ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទី​ម័​រ​ខាងកើត​ថា​នឹង​យក​គំរូ និង​បទ​ពិសោធន៍​ពី​កម្ពុជា​ដើម្បី​អភិវឌ្ឍន៍​ប្រទេស​ខ្លួន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទី​ម័​រ​ខាងកើត​បាន​បង្ហាញ​ការ​កោតសរសើរ​ចំពោះ​ការ​អភិវឌ្ឍ​របស់​ប្រទេស​កម្ពុជា និង​ថា​យក​គំរូ និង​បទ​ពិសោធន៍​ទៅ​ធ្វើការ​អភិវឌ្ឍន៍​ប្រទេស​ខ្លួន ។ នេះ​បើ​តាម​ឯកអគ្គរដ្ឋទូត​លើក​ឡើង​ក្នុង​ជំនួប​ទ្វេភាគី​ជាមួយ​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា…

រាជធានី​ភ្នំពេញ ៖ ទី​ម័​រ​ខាងកើត​បាន​បង្ហាញ​ការ​កោតសរសើរ​ចំពោះ​ការ​អភិវឌ្ឍ​របស់​ប្រទេស​កម្ពុជា និង​ថា​យក​គំរូ និង​បទ​ពិសោធន៍​ទៅ​ធ្វើការ​អភិវឌ្ឍន៍​ប្រទេស​ខ្លួន ។ នេះ​បើ​តាម​ឯកអគ្គរដ្ឋទូត​លើក​ឡើង​ក្នុង​ជំនួប​ទ្វេភាគី​ជាមួយ​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា ។

ក្នុង​ជំនួប​ពិភាក្សា​ជាមួយ​សម្តេច សាយ ឈុំ នា​ព្រឹក​ថ្ងៃ​ទី​៣០ ខែធ្នូ​នេះ នៅ​វិមាន​ព្រឹទ្ធសភា លោក​ជំទាវ​ហ្វេ​លី​ស៊ី​ដា​ដេ ដេ ស៊ូ​សា ហ្គូ​ទែ​រែស (Felicidade de Sousa Guterres) ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ទី​ម័​រ​ខាងកើត​បាន​លើក​ឡើង​ថា ក្នុងអំឡុងពេល​បេសកកម្ម​ការទូត​រយៈពេល​៤​ឆ្នាំ​របស់​លោក​ជំទាវ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា លោក​ជំទាវ​បាន​ទទួល​ជោគជ័យ​ក៏​ដោយសារ​តែ​មានការ​គាំទ្រ​ពី​ព្រឹទ្ធសភា រដ្ឋសភា​រាជរដ្ឋាភិបាល និង​គ្រប់​ស្ថាប័ន​ជាតិ​ដែល​ជំរុញ​ឱ្យ​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​ទី​ម័​រ​ខាងកើត មានការ​រីក​ចម្រើន ។

ជាមួយ​គ្នា​នេះ លោក​ជំទាវ​ក៏​បាន​សម្ដែង​នូវ​សេចក្ដី​រីករាយ​ជា​ខ្លាំង​ដោយ​ឃើញ​ថា សេដ្ឋកិច្ច​កម្ពុជា​មានការ​រីក​ចម្រើន និង​អភិវឌ្ឍន៍​យ៉ាង​ឆាប់រហ័ស ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​មាន​កំណើនសេដ្ឋកិច្ច​ជា​មធ្យម​៧% ក្នុង​រយៈពេល​ជាង​ពីរ​ទសវត្សរ៍​មក​ហើយ ។ លោក​ជំទាវ​បាន​សង្កេត​ឃើញ​ថា នៅ​រាជធានី​ភ្នំពេញ​មានកា​រីក​ចម្រើន​ខ្លាំង​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ថ្នល់ ស្ពាន​អាកាស និង​អគារ​ខ្ពស់​ៗ​ជា​ច្រើន ។

លោក​ជំទាវ​បាន​បញ្ជាក់​ថា ហើយ​អ្វី​ដែល​ខ្ញុំ​បាន​មើលឃើញ​ទាំង​អស់នេះ ខ្ញុំ​នឹង​យក​ទៅ​ជម្រាប​ជូន​រដ្ឋាភិបាល​ទី​ម័​រ​ខាងកើត ដើម្បី​សិក្សា​ស្វែង​យល់​អំពី​ការ​អភិវឌ្ឍ ការ​រីក​ចម្រើន និង​ការ​កែទម្រង់​លើ​គ្រប់​វិស័យ​នេះ គឺជា​គំរូ​មួយ និង​បទ​ពិសោធ​ដ៏​ល្អ​សម្រាប់​ប្រទេស​ទី​ម័ត​ខាងកើត​ផង​ដែរ​» ។ ក្នុង​នាម​រដ្ឋាភិបាល​ទី​ម័​រ​ខាងកើត លោក​ជំទាវ​ឯកអគ្គរដ្ឋទូត បាន​ថ្លែងអំណរគុណ​ចំពោះ​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​គាំទ្រ​ឱ្យ​ប្រទេស​ទី​ម័​រ​ខាងកើត ចូល​ជា​សមាជិក​អាស៊ាន​ពេញ​សិទ្ធ ។

សម្តេច​សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា បាន​សម្តែង​នូវ​សេចក្តី​ពេញចិត្ត និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​ដ៏​ល្អ​លើ​គ្រប់​វិស័យ​រវាង​ប្រជាជន និង​ប្រទេស​ទាំង​ពីរ ។ ថ្នាក់ដឹកនាំ​កំពូល និង​មន្ត្រីជាន់ខ្ពស់​គ្រប់​លំដាប់ថ្នាក់​បាន​ផ្លាស់​ប្តូរ​ទស្សនកិច្ច​គ្នា​ទៅ​វិញ​ទៅ​មក​ជា​បន្តបន្ទាប់ និង​បាន​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក​លើ​បញ្ហា​ជា​ច្រើន​ក្នុង​ក្រប​ខណ្ឌ​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ ។

ក្នុង​នាម​ព្រឹទ្ធសភា រដ្ឋសភា និង​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​ប្រធាន​ព្រឹទ្ធសភា​សូម​គាំទ្រ​ប្រទេស​ទី​ម័​រ​ខាង កើត​ចូល​ជា​សមាជិក​អាស៊ាន ។ សម្តេច​ប្រធាន​ព្រឹទ្ធសភា​បាន​បញ្ជាក់​ថា ក្រោម​ការ​ខិតខំ​សម្របសម្រួល​របស់​លោក​ជំទាវ​ប្រទេស​ទាំង​ពីរ​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង និង​អនុស្សរណៈ​យោគយល់​រវាង​ប្រទេស​ទាំង​ពីរ​ជា​ច្រើន ហើយ​តាម​រយៈ​នៃ​កិច្ចព្រមព្រៀង​ទាំង​អស់នេះ​នឹង​ក្លាយជា​ច​លករ​ជំរុញ​កំណើន​ពាណិជ្ជកម្ម​ជំរុញ​ការ​ផ្លាស់​ប្តូរ​ទេសចរណ៍ វប្បធម៌ វិនិយោគ និង​ការ​ផ្លាស់​ប្តូរ​មនុស្ស​ក្នុង​ពេល​អនាគត​ជាក់​ជា​ពុំខាន ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ