ខេត្តកណ្តាល ៖ បឹងធម្មជាតិពីដូនតារបស់រដ្ឋ អ្នកស្រុកឱ្យឈ្មោះថាបឹងតូច បឹងធំ មានទំហំធំមហាសាលដែលតាមរដ្ឋអំណាចឃុំប្រាប់ថា មានរាប់មុឺនហិកតានៅក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាលកំពុងក្លាយជាសាច់៣ជាន់អស់ទៅហើយ អត់មានរដ្ឋអំណាចម្ចាស់ស្រុករាំងខ្ទប់នៅឡើយទេ សង្ស័យបានសើម ។
ប្រធានភូមិម្នាក់សុំមិនបញ្ចេញឈ្មោះប្រាប់ថា ជិតមួយឆ្នាំហើយ ត្រូវបានអ្នកមានលុយមានអំណាច បោះបង្គោលរំលោភបំពានយកធ្វើជាកម្មសិទ្ធិឯកជនយ៉ាងអនាធិបតេយ្យចាក់ដី ឈូសឆាយ ។ គាត់ថាបុណ្យសក្តិត្រឹមភូមិម្តេចហ៊ាននិយាយ ? គាត់និយាយថា សង្ស័យមានការឃុបឃិតគ្នាជាប្រព័ន្ធ ទើបគ្មានការទប់ស្កាត់ឬបង្ក្រាបពីសំណាក់ថ្នាក់លើនិងមន្ត្រីជំនាញ គឺស្ងាត់ឈឹង ។
ប្រភពព័ត៌មានបានប្រាប់ឱ្យដឹងថា អាងស្តុកទឹកបឹងតូច បឹងធំនេះ គឺជាបឹងធម្មជាតិដែលមានជម្រៅទឹក កន្លែងខ្លះ(៣ទៅ៤ម៉ែត្រ)ឯណោះ ដែលកើតមានឡើងតាំងពីដូនតាមកម្ល៉េះ ។ បឹងនេះធំល្វឹងល្វើយមានផ្ទៃដីរាប់មុឺនហិកតា ក្រោមការគ្រប់គ្រងដែនរដ្ឋបាលនៃឃុំចំនួន៤ ក្នុងស្រុកកៀនស្វាយ គឺឃុំឈើទាល ឃុំភូមិធំ ឃុំគគីរ និងឃុំដីឥដ្ឋ ដែលមានសារសំខាន់ណាស់ សម្រាប់ប្រជាជនប្រើប្រាស់ទឹកស្រោចស្រពផលដំណាំផ្សេងៗ ព្រមទាំងមុជ ដាំ ស្ល យកទឹកប្រើប្រាស់ ។
មិនតែប៉ុណ្ណោះក៏ជាកន្លែងប្រជាជននេសាទត្រី រកខ្ចៅខ្យង ដកព្រលិត ដកក្រអៅឈូក បេះត្រកួន ដាំឈូក ចិញ្ចឹមជីវិត ពេលទំនេរពីមុខរបរបង្កបង្កើនផលធ្វើស្រែចំការ ។ បឹងតូច បឹងធំនេះ ក៏ជាប្រព័ន្ធរំដោះទឹកនាពេលរដូវទឹកដំឡើង ដើម្បីបញ្ចៀសកំុឱ្យកើតមានទឹកជំនន់ជន់លិចភូមិ ផ្ទះសម្បែងនិងប៉ះពាល់ដល់ផលដំណាំរបស់ប្រជាជន ។
ស្រាប់តែខណៈដីមានហាងឆេង ក៏មានបុគ្គលអ្នកមានលុយមានអំណាចមកទំនាក់ទំនងជាមួយអាជ្ញាធរភូមិ ឃុំ ស្រុកប្រមូលទិញស្ងៀមស្ងាត់ ។ ការប្រមូលទិញនេះគឺទិញបានតែដី អ្នកស្រុករុករានធ្វើស្រែចំការខាងលើៗនៅជុំវិញមាត់បឹងតែប៉ុណ្ណោះ មួយម៉ែត្រការ៉េ១ដុល្លារ ។ ចំណែកផ្ទៃបឹងគឺឈ្មួញបានឃុបឃិតគ្នាជាមួយអាជ្ញាធរឈូសឆាយលុបយកតែម្តង ព្រោះទិញដីគោកហើយចាំអីទៀតមិនយកផ្ទៃទឹកតែម្តងទៅ គឺយកទាំងមូល ។
ប្រភពបន្តថា ការឃុបឃុតគ្នាយកពលរដ្ឋធ្វើខែលក្រោមរូបភាពកែប្រែដីបឹងសាធារណៈរបស់រដ្ឋឱ្យក្លាយទៅជាដីកម្មសិទ្ធិរបស់បុគ្គលអ្នកមានលុយមានអំណាចនេះហើយ ទើបធ្វើឱ្យអ្នកស្រុកបានត្រឹមតែហួសចិត្តសោកស្តាយបឹង មិនហ៊ានចេញមុខតវ៉ាទេ ខ្លាចគេចោទលាបពណ៌ថាជាក្រុមបក្សប្រឆាំងចាប់ដាក់គុកច្រវ៉ាក់ចោលប្រពន្ធកូនចៅ ។ អ្នកស្រុកថា មករំលោភយកដីបឹងនេះភាគច្រើន គឺសុទ្ធតែអ្នកមានលុយ មានអំណាចធំៗណាស់ ម្នាក់ៗរាប់រយហិកតា ខ្លះរាប់ពាន់ហិកតា ហើយឧកញ៉ាម្នាក់នោះជិតមួយម៉ឺនហិកតាយ៉ាងស្ងៀមស្ងាត់បោះបង្គោលថ្មឈូសលុបបឹងតាមអំពើចិត្ត ។
ភូមិឈើទាល ឃុំឈើទាល អ្នកស្រុកនិយាយថា មានឧកញ៉ាម្នាក់បានលក់អាចម៍ដីទៅឱ្យឈ្មោះ ភិរម្យ កំពុងដាក់គ្រឿងចក្រដំណើរការលើកទំនប់ព័ទ្ធ និងដឹកជញ្ជូនអាចម៍ដីលក់ឱ្យក្រុមហ៊ុនចិន បានចាក់ដីលុបបឹងនិងធ្វើឃ្លាំងរួចរាល់ហើយ ។ ដីឧកញ៉ា២នាក់ទៀត (សុំមិនបញ្ចេញឈ្មោះ)ឈូសឆាយធ្វើទំនប់បោះបង្គោលរាប់ពាន់ហិកតា ឃើញបង្គោលបេតុងពេញផ្ទៃបឹង ។ ចំណែកឧកញ៉ាល្បីល្បាញម្នាក់ទៀតវាតទី យកបានជិតមួយម៉ឺនហិកតាយ៉ាងព្រងើយ ចំណែកឯកសារយើងនឹងផ្សាយនៅពេលក្រោយទៀត ។
ដោយឡែកប្រភពព័ត៌មានពីពលរដ្ឋ៣នាក់ (សុំមិនបញ្ចេញឈ្មោះ)បានឱ្យដឹងថា កាលពីដើមឡើយពលរដ្ឋចង់ដាំឈូកក្នុងបឹងនេះ ទាល់តែទៅធ្វើលិខិតបញ្ជាក់សុំជួលពីអាជ្ញាធរភូមិ ឃុំ ក្នុង១ហិកតា១០ទៅ១៥ម៉ឺនរៀល ក្នុងមួយរដូវទើបដាំបាន ។
ប្រភពបញ្ជាក់បន្ថែមថា បឹងនេះសម្បូរត្រី សត្វគ្រប់ប្រភេទ និងមានសោភ័ណភាព ទេសភាពស្រស់បំព្រង ប្រសិនបើរដ្ឋកែលម្អឱ្យបឹងនេះ ក្លាយទៅជាតំបន់រមណីយដ្ឋានទេសចរណ៍ សម្រាប់ទាក់ទាញភ្ញៀវជាតិនិងអន្តរជាតិ មកទស្សនាកម្សាន្តលេង ប្រាកដជាចំណេញដល់រដ្ឋផង ចៀសជាងឱ្យធ្លាក់ទៅលើដៃបុគ្គលឯកជនមួយក្តាប់តូច ព្រោះនៅចំកណ្តាលបឹងមានទួលបារមីជាច្រើនកន្លែង ដូចជាទួលលោកតាកោះកំពង់រទាស់ទួលលោកតាកោះលាស់ ទួលលោកតាកោះពងអណ្តើក និងទួលលោកតាកោះអណ្តែតមានប្រាសាទនៅលើកោះ សម្រាប់ប្រជាពលរដ្ឋ ដែលតែងតែមកប្រារព្ធធ្វើបុណ្យឡើងអ្នកតាសុំសេចក្តីសុខសប្បាយជារៀងរាល់ឆ្នាំផងដែរ ។
ឥឡូវជិតដល់ថ្ងៃឆ្លងឆ្នាំទៀតហើយ អ្នកស្រុកខ្លះខំទៅកែលម្អកន្លែងប្រាសាទ បែរជាអាជ្ញាធរឃុំទៅឃាត់អត់ឱ្យពលរដ្ឋធ្វើទេ ដោយប្រាប់ថាបឹងកោះនេះគេទិញអស់ហើយ មិនបាច់មកធ្វើអីទៀតទេ ប្រយ័ត្នមានរឿងគ្មានអ្នកណាជួយបានទេ ។
ពាក់ព័ន្ធបញ្ហាខាងលើនេះ លោក អ៊ូ ឈាង អភិបាលស្រុកកៀនស្វាយ បានប្រាប់កោះសន្តិភាពយ៉ាងខ្លីថា រូបលោកជាប់រវល់ប្រជុំរឿងដីអាងស្តុកទឹកបឹងតូចបឹងធំនេះហើយ ។ លុះក្រោយៗមកទៀតទូរស័ព្ទចូល អត់មានអ្នកលើកទេ ព្រោះចង់ដឹងថាតើការប្រជុំរឿងគេរំលោភយកបឹងនេះបានដោះស្រាយបែបណាហើយ ៕
ចែករំលែកព័តមាននេះ