ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់​យោបល់​ល្អ​ជាង​បក្ស​ប្រឆាំង

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហុ​៊​ន សែន បាន​ថ្លែង​ថា សម្តេច​សុខចិត្ត​ទទួលយក​យោបល់​ពី​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់​យោបល់ ជា​ជាង​ស្តាប់​បញ្ជា​ពី​បរទេស ។ សម្ដេច​តេ​ជោ…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហុ​៊​ន សែន បាន​ថ្លែង​ថា សម្តេច​សុខចិត្ត​ទទួលយក​យោបល់​ពី​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់​យោបល់ ជា​ជាង​ស្តាប់​បញ្ជា​ពី​បរទេស ។ សម្ដេច​តេ​ជោ ហ៊ុន សែន មាន​ប្រសាសន៍​បញ្ជាក់​ថា បើ​ទោះបី​នៅ​ក្នុង​ព្រះរាជក្រឹត្យ​យើង​បាន​កំណត់​ត្រឹមតែ​មួយ​អាណត្តិ ប៉ុន្តែ​ដោយ​សង្កេត​ឃើញ​ថា ភារកិច្ច​ដែល​បណ្ដា​គណបក្ស​នយោបាយ​ចូលរួម​ដោយ​ផ្ទាល់​ជាមួយនឹង​រាជរដ្ឋា​ភិ​បាល ខ្ញុំ​មាន​បំណង​ថា ក្រោយ​ឆ្នាំ​២០២៣ យើង​ក៏​អាច​ស្នើ​សុំ​បន្ត​នូវ​ក្បាលម៉ាស៊ីន​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្ដល់​យោបល់​នេះ​បន្ត​ទៀត ។

ព្រោះ​ថា បើ​និយាយ​ពី​ប្រសិទ្ធភាព​និង​កិច្ចការ​ផ្ទាល់​ដែល​អស់លោក លោកស្រី បាន​ធ្វើ​ដោយផ្ទាល់​ជាមួយ​នឹង​រាជរដ្ឋាភិបាល គឺ​វា​ខុស​គ្នា​យ៉ាងច្រើន​ពី​សមាជិក​សភា​នៃ​បក្ស​ប្រឆាំង ដែល​តែងលើក​សំណួរ​តាម​រយៈ​សភា​មក​កាន់​រាជរ​ដ្ឋា​ភិបាល មក​កាន់​នាយក​រដ្ឋមន្ត្រី ឬ​មក​កាន់​រដ្ឋមន្ត្រី​នានា ។ សម្តេច​តេ​ជោ​បន្ត​ថា លោក​-​លោកស្រី​ដែល​នៅ​ជា​សមាជិក​សមាជិកា​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្ដល់​យោបល់ គឺ​មានឱកាស​ធ្វើការ​ផ្ទាល់​ជាមួយនឹង​រដ្ឋមន្ត្រី ធ្វើការ​ផ្ទាល់​ជាមួយនឹង​នាយក​រដ្ឋមន្ត្រី ហើយ​ធ្វើការ​ផ្ទាល់​ជាមួយនឹង​អា​ជា្ញ​ធរ​ថ្នាក់​ក្រោម​ជាតិ​ទៀត​ផង ។ ដូច្នេះ​ចំណុច​ទាំងនេះ បើ​ទោះបី​ថា​ស្ថានភាព​ពហុបក្ស​មិន​មាននៅ​ក្នុង​សភា ក៏​ប៉ុន្តែ​ស្ថានភាព​ពហុបក្ស​នេះ​បែរជា​មក​កៀក​នឹង​ក្បាលម៉ាស៊ីន​នៃ​អង្គការនីតិប្រតិបត្តិ​តែ​ម្ដង ។

សម្ដេច​តេ​ជោ​មាន​ប្រសាសន៍​បែប​នេះ កាលពី​រសៀល​ថ្ងៃ​ទី​២៧ ខែធ្នូ ក្នុង​ឱកាស​អញ្ជើញ​បិទ​សន្និបាត​បូក​សរុប​ការងារ​របស់​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់​យោបល់ ដែល​បាន​ប្រារព្ធ​នៅ​សណ្ឋាគារ​សុខា ក្នុង​ខណ្ឌ​ជ្រោយចង្វា ។ សម្តេច​តេ​ជោ​មាន​ប្រសាសន៍​ថា កម្ពុជា​សុខចិត្ត​ទទួលយក​យោបល់​និង​របាយការណ៍​ក្នុង​ន័យស្ថាបនា​របស់​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់យោបល់ ដើម្បី​ជា​ធាតុ​ចូល​សម្រាប់​ដោះស្រាយ និង​ធ្វើការ​កែទម្រង់​ស៊ីជម្រៅ​របស់​រាជរដ្ឋាភិបាល​។ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី បាន​បង្ហាញ​នូវ​ការ​ពេញចិត្ត​ចំពោះ​យន្តការ​និង​របាយការណ៍​ការងារ​របស់​សមាជិក​របស់​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់​យោបល់​ទាំង​១៦​គណបក្ស ដែល​បាន​ផ្តល់​ព័ត៌មាន និង​របាយការណ៍​មក​កាន់​នាយក​រដ្ឋមន្ត្រី​ក្នុង​ការ​ដោះស្រាយ ។

សម្តេច​តេ​ជោ​បាន​អះអាង​ថា សម្តេច​សុខចិត្ត​ស្តាប់​និង​ទទួលយក​យោបល់​នានា​ពី​សមាជិក​នៃ​ឧត្តម​ក្រុម
ប្រឹក្សា​និង​ពិគ្រោះ​យោបល់ ប្រសើរ​ជាង​ស្តាប់​ការ​បង្គាប់បញ្ជា​ពី​បរទេស ក្នុង​ការ​ធ្វើ​នេះ ធ្វើ​នោះដើម្បី​ជា​
ថ្នូរ​ទៅ​នឹង​ជំនួយ​និង​ប្រ​ព័​ន្អ​នុ​គ្រោះ​ពន្ធ ។ សម្តេច​តេ​ជោ ហុ​៊​ន សែន បញ្ជាក់​ថា របាយការណ៍​របស់​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​នេះ បានក្លាយជា​ធាតុ​ចូល​ដ៏​សំខាន់​សម្រាប់​រាជរដ្ឋាភិបាលយក​ទៅ​ពិចារណា ធ្វើ​ជា​ធាតុ​ចូល​ក្នុង​ការ​ធ្វើ​កំណែ​ទម្រង់​ស៊ីជម្រៅ​របស់​រាជរដ្ឋាភិបាល ។

សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី មាន​ប្រសាសន៍​បញ្ជាក់​ថា ខ្ញុំ​ពេញចិត្ត​នឹង​ការ​ទទួលយក​យោប​ល់​ទាំងឡាយ ហើយ​ទោះបី​ថា​មាន​ចំណុច​ខ្លះ​ដូច​ខ្ញុំ​បាន​បញ្ជាក់​ហើយ គឺ​វា​ស្ថិត​នៅ​ក្នុង​សមត្ថកិច្ច​អ្នក​នេះ សមត្ថកិច្ច​អ្នក​នោះ ប៉ុន្តែ​អ្វី​ជា​អន្តរាគ​មន៍​ដែល​យើង​អាច​ធ្វើ​ទៅ​រួច​នឹង​អន្តរាគមន៍​ឆាប់រហ័ស ។ ប្រសិនបើ​គ្មាន​ការ​រុករក​ពី​សំណាក់​គណបក្ស​ន​យោ​បា​យេ​ដែល​នៅ​ក្នុង​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្ដល់​យោបល់​ទេ គឺ​ប្រហែលជា​គ្មាន​របាយការណ៍​មក​ដល់​នាយក​រដ្ឋមន្ត្រី​ទេ ។ មិន​ត្រឹមតែ​មិន​មក​ដល់​នាយក​រដ្ឋមន្ត្រី​ទេ ៥​ឆ្នាំ​ទៀត ១០​ឆ្នាំ​ទៀត នៅ​តែ​របាយការណ៍​មិន​ដល់ ។ នេះ​ជា​ចំណុច​ដែល​បាន​បង្ហាញ​ចេញ​រួច​មក​ហើយ ។

សម្ដេច​តេ​ជោ​បញ្ជាក់​ថា ខ្ញុំ​សុខចិត្ត​ទទួលយក​យោបល់​នៃ​គណបក្ស​នយោបាយ​ដែល​មាន​យោបល់​ខុស​គ្នា ប្រសើរ​ជាង​ទទួល​បទបញ្ជា​ពី​បរទេស​ឱ្យ​យើង​ធ្វើ​នេះ​ឬ​ធ្វើ​នោះ ។ប្រតិកម្ម​ទាន់​ពេល​មួយ​ចំនួន ដែល​លើក​ឡើង​ដោយ​ថ្នាក់ដឹកនាំ​នៃ​គណបក្ស​ទាំងអស់ ក៏​បាន​បង្ហាញ​អំពី​ចំណុច​ដែល​យើង​ត្រូវ​ដោះស្រាយ​បន្ទាន់ ។
សម្ដេច​តេ​ជោ បាន​លើក​ឧទាហរណ៍​មក​បង្ហាញ​ប្រតិកម្ម​ដែល​ចេញ​មក​ពី​គណបក្ស​យុវជន​កម្ពុជា​ទាក់ទង​នឹង​ការ​លុប​សមុទ្រ ឥឡូវនេះ​យើង​បានបញ្ជា​និង​ផ្ដល់​ភាព​ម៉ឺងម៉ាត់ ប្រសិនបើ​អ្នក​មិនកាយ​ចេញ​ទេ យើង​នឹង​ដកហូត​ស័ក្តិ​ចេញ​តែ​ម្ដង​។

ឥឡូវនេះ​ ខ្ញុំ​ទទួល​បាន​ដំណឹង​ថា គេ​បាន​កាយ​ដី​ទាំងនោះ​ចេញពី​សមុទ្រ​ហើយ ។ នីតិវិធី​របស់​តុលាការ​គឺជា​រឿង​ផ្សេង​មួយទៀត ក៏​ប៉ុន្តែ​ឆន្ទានុ​សិទ្ធិ​របស់​នាយក​រដ្ឋមន្ត្រី ត្រូវ​តែ​ផ្ដល់​ឲ្យ​អ្នកឯង​ច្បាស់លាស់​ថា ត្រូវ​តែ​កាយ​ដី​ចេញពី​សមុទ្រ​ឱ្យ​អស់ ប្រសិនបើ​មិន​កាយ​ចេញ​ទេ យើង​នឹង​មិន​ទុក​អ្នកឯង​ឲ្យ​នៅ​ក្នុង​ជួរ​កងទ័ព​ដែល​នាំ​ទៅ​ដល់​ខូច​កេរ្តិ៍ឈ្មោះ​កងទ័ព​របស់​យើង​នោះ​ទេ ។ ដូច្នេះ ចំណុច​ទាំងនេះ​ខ្ញុំ​សុខចិត្ត​ទទួលយក​នូវ​យោបល់​ជនជាតិ​យើង ។ បើ​ទោះបីជា​យើង​មាន​នយោបាយ​មិន​ដូច​គ្នា ក៏​ប៉ុន្តែ​អ្វី​ដែល​ជា​ចំណុច​ដូច​គ្នា​គឺ​ចង់​ឲ្យ​ប្រទេស​រីក​ចម្រើន ។ ចំណុច​នេះ​ប្រហែលជា​វា​ល្អ​ជាង​ការ​ដែល​យើង​ទទួល​នូវ​ការ​បង្គាប់បញ្ជា​ពី​ខាងក្រៅ ឱ្យ​យើង​ធ្វើ​នេះ​ធ្វើ​នោះ ដើម្បី​នឹង​ដោះ​ដូរ​ជាមួយនឹង​ជំនួយ​របស់​គេ​។

ពិត​ហើយ នៅ​ក្នុង​ក្រប​ខណ្ឌ​ឧត្តម​ក្រុមប្រឹក្សា​មិនមែន​បាន​សេចក្តី​ថា គេ​យក​លោក​-​លោកស្រី ឲ្យ​មក​អនុវត្ត​នូវ​គោលនយោបាយ​របស់​គណបក្ស​ប្រជាជន​ទេ អត់​ទេ​…​គឺ​ទៅ​តាម​ព្រះរាជក្រឹត្យ​ដែល​ដាក់​ចេញ​ប៉ុណ្ណោះ។
ការ​ចូលរួម​របស់​គណបក្ស​នានា​ក្នុង​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្ដល់​យោបល់ គឺជា​ការបង្ហាញ​ពី​ទឡ្ហីករណ៍​ជាក់ស្ដែង​អំពី​ការ​អនុវត្ត​ប្រព័ន្ធ​នយោបាយ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​របស់​ប្រជាជន​កម្ពុជា ជា​ប្រយោជន៍​ដ៏​វិសេស​វិសាល​ក្នុង​ការ​កសាង​សហគមន៍​ជាតិ ដែល​គ្រប់​គ្នា​រួមរស់​ក្រោម​ដំបូល​សន្តិភាព និង​សុខដុមរមនា​។ជា​ពិសេស រវាង​ក្រុម​និន្នាការ​នយោបាយ​ខុស​ៗគ្នា នេះ​គឺជា​មោទនភាព​ជាតិ​ដែល​បញ្ជាក់​ថា​បរិបទ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស គឺ​កម្ពុជា​អាចធ្វើ​បាន​ដោយ​ខ្លួនឯង ដោយ​មាន​ទស្សនៈ​ចម្រុះ​ខុស​គ្នា ចេះ​រួមរស់​និង​ធ្វើការ​ជាមួយ​គ្នា ក្នុង​ក្រប​ខណ្ឌ​ទទួលខុសត្រូវ​ផ្សេង​ៗ​គ្នា ផ្អែក​លើ​ស្មារតី​គោរ​ពនូវ​គោល​ការណ៍​ពហុ​និយម ពហុ​គំនិត​ជាមួយនឹង​ការ​រិះគន់​ក្នុង​ន័យ​ស្ថាបនា ។

ម្យ៉ាងវិញទៀត ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់​យោបល់ បាន​និង​កំពុង​បំពេញ​តួនាទី​ជា​ស្ថាប័ន​មួយ​ដែល​ភ្ជាប់​ទំនាក់ទំនង​រវាង​ប្រជាជន​និង​នាយក​រដ្ឋមន្ត្រី ជា​ពិសេស​លើ​បរិការណ៍​នៃ​ការ​លាតត្រដាង​ការ​ពិត ការ​តវ៉ា ការ​ទាមទារ សំណូមពរ​របស់​ប្រជាពលរដ្ឋ​ទូទៅ ភ្ជាប់​ជាមួយនឹង​វិធានការ​នៃ​កា​ដោះស្រាយ​ទាន់​ពេល
វេលា ។ ខ្ញុំ​មាន​សុទិដ្ឋិនិយម​ថា ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់​យោបល់ នឹង​បន្ត​បំពេញ​តួ​នាទី​នេះ ជាមួយ​នឹង​បេសកកម្ម​ដ៏​មាន​សារ​ប្រយោជន៍​ក្នុង​ឆ្នាំ​២០២០​ខាង​មុខ សំដៅ​រួមចំណែក​ធ្វើការ​កែទម្រង់​នៅ​កម្ពុជា​ឲ្យ​ទទួល​បាន​ផ្លែផ្កា​ជាបន្តបន្ទាប់ និង​កាន់តែ​ប្រសើរ​ឡើង ដើម្បី​សុខ​សន្តិភាព ស្ថិរភាព និង​ការ​អភិវឌ្ឍ​គ្រប់​វិស័យ​ដែល​ផ្ដល់​នូវ​សេចក្តីសុខ​សេចក្តីចម្រើន​ដល់​ប្រជាជាតិ​និង​ប្រជាជន ៕​

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ