ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តកោះកុង ស្វាគមន៍​ភ្ញៀវ​ទេសចរ​មក​កម្សាន្ត​ក្នុង​ឱកាស​ឆ្លង​ឆ្នាំ​សកល​ជាមួយ​ការ​ប្រគំ​តន្ត្រី​ដ៏​រីករាយ

4 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តកោះកុង ៖ លោក​ជំទាវ មិថុនា ភូ​ថង អភិបាលខេត្ត​កោះកុង បាន​ប្រកាស​ទទួល​ស្វាគមន៍​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ដែល​មាន​គម្រោង​ទៅ​ទស្សនកិច្ច​តំបន់​ទេសចរណ៍​នានា​ក្នុង​អំឡុងពេល​ឆ្លង​ឆ្នាំ​ខាង​មុខ ឱ្យមក​ទស្សនា​កម្សាន្ត​តំបន់​ទេសចរណ៍ធម្មជាតិ​ល្បី​ៗ​ជា​ច្រើន​កន្លែង​ក្នុង​ខេត្តកោះកុង​ដែល​រួម​មាន…

ខេត្តកោះកុង ៖ លោក​ជំទាវ មិថុនា ភូ​ថង អភិបាលខេត្ត​កោះកុង បាន​ប្រកាស​ទទួល​ស្វាគមន៍​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ដែល​មាន​គម្រោង​ទៅ​ទស្សនកិច្ច​តំបន់​ទេសចរណ៍​នានា​ក្នុង​អំឡុងពេល​ឆ្លង​ឆ្នាំ​ខាង​មុខ ឱ្យមក​ទស្សនា​កម្សាន្ត​តំបន់​ទេសចរណ៍ធម្មជាតិ​ល្បី​ៗ​ជា​ច្រើន​កន្លែង​ក្នុង​ខេត្តកោះកុង​ដែល​រួម​មាន ៖ រមណីយដ្ឋាន​ព្រៃកោងកាង បាង​កា​យ៉ាក ឃុំ​ពាម​ក្រសោប ទឹកជ្រោះ​តា​តៃ ទឹកជ្រោះ​តា​ប៉ន តារា​សាគរ ស្រុក​គី​រី​សាគរ និង​តំបន់​ច្រក​ទ្វារ​អន្តរជាតិ​កម្ពុជា​-​ថៃ ចាំ​យាម​ជាដើម ។

លោក​ជំទាវ​បាន​រំឭក​ផង​ដែរ​ថា ចំនួន​បន្ទប់​ស្នាក់​នៅ​សម្រាប់​ភ្ញៀវ​ទេសចរ​ក្នុង​ខេត្តកោះកុង​ទាំង​មូល​យើង​មាន​រហូត​ដល់ 1513 បន្ទប់​ឯណោះ ដូច្នេះ​ការ​ស្នាក់​នៅ​មិន​មាន​អ្វី​ជា​កង្វល់​សោះឡើយ ចំណែក​តម្លៃ​វិញ លោក​ជំទាវ​ក៏​បាន​ស្នើ​ដល់​ម្ចាស់​សណ្ឋាគារ និង​រមណីយដ្ឋាន​នីមួយ​ៗ អោយ​រក្សា​នៅ​ដ​ដែរ មិន​មានការ​ឡើងថ្លៃ​ហួស​កម្រិត​ពេក​នោះ​ឡើយ ។

ដោយឡែក​សុវត្ថិភាព​នៅ​តាម​រមណីយដ្ឋាន​នានា​ក្នុង​ខេត្តកោះកុង លោក​ជំទាវ​ជាមួយ​ស្នងការ​នគរបាល​ខេត្ត​បាន​រៀបចំ​ឱ្យ​មានការ​យាមកាម​ប្រចាំការ​នៅ​តាម​តំបន់​នីមួយ​ៗ យ៉ាង​ម៉ត់ចត់​ជាទី​បំផុត ។

ក្រៅពី​មាន​រមណីយដ្ឋាន​ធម្មជាតិ​ស្អាត​ៗ​ទាំងនេះ ក្រុមការងារ​សាលាខេត្ត​ក៏​បាន​សហការ​ជាមួយ​ក្រុមហ៊ុនផលិតស្រាបៀរ​កម្ពុជា ដើម្បី​រៀបចំ​កម្មវិធី​ប្រគំ​តន្ត្រី​ឆ្លង​ឆ្នាំ​ដោយ​មានការ​ចូលរួម​សម្តែង​ដោយ​តារាចម្រៀង​ល្បី​ៗ​ដូច​ជា លោក ហ្សូ​ណូ កញ្ញា យូ​រី និង ឌី​ជេ​ល្បី​មក​ពី ប្រទេស​ថៃ គឺ​កញ្ញា JINNICHA រយៈពេល ២​ថ្ងៃ គឺ​ថ្ងៃ​ទី ៣០-៣១ ខែធ្នូ ឆ្នាំ ២០១៩ ចាប់ពី​ម៉ោង ៦​ល្ងាច​តទៅ​នៅ​មាត់សមុទ្រ​ទល់មុខ​សាលាខេត្ត​កោះកុង សម្រាប់​ជា​ការ​កម្សាន្ត​សប្បាយ​រីករាយ​ជូន​ដល់​ប្រជា​ពលរដ្ឋ​ក្នុង​ទីរួមខេត្ត និង​ជា​ការ​អបអរសាទ​ឆ្នាំ​ចាស់​ឆ្លង​ចូល​ឆ្នាំ​ថ្មី​សម្រាប់​ពលរដ្ឋ​ខេត្តកោះកុង​ទាំងមូល និង​សមិទ្ធផល​ដែល​ក្រុមការងារ​ខេត្ត​សម្រេច​បាន​ពេញ​មួយ​ឆ្នាំ​កន្លង​ទៅ ។

ជា​ចុង​ក្រោយ​លោក​ជំទាវ​អភិបាល​ក៏​សូម​គោរព​ជូនពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងមូល​សូម​ទទួល​បាន​សិរី​សួស្តី​ក្នុង​ឆ្នាំ​ថ្មី​ឆ្នាំ​សកល ទទួល​បាន​សេចក្តីសុខ​គ្រប់​ៗ​គ្រួសារ និង​ចូលរួម​ទទួល​អំណរ​ឆ្នាំ​ថ្មី ២០២០ ទាំងអស់​គ្នា ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ