ស្រប់​លើ​ផ្ទៃដី ស្រែ​ចំនួន​ប្រមាណ​ជាង​៣​ពាន់​ហិ​កតា ។ ធារាសាស្ត្រ​ថ្មី​មួយ​នេះ ស្ថិត​ក្នុង ភូមិ​អញ្ចាញ ឃុំ​ក្តុល​សែន​ជ័យ ស្រុក​ទឹកផុស មាន​ចម្ងាយ​ជាង​៦០​គីឡូ ម៉ែត្រ​ពី​ទីរួមខេត្ត​កំពង់ឆ្នាំង ។

សំណង់​ថ្មី​ជា​ប្រវត្តិ​សា​សាស្ត្រ​មិន​ធា្ល​ប់​មាន​នេះ ក្រោយ​ពេល​រូ​ចរាល់ នឹង​ជួយ​ដល់​វិស័យ​កសិកម្ម​ដំណាំ​ស្រូវ​វស្សា​របស់ ប្រជាពលរដ្ឋ ក្នុងស្រុក​ចំនួន​៣ គឺ​ស្រុក​បរិបូរណ៍ ស្រុក​រលាប្អៀរ និង​ស្រុក​ទឹកផុស ហើយ​តំបន់​នោះ​នឹង​ប្រ​ក្លាយជា​តំបន់​ទេសចរណ៍ យ៉ាង​ទាក់ទាញ​ទៀត​ផង ។

លោក ដោក ប៊ុ​ន​ថុ​ន ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម ខេត្តកំពង់ឆ្នាំង បានឱ្យ​​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០១៩​នេះ​ថាៈ ប្រព័ន្ធ​ធារាសាស្ត្រ​លំហាច គិត​មក​ដល់​ពេល​នេះ កំពុង​ដំណើរការ​សាងសង់​បាន​ជាង​៩០% ហើយ ដោយ​អាច​ស្រោចស្រព​លើ​ផ្ទៃដី​ស្រែវស្សា​ចំនួន​៣២៨៩​ហិ​កតា ។

លោក​ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត​បាន​បន្ត​ថា ប្រព័ន្ធ​ធារាសាស្ត្រ​នេះ​មាន​ប្រឡាយ​តូច ធំ វែង និង​ខ្លី​សរុប​ចំនួន​១៣៣​ខ្សែ​ដែល​មាន​ប្រវែង​សរុប ១៧៣,៨០​គីឡូម៉ែត្រ ក្នុង​នោះ​មាន សំណង់​ក្បាលហុង​ទឹក​១​កន្លែង​, សំណង់​ទ្វារ​ទឹក​១​កន្លែង​, ធ្វើ​ប្រឡាយ​មេ​ចំនួន​០១​ខ្សែ មាន​ប្រវែង​១៦,៤០​គីឡូម៉ែត្រ​, សាងសង់​ប្រឡាយ​ថ្នាក់​ទី​២ ចំនួន​១៣​ខ្សែ ស្មើនឹង​ប្រវែង​៤២,៥០​គីឡូម៉ែត្រ , សាងសង់​ប្រឡាយ​រំដោះ​ទឹក​ចំនួន​១៥​ខ្សែ ស្មើនឹង​ប្រវែង ៥២,៩០​គីឡូម៉ែត្រ , សាងសង់​ប្រឡាយ​ទឹក​ថ្នាក់​ទី​៣ ចំនួន​៩៣​ខ្សែ មាន​ប្រវែង​៦២​គីឡូម៉ែត្រ , សាងសង់​សំណង់​សិល្បការ​សរុប​ចំនួន​៥៥៧​កន្លែង និង​សាងសង់​សំណង់​អគារ​សហគមន៍​កសិករ​ប្រើប្រាស់​ទឹក​ចំនួន​១​កន្លែង​។

លោក​ប្រធាន​មន្ទីរ​ធនធាន​ទឹកបាន​បញ្ជាក់​ថា ប្រព័ន្ធ​ធារាសាស្ត្រ​នេះ គឺជា​ជំនួយ​របស់​រាជរដ្ឋាភិបាល​ជប៉ុន កសាង​ដោយ​អង្គការ​ចៃ​ការ​ជប៉ុន បាន​ចាប់ផ្ដើម​កសាង​នៅ​ក្នុង​អំឡុងខែ​មិ​នា ឆ្នាំ​២០១៧ គិត​មក​ដល់​ពេល​នេះ​មាន​រយៈពេល​ប្រមាណ​២​ឆ្នាំ​៧​ខែ​ហើយ ដែល​នឹង​អាច​បញ្ចប់​គម្រោង​នៅ​ក្នុង ខែធ្នូ ឆ្នាំ​២០២០​ខាង​មុខ​នេះ ។ ប្រព័ន្ធ​ធារាសាស្ត្រ​នេះ​មាន​ប្រភព​ទឹក​មក​ពី​ស្ទឹង​អូរ​រំចេក ឃុំ​ក្តុល​សែន​ជ័យ និង​មួយ​ផ្នែក មក​ពីលើ​ភ្នំ​គុក ដែល​មាន​ព្រុំប្រទល់​ជាប់​ខេត្តកំពង់ឆ្នាំង ជាមួយ​ខេត្តពោធិសាត់​។ ប្រព័ន្ធ​ធារាសាស្ត្រ​នេះ ប្រសិនបើ​ប្រជាពលរដ្ឋ​កែប្រែ​ទម្លាប់​ពី​ធ្វើ​ស្រូវធ្ងន់ មក​ធ្វើ​ស្រូវកណ្តាល​វិញ គឺ​អាច​ធ្វើស្រែ​បាន​២​ដង​នៅ​ក្នុង​ខែវស្សា ហើយ​អាច​ទទួល​បាន​ទិន្នផល​បាន​ទ្វេ​ដង​ទៀត​ផង ។

ដោយឡែក​ប្រជាពលរដ្ឋ​ក៏​ដូច​ជា​មន្ត្រី​ជំនាញ ទេសចរ​ណ៍បាន​រំពឹង​ថា នៅ​ពេល​សំណង់​ស្ទាក់​ទឹក​លំហាច​នេះ បាន​សាងសង់​រួចរាល់ និង​បានជា​អត្ថ​ប្រ​យោ​ជ​ន៍​​២យ៉ាងគឺ​ ទី​១​-សម្រាប់​ជា​ប្រ​ព​ន្ឋ័​ស្រោច​ស្រព​ទឹក ធ្វើស្រែ​ដល់​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ ទី​២-​នឹង​ក្លាយជា​តំបន់​ទេសចរ​ណ៍​ដ៏​ស្រស់​ត្រកាល ដែល​ឱ្យ​ភ្ញៀវ​ទេសចរ​ណ៌ ទៅ​ទស្សនា​កំសាន្ត​បាន​យ៉ាង​សប្បាយ​រីករាយ ដូច​សំណង់​ស្ទាក់​ទឹក​ធារាសាស្ត្រ​អា​ចាង ក្នុង​ឃុំ​អញ្ចាញ​រូង ស្រុក​បរិបូរ​ណ៌​ដែរ​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ