រាជធានីភ្នំពេញ ៖អតីតតារាសម្តែងក្នុងបទ F4 លោកព្រីង ច័ន្ទបុត្រ បានផ្ទុះរឿងអាស្រូវជំពាក់ប្រាក់នារីអាណិកជន ។ បើទោះបីជាបាត់មុខពីពិភពសិល្បៈជាច្រើនឆ្នាំក៏ដោយ ប៉ុន្តែរឿងរ៉ាវរបស់តារារូបនេះ នៅតែស្ថិតនៅក្នុងការយកចិត្តទុកយ៉ាងខ្លាំងពីមហាជន ក្នុងពេលដែលលោកធ្លាប់ល្បីមួយរយៈ ហើយក៏បាត់ដំណឹងឈឹងទៅវិញ ។
មិនទាន់លេចឮដំណឹងចូលសិល្បៈវិញ ឬយ៉ាងណាផង ស្រាប់តែលោកព្រីង ច័ន្ទបុត្រ ផ្ទុះរឿងអាស្រូវ បន្ទាប់ពីនារីរូបស្រស់ម្នាក់បានទម្លាយរឿងរ៉ាវរបស់តារាប្រុសរូបនេះជំពាក់លុយខ្លួនមិនសង ។
នារីម្នាក់ដែលគេដឹងថា ជាអាណិកជនខ្មែររស់នៅប្រទេសបារាំង ហើយដាក់ឈ្មោះក្នុងហ្វេសប៊ុកថា «Roselyne Dalva» បានបង្ហោះសារកាលពីពេល ថ្មីៗកន្លងមកថា «ការអត់ធ្មត់មនុស្សមានដែនកំណត់ ជំពាក់លុយគេហើយ មិនមកដោះស្រាយ ធ្វើសម្ដីទ្បូយទៀត ខ្ញុំទុកពេលឲ្យ១ឆ្នាំហើយ ព្រោះការយោគយល់ តែអ្នកឯងមិនដែលយល់ដល់ខ្ញុំទេ ប្លុកហ្វេសបុ៊កខ្ញុំអស់ ហើយខ្ញុំព្យាយាម ទាក់ទងក៏មិនបាន ។
នាងខ្ញុំសូមផ្ដាំ ទៅបងប្អូនទាំងអស់គ្នា មើលមុខប្រុសម្នាក់នេះទៅ សន្យាសងលុយ តែដល់ពេលទារ ធ្វើគេចវេះមិនព្រមសង ហើយនិយាយគំរាមខ្ញុំ និយាយមើលងាយខ្ញុំ បញ្ជាមិត្តភក្ដិគាត់ ឲ្យប្លុ៊កហ្វេសប៊ុកខ្ញុំទៀត ។ ខ្ញុំទុកពេលឲ្យហើយ នៅមិនមកស្រាយ មិនចង់សងលុយខ្ញុំ ។ ចរិតអ៊ីចឹងធ្វើឲ្យខូចគេអ្នកល្អពិតប្រាកដអស់ហើយ។ ខ្ញុំនឹងដាក់ពាក្យបណ្ដឹងចុងខែ១ ឆ្នាំ២០២០នេះហើយ បើនៅមិនព្រមដោះស្រាយ»។
ការបង្ហោះសារនេះបានធ្វើឲ្យមានការចាប់អារម្មណ៍តាមហ្វេសប៊ុក ក្នុងពេលដែលអតីតតារាសម្តែងលោកព្រីង ច័ន្ទបុត្រ បាត់មុខពីពិភពសិល្បៈដោយគ្មានដំណឹង ប៉ុន្តែបែរជាផ្ទុះរឿងអាស្រូវបែបនេះទៅវិញ ។
ពាក់ព័ន្ធរឿងនេះកោះសន្តិភាពបានព្យាយាមសុំការបកស្រាយពីលោកព្រីង ច័ន្ទបុត្រ តាមសារអេឡិចត្រូនិក ប៉ុន្តែលោកមិនបានឆ្លើយតបទេកាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ ក្នុងពេលដែលព័ត៌មាននេះត្រូវបានគេចែកចាយច្រើនតាមហ្វេសប៊ុក។
ទោះជាយ៉ាងណាក៏ដោយ តាមសារព័ត៌មានមួយលោកព្រីង ច័ន្ទបុត្រ បានបដិសេធការចោទប្រកាន់ មិនមានមូលដ្ឋានច្បាស់លាស់ពីនារីខាងលើនោះ ។
លោកអះអាងថា លោក និងនារីដែលប្រើហ្វេសប៊ុកឈ្មោះ Roselyne Delva មានការទាក់ទងជាមួយគ្នាមួយចំនួន មុននឹងមានរឿងកើតឡើងនេះ ។ រូបលោក និងនារីអាណិកជនខ្មែររស់នៅបារាំងនោះ គឺជាអតីតគូស្នេហ៍នឹងគ្នាអស់រយៈពេលប្រមាណជិត២ឆ្នាំចុងក្រោយនេះ ។ នាងបានមកស្រុកខ្មែរដើម្បីជួបជាមួយលោក ហើយបានដើរលេងជាមួយគ្នាគ្រប់ខេត្ត-ក្រុងទាំងអស់ ខណៈពេលដែលការដើរកម្សាន្តនោះ រាល់ការចំណាយស្ទើរតែទាំងអស់ គឺភាគីនារីជាសង្សារជាអ្នករ៉ាប់រង ។
លោកព្រីង ច័ន្ទបុត្រ បញ្ជាក់ថា ក្រោយពីផ្អែមល្ហែមនឹងគ្នាមួយរយៈវែង លោក និងនារីម្នាក់នោះក៏មានការប្រែប្រួល ពោលគឺឆ្ងាយគ្នាបន្តិចម្ដងៗ ការទាក់ទងលែងស្អិតល្មួតដូចមុន ដែលលោកមិនដឹងមកពីមូលហេតុអ្វីឲ្យប្រាកដ ។ ប៉ុន្តែតាមការប៉ាន់ស្មានលោកថា អាចមកពីលោកមួយរយៈពេលមុន រមែងផឹកគ្រឿងស្រវឹងជាមួយមិត្តភក្ដិ ហើយជារឿយៗបាននិយាយពាក្យខ្លះធ្វើឲ្យនាងខឹង ។
តាំងពីពេលនោះមក ក៏ដាច់ការទាក់ទងគ្នាយូរ ស្រាប់តែក្រោយមកនារីជាសង្សារ បានទាក់ទងមកលោក ហើយនិយាយទារប្រាក់ពីលោក ដែលប្រាក់នោះ គឺជាប្រាក់ចាយវាយទាំងអស់គ្នាពេលនាងមកស្រុកខ្មែរម្ដងៗ ។ ពេលនោះលោកសន្យានឹងសងវិញ ប៉ុន្តែចាំលក់ដីរបស់ឪពុកនៅបាវិតដាច់សិន ។ ក្រោយមកអតីតសង្សារនៅតែទាក់ទងនិយាយពីការទារលុយពីលោកនោះ លោកធុញពេកក៏ប្រើពាក្យធំខ្លះដាក់នាង ។
ក្រោយមក ដោយធុញពេកលោកក៏បាន Unfriend នាងចោលទៅ ចំណុចនេះហើយ ដែលភាគីខាងស្រី ចោទលោកថា គេចវេះ ។ ដោយឡែកការចោទថា លោកគំរាម និងមាក់ងាយនោះ គឺមិនមែនទេ ។
លោកព្រីង ច័ន្ទបុត្រ បញ្ជាក់ថា លោកមិនដែលបានខ្ចីប្រាក់របស់នារីជាអតីតសង្សារនោះទេ ប៉ុន្តែលុយដែលនាងទារ គឺជាលុយប្រើលើការចាយវាយទាំងអស់គ្នាពេលនាងមកស្រុកខ្មែរម្ដងៗប៉ុណ្ណោះ ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ