ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្លែក​មែន​! សម្ល «​ប្រូង​» បែប​ប្រពៃណី​ជន​ជាតិភាគតិច ទាក់ទាញ​អ្នកទេសចរ​យ៉ាង​​ខ្លាំង

4 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ សម្ល​បំពង់​ឬ​ស្សី ឬ​ដែល​អ្នកស្រុក​ហៅ​ថា «​ប្រូង​» ត្រូវ​បាន​គេ​យក​ទៅ​តាំង​លក់​នៅ​រង្វង់​មូល​គោព្រៃ កណ្តាល​ក្រុង​សែន​មនោ​រម្យ នា​ឱកាស​ថ្ងៃ​បុណ្យ​ឆ្លង​ឆ្នាំ​សកល ដើម្បី​ជា​ការ​ផ្សព្វផ្សាយ​ពី​ម្ហូប​បែប​ប្រពៃណី​ប្រចាំ​តំបន់​ខេត្តមណ្ឌលគិរី​។ លោក…

ខេត្តមណ្ឌលគិរី ៖ សម្ល​បំពង់​ឬ​ស្សី ឬ​ដែល​អ្នកស្រុក​ហៅ​ថា «​ប្រូង​» ត្រូវ​បាន​គេ​យក​ទៅ​តាំង​លក់​នៅ​រង្វង់​មូល​គោព្រៃ កណ្តាល​ក្រុង​សែន​មនោ​រម្យ នា​ឱកាស​ថ្ងៃ​បុណ្យ​ឆ្លង​ឆ្នាំ​សកល ដើម្បី​ជា​ការ​ផ្សព្វផ្សាយ​ពី​ម្ហូប​បែប​ប្រពៃណី​ប្រចាំ​តំបន់​ខេត្តមណ្ឌលគិរី​។

លោក សុផល ដែល​បាន​នាំ​យក​ម្ហូប​ប្លែក​ៗ​យក​ទៅ​លក់​នៅ​តាម​ផ្លូវ​ក្នុង​ក្រុង​សែន​មនោ​រម្យ​បាន​ឲ្យ​ដឹង​ថា មាន​មូលហេតុ​ខ្លះ​ដែល​លោក​បាន​សម្រេចចិត្ត​រៀបចំ​សម្ល​បែប​ប្រពៃណី​ជនជាតិ​ដើម​ភាគ​តិច លក់​ជា​សាធារណៈ​នៅ​ពេល​នេះ គឺ​ដោយសារ​នៅ​រដូវ​បុណ្យ​ឆ្លង​ឆ្នាំ​សកល​ខេត្តមណ្ឌលគិរី នឹង​មាន​ភ្ញៀវ​ទេសចរ​មក​លេង​កម្សាន្ត​ច្រើន ដូច្នេះ​ជា​ឱកាស​មួយ​សម្រាប់​គ្រួសារ​របស់​លោក អាច​បង្ហាញ​ពី​របៀប​ស្ល ពីមុខ​ម្ហូប​ដ៏​មានឱជារស​ដែល​ផ្សំ​ឡើង​ពី​បន្លែ​ធម្មជាតិ​ពិត​ៗ​។ មិន​ត្រឹមតែ​ជា​មុខម្ហូប​ផ្សំ​ពី​បន្លែ​ធម្មជាតិ​ដុះ​តាម​មាត់​អូរ​នោះ​ទេ សម្រាប់​រយៈពេល​នៃ​ការ​ដាក់​លក់​នេះ លោក សុផល បញ្ជាក់​ថា សម្ល​មួយ​បំពង់​មាន​តម្លៃ​ត្រឹម​៤​ម៉ឺន​រៀល​ប៉ុណ្ណោះ ដែល​អាច​បរិភោគ​ម៉ា​ឆ្អែត​មនុស្ស​ពេញវ័យ​ចំនួន​៣​ទៅ​៤​នាក់​។

លោក សុផល បាន​បន្ត​ថា សម្ល «​ប្រូង​» របស់​ជនជាតិ​ដើម​ភាគតិច រស់នៅ​តំបន់​ខ្ពង់រាប​នា​ភាគ​ឦសាន​ជា​ម្ហូបអាហារ​ដ៏​ពេញ​និយម​សម្រាប់​ប្រជាជន​ក្នុង​តំបន់ ហើយ​មិនតែប៉ុណ្ណោះ វា​កំពុង​ទាក់ទាញ​ការ​ចាប់អារម្មណ៍​ពី​អ្នកទេសចរ​ខ្លាំង​ផង​ដែរ ។ គាត់​ចេះ​ធ្វើ​ម្ហូប​នេះ​យ៉ាង​ស្ទាត់ជំនាញ ព្រោះ​មុខម្ហូប​នេះ​សម្បូរ​ទៅ​ដោយ​វីតាមីន ដោយសារ​គេ​ប្រើ​សុទ្ធ​សឹង​បន្លែ​បេះ​ពី​ព្រៃ​ធម្មជាតិ ថ្មី​ៗ។

ចំណែក​គ្រឿងផ្សំ​សម្រាប់​សម្ល​បុក ឬ​ប៉ូង រួម​មាន សាច់​យាវ​គោ (​សាច់​ស្វិត ឬ​សាច់​ប្រភេទ​ងៀត​ក៏​បាន​) ប្រហុក ចុង​ផ្តៅ ស្លឹក​ម្ទេស ត្រប់ស្រួយ ស្លឹក​ខ្ចូ​ញ ស្លឹក​ជន្លង់ ទំពាំង និង​ស្លឹក​រុក្ខជាតិ​បៃតង​មួយ​ចំនួន​ទៀត ។ អ្វី​ដែល​គេ​មិន​អាច​អត់​បាន​នោះ គឺ​បំពង់​ឫស្សីព្រៃ ។ ឫស្សីព្រៃ ត្រូវ​រក​ឫស្សី​ដើម​ណា​ដែល​មាន​សាច់​វែង (​ថ្នាំង​វែង​) ធំ ទើប​អាច​ស្ល​បាន និង​ជួយ​បង្កើន​រសជាតិ​ទៀត​ផង ។

ចំពោះ​របៀប​នៃ​ការ​ស្ល គឺ​គេ​ត្រូវ​បេះ​បន្លែ​ទាំងនោះ​លាង​ទឹក​ឲ្យ​ស្អាត ហាន់សាច់​ជា​បន្ទះ​តូច​ៗ​ចិញ្ច្រាំ​ប្រហុក​ឲ្យ​ម៉ដ្ឋ លាយ​គ្រឿង​ស្ករស និង​ប៊ី​ចេ​ង​បន្តិច​ចូល​គ្នា​ក្នុង​ឆ្នាំង​តែ​មួយ រួច​ញាត់​គ្រឿង​ផ្សំ​ទាំងនោះ​ចូល​ទៅ​ក្នុង​បំពង់​ឫស្សី​ដែល​គេ​ត្រៀម​ទុក និង​យក​ទៅ​ដុត​ក្នុង​ភ្លើង​ប្រមាណ​ជិត​១​ម៉ោង​ជា​ការ​ស្រេច ។

​សម្ល «​ប្រូង​» នេះ គេ​សង្កេត​ឃើញ​ថា អ្នកទេសចរ​បរទេស​ចូល​ចិត្ត​ឲ្យ​ម​គ្គុ​ទេ្ទ​ស​ទេសចរ​ដែល​នាំ​ពួក​គេ​ដើរ​លេង​កម្សាន្ត​ក្នុង​ព្រៃ ស្ល​ឲ្យ​ហូប​នៅ​តាម​មាត់​អូរ​ក្នុង​ព្រៃ និង​កន្លែង​ដែល​សម្បូរ​បន្លែ​ធម្មជាតិ​ទៀត​ផង ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ