ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ថោ​ង ខុន ​៖ គ្រប់​តំបន់​សហគមន៍​ការពារ​ព្រៃឈើ​ត្រូវ​តែ​ខិតខំ​បញ្ចូល​សកម្មភាព​ទេសចរណ៍

4 ឆ្នាំ មុន
  • ភ្នំពេញ

កំពង់ធំ​៖ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​ខេត្តកំពង់ធំ បាន​ថ្លែងប្រាប់​អភិបាលខេត្ត​កំពង់ធំ មន្ទីរ​-​អង្គភាព​ជំនាញ​នានា​ជុំវិញ​ខេត្ត ត្រូវ​តែ​បញ្ចូល​សកម្មភាព​ទេសចរណ៍​ដែល​មានការ​ទទួលខុសត្រូវ ឬ​សកម្មភាព​អេកូ​ទេសចរណ៍​ទៅ​ក្នុង​តំបន់​ការពារ ដើម្បី​ផ្ដល់​ការងារ​ដែល​ទទួល​បាន​ប្រាក់​ចំណូល​ដល់​ប្រជាពលរដ្ឋ ទើប​ពួក​គាត់​បញ្ឈប់​ការ​កាប់​ព្រៃឈើ ឬ​បំផ្លាញ​ធនធានធម្មជាតិ​នៅ​ក្នុង​តំបន់​ករពារ​នោះ​។…

កំពង់ធំ​៖ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​ខេត្តកំពង់ធំ បាន​ថ្លែងប្រាប់​អភិបាលខេត្ត​កំពង់ធំ មន្ទីរ​-​អង្គភាព​ជំនាញ​នានា​ជុំវិញ​ខេត្ត ត្រូវ​តែ​បញ្ចូល​សកម្មភាព​ទេសចរណ៍​ដែល​មានការ​ទទួលខុសត្រូវ ឬ​សកម្មភាព​អេកូ​ទេសចរណ៍​ទៅ​ក្នុង​តំបន់​ការពារ ដើម្បី​ផ្ដល់​ការងារ​ដែល​ទទួល​បាន​ប្រាក់​ចំណូល​ដល់​ប្រជាពលរដ្ឋ ទើប​ពួក​គាត់​បញ្ឈប់​ការ​កាប់​ព្រៃឈើ ឬ​បំផ្លាញ​ធនធានធម្មជាតិ​នៅ​ក្នុង​តំបន់​ករពារ​នោះ​។

ការ​ណែនាំ​យ៉ាង​ដូច្នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ឆមាស​ទី​២ ឆ្នាំ​២០១៩ និង​ទិស​ដៅ​អនុវត្ត​បន្ត​នៅ​ឆ្នាំ​២០២០ របស់​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋានខេត្តកំពង់ធំ នា​ថ្ងៃ​ទី​២៦ ខែធ្នូ ឆ្នាំ​២០១៩ នៅ​សាលាខេត្ត​កំពង់ធំ ។ ​លោក​ថោ​ង ខុន បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា «​ការ​ចាំបាច់​នោះ គឺ​ត្រូវ​តែ​បញ្ចូល​សកម្មភាព​ទេសចរណ៍​ដែល​មានការ​ទទួលខុសត្រូវ ឬ​សកម្មភាព​អេកូ​ទេសចរណ៍​ទៅក្នុង​តំបន់​ការពារ ដើម្បី​ផ្ដល់​ការងារ​ដែល​ទទួល​បាន​ប្រាក់​ចំណូល​ដល់​ប្រជាពលរដ្ឋ ទើប​ពួក​គាត់​បញ្ឈប់​ការ​កាប់​ព្រៃឈើ ឬ​បំផ្លាញ​ធនធានធម្មជាតិ​នៅ​ក្នុង​តំបន់​ករពារ​នោះ​»​។

ក្រៅពី​ការ​ណែនាំ​នេះ លោក ថោ​ង ខុន ក៏​បាន​ណែនាំ​ដល់​ក្រុមការងារ​ថ្នាក់​ជាតិ និង​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ដើម្បី​បន្ត​ដំណើរការ​អនុវត្ត​ការងារ​របស់​ក្រុមការងារ​ថ្នាក់​ជាតិ​ឲ្យ​បាន​រលូន​មាន​ប្រសិទ្ធភាព​និង​និរន្តរភាព ក្នុង​នោះ​រួម​មាន​៖ ១)- ជំរុញ​អនុវត្ត​សារាចរ​ណែនាំ​របស់​រាជរដ្ឋាភិបាល​លេខ ១១ សរណ​ន ចុះ​ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៩ ស្តី​ពី​ការ​ចាត់វិធានការ​ថែរក្សា​ទឹក​ទុក​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​។ ២)- ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​ក្រុង​ស្រុក​នីមួយ​ៗ ត្រូវ​រៀបចំ​ផែនការ​សកម្មភាព របៀបរបប​ការងារ កិច្ចប្រជុំ​ផ្ទៃក្នុង និង​ការ​ចុះ​រៀបចំ​វេទិកាសាធារណៈ​នៅ​តាម​មូលដ្ឋាន​ឲ្យ​បាន​ច្បាស់លាស់​។ ៣)- បន្ត​ជំរុញ​ការ​ពិនិត្យ និង​ដោះស្រាយ​នូវ​ការងារ​ចាំបាច់​ជា​អាទិភាព រួម​មាន​៖ ការងារ​ឆ្វៀល​ដី​នៅ​តំបន់​៣ តំបន់​២ ដី​តំបន់​អភិរក្ស​សត្វ​ខ្សឹប ការងារ​ឆ្វៀល​ដី​ចេញពី​សារពើ​ភណ្ឌ​របស់​មន្ទីរ​អង្គភាព​ជូន​ប្រជាពលរដ្ឋ បញ្ហា​ដី​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​រណប​នៃ​តំបន់​ប្រាសាទសំបូរព្រៃគុក​។ ៤)- បន្ត​ខិតខំ​លើកកម្ពស់​ការ​ផ្តល់​សេវា​សាធារណៈ ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ មាន​តម្លាភាព និង​គណនេយ្យ​ភាព​ចំពោះ​ប្រជាពលរដ្ឋ​។​ខេត្តកំពង់ធំ​គួរ​រៀបចំ​អោយ​មានការ​បូក​សរុប ដោយឡែក​មួយ ស្តី​អំពី​សេវា​សា​ធារ​ណះ ។ ៥)- បន្ត​ពង្រឹង​សន្ដិសុខ សណ្ដាប់ធ្នាប់​សាធារណៈ សុវត្ថិភាព​សង្គម តាម​រយៈ​ការ​អនុវត្ត​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​។ ៦)- បន្ត​ខិតខំ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ឲ្យ​បាន​ម៉ឺងម៉ាត់ ដើម្បី​បង្ការ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ បទល្មើស​នេសាទ និង​បទល្មើស​ធនធានធម្មជាតិ​គ្រប់​ប្រភេទ​។

លោក​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​បន្ត​ថា​ចំណុច​ដែល​ត្រូវ​អនុវត្ត​ទី ៧ នោះ​គឺ​បន្ត​ចុះ​ពិនិត្យ និង​ដោះស្រាយ​នូវ​បញ្ហា​ប្រឈម និង​សំណូមពរ​ចាំបាច់​នានា​របស់​ប្រជាពលរដ្ឋ តាម​រយៈ​ការ​ជួប​ប្រាស្រ័យ​ទាក់ទង​តាម​សហគមន៍​មូលដ្ឋាន និង​ការ​រៀបចំ​វេទិកាសាធារណៈ​នៅ​មូលដ្ឋាន​។ ៨)- ពង្រឹង​យន្ដការ​ទំនាក់ទំនង និង​ការ​ចូល​កៀក​ជាមួយ​ប្រជាពលរដ្ឋ ដើម្បី​ក្តាប់​បាន​នូវ​សភាពការណ៍ ក្តាប់​សតិអារម្មណ៍ និង​ពង្រឹងស្មារតី​របស់​គាត់ កុំ​ឲ្យ​ងាយ​ចាញ់បោក​ការ​ញុះញុង ការ​បោកប្រាស់ ការ​បំផ្លើស និង​ល្បិច​កល​ផ្សេង​ៗ​របស់​ក្រុមប្រឆាំង និង​មជ្ឈដ្ឋាន​អគតិ​ផ្សេង​ៗ​។ ៩)- បន្ត​ខិតខំ​លប់​បំបាត់​នូវ​អំពើ​អសកម្ម និង​ចំណុច​ខ្វះខាត​នានា​ដែល​ប៉ះពាល់​ដល់​សតិអារម្មណ៍ និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​មូលដ្ឋាន​។ និង​ទី ១០)- បន្ត​ខិតខំ​ធ្វើអំពើ​ល្អ និង​បម្រើ​ប្រជាពលរដ្ឋ​ឲ្យ​អស់ពី​ចិត្ត​ពី​ថ្លើម សំដៅ​បង្កើន​ភាព​ជឿជាក់​ទុកចិត្ត និង​កក់ក្តៅ​របស់​ប្រជាពលរដ្ឋ​មក​លើ​រាជរដ្ឋាភិបាល​។

ព្រម​ជាមួយ​គ្នា​នោះ​ផង​ដែរ លោក​ថោ​ង ខុន ក៏​បាន​លើក​ឡើង​ថា​ចង់​ធ្វើ​ឱ្យ​ខេត្តកំពង់ធំ​ក្លាយជា​ខេត្ត​គំរូ​លើ​ផ្នែក​អនាម័យ បរិស្ថាន ពិសេស​នៅ​តាម​ទីផ្សារ​នានា​ក្នុង​ខេត្ត​នេះ​ត្រូវ​តែ​មាន​អនាម័យ​ស្អាត បរិស្ថាន​ស្អាត មាន​សណ្ដាប់ធ្នាប់​ល្អ គួរ​ជាទី​ទាក់ទាញ​សម្រាប់​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ​ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់​ខេត្តកំពង់ធំ​។ ក៏​ប៉ុន្តែ ខេត្ត​មួយ​នេះ​ក៏​នៅ​មាន​បញ្ហា​ជា​ច្រើន​ទៀត ដែល​ក្រុមការងារ​ថ្នាក់​ជាតិ​ចាំបាច់​ត្រូវ​រួម​គ្នា​អនុវត្ត​បន្តបន្ទាប់​ទៀត ហើយ​លោក​រដ្ឋមន្ត្រី​ក៏​បាន​កំណត់​ថា ត្រូវ​មានការ​ប្រជុំ​បូក​សរុប​ការងារ​ជាមួយ​គ្នា​រៀង​រាល់​៣​ខែ​ម្ដង​៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ