ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រឈម​មុខ​ដាក់​គ្នា​រវាង​ក្រុម​អ្នក​តវ៉ា​និង​អាជ្ញាធរ​នៅ​តំបន់​អភិវឌ្ឍន៍​ឫស្សី​កែវ (មាន​វីដេអូ​)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុម​អ្នក​តវ៉ា​ម្នាក់​ត្រូវ​បាន​អាជ្ញាធរ​ឃាត់ខ្លួន ខណៈ​ពេល​ដែល​បន្ត​ធ្វើ​តវ៉ា ព្រមទាំង​ព្យាយាម​ដុត​កង់​រថយន្ត​ប្រឆាំង​នឹង​អាជ្ញាធរ​ខណ្ឌឫស្សីកែវ ដែល​បាន​ចុះ​ទៅ​ការពារ​គ្រឿងចក្រ ធ្វើ​របង​របស់​ម្ចាស់​កម្មសិទ្ធិ​ដោយ​ស្របច្បាប់ ។ នៅ​ក្នុង​ការ​តវ៉ា​នេះ ក៏​មានការ​ប្រឈម​មុខ…

រាជធានី​ភ្នំពេញ ៖ ក្រុម​អ្នក​តវ៉ា​ម្នាក់​ត្រូវ​បាន​អាជ្ញាធរ​ឃាត់ខ្លួន ខណៈ​ពេល​ដែល​បន្ត​ធ្វើ​តវ៉ា ព្រមទាំង​ព្យាយាម​ដុត​កង់​រថយន្ត​ប្រឆាំង​នឹង​អាជ្ញាធរ​ខណ្ឌឫស្សីកែវ ដែល​បាន​ចុះ​ទៅ​ការពារ​គ្រឿងចក្រ ធ្វើ​របង​របស់​ម្ចាស់​កម្មសិទ្ធិ​ដោយ​ស្របច្បាប់ ។ នៅ​ក្នុង​ការ​តវ៉ា​នេះ ក៏​មានការ​ប្រឈម​មុខ និង​ប៉ះទង្គិច​ពាក្យ​សំដី​គ្នា ព្រមទាំង​រុញ​គ្នា រវាង​កម្លាំង​សមត្ថកិច្ច និង​ក្រុម​អ្នក​តវ៉ា​ផង​ដែរ​។ ទោះបីជា​យ៉ាងណា ពុំ​មានការ​ប្រើ​អំពើ​ហិង្សា​នោះ​ទេ ។

ហេតុការណ៍​ខាងលើ​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​១១​ព្រឹក​ថ្ងៃ​ទី​៣០ ខែធ្នូ​ ឆ្នាំ​២០១៩​ នៅ​ចំណុច​ដី​តំបន់​អភិវឌ្ឍន៍​ឫ​ស្សី​កែវ តាម​បណ្តោយ​ផ្លូវ​លេខ​៥៩៨ ស្ថិត​ក្នុងភូមិ​ទួល​ពពែ សង្កាត់​ទួល​សង្កែ​ទី​២ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។

ក្រុម​អ្នក​តវ៉ា​ដែល​ត្រូវ​ឃាត់ខ្លួន ត្រូវ​បាន​នគរបាល​អោយ​ដឹង​ថា ឈ្មោះ ឡេ​ង សុ​ភ័​ក្រ អាយុ​២៦​ឆ្នាំ មាន​លំនៅ​ស្នាក់​នៅ​កន្លែង​កើតហេតុ​ខាងលើ ។

តាម​ប្រភព​ព័ត៌មាន​អោយ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែធ្នូ ឆ្នាំ​២០១៩ កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌឫស្សីកែវ ប្រមាណ​ជាង​២០០​នាក់ បាន​ចុះ​ទៅ​ការពារ​គ្រឿងចក្រ ដើម្បី​ធ្វើ​របង​ហ៊ុម​ព័ទ្ធ​ដី​ចំនួន​៨​ឡូ​តិ៍​របស់​ម្ចាស់​ដី​ស្របច្បាប់ បន្ទាប់​ពី​អាជ្ញាធរ​បាន​អនុវត្ត​វិធានការ​រដ្ឋបាល​រុះរើ​សំណង់​របស់​លោក​គង់ ទី ដែល​អាជ្ញាធរ​ចោទ​ថា បាន​សាងសង់​រំលោភ​យក​ដី ដែល​មានកម្ម​សិទ្ធិ​នៅ​តំបន់​អភិវឌ្ឍន៍​ឫស្សី​កែវ ។

តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​បន្ត​ថា នៅ​ព្រឹក​នោះ​ដែរ គេ​ឃើញ​ប្រជាពលរដ្ឋ ដែល​ត្រូវ​គេ​រុះរើ បាន​ផ្ទុះ​ការ​តវ៉ា​ថ្មី​ម្តងទៀត ហើយ ក៏​បាន​ព្យាយាម​ប្រមូល​កង់​រថយន្ត​មក​ដុត ហើយ​ត្រូវ​បាន​អាជ្ញាធរ ​និង​សមត្ថកិច្ច​បាន​ទៅ​អន្តរាគមន៍​ពន្លត់ ។ នៅ​ក្នុង​ហេតុការណ៍​ខាងលើ​នេះ​សមត្ថកិច្ច​ក៏​បាន​ឃាត់ខ្លួន​ក្រុម​អ្នក​តវ៉ា​ម្នាក់​រុញ​ដាក់​រថយន្ត​បញ្ជូន​ទៅ​កាន់​សាលា​ខណ្ឌឫស្សីកែវ​តែ​ម្តង ។

គួរ​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​២៦ ខែធ្នូ​ឆ្នាំ ២០១៩ គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌឫស្សីកែវ ក្រោម​ការ​ដឹកនាំ​ដោយ​លោក​មាន ចាន់​យ៉ា​ដា អភិបាលរង​រាជធានី​ភ្នំពេញ បាន​ប្រើ​វិធាន​ការណ៍​រដ្ឋបាល​រុះរើ​សំណង់​របស់​លោក​ព្រំ បូរ ដែល​មាន​ទំនាស់​រ៉ាំរ៉ៃ នៅ​តំបន​អភិវឌ្ឍន៍ ដើម្បី​យក​ដី​ចែក​អោយ​ប្រជាពលរដ្ឋ​ចំនួន​១៧៧​គ្រួសារ ។ លុះ​នៅ​ថ្ងៃ​ទី​២៧ ខែធ្នូ គណៈ​បញ្ជាការ​ឯកភាព​ក៏​បាន​បន្ត​រុះរើ​សំណង់ របស់​លោក​គង់ ទី​ បន្ត​ទៀត ដើម្បី​យក​ដី​ប្រគល់​អោយ​ប្រជាពលរដ្ឋ ដែល​ជា​ម្ចាស់​កម្មសិទ្ធិ (​ប្លង់​រឹង​)​។

ទន្ទឹម​នោះ ប្រជាពលរដ្ឋ​ដែល​ជា​ក្រុម​គ្រួសារ​របស់​លោក​ព្រំ បូរ និង​លោក​គង់ ទី ព្រមទាំង​ប្រជាពលរដ្ឋ ដែល​ប្រឈម​មុខ​នឹង​ការ​រុះរើ​បន្ត​ទៀត ក៏​បាន​ផ្ទុះ​ការ​តវ៉ា​ប្រឆាំង​អាជ្ញាធរ ជា​បន្តបន្ទាប់​ និង​ស្រែ​កថា អយុត្តិធម៌​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ