ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចែក​ជូន​ឧបករណ៍​ផ្ទុក​ទិន្នន័យ​ទំនើប​កម្ម​ដល់​ឃុំ​សង្កាត់​ចំនួន​៧០​ក្នុង​ខេត្តកំពង់ឆ្នាំង

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ អភិបាលខេត្ត​កំពង់ឆ្នាំង លោក​ឈួ​រ ច័ន្ទ​ឌឿ​ន បាន​មាន​ប្រសាសន៍​ផ្ដាំផ្ញើ​ដល់​លោក​មេឃុំ​ចៅសង្កាត់ និង​ស្មៀនឃុំ​សង្កាត់​ទាំងអស់​ក្នុង​ខេត្ត ត្រូវ​យកចិត្តទុកដាក់​ប្រើប្រាស់ Tablets ឬ…

ខេត្តកំពង់ឆ្នាំង ៖ អភិបាលខេត្ត​កំពង់ឆ្នាំង លោក​ឈួ​រ ច័ន្ទ​ឌឿ​ន បាន​មាន​ប្រសាសន៍​ផ្ដាំផ្ញើ​ដល់​លោក​មេឃុំ​ចៅសង្កាត់ និង​ស្មៀនឃុំ​សង្កាត់​ទាំងអស់​ក្នុង​ខេត្ត ត្រូវ​យកចិត្តទុកដាក់​ប្រើប្រាស់ Tablets ឬ ឧបករណ៍​ផ្ទុក​ទិន្នន័យ​ទំនើប​កម្ម ឲ្យ​បាន​ត្រឹមត្រូវ និង​ចំ​គោលដៅ​ដើម្បី​បម្រើ​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​ក្រោម​អាយុ​២​ឆ្នាំ ។ លោក​អភិបាលខេត្ត​បាន​មាន​ប្រសាសន៍​បែប​នេះ​ក្នុង​ពិធី​ចែក Tablets ជូន​ឃុំ​សង្កាត់ នៅ​សាលាខេត្ត​កំពង់ឆ្នាំង​នា​ព្រឹក​ថ្ងៃ​ទី​៣០ ខែធ្នូ ឆ្នាំ ២០១៩ ។

លោក​អភិបាលខេត្ត​កំពង់ឆ្នាំង​បាន​មាន​ប្រសាសន៍​បន្ត​ថា ដើម្បី​លើកកម្ពស់​ប្រព័ន្ធ​ជំនួយ​សង្គម​រាជរដ្ឋា​ភិបាល​កម្ពុជា​បាន​ដាក់​ចេញ​នូវ​គោលនយោបាយ កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់ ជូន​ដល់​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​អាយុ​ក្រោម​២​ឆ្នាំ​ក្នុង​គ្រួសារ​ក្រីក្រ តាម​រយៈ​ការ​លើកទឹកចិត្ត​ដល់​ស្ត្រី​ជា​មាតា និង​កុមារ​ឲ្យ​ប្រើប្រាស់​សេវា​សុខភាព ដោយ​ភ្ជាប់​លក្ខខណ្ឌ​ជាមួយ​ទម្លាប់​ថែទាំ​សុខភាព​ចាំបាច់​មួយ​ចំនួន ក្នុង​គោលបំណង​ដើម្បី​លើកកម្ពស់​សុខុមាលភាព​មាតា និង​កុមារ ព្រមទាំង​រួមចំណែក​ដោះស្រាយ​បញ្ហា​កង្វះ​អាហារូបត្ថម្ភ​របស់​កុមារ​ក្នុង​គ្រួសារ​ក្រីក្រ ចាប់ពី​កូន​ក្នុង​ផ្ទៃ រហូត​ដល់​អាយុ​២​ឆ្នាំ ដើម្បី​ជំរុញ​ការ​លូតលាស់​ទាំង​កាយសម្បទា​និង​ប្រាជ្ញា​ស្មារតី​ ។

លោក​អភិបាលខេត្ត​កំពង់ឆ្នាំង​បាន​មាន​ប្រសាសន៍​បន្ត​ថា ការ​ចែក​ជូន Tablets ដល់​ឃុំ​សង្កាត់ ទូ​ទាំង​ខេត្ត​នៅ​ថ្ងៃនេះ​ដែរ​គឺ​សម្រាប់​ប្រើប្រាស់​រួម​គ្នា ក្នុង​ការ​កំណត់​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ តាម​ការ​ស្នើ​សុំ និង​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ដល់​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​អាយុ​ក្រោម​២​ឆ្នាំ​ក្នុង​គ្រួសារ​ក្រីក្រ ។ ក្នុង​រយៈពេល​នៃ​ការ​ឧបត្ថម្ភ តាំងពី​មាន​ផ្ទៃពោះ​លើក​ដំបូង​រហូត​ដល់​កុមារ​កើត​បាន​អាយុ​២​ឆ្នាំ​នេះ ក្នុង​ស្ត្រី​ក្រីក្រ​ម្នាក់​ៗ​ទទួល​បាន​ប្រាក់​សរុប​ចំនួន​៧៦​ម៉ឺន​រៀល ។

ក្នុង​ន័យ​នេះ​ដែរ លោក​អភិបាលខេត្ត​បាន​ក្រើនរំលឹក​ដល់​អស់លោក​មេឃុំ ចៅសង្កាត់ ក៏​ដូច​ជា​ស្មៀនឃុំ​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​កំណត់​អត្ដសញ្ញាណ​ជន​ក្រីក្រ​ឲ្យ​បាន​ត្រឹមត្រូវ កុំ​បក្ខពួក​និយម ឬ​គ្រួសារ​និយម ដែល​ធ្វើ​ឱ្យ​បាត់បង់​ប្រជាប្រិយភាព​របស់​ថ្នាក់ដឹកនាំ ។ ជាង​នេះ​ទៅ​ទៀត​សូមកុំ​យក​ឧ​បករ​ណ៍ ផ្ទុក​ទិន្នន័យ​ទំនើប​កម្មនេះ​ទៅ​ប្រើប្រាស់​អ្វី​ផ្សេង​ទៀត ដូច​ជា​បញ្ចូល​កម្មវិធី ហ្វេ​ស​បុក ឬ ហ្គេ​ម​ជាដើម ។

យោង​តាម​របាយការណ៍​របស់​លោក ថោ​ង ចំរើន ប្រធាន​មន្ទីរ​សង្គមកិច្ច អតីត​យុទ្ធ​ជន និង​ស្ដារ​យុវ​នីតិសម្បទា ខេត្តកំពង់ឆ្នាំង បាន​ឲ្យ​ដឹង​ថា​ខេត្ត Tablets ដែល​ចែក​ជូន​ទូ​ទាំង​ឃុំ​សង្កាត់​ឲ្យ​ប្រើប្រាស់​នៅ​ពេល​នេះ​គឺ មាន​ចំនួន​៧០​គ្រឿង ក្នុង​នោះ​៤​គ្រឿង​ត្រូវ​បាន​ប្រគល់​ជូន​សង្កាត់​ក្នុង​ក្រុង​កំពង់ឆ្នាំង តាម​រយៈ​មន្ទីរ​សង្គមកិច្ច និង​ចំនួន​៦៦​គ្រឿង​ទៀត​ត្រូវ​បាន​ប្រគល់​ជូន​ឃុំ​ទាំង​៦៦ តាម​រយៈ​ប្រធាន​មន្ទីរ​ផែនការ​ខេត្ត​។ ក្រៅពី​នោះ ឃុំ​សង្កាត់​ទាំង​៧០ នៅ​ទទួល​បាន​កាត​វី​ង​សម្រាប់​ទូទាត់​សាច់ប្រាក់ ក្នុង​១​ឃុំ​១​សន្លឹក​ផង​ដែរ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ